« គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤ ៖ ‹ ធ្វើឡើងដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៧–២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤
« ធ្វើឡើងដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង »
ក្រោយពីការរៀបចំសាសនាចក្រនៅខែ មេសា ឆ្នាំ ១៨៣០ មក ការបៀតបៀនដល់សមាជិកសាសនាចក្រនៅតែបន្ត ។ នៅថ្ងៃមួយ ពេលដែល យ៉ូសែប ស្ម៊ីធ កំពុងធ្វើដំណើរទៅយកស្រាទំពាំងបាយជូរមកប្រើប្រាស់សម្រាប់ពិធីសាក្រាម៉ង់ នោះទូតនាំសារសួគ៌ាមួយអង្គបានបញ្ឈប់លោក ហើយបានចែកចាយសេចក្ដីពិតដែលមានបំណងដើម្បីជួយដល់ពួកបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សឲ្យត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពិធីសាក្រាម៉ង់
សូមពិចារណាបង្ហាញសាច់រឿងខាងក្រោមនេះ ។ សូមឲ្យសិស្សធ្វើការជាដៃគូ ដោយឲ្យម្នាក់ធ្វើជាមិត្តភក្តិនៅក្នុងស្ថានភាពនេះ ។ សូមអញ្ជើញសិស្សឲ្យដើរតួនាទីសម្ដែងយ៉ាងខ្លីអំពីស្ថានភាពនេះ មុននឹងបន្តទៅមុខទៀត ។
ជាជម្រើស សូមអញ្ជើញសិស្សឲ្យបង្កើតជាស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដែលមាននរណាម្នាក់មិនយល់ ឬមិនបានទទួលបទពិសោធន៍ល្អជាមួយនឹងពិធីសាក្រាម៉ង់ ។
មិត្តរបស់អ្នកនិយាយទៅកាន់អ្នកថា « គ្រប់គ្នានិយាយថា ពិធីសាក្រាម៉ង់សំខាន់ខ្លាំងណាស់ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា វាមិនសំខាន់ខ្លាំងចំពោះខ្ញុំទេ ។ តើមានអ្វីខ្លះដែលខ្ញុំមិនបានយល់ ? »
-
តើអ្នកអាចសួរសំណួរអ្វីខ្លះ ?
-
តើអ្នកអាចនឹងចែកចាយអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យគិតពីចំណុចខាងក្រោមនេះ ៖
សូមជញ្ជឹងគិតពីបទពិសោធន៍ថ្មីៗរបស់អ្នកក្នុងការទទួលទានសាក្រាម៉ង់ ។ តើបទពិសោធន៍របស់អ្នកជាមួយនឹងពិធីសាក្រាម៉ង់មានអត្ថន័យដែរឬទេ ? ហេតុអ្វីមានន័យ ឬហេតុអ្វីមិនមានន័យ ?
នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ សូមស្វែងរកសេចក្ដីពិតដែលអាចណែនាំអ្នក និងអ្នកដទៃឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យ និងអានុភាពនៅក្នុងពិធីសាក្រាម៉ង់ ។
ពិធីសាក្រាម៉ង់ ៖ អ្វីដែលសំខាន់ និងអ្វីដែលមិនសំខាន់
នៅខែ សីហា ឆ្នាំ ១៨៣០ នូវល និង សាលី ណៃត៍ បានធ្វើដំណើរពីទីក្រុងខូលស្វីល រដ្ឋញូវយ៉ក ដើម្បីទៅសួរសុខទុក្ខព្យាការី យ៉ូសែប ស្ម៊ីធ និងភរិយារបស់លោក អិមម៉ា នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ ទាំង អិមម៉ា និង សាលី សុទ្ធតែធ្លាប់បានទទួលបុណ្យជ្រមុជទឹករួចហើយ ប៉ុន្តែដោយសារការបៀតបៀនពីសំណាក់មនុស្សកំណាច នោះពួកគាត់មិនត្រូវបានបញ្ជាក់ជាសមាជិកសាសនាចក្រ ហើយក៏មិនបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែរ ។ មុនពេលគ្រួសារ ណៃត៍ បានត្រឡប់ទៅផ្ទះវិញ យ៉ូសែប និងមិត្តរបស់លោកបានសម្រេចចិត្តទទួលទានសាក្រាម៉ង់រួមគ្នា ហើយធ្វើពិធីបញ្ជាក់ ។
ដោយចាំពីសាវតានេះក្នុងចិត្ត សូមអានក្បាលកណ្ឌ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧ ដើម្បីមើលថា តើវិវរណៈនេះត្រូវបានទទួលយ៉ាងដូចម្ដេច ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ដែលពួកគេចាប់អារម្មណ៍ ។ សូមពិចារណាពន្យល់ថា សារទូតពីស្ថានសួគ៌បានបញ្ជូនសារលិខិតមួយមកពីព្រះអង្គសង្គ្រោះ ។ ប្រសិនបើសិស្សសួរពីមូលហេតុដែលយើងប្រើទឹកជំនួសឲ្យស្រាទំពាំងបាយជូរនៅក្នុងពិធីសាក្រាម៉ង់ សូមអញ្ជើញពួកគេឲ្យស្វែងរកគោលការណ៍មួយ ដែលបានបើកសម្ដែងនៅក្នុងកណ្ឌនេះ ដែលអាចជួយឆ្លើយសំណួរនោះបាន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–២ ដោយរកមើលអ្វីដែល យ៉ូសែប បានរៀនអំពីពិធីសាក្រាម៉ង់ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ? ហេតុអ្វី ?
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ សូមរកមើលវិធីដើម្បីបង្ហាញថា អ្នកមានអំណរគុណចំពោះចម្លើយរបស់ពួកគេ ។
ប្រសិនបើសិស្សមិនមានបុគ្គលិកលក្ខណៈពីធម្មជាតិក្នុងការចែកចាយសេចក្តីពិតទេ សូមពិចារណាសួរថា « តើអ្នករៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីរបៀបដែលយើងគួរតែទទួលទានសាក្រាម៉ង់ ? » កាលសិស្សឆ្លើយ សូមប្រើពាក្យសម្ដីរបស់ពួកគេដើម្បីសរសេរគោលការណ៍មួយដាក់នៅលើក្តារខៀន ។ វាអាចស្រដៀងគ្នាទៅនឹងគោលការណ៍ដូចតទៅនេះ ៖ យើងគួរតែទទួលទានសាក្រាម៉ង់ ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ដោយចងចាំដល់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់សម្រាប់យើង ។
ប្រសិនបើមានប្រយោជន៍ សូមពិចារណាសួរសិស្សថា តើឃ្លាអ្វីខ្លះមកពីខគម្ពីរទាំងនេះដែលពួកគេចង់ជញ្ជឹងគិត ឬយល់ឲ្យបានកាន់តែច្បាស់ថែមទៀត ។ អ្វីខាងក្រោមនេះអាចជួយបាន ៖
-
តើអ្នកគិតថា វាមានអត្ថន័យយ៉ាងណា ក្នុងការទទួលទានសាក្រាម៉ង់ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ?
ការមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ មានន័យថា ការផ្ដោតខាងវិញ្ញាណទៅលើព្រះអង្គសង្គ្រោះ និងកិច្ចការនៃសេចក្ដីប្រោសលោះរបស់ទ្រង់ ហើយមិនមែនផ្ដោតលើខ្លួនយើងនោះទេ ( សូមមើល Marlin K. Jensen « An Eye Single to the Glory of God » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៧–២៨ ) ។ សិស្សអាចអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦៧–៦៨ ដើម្បីមើលឃើញពីពរជ័យដែលបានសន្យា សម្រាប់ការមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។ សិស្សក៏អាចចែកចាយអ្វីដែលពួកគេគិតថាជាអត្ថន័យនៃការបានពោរពេញទៅដោយពន្លឺផងដែរ ។
ជួយសិស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទ ៖ សម្ភារខាងក្រោមនេះមានគោលបំណងជួយសិស្សឲ្យមករកព្រះគ្រីស្ទ តាមរយៈការមើលទៅពិធីសាក្រាម៉ង់ និងដង្វាយធួនរបស់ព្រះគ្រីស្ទថាជាអំណោយទានផ្ទាល់ខ្លួនសម្រាប់ពួកគេ ។ សម្រាប់ការបំពាក់បំប៉នបន្ថែមទៀតអំពីរបៀបលើកទឹកចិត្តសិស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ការអញ្ជើញដែលជួយសិស្សឲ្យស្គាល់សេចក្ដីស្រឡាញ់ អំណាច និងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ក្នុងជីវិតរបស់ពួកគេ » ។ ការបំពាក់បំប៉ននេះមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
ទេវតាបានបើកសម្ដែងសារលិខិតរបស់ព្រះអង្គសង្គ្រោះឲ្យចងចាំថា ព្រះកាយរបស់ព្រះអង្គសង្គ្រោះ « បានដាក់ចុះ ដើម្បីអ្នក » ហើយព្រះលោហិតរបស់ទ្រង់ « បានច្រួចដើម្បីការផ្ដាច់ បាបទាំងឡាយរបស់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:២ បានបន្ថែមការគូសបញ្ជាក់ ) ។
សូមពិចារណាលើកទឹកចិត្តសិស្សឲ្យគូសសម្គាល់ឃ្លា « ដើម្បីអ្នក » និង « បាបទាំងឡាយរបស់អ្នក » ។ ពួកគេអាចចង់សរសេរឈ្មោះរបស់ខ្លួនផ្ទាល់ដាក់នៅក្នុងគម្ពីររបស់ពួកគេ នៅជាប់នឹងឃ្លាទាំងនេះ ដើម្បីធ្វើឲ្យខគម្ពីរនេះមានលក្ខណៈផ្ទាល់ខ្លួន ។ សិស្សក៏អាចគូសសម្គាល់ឃ្លាស្រដៀងគ្នានេះផងដែរនៅក្នុង លូកា ២២:១៩–២០ រាប់តាំងពីពេលដែលព្រះអង្គសង្គ្រោះបានចាត់ចែងពិធីសាក្រាម៉ង់ដល់សាវករបស់ទ្រង់មក ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការចងចាំពីពលិកម្មរបស់ព្រះអង្គសង្គ្រោះ « ដើម្បីអ្នក » ផ្ទាល់ និងសម្រាប់ « បាបទាំងឡាយរបស់អ្នក » កាលអ្នកទទួលទានសាក្រាម៉ង់នោះ ?
សម្រាប់ជាឧទាហរណ៍មួយអំពីនរណាម្នាក់ ដែលបានដឹងពីលក្ខណៈផ្ទាល់ខ្លួននៃពលិកម្មរបស់ព្រះអង្គសង្គ្រោះ និងពិធីសាក្រាម៉ង់ សូមមើលវីដេអូ « That I Might Draw All Men unto Me » ពីនាទីទី ៧:១៦ ដល់នាទីទី ៩:១៤ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការព្យាករ និងការសន្យា
ដើម្បីសង្កត់ធ្ងន់លើការបង្រៀនរបស់ទ្រង់ នោះព្រះអម្ចាស់បានព្យាករថា ទ្រង់នឹងចាត់ចែងពិធីសាក្រាម៉ង់នៅពេលខាងមុខ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៥ ដើម្បីមើលការព្យាករ ។ ( សូមមើលផងដែរ លូកា ២២:១៨ ) ។
សូមអានត្រួសៗក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៦–១៤ ដើម្បីមើលថា តើនរណាផ្សេងទៀតដែលនឹងត្រឡប់មកវិញ ។
សូមលើកទឹកចិត្តសិស្សឲ្យស្រមៃពីឱកាសនេះ ហើយពិចារណាពីអារម្មណ៍របស់ពួកគេអំពីការសន្យារបស់ព្រះអង្គសង្គ្រោះដើម្បីយាងត្រឡប់មកវិញ ហើយទទួលទានសាក្រាម៉ង់ជាមួយពួកអ្នកដើរតាមរបស់ទ្រង់ ។ សូមឲ្យពួកគេជញ្ជឹងគិតពីអារម្មណ៍ដែលពួកគេអាចមាន ប្រសិនបើពួកគេបាននៅទីនោះ ។ អ្នកអាចសុំឲ្យសិស្សចែកចាយអ្វីដែលការព្យាករនេះបង្រៀន អំពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ ។
សូមប្រុងប្រយ័ត្នកុំប៉ាន់ស្មានអំពីការប្រជុំនេះឲ្យសោះ និងរបៀបដែលវាអាចកើតឡើង ។
សូមអានសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( ឆ្នាំ ១៩១៥–១៩៨៥ ) នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
-
តើការនៅជាមួយព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ខណៈដែលអ្នកទទួលទានសាក្រាម៉ង់ ?
ការអនុវត្តផ្ទាល់ខ្លួន
សូមធ្វើសកម្មភាពខាងក្រោមនេះពីរ ឬបី ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។
-
សូមរាយបញ្ជីសេចក្ដីពិតអំពីព្រះអង្គសង្រ្គោះ ដែលអ្នកគិតថានឹងមានអានុភាពខ្លាំងដែលត្រូវចងចាំ អំឡុងពិធីសាក្រាម៉ង់ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីបទពិសោធន៍នានា នៅពេលដែលព្រះអង្គសង្គ្រោះបានជួយដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ។ សូមពន្យល់ពីមូលហេតុដែលវាអាចមានប្រយោជន៍ ដើម្បីចងចាំបទពិសោធន៍បែបនេះនៅអំឡុងពិធីសាក្រាម៉ង់ ។
-
សូមរាយបញ្ជីបទគម្ពីរ ឬទំនុកតម្កើងអំពីព្រះអង្គសង្រ្គោះ និងពលិកម្មរបស់ទ្រង់សម្រាប់អ្នក ដែលអ្នកមានអារម្មណ៍ថានឹងមានប្រយោជន៍ដើម្បីធ្វើការជញ្ជឹងគិតនៅអំឡុងពិធីសាក្រាម៉ង់ ។ សូមពិចារណារួមបញ្ចូលវគ្គ ឬឃ្លាជាក់លាក់ដែលអ្នករកឃើញដែលមានប្រយោជន៍ជាពិសេសចំពោះអ្នក និងមូលហេតុ ។
-
សូមពិចារណាពីតម្រូវការរបស់អ្នកផ្ទាល់ខ្លួន ដើម្បីមានពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ ការណ៍នេះអាចរួមមាន ការជញ្ជឹងគិតអំពីសេចក្ដីសញ្ញាផ្ទាល់ខ្លួនរបស់អ្នកជាមួយព្រះអម្ចាស់ និងអំពើបាបនានានៃការប្រព្រឹត្តកំហុស ( នៅពេលយើងធ្វើអ្វីដែលយើងមិនគួរធ្វើ ) ឬការលុបលាងកំហុស ( នៅពេលយើងមិនធ្វើអ្វីដែលយើងគួរធ្វើ ) ដែលតម្រូវឲ្យមានការប្រែចិត្ត ។
-
សូមរាយបញ្ជីការរំខាននានាដែលអាចកើតឡើង ដែលអ្នកត្រូវចៀសវាងអំឡុងពិធីសាក្រាម៉ង់ និងមូលហេតុដែលអ្នកមានអារម្មណ៍ថា អ្នកគួរតែចៀសវាងពីវា ដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យជាងនេះជាមួយនឹងពិធីសាក្រាម៉ង់ ។
-
សូមរាយបញ្ជីពីរបៀបផ្សេងទៀត ដែលអ្នកអាចផ្ដោតទៅលើព្រះអង្គសង្រ្គោះនៅអំឡុងពិធីសាក្រាម៉ង់ និងមូលហេតុដែលរបៀបទាំងនោះអាចមានប្រយោជន៍ ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ នៅពេលពួកគេបានធ្វើសកម្មភាពទាំងឡាយដែលពួកគេបានជ្រើសរើស ។
សូមអញ្ជើញពួកគេឲ្យពិចារណាម្ដងទៀត អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងពិធីសាក្រាម៉ង់ កាលពួកគេធ្វើអ្វីដូចខាងក្រោមនេះ ៖
អធិស្ឋានជ្រើសរើសនូវអ្វីដែលអ្នកនឹងធ្វើ ដើម្បីទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ នៅថ្ងៃអាទិត្យក្រោយនេះ ។ រៀបផែនការពីរបៀបអនុវត្តសកម្មភាពនោះ ។ ពិចារណាពីរបៀបដែលការធ្វើបែបនេះនៅក្នុងការប្រជុំសាក្រាម៉ង់បីបួនលើកក្រោយ អាចជះឥទ្ធិពលដល់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ស្វែងរកជំនួយពីទ្រង់ទាំងទ្វេ នៅពេលអ្នកព្យាយាមធ្វើតាមផែនការរបស់អ្នក ។
ថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដែលអាចកើតមានតាមរយៈពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ពិចារណាចែកចាយបទពិសោធន៍មួយ ដែលអ្នកបានមានជាមួយនឹងពិធីសាក្រាម៉ង់ ។ លើកទឹកចិត្តសិស្សឲ្យស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។