« មេរៀនទី ៦០—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ២ ៖ ការប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៦០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ២
ការប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីរ
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដីម្តងទៀត « បំពាក់ដោយព្រះចេស្ដា និងសិរីល្អជាខ្លាំង » ដើម្បីបំពេញការសន្យាដែលទ្រង់បានធ្វើ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៤៤; សូមមើលផងដែរ ខទី ១៦ ) ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥ ព្រះអង្គសង្រ្គោះបង្រៀនដោយក្តីស្រឡាញ់អំពីរបៀបដែលយើងប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រុងប្រៀបសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ
សូមពិចារណាអំពីការសរសេរនៅលើក្ដារខៀន ( ឬបង្ហាញរូបភាពនៃ ) ព្រឹត្តិការណ៍ជាច្រើនដែលតម្រូវឲ្យមានការប្រុងប្រៀបដែលសិស្សរបស់អ្នកធ្វើ ឬនឹងចូលរួម ។ ឧទាហរណ៍អាចរួមបញ្ចូលការប្រឡងនៅសាលា ការបញ្ចប់ការសិក្សា បេសកកម្មពេញម៉ោង ឬព្រឹត្តិការណ៍កីឡាជាដើម ។ សូមសួរសិស្សថា តើព្រឹត្តិការណ៍ទាំងនោះមានលក្ខណៈដូចគ្នាអ្វីខ្លះ ។
សូមគិតអំពីព្រឹត្តិការណ៍ កិច្ចការ ឬការទទួលខុសត្រូវក្នុងជីវិតរបស់អ្នក ដែលទាមទារឲ្យមានការប្រុងប្រៀប ។ នៅពេលអ្នកធ្វើដូច្នោះ សូមគិតអំពីបទពិសោធន៍មួយ នៅពេលដែលអ្នកមិនទាន់បានប្រុងប្រៀប និងបទពិសោធន៍មួយនៅពេលបានប្រុងប្រៀបរួចរាល់ ។
-
តើកម្រិតនៃការប្រុងប្រៀបរបស់អ្នកជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកយ៉ាងដូចម្ដេច នៅពេលសកម្មភាពខិតជិតមកដល់ ? តើវាជះឥទ្ធិពលលើលទ្ធផលដោយរបៀបណា ?
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងជាព្រឹត្តិការណ៍មួយមិនដូចអ្វីដែលយើងធ្លាប់ជួបប្រទះនោះទេ ។ ការប្រុងប្រៀបរបស់យើងសម្រាប់ព្រឹត្តិការណ៍នោះអាចកំណត់ថា តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ហើយវានឹងកំណត់បទពិសោធន៍ដែលយើងនឹងមាននៅពេលដែលទ្រង់យាងត្រឡប់មកវិញ ។
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាសំណួរពីរខាងក្រោមនេះជាគូៗ ឬជាក្រុមតូចៗ ។ ( អ្នកអាចរំឭកពួកគេពីទីសម្គាល់ដែលពួកគេបានសិក្សានៅក្នុង « គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩–៧៥ ផ្នែកទី ១ » ) ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងមុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
-
ចេញពីអ្វីដែលអ្នកបានដឹងអំពីការយាងមកជាលើកទីពីររបស់ទ្រង់ ហេតុអ្វីបានជាអ្នកចង់ប្រុងប្រៀបសម្រាប់ព្រឹត្តិការណ៍នេះ ?
ខណៈពេលដែលអ្នក ឬអ្នកស្ម័គ្រចិត្តអានខគម្ពីរ និងសេចក្តីថ្លែងការណ៍ខាងក្រោម សូមឲ្យសិស្សបិទភ្នែករបស់ពួកគេ ហើយស្រមៃមើលថាតើការយាងមកវិញរបស់ព្រះអង្គសង្គ្រោះនឹងមានសភាពបែបណា ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៤៤ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលថាតើការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមានសភាពបែបណា ។
គ្មានអ្វីដែលជំរុញបំណងខ្ញុំក្នុងការនិយាយអំពីព្រះគ្រីស្ទ ច្រើនជាងការស្រមៃគិតអំពីការយាងត្រឡប់មកវិញរបស់ទ្រង់នោះឡើយ ។ ខណៈដែលយើងមិនដឹងថាទ្រង់នឹងយាងមកនៅពេលណា តែព្រឹត្តិការណ៍នៃការយាងត្រឡប់របស់ទ្រង់នឹងមានភាពអស្ចារ្យ ! ទ្រង់នឹងយាងមកលើពពកនៅលើមេឃដ៏មហស្ចារ្យ និងសិរីរុងរឿងជាមួយពួកទេវតាបរិសុទ្ធរបស់ទ្រង់ទាំងអស់ ។ មិនត្រឹមតែទេវតាពីរបីអង្គប៉ុណ្ណោះទេ ប៉ុន្តែជាទេវតាបរិសុទ្ធរបស់ទ្រង់ ទាំងអស់ ។ ( នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ )
-
តើការយល់ដឹងពីអ្វីដែលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមានសភាពយ៉ាងណា ជួយជំរុញចិត្តអ្នកឲ្យប្រុងប្រៀបសម្រាប់ព្រឹត្តិការណ៍នោះយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សឲ្យភ្ជាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៤៤ ទៅនឹងសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១០–១១ ។
អ្នកអាចនឹងចង់គូសរង្វាស់ខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវគំនិត ឬអារម្មណ៍ទាំងឡាយដែលចូលមកក្នុងគំនិតរបស់ពួកគេ នៅពេលពួកគេសញ្ជឹងគិតដោយស្ងៀមស្ងាត់អំពីរបៀបដែលពួកគេនឹងវាយតម្លៃពីខ្លួនឯង ។
ដើម្បីឲ្យមានភាពចម្រុះ សូមពិចារណាជំនួសលេខនៅលើរង្វាស់ដោយប្រើ emojis ឬរូបភាពផ្សេងទៀតដែលបង្ហាញពីអារម្មណ៍ ។
ដោយប្រើរង្វាស់នេះ តើអ្នកនឹងវាយតម្លៃកម្រិតទំនុកចិត្តរបស់អ្នកនៅឯណាសម្រាប់សេចក្ដីថ្លែងការណ៍ខាងក្រោម ?
-
ខ្ញុំដឹងអំពីរបៀបប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
ខ្ញុំមានអារម្មណ៍ថាបានប្រុងប្រៀបបានល្អសម្រាប់ការយាងមកជាលើកទីពីរ ។
ការប្រុងប្រៀបសម្រាប់ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
វាអាចមានអត្ថប្រយោជន៍ដើម្បីចែកចាយជាមួយសិស្សថា គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣០ បង្រៀនថា « បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ។ មេរៀនថ្ងៃនេះអាចជួយយើងយកឈ្នះលើការភ័យខ្លាចរបស់យើង ដោយផ្តោតលើរបៀបពីរយ៉ាងដែលយើងអាចប្រុងប្រៀបយើងសម្រាប់ការយាងមកជាលើកទីពីរ ។ សូមពិចារណាសរសេរ « យើងអាចប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈ » នៅលើក្ដារខៀន ។ នៅពេលសិស្សសិក្សាខគម្ពីរខាងក្រោម សូមអញ្ជើញពួកគេឲ្យសរសេរឃ្លាដែលបញ្ចប់សេចក្តីថ្លែងការណ៍នៅលើក្ដារខៀន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩, ៣២, ៣៩, ៥៧, ៧១ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការចង្អុលបង្ហាញពីសារៈសំខាន់នៃការរក្សាសេចក្ដីសញ្ញារបស់យើងជាមួយព្រះអង្គសង្គ្រោះក្នុងការប្រុងប្រៀបសម្រាប់ការយាងមករបស់ទ្រង់ ( សូមមើល ខទី ៩ ) ។
ខណៈដែល កណ្ឌទី ៤៥ រួមបញ្ចូលរបៀបជាច្រើនដែលព្រះអង្គសង្រ្គោះអញ្ជើញយើងឲ្យប្រុងខ្លួនសម្រាប់ការយាងមករបស់ទ្រង់ នោះមេរៀនដែលសេសសល់នឹងផ្ដោតលើសេចក្តីពិតដែលថា យើងអាចប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការឈរនៅទីបរិសុទ្ធ និងការយកព្រះគ្រីស្ទជាការដឹកនាំរបស់យើង ។ សូមកុំស្ទាក់ស្ទើរក្នុងការផ្តោតលើរបៀបផ្សេងទៀតដើម្បីប្រុងប្រៀបដោយយោងទៅតាមចំណាប់អារម្មណ៍ និងតម្រូវការរបស់សិស្ស ។
ការឈរនៅទីបរិសុទ្ធ ហើយទទួលយកព្រះវិញ្ញាណបរិសុទ្ធដើម្បីជាការណែនាំរបស់យើង ។
សូមពិចារណាបែងចែកសិស្សជាក្រុម ហើយផ្តល់ឲ្យក្រុមនីមួយៗនូវសំណៅចែកដែលភ្ជាប់មកជាមួយ ។ ក្រុមទាំងឡាយអាចសិក្សាផ្នែកមួយ ឬទាំងពីរនៃសំណៅចែកនេះ ។ នៅពេលដែលក្រុមកំពុងធ្វើការ សូមពិចារណាសួរពួកគេពីរបីនាក់ឲ្យរៀបចំចែកចាយនូវអ្វីដែលពួកគេបានរកឃើញជាមួយថ្នាក់រៀន នៅពេលដែលគ្រប់គ្នាបានបញ្ចប់ ។
ការប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីរ
ឈរនៅទីបរិសុទ្ធ
សូមអានសេចក្ដីយោង និងសេចក្ដីថ្លែងការណ៍បទគម្ពីរខាងក្រោម ដោយរកមើលរបៀបដែលយើងអាចជ្រើសរើសដើម្បីឈរនៅទីបរិសុទ្ធ ។
ទំនុកដំកើង ២៤:៣–៤; អេសាយ ៥៨:១៣; ហេលេមិន ៥:១២; នីហ្វៃទី៣ ១៨:២៤; គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៥; ១១៥:៥–៦
ស៊ីស្ទើរ អាន អិម ឌិប ក្នុងគណៈប្រធានយុវនារីទូទៅបានពន្យល់ថា ៖
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានប្រឹក្សាថា « ទីបរិសុទ្ធរួមទាំងព្រះវិហារបរិសុទ្ធរបស់យើង រោងជំនុំរបស់យើង ផ្ទះរបស់យើង និងស្តេកនៃស៊ីយ៉ូន ដែលជា… ‹ អាចបានទៅជាទីការពារ និងជាទីជ្រកកោន › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥:៦ ] » [ « Prepare Yourself for the Great Day of the Lord » New Era ខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៥០ ] ។ បន្ថែមពីលើចំណុចទាំងនេះ ខ្ញុំជឿថា យើងម្នាក់ៗអាចស្វែងរកកន្លែងជាច្រើនទៀត ។ ដំបូងឡើយយើងអាចចាត់ថាពាក្យ ទីកន្លែង ជាទីតាំងមួយ ឬតំបន់មួយ ។ ប៉ុន្តែ ទីកន្លែង មួយអាចជា « លក្ខខណ្ឌ ជំហរ ឬស្ថានភាពនៃចិត្ត » បានដែរ[ Merriam-Webster Online « place » merriam-webster.com/dictionary/place] ។ មានន័យថា ទីបរិសុទ្ធក៏អាចរួមបញ្ចូលនូវគ្រាមួយ—ជាគ្រាដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ប្រាប់យើង គ្រាដែលយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ឬគ្រាដែលយើងទទួលចម្លើយមួយចំពោះការអធិស្ឋានរបស់យើង ។ លើសពីនេះទៀត ខ្ញុំជឿថា នៅគ្រប់ពេលដែលអ្នកមានសេចក្ដីក្លាហានដើម្បី ឈរការពាររឿងត្រឹមត្រូវ ជាពិសេសនៅក្នុងស្ថានភាពដែលគ្មាននរណាម្នាក់ស្ម័គ្ឬចិត្តដើម្បីធ្វើវា នោះអ្នកកំពុងបង្កើតទីបរិសុទ្ធមួយហើយ » ។ ( អាន អិម ឌិប « Your Holy Places » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១១៥ )
យកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់យើង
សូមអានឯកសារយោង និងសេចក្តីថ្លែងការណ៍បទគម្ពីរខាងក្រោម ដោយរកមើលរបៀប ដែលយើងអាចយកព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំយើង ។
សុភាសិត ៣:៥–៦; ទំនុកដំកើង ១១៨:៨–៩; នីហ្វៃទី១ ៤:៦; នីហ្វៃទី២ ៣២:៥; មរ៉ូណៃ ១០:៥; គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២–១៤
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
តើយើងអាចទទួលយកព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំរបស់យើងយ៉ាងដូចម្តេច ? យើងត្រូវតែប្រែចិត្តពីអំពើបាបរបស់ពួកយើងរាល់សប្តាហ៍ និងបន្តសេចក្តីសញ្ញារបស់យើងតាមរយៈការទទួលទានសាក្រាម៉ង់ដោយដៃស្អាតស្អំ និងដួងចិត្តបរិសុទ្ធ នៅពេលយើងត្រូវបានបញ្ជាឲ្យធ្វើ [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៨–៩, ១២ ] ។ មានតែតាមវិធីនេះប៉ុណ្ណោះដែលយើងអាចទទួលបានសេចក្តីសន្យាដ៏ទេវភាពដែលយើងនឹង « បានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ ពួកយើង ] ជាដរាប » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ] ។…
… យើងត្រូវតែធ្វើកិច្ចការចាំបាច់ជានិច្ច ដើម្បីរក្សាព្រះវិញ្ញាណនោះ ។ យើងត្រូវតែរក្សាបទបញ្ញត្តិ អធិស្ឋានទូលសុំការណែនាំ ហើយទៅព្រះវិហារ ហើយទទួលទានសាក្រាម៉ង់រាល់ថ្ងៃអាទិត្យ ។ ហើយយើងមិនត្រូវធ្វើអ្វីដែលនឹងបណ្តេញព្រះវិញ្ញាណនោះចេញឡើយ ។ ជាពិសេស យើងគួរចៀសវាងការណ៍អាសអាភាស គ្រឿងស្រវឹង ថ្នាំជក់ និងគ្រឿងញៀន ហើយចៀសវាងការបំពានច្បាប់ព្រហ្មចារីយ៍ជានិច្ច ។ ( ដាល្លិន អេក អូក « Be Not Deceived » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៦ )
-
តើគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះដែលអ្នកចាប់អារម្មណ៍ នៅពេលអ្នកសិក្សា ?
-
តើការធ្វើអ្វីៗទាំងនេះប្រុងប្រៀបយើងសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមជ្រើសរើសផ្នែកមួយក្នុងចំណោមផ្នែកទាំងពីរចេញមកពីសំណៅចែក ។ នៅផ្នែកខាងក្រោយនៃសំណៅចែកនេះ សូមសរសេររបៀបជាក់លាក់ពីរ ឬបី ដែលយុវវ័យអាចអនុវត្តការបង្រៀននៅក្នុងផ្នែកនេះក្នុងជីវិតរបស់ពួកគេ ។
សូមពិចារណាសុំឲ្យក្រុមទាំងឡាយដាក់សំណៅចែករបស់ពួកគេពេញថ្នាក់ដោយផ្ងារមុខផ្នែកខាងក្រោយនៃសំណៅចែកនេះ ។ សូមអញ្ជើញសិស្សឲ្យដើរជុំវិញថ្នាក់អានគំនិតដែលអនុវត្តផ្សេងៗ ។ ម៉្យាងទៀត ក្រុមអាចផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ។
សូមជ្រើសរើសសកម្មភាពមួយដែលអ្នកយល់ថា មានអត្ថប្រយោជន៍សម្រាប់អ្នកដើម្បីអនុវត្តនៅក្នុងជីវិតរបស់អ្នក ។
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអនុវត្តសកម្មភាពនេះនៅក្នុងជីវិតរបស់អ្នក ?
-
តើការធ្វើបែបនេះនឹងជួយអ្នកឲ្យប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ នៅអំឡុងពួកគេរៀនមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពតាមគំនិត និងអារម្មណ៍របស់ពួកគេ ។ ដើម្បីបញ្ចប់ សូមពិចារណាបង្ហាញរង្វាស់វាយតម្លៃចាប់ពីដើមក្នុងមេរៀនម្តងទៀត ។ សូមអញ្ជើញសិស្សឲ្យវាយតម្លៃឡើងវិញនូវទំនុកចិត្តរបស់ពួកគេក្នុងការប្រុងប្រៀបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។