« មេរៀនទី ១៦—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១—គោលលទ្ធិ និងសេចក្ដីសញ្ញា ១–៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១ » ថ្នាក់សិក្ខាសាលាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
មេរៀនទី ១៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣–៥
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១
ការពិចារណា និងការវាយតម្លៃលើការរៀនសូត្រខាងវិញ្ញាណរបស់យើងអាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា និងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ហើយចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីបានជាយើងត្រូវវាយតម្លៃ ?
ដើម្បីជួយរៀបចំសិស្សឲ្យវាយតម្លៃលើការរីកចម្រើនរបស់ពួកគេរហូតមកដល់ពេលនេះបាន សូមពិចារណាធ្វើសកម្មភាពដូចតទៅនេះ ។ សូមគូសក្រាហ្វិកដូចខាងក្រោមនៅលើក្ដារខៀន ហើយពិចារណាផ្តល់ឧទាហរណ៍អំពីគោលដៅមួយ ។ សិស្សអាចនឹងពិចារណាពីគោលដៅខាងវិញ្ញាណ ខាងបញ្ញា ខាងរូបកាយ ឬខាងសង្គមដែលពួកគេកំពុងធ្វើជាមួយនឹងកម្មវិធីកុមារ និងយុវវ័យ ។
នៅលើទំព័រមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូសបន្ទាត់មួយ ។ នៅចុងបន្ទាត់ខាងស្តាំ សូមសរសេរគោលដៅរយៈពេលវែងមួយរបស់អ្នក ។ ឧទាហរណ៍មួយចំនួនអាចជាការលេងកីឡា ឬការលេងឧបករណ៍ភ្លេងមួយនៅកម្រិតខ្ពស់ ការក្លាយជាមនុស្សពូកែខាងជំនាញពិសេសមួយ ការទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬការរៀបការនៅព្រះវិហារបរិសុទ្ធ ។
ដូចដែលបានបង្ហាញក្នុងក្រាហ្វិកខាងក្រោម សូមគូររូបមនុស្សចង្កឹះនៅពីលើបន្ទាត់នោះ ដែលតំណាងឲ្យអារម្មណ៍របស់អ្នកថា តើអ្នកបានរីកចម្រើនឈានឆ្ពោះទៅរកគោលដៅរបស់អ្នកបានឆ្ងាយប៉ុនណាហើយ ។
នៅផ្នែកខាងឆ្វេងបន្ទាត់នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរនូវការរីកចម្រើនដែលអ្នកបានធ្វើរួចហើយ ។ អ្នកអាចនឹងរួមបញ្ចូលអ្វីៗដែលជាក់លាក់ ដែលអ្នកបានរៀនសូត្រ ឬបានធ្វើ ដើម្បីឲ្យមានការរីកចម្រើនឆ្ពោះទៅរកគោលដៅរបស់អ្នក ។
-
តើហេតុអ្វីបានជាវាមានប្រយោជន៍ដើម្បីផ្អាក និងវាយតម្លៃលើអ្វីដែលយើងបានរៀន និងរបៀបដែលយើងបានរីកចម្រើន ?
សូមពិចារណាអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬបានធ្វើដើម្បីរីកចម្រើនទៅរកគោលដៅរបស់ពួកគេ ។ ការណ៍នេះនឹងមិនត្រឹមតែរៀបចំសិស្សឲ្យត្រៀមខ្លួនរៀនសូត្របន្ថែមទៀតនៅក្នុងមេរៀននេះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងជួយសិស្សឲ្យស្គាល់គ្នាបានកាន់តែច្បាស់ និងបង្កើតបាននូវសាមគ្គីភាពនៅក្នុងថ្នាក់រៀនផងដែរ ។
គោលបំណងមួយក្នុងចំណោមគោលបំណងនានានៃថ្នាក់សិក្ខាសាលាគឺ ដើម្បីជួយអ្នកឲ្យខិតចូលកាន់តែជិតព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ ។
-
តើហេតុអ្វីបានជាវាអាចជារឿងសំខាន់ផងដែរក្នុងការផ្អាក និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីចូលកាន់តែទៅជិតព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ ?
តើអ្នកកំពុងតែរៀនអ្វីខ្លះ ? តើអ្នកកំពុងតែរីកចម្រើនឈានទៅមុខយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ពេញមួយឆ្នាំសិក្សានេះ រៀងរាល់បួនទៅប្រាំមួយសប្តាហ៍ម្ដង នឹងមានមេរៀនមួយដូចនេះ ដែលសិស្សអាចឈប់ដើម្បីវាយតម្លៃលើអ្វីដែលពួកគេកំពុងរៀនសូត្រ និងលើរបៀបដែលពួកគេកំពុងខិតចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។
បើមានអត្ថប្រយោជន៍ សូមពិចារណាអញ្ជើញសិស្សឲ្យរៀបរាប់ដំណើររឿង និងប្រធានបទមួយចំនួនដែលពួកគេបានរៀនរហូតមកដល់ពេលនេះ ។ ការធ្វើដូច្នេះអាចនឹងជួយពួកគេបាននៅពេលដែលពួកគេធ្វើកិច្ចការដូចខាងក្រោម ៖
សូមចំណាយពេលពីរបីនាទីសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីការរីកចម្រើនដែលអ្នកកំពុងធ្វើ ដើម្បីខិតចូលកាន់តែជិតព្រះអង្គសង្គ្រោះ នៅពេលដែលអ្នកបានសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅឆ្នាំនេះ ។ ការណ៍នេះអាចរួមមានគោលលទ្ធិ និងសេចក្ដីពិតដែលអ្នកកំពុងរៀនសូត្រ របៀបដែលទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទកំពុងកើនឡើង ទម្លាប់ថ្មីៗដែលអ្នកកំពុងបង្កើតឡើង និងរបៀបនានាដែលអ្នកកំពុងព្យាយាមផ្លាស់ប្តូរ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយគំនិតរបស់ពួកគេ បើគំនិតទាំងនោះមិនមែនជារឿងផ្ទាល់ខ្លួនខ្លាំងពេកទេនោះ ។ ការណ៍នេះអាចធ្វើឡើងបានតាមក្រុមតូចៗ ឬជាថ្នាក់ទាំងមូលតែម្ដង ។ ជាជម្រើស សិស្សអាចគិតអំពីពាក្យពេចន៍ ឬឃ្លាមួយដែលនឹងសង្ខេបរបៀបដែលពួកគេកំពុងរៀនសូត្រ ឬរីកចម្រើនទៅមុខ ហើយសរសេរវាដាក់នៅលើក្ដារខៀន ( ឧទាហរណ៍ « ទីបន្ទាល់កាន់តែរឹងមាំ » « ការរៀនសូត្រអំពីទ្រង់តាមរយៈព្រះគម្ពីរ » ឬ « ការមានអារម្មណ៍ដឹងពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ » ) ។ បន្ទាប់មក អ្នកអាចនឹងចង្អុលទៅពាក្យគន្លឹះនានានៅលើក្ដារខៀន ហើយសួរថា តើសិស្សដែលបានសរសេរឃ្លានេះ ព្រមស្ម័គ្រចិត្តឡើងចែកចាយពីមូលហេតុដែលពួកគេបានសរសេរវាដែរឬអត់ ។ នៅពេលដែលអ្នកស្តាប់ សូមរកមើលវិធីនានាដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់សិស្ស លើកទឹកចិត្តពួកគេឲ្យបន្ត ហើយថ្លែងទីបន្ទាល់អំពីជំនួយ និងពរជ័យរបស់ព្រះអម្ចាស់ ។
វាយតម្លៃការសិក្សាព្រះគម្ពីរ
សូមបង្ហាញរូបភាព យ៉ូសែប ស្ម៊ីធ ដូចខាងក្រោម ហើយពិភាក្សាគ្នាជាមួយសិស្សអំពីឥទ្ធិពល ដែលការសិក្សាព្រះគម្ពីរមានមកលើរូបលោក ដែលជាព្យាការីរបស់ព្រះ ។
-
តើការសិក្សាព្រះគម្ពីរបានជួយដល់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
សូមពិចារណាពីគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ តើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេចខ្លះ ?
សូមឲ្យក្រដាសពីរសន្លឹកតូចៗដល់សិស្ស ។ សិស្សអាចកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទីមួយនៅលើសន្លឹកក្រដាសមួយសន្លឹក ហើយបន្ទាប់មកកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទីពីរនៅលើក្រដាសមួយសន្លឹកទៀត ។
-
តើអ្វីជាវិធីមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលជោគជ័យនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
-
តើអ្វីជាការពិបាកមួយដែលអ្នកកំពុងមានក្នុងដំណើរការសិក្សាព្រះគម្ពីររបស់អ្នក ?
សូមឲ្យសិស្សដាក់ក្រដាសដែលសរសេរអំពីភាពជោគជ័យរបស់ពួកគេនៅមួយគំនរ ហើយក្រដាសដែលសរសេរអំពីការពិបាករបស់ពួកគេនៅមួយគំនរទៀត ។ សូមច្របល់គំនរក្រដាសនីមួយៗដាច់ដោយឡែកពីគ្នា ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់ទាំងមូល ។ នៅពេលអ្នកអានអំពីភាពជោគជ័យរបស់ពួកគេហើយ សូមសរសើរ និងលើកទឹកចិត្តសិស្ស ។ សូមពិចារណាសួរថា « តើមាននរណាទៀតដែលបានរកឃើញភាពជោគជ័យក្នុងការធ្វើអ្វីមួយស្រដៀងគ្នានេះដែរឬទេ ? » និង « តើការសិក្សាព្រះគម្ពីររបស់អ្នកបានជួយឲ្យអ្នកចូលកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? » នៅពេលអ្នកអានក្រដាសអំពីការពិបាកដែលសិស្សកំពុងមានក្នុងការសិក្សាព្រះគម្ពីរ នោះវាអាចមានប្រយោជន៍ដើម្បីអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរកបទគម្ពីរ រកមើលសេចក្ដីថ្លែងការណ៍ពីព្យាការី ឬថ្នាក់ដឹកនាំសាសនាចក្រ ឬគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលអាចជួយបាននោះ ។
វាយតម្លៃពីអារម្មណ៍របស់សិស្សអំពីព្យាការី យ៉ូសែប ស្ម៊ីធ
សូមផ្តល់ឱកាសដូចខាងក្រោមឲ្យសិស្សវាយតម្លៃលើអារម្មណ៍របស់ពួកគេអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមសរសេររឿងជាច្រើនតាមដែលអ្នកអាចគិតឃើញ ដែលអ្នកបានរៀនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះនៅថ្នាក់សិក្ខាសាលា ។
សិស្សអាចសរសេរអ្វីដែលពួកគេបានរៀនដាក់នៅលើក្ដារខៀនជុំវិញរូបភាព យ៉ូសែប ស្ម៊ីធ ។ ជាជម្រើស សិស្សអាចនឹងធ្វើសកម្មភាពនេះជាក្រុមតូចៗ ។
សូមគូសបន្ទាត់ពីក្រោម ឬគូសរង្វង់ជុំវិញអ្វីមួយនៅក្នុងបញ្ជីរបស់អ្នក ដែលសំដៅទៅលើរបៀបដែលលោកបានជួយឲ្យអ្នកបានចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទផងដែរ ។
បើសិស្សមិនបានលើកវាយកមកពិភាក្សាទេនោះ សូមប្រាកដថា អ្នកពិតជាបានរួមបញ្ចូលឃ្លាដែលថា យ៉ូសែប ស្ម៊ីធ បានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងការនិមិត្តដំបូង បានបកប្រែព្រះគម្ពីរមរមនដោយព្រះចេស្ដានៃព្រះ ហើយបានទទួលវិវរណៈមកពីព្រះអម្ចាស់ ដែលបានបញ្ចូលនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ លើសពីនេះ សូមរួមបញ្ចូលផងដែរថា ព្រះអម្ចាស់បានស្ដារឡើងវិញនូវបព្វជិតភាព សាសនាចក្រ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធតាមរយៈ យ៉ូសែប ស្ម៊ីធ ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃថា តើពួកគេជឿខ្លាំងប៉ុនណាដែរទៅលើចំណុចដែលពួកគេបានសរសេរមកនេះ នៅរង្វាស់ពី ១ ដល់ ៥ ( ១=មិនជឿ និង ៥=ជឿយ៉ាងមុតមាំ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ ដែលបានជួយបង្កើនជំនឿរបស់ពួកគេថា ព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ដើម្បីជួយយើងឲ្យខិតចូលកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
សិស្សរបស់អ្នកមួយចំនួនអាចនឹងនៅតែពិបាកមានទីបន្ទាល់របស់ពួកគេថា យ៉ូសែប ស្ម៊ីធ ជាព្យាការី ។ ការសួរសំណួរខាងក្រោមនេះ និងការអនុញ្ញាតឲ្យសិស្សផ្តល់គំនិតជាច្រើន ដែលអាចនឹងជួយដល់សិស្សទាំងនេះបាន ។
-
បើមាននរណាម្នាក់ដែលពិបាកជឿថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី តើអ្នកអាចណែនាំពួកគេឲ្យធ្វើអ្វីខ្លះ ដើម្បីពង្រឹងជំនឿរបស់ពួកគេបាន ?