« គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ១ ៖ ‹ ប្រកាសប្រាប់ពីដំណឹងល្អរបស់យើង › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ១
« ប្រកាសប្រាប់ពីដំណឹងល្អរបស់យើង »
គ្រាន់តែពីរបីខែក្រោយពីសាសនាចក្រត្រូវបានរៀបចំឡើងជាផ្លូវការ ព្រះអង្គសង្គ្រោះបានបង្គាប់សមាជិកថ្មីជាច្រើននាក់ឲ្យបម្រើបេសកកម្ម ។ ទោះបីជាពួកគេទើបតែទទួលយកដំណឹងល្អនាពេលថ្មីៗ និងមានការយល់ដឹងដែលមានកម្រិតអំពីដំណឹងល្អដែលបានស្ដារឡើងវិញក៏ដោយ ក៏ព្រះអម្ចាស់បានហៅបុរសទាំងនេះឲ្យប្រកាសប្រាប់ពីដំណឹងល្អរបស់ទ្រង់ដោយ « សំឡេងត្រែ » ដែរ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣០:៩ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីហេតុផលមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ដែលបានបញ្ជាយើងឲ្យផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នេះគឺជាមេរៀនទីមួយក្នុងចំណោមមេរៀនពីរ ដែលនិយាយអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ។ ផ្នែកទី ១ នឹងផ្តោតទៅលើហេតុផលដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ហើយផ្នែកទី ២ នឹងផ្តោតទៅលើជំនួយដែលទ្រង់ប្រទានឲ្យយើង និងរបៀបដែលយើងអាចផ្សព្វផ្សាយទៅកាន់អ្នកដទៃបាន ។ ប្រសិនបើម៉ោងសិក្សាមានកំណត់ ហើយមានមេរៀនតែមួយប៉ុណ្ណោះអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ អាចត្រូវបង្រៀនបាន សូមពិចារណាពីរបៀបដែលមេរៀនទាំងពីរនេះអាចដាក់បញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាព ។
កាតព្វកិច្ចរបស់យើងក្នុងការផ្សព្វផ្សាយដំណឹងល្អ
សូមពិចារណាចាប់ផ្ដើមមេរៀនដោយការបង្ហាញការហៅឲ្យបម្រើបេសកកម្មមួយនាពេលថ្មីៗនេះ ហើយអានវាឮៗ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីអ្វីដែលគួរឲ្យរំភើប ហើយប្រហែលជាទាក់ទងនឹងពួកគេ នៅពេលពួកគេគិតអំពីការបម្រើបេសកកម្ម ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការទូន្មានដូចខាងក្រោមនេះ ដែលទាក់ទងទៅនឹងការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ៖
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មីដោយមោះមុតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជនដែលមានភាពស័ក្ដិសម មានសមត្ថភាព គ្រប់រូប រៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ សម្រាប់យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា គឺជាការទទួលខុសត្រូវមួយនៃបព្វជិតភាព ។ …
សម្រាប់យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជា ជម្រើស របស់អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ហើយស្វាគមន៍ពួកគេដោយអស់ពីចិត្ត ។ អ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចការនេះ គឺអស្ចារ្យណាស់ ! សូមអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់ឲ្យអ្នកបម្រើបេសកកម្មដែរឬទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឆ្លើយតបក្នុងដួងចិត្ត និងគំនិតអ្នក ។
មិត្តវ័យក្មេងជាទីស្រឡាញ់ខ្ញុំអើយ អ្នករាល់គ្នាម្នាក់ៗមានតម្លៃចំពោះព្រះអម្ចាស់ ។ ទ្រង់បានបម្រុងអ្នកទុករហូតដល់ពេលនេះ ដើម្បីឲ្យអ្នកជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ ការសម្រេចចិត្តរបស់អ្នកក្នុងការបម្រើបេសកកម្ម មិនថាជាអ្នកផ្សព្វផ្សាយដំណឹងល្អ ឬបេសកកម្មផ្នែកសេវាកម្មនោះទេ នឹងប្រទានពរដល់អ្នក និងមនុស្សជាច្រើនទៀត ។ …
អ្នកផ្សព្វផ្សាយសាសនា ទាំងអស់ បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោកធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការច្រើនជាងពេលណាៗទាំងអស់ ។ មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សគ្រប់រូបសមនឹងដឹងថា ពួកគេអាចស្វែងរកក្តីសង្ឃឹម និងភាពសុខសាន្ដដែល « [ ហួសលើស ] ពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ។ ( រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧ )
-
តើអ្នកមានគំនិត ឬអារម្មណ៍ដូចម្ដេចខ្លះអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
-
តើអ្នកឃើញភស្តុតាងអ្វីខ្លះ ដែលបញ្ជាក់ថា មនុស្សត្រូវការពន្លឺនៃព្រះយេស៊ូវគ្រីស្ទច្រើនជាងមុនក្នុងពិភពលោកនេះ ?
សូមពន្យល់ថា ការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គសង្រ្គោះមិនត្រឹមតែជាកាតព្វកិច្ចរបស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលខុសត្រូវមួយ ដែលសមាជិកទាំងអស់នៃសាសនាចក្រមានដូចគ្នាផងដែរ ។ សូមប្រាប់សិស្សថា មេរៀនថ្ងៃនេះនឹងផ្តោតទៅលើការបង្រៀនរបស់ព្រះអម្ចាស់អំពីមូលហេតុដែលយើងគួរតែចែកចាយដំណឹងល្អរបស់ទ្រង់ ។ សូមពិចារណាចែកចាយការអញ្ជើញខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យត្រៀមខ្លួនសិក្សាមេរៀននេះ ។
សូមជញ្ជឹងគិតអំពីអ្វីដែលអ្នកបានដឹងរួចហើយ អំពីមូលហេតុដែលព្រះអម្ចាស់រំពឹងឲ្យអ្នកដើរតាមរបស់ទ្រង់ផ្សព្វផ្សាយដំណឹងល្អ មិនថាជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬនៅក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនោះទេ ។ អ្នកអាចសរសេរហេតុផលទាំងនេះនៅក្នុងសៀវភៅកំណត់ហេត់ការសិក្សារបស់អ្នកបាន ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបង្រៀននានា ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពីមូលហេតុដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកដើរតាមរបស់ទ្រង់ចែកចាយដំណឹងល្អរបស់ទ្រង់ ។
« ផ្សាយពីពេលនេះតទៅ »
មុនចាប់ផ្ដើមថ្នាក់រៀន សូមបង្ហាញឈ្មោះដូចតទៅនេះនៅលើក្តារខៀន ឬនៅលើជញ្ជាំងពេញបន្ទប់រៀន ៖ ពេត្រុស វិតមើរ ជុញ្ញ័រ, យ៉ូហាន វិតមើរ, ថូម៉ាស ប៊ី ម៉ាស, ប៉ាលី ភី ប្រាត្ត, សៃបា ភីតើសុន, អែសរ៉ា ធេយ័រ, ណូរត្រុព ស៊្វីត, អួរសុន ប្រាត្ត, ស៊ីឌនី រិកដុន និង អែតវឺត ប៉ាទ្រិច ។ សូមសួរសិស្សថា តើពួកគេស្គាល់ឈ្មោះណាមួយទេ ។ សូមពន្យល់ថា មិនយូរប៉ុន្មានបន្ទាប់ពីបានរៀបចំសាសនាចក្រឡើង បុរសទាំងអស់នេះត្រូវបានព្រះអម្ចាស់ហៅឲ្យបម្រើបេសកកម្ម និងផ្សព្វផ្សាយដំណឹងល្អ ។ សូមចង្អុលបង្ហាញថា ពួកលោកមួយចំនួនបានជ្រមុជទឹកហើយមិនដល់មួយខែផង មុនពេលការហៅរបស់ពួកលោកបានមកដល់ ។
សកម្មភាពសិក្សាខាងក្រោមនេះអាចជួយសិស្សឲ្យយល់ពីមូលហេតុមួយចំនួន ដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។ សូមពិចារណាបែងចែកសិស្សទៅជាក្រុម ហើយចែកឲ្យសិស្សម្នាក់ៗនូវសំណៅចែកដែលភ្ជាប់មកជាមួយនេះ ។ អ្នកអាចចាត់ឲ្យក្រុមនីមួយៗសិក្សាវគ្គបទគម្ពីរមួយនៃបទគម្ពីរទាំងនេះបាន ។
ដំបូន្មានរបស់ព្រះអម្ចាស់ចំពោះពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦
សូមសិក្សាដំបូន្មានរបស់ព្រះអង្គសង្គ្រោះចំពោះបុគ្គលដែលបានរាយបញ្ជីនៅខាងក្រោម និងពិភាក្សាអំពីសំណួរដែលមានបន្ទាប់ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣១:១–៥ ( ថូម៉ាស ប៊ី ម៉ាស )
-
តើមានសេចក្ដីពិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលអាចជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទសំដៅដំណឹងល្អរបស់ទ្រង់ថាជា « ដំណឹងដ៏រីករាយ នៃសេចក្ដីអំណរដ៏ធំ » ? ( ខទី ៣ ) ។ តើដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនាំឲ្យអ្នកមានអំណរយ៉ាងដូចម្ដេច ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:១–៧, ១០–១២ ( អែសរ៉ា ធេយ័រ និង ណូរត្រុព ស៊្វីត )
-
តើមានសេចក្ដីពិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលអាចជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីព្រះអម្ចាស់អាចសព្វព្រះទ័យឲ្យដំណឹងល្អរបស់ទ្រង់ បានប្រកាសដោយសំឡេងឮយ៉ាងខ្លាំងដូចជា « សំឡេងត្រែ » ? ( ខទី ២ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៤:១–៧ ( អួរសុន ប្រាត្ត )
-
តើមានសេចក្ដីពិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលអាចជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីបានជាអ្នកគិតថា យើង « មានពរលើសលែងទៅទៀត » ( ខទី ៥ ) ពីព្រោះត្រូវបានហៅឲ្យទៅផ្សាយដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ ជាងការដែលយើងគ្រាន់តែជឿលើដំណឹងល្អនោះ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:១–៣, ៦–៨, ១២–១៣ ( ស៊ីឌនី រិកដុន )
-
តើមានសេចក្ដីពិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលអាចជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបង្គាប់ឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់ហៅថា « ពួកអ្នកដែលពុំបានរៀនសូត្រ » និងមនុស្សដែលមិនមានបទពិសោធន៍ឲ្យប្រកាសដំណឹងល្អរបស់ទ្រង់ទៅកាន់ « សាសន៍ទាំងឡាយ » នៃផែនដីនេះ ? ( ខទី ១៣ ) ។
© 2023 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សបានសិក្សា និងពិភាក្សាអំពីខគម្ពីរទាំងនេះហើយ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ។ របៀបមួយដើម្បីធ្វើបែបនេះ អាចជាការសរសេរឃ្លា ហេតុផលដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងចែកចាយដំណឹងល្អរបស់ទ្រង់ ដាក់នៅចំកណ្តាលក្ដារខៀន ។ បន្ទាប់មក សិស្សជាច្រើនអាចឡើងមកកាន់ក្ដារខៀន ហើយសរសេរគំនិតដែលពួកគេបានរៀនចេញពីការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតដល់ហេតុផលជាច្រើនតាមដែលពួកគេអាចធ្វើបាន ។ នេះគឺជាគំរូមួយចំនួននៃចម្លើយ ដែលពួកគេអាចចែកចាយបាន ៖
-
ដំណឹងល្អរបស់ទ្រង់អាចជួយមនុស្សឲ្យមានអំណរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣១:៣ ) ។
-
យើងមិនអាចទទួលបានជីវិតដ៏អស់កល្បជានិច្ច ដោយមិនអនុវត្តសេចក្ដីជំនឿលើទ្រង់ ការប្រែចិត្ត និងការទទួលពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់ឡើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:១០–១២ ) ។
-
ទ្រង់សព្វព្រះទ័យឲ្យពិភពលោកនេះត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:១០; ៣៤:៦–៧ ) ។
-
ទ្រង់ស្រឡាញ់យើង ហើយបានប្រទានព្រះជន្មរបស់ទ្រង់សម្រាប់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៤:៣; ៣៥:២ ) ។
បន្ទាប់ពីសិស្សចែកចាយសេចក្ដីពិតនានា ដែលពួកគេបានរៀនហើយ សូមពិចារណាសួរសំណួរមួយចំនួនដូចខាងក្រោម ៖
-
តើការដឹងពីសេចក្ដីពិតទាំងនេះអាចបំផុសគំនិតយើងឲ្យចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយអ្នកដទៃបានដោយរបៀបណា មិនថាជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬនៅក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃរបស់យើងនោះទេ ?
-
តើអ្វីជាមូលហេតុដ៏សំខាន់បំផុតមួយចំនួនសម្រាប់អ្នក ដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមការបំផុសគំនិតទាំងឡាយ ដែលពួកគេបានទទួល ។ សូមពិចារណាអញ្ជើញពួកគេឲ្យពិចារណាប្រកបដោយការអធិស្ឋាន អំពីរបៀបឆ្លើយតបទៅនឹងដំបូន្មានរបស់ប្រធាន ណិលសុន អំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។