« មេរៀនទី ១៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦ ៖ ‹ ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦
« ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ »
នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បានជួប យ៉ូសែប ស្ម៊ីធ ជាលើកដំបូង ។ ពីរថ្ងៃក្រោយមក លោកបានធ្វើជាអ្នកសរសេរឲ្យយ៉ូសែបសម្រាប់ការបកប្រែព្រះគម្ពីរមរមន ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦ រួមមាននូវដំបូន្មានពីព្រះអម្ចាស់ដែលឆ្លើយតបនឹងសំណួរ និងកង្វល់ជាច្រើនដែល អូលីវើរ មានអំពីការចូលរួមក្នុងកិច្ចការព្រះអម្ចាស់ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យដាក់ទីទុកចិត្តលើព្រះអង្គសង្គ្រោះ នៅពេលពួកគេប្រឈមមុខនឹងការសង្ស័យ និងការភ័យខ្លាច ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសង្ស័យ និងការភ័យខ្លាច
សូមពិចារណាសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅខាងក្រោមសំណួរនោះ ។ ការណ៍នេះអាចធ្វើឡើងពីមុនចាប់ផ្តើមថ្នាក់ ឬនៅដើមមេរៀន ។
-
តើមានការភ័យខ្លាច ការសង្ស័យ ឬការព្រួយបារម្ភអ្វីខ្លះដែលពួកក្មេងជំទង់អាចនឹងមាន ?
បន្ទាប់ពីពិភាក្សាអំពីសំណួរពីមុនហើយ សូមអញ្ជើញសិស្សឲ្យគិតអំពីការភ័យខ្លាច ការសង្ស័យ ឬការព្រួយបារម្ភដែលពួកគេអាចនឹងមាននៅក្នុងជីវិតពួកគេផ្ទាល់ ។ សូមពន្យល់ថា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦ មានសេចក្ដីពិតដែលអាចជួយពួកគេនៅគ្រាបែបនេះបាន ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតទាំងនេះ នៅពេលពួកគេកំពុងសិក្សា ។
អូលីវើរ ខៅឌើរី ចាប់ផ្ដើមជួយ យ៉ូសែប ស៊្មីធ
សូមពន្យល់ថា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦ មាននូវវិវរណៈមួយដែលបានផ្ដល់ដល់ អូលីវើរ ខៅឌើរី ។ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលអូលីវើរបានជួប យ៉ូសែប ស្ម៊ីធ ដំបូងអ្នកអាចបង្ហាញវីដេអូ « Days of Harmony » ចាប់ពីនាទីទី ៣:០៧ ដល់នាទីទី ៧:១៨ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ម្យ៉ាងវិញទៀត សិស្សក្នុងថ្នាក់អាចអាន ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–ឆ្នាំ ១៨៤៦( ឆ្នាំ ២០១៨ ) ចាប់ផ្ដើមពី ទំព័រ ៥៨–៦០ឬអ្នកអាចសង្ខេបឃ្លាដូចខាងក្រោមនេះ ។
អូលីវើរ ខៅឌើរី គឺជាគ្រូបង្រៀនដែលបានចាប់ផ្តើមបង្រៀនជាមួយឪពុកម្តាយរបស់ យ៉ូសែប ស្ម៊ីធ នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ ១៨២៨ ។ នៅខណៈពេលដែលកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ ស្ម៊ីធ នោះ អូលីវើរ បានដឹងអំពីការហៅបម្រើដ៏ទេវភាពរបស់ យ៉ូសែប និងការបកប្រែព្រះគម្ពីរមរមនដែលកំពុងធ្វើឡើង ។ អូលីវើរបានទទួលអារម្មណ៍បំផុសគំនិតឲ្យសួរថា តើគាត់អាចជួយយ៉ូសែបក្នុងដំណើរការបកប្រែនេះបានឬអត់ ។ នៅនិទាឃរដូវឆ្នាំ ១៨២៩ អូលីវើរបានអមដំណើរប្អូនប្រុសរបស់យ៉ូសែបគឺ សាំយូអែល ទៅកាន់ភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីជួបព្យាការីជាលើកដំបូង ។
-
បើអ្នកបានស្ថិតនៅក្នុងស្ថានភាពដូច អូលីវើរ ខៅឌើរី តើអ្នកអាចមានសំណួរ ឬកង្វល់អ្វីខ្លះនៅអំឡុងពេលនេះ ?
មិនយូរប៉ុន្មានបន្ទាប់ពីបានមកដល់ភូមិហាម៉ូនី អូលីវើរក៏បានធ្វើជាអ្នកសរសេរឲ្យ យ៉ូសែប ស្ម៊ីធ ។ បើទោះបីជា អូលីវើរ បានទទួលការបញ្ជាក់ពីព្រះពីមុនអំពីអំណោយទានព្យាការីរបស់យ៉ូសែបដើម្បីបកប្រែក៏ដោយ ក៏លោកនៅតែមានចម្ងល់អំពីការចូលរួមផ្ទាល់ខ្លួនលោកក្នុងកិច្ចការរបស់ព្រះអម្ចាស់ដែរ ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦ នៅអំឡុងពេលនេះ ។
ការស្គាល់ និងការដាក់ទីទុកចិត្តលើព្រះអង្គសង្រ្គោះ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤–២៤, ៣២–៣៧ ដោយរកមើលដំបូន្មានមួយចំនួនរបស់ព្រះអម្ចាស់ចំពោះអូលីវើរ ។ សូមយកចិត្តទុកដាក់ជាពិសេសចំពោះអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីព្រះអង្គទ្រង់ ដែលអាចជួយយើងបាននៅអំឡុងពេលនៃភាពមិនប្រាកដប្រជា ឬមានការភ័យខ្លាច ។
បន្ថែមពីលើការអានខគម្ពីរទាំងនេះ សិស្សក៏អាចនឹងមើលវីដេអូ « Days of Harmony » ចាប់ពីនាទីទី ១៥:០២ ដល់នាទីទី ១៧:៤៩ បានផងដែរ ។
ដើម្បីជួយសិស្សឲ្យទទួលយកអ្វីដែលពួកគេកំពុងអាន សូមពិចារណាបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅលើក្ដារខៀន ។ នៅពេលសិស្សស្វែងយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះចេញពីខគម្ពីរទាំងនេះរួចហើយ ពួកគេអាចនឹងសរសេរការបង្រៀនទាំងនោះនៅជុំវិញរូបភាពនៅលើក្ដារខៀនបាន ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលអាចជួយឲ្យអ្នកដាក់ទីទុកចិត្តរបស់អ្នកនៅលើទ្រង់ នៅពេលអ្នកជួបប្រទះការភ័យខ្លាច ការសង្ស័យ ឬការព្រួយបារម្ភ ?
-
តើសេចក្ដីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះអាចជួយអ្នកនៅគ្រាបែបនោះបានយ៉ាងដូចម្ដេច ?
សូមមើលទៅព្រះយេស៊ូវគ្រីស្ទ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦–៣៧ ម្ដងទៀត ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះចំពោះអូលីវើរ ។
-
តើអ្នកនឹងសង្ខេបសេចក្ដីពិតដែលបានបង្រៀននៅក្នុង ខទី ៣៦ យ៉ាងដូចម្ដេច ?
អ្នកអាចចង់គូសបញ្ជាក់ថា យើងអាចយកឈ្នះលើការសង្ស័យ និងការភ័យខ្លាចបាន នៅពេលដែលយើងសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកគិតថា ការមើលទៅព្រះយេស៊ូវគ្រីស្ទគ្រប់ទាំងគំនិតមានន័យយ៉ាងណា ?
ដើម្បីជួយសិស្សឲ្យមើលឃើញពីទំនាក់ទំនងរវាងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៣៦ និង ៣៧ សូមពិចារណាបង្ហាញរូបភាពចាប់តាំងពីដើមមេរៀនមក ។ សូមពន្យល់ថា ការមើលអ្វីមួយមានន័យថាការមើលឃើញ និងការសង្កេត ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើង « មើល » របួសរបស់ទ្រង់ ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៧ ) ។
-
តើការចងចាំដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់អាចមានឥទ្ធិពលអ្វីខ្លះមកលើយើង ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលពួកគេអាចមើលទៅព្រះយេស៊ូវគ្រីស្ទ សូមពិចារណាបង្ហាញសាច់រឿងនានាដូចខាងក្រោម ។ អ្នកក៏អាចបង្កើតសាច់រឿងផ្សេងៗទៀតដែលទាក់ទងនឹងកាលៈទេសៈរបស់សិស្សអ្នកផងដែរ ។
អានណា មានសំណួរអំពីដំណឹងល្អដែលពុំទាន់ទទួលបានចម្លើយ ។ ពេលខ្លះ នាងមានអារម្មណ៍ថាទីបន្ទាល់របស់នាងមិនរឹងមាំល្មមនឹងជួយនាងឲ្យយកឈ្នះលើការសង្ស័យរបស់នាងបានទេ ។
អេរិច កំពុងពុះពារនឹងអារម្មណ៍នៃការឲ្យតម្លៃលើខ្លួនឯង ។ គាត់មានអារម្មណ៍ថា គ្មាននរណាម្នាក់ឲ្យតម្លៃគាត់នៅសាលានោះទេ ។
ឪពុកម្តាយរបស់ សូហ្វី កំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមគ្រួសារពួកគាត់ ។ នាងព្រួយបារម្ភថា ឪពុកម្តាយនាងអាចនឹងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងអស់របស់គ្រួសារនាងបានទេ ។
សូមពិចារណាបំបែកសិស្សទៅជាក្រុមតូចៗ ហើយចាត់សាច់រឿងមួយឲ្យក្រុមនីមួយៗផ្ដោតលើ កាលដែលពួកគេពិភាក្សាសំណួរដូចខាងក្រោម ។
-
តើអ្វីទៅគឺជារបៀបយ៉ាងហោចណាស់បីយ៉ាង ដែលបុគ្គលទាំងនេះអាចមើលទៅព្រះគ្រីស្ទក្នុងស្ថានភាពរបស់ពួកគេបាន ?
-
តើការធ្វើរឿងទាំងនេះអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់បុគ្គលទាំងនេះដោយរបៀបណាខ្លះ ?
បន្ទាប់ពីសិស្សបានពិភាក្សាជាមួយក្រុមពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយមួយចំនួនរបស់ពួកគេនៅក្នុងថ្នាក់រៀនទាំងមូល ។ ជាផ្នែកមួយនៃការពិភាក្សានេះ វាអាចមានអត្ថប្រយោជន៍ក្នុងការសួរសិស្សពីរបៀបដែលសកម្មភាពដែលពួកគេបានស្វែងយល់គឺជាឧទាហរណ៍នៃការមើលទៅព្រះគ្រីស្ទ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីរបៀបដែលពួកគេបានទទួលពរជ័យ នៅពេលពួកគេបានមើលទៅព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់ពួកគេផងដែរ ។
ការអនុវត្តវាទៅក្នុងជីវិតរបស់អ្នក
ដើម្បីជួយសិស្សឲ្យអនុវត្តតាមការទូន្មានរបស់ព្រះអង្គសង្គ្រោះឲ្យមើលទៅទ្រង់ សូមអញ្ជើញពួកគេឲ្យគិតអំពីការភ័យខ្លាច ការសង្ស័យ ឬការព្រួយបារម្ភរបស់ពួកគេផ្ទាល់ ដែលពួកគេបានគិតឃើញនៅដើមមេរៀននេះ ។ សូមដាក់បង្ហាញសំណួរខាងក្រោមនេះ ហើយផ្ដល់ពេលឲ្យសិស្សឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅថ្ងៃនេះ តើអ្នកបានរៀនសូត្រ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកឲ្យដោះស្រាយការភ័យខ្លាច ការសង្ស័យ ឬការព្រួយបារម្ភដែលអ្នកមាន ?
-
តើមានវិធីជាក់លាក់អ្វីខ្លះ ដែលអ្នកនឹងខិតខំអនុវត្តតាមដំបូន្មានរបស់ព្រះអង្គសង្រ្គោះឲ្យ « មើលមកឯ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ?
ទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ហើយរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗបានផងដែរ ។ ឃ្លាបទគម្ពីរគន្លឹះគឺជាខគម្ពីរទាំងមូល ៖ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។