« មេរៀនទី ១២ គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ៖ ចិត្តយើងនឹងបានបង្វែរមករកពួកឪពុករបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ៖ ចិត្តយើងនឹងបានបង្វែរមករកពួកឪពុករបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២;យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
គោលលទ្ធិ និងសេចក្តីសញ្ញា ២ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
ចិត្តយើងនឹងបានបង្វែរមករកពួកឪពុករបស់យើង
នៅពេលដែលទេវតាមរ៉ូណៃ ដែលជាព្យាការីនៃព្រះគម្ពីរមរមន បានបង្ហាញកាយឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញ លោកបានដកស្រង់ការព្យាករក្នុងព្រះគម្ពីរជាច្រើន ។ ការព្យាករមួយគឺការប្រកាសរបស់ម៉ាឡាគីថា ព្យាការីអេលីយ៉ានឹងត្រឡប់មកវិញ ហើយ « ចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ) ។ មេរៀននេះអាចជួយសិស្សឲ្យចូលរួមការព្យាកររបស់ព្រះអម្ចាស់អំពីការបង្វែរចិត្តពួកគេទៅកាន់ដូនតារបស់ពួកគេវិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ក្រុមគ្រួសាររបស់ខ្ញុំ
ដើម្បីជួយសិស្សឲ្យគិតអំពីដូនតារបស់ពួកគេ និងមូលហេតុដែលយើងធ្វើកិច្ចការពង្សប្រវត្តិ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសកម្មភាពខាងក្រោមនេះ ។
ចំណាំ ៖ សិស្សមួយចំនួនជួបប្រទះនឹងបញ្ហាស្ថានភាពគ្រួសារដ៏លំបាក ។ ត្រូវឆាប់ដឹងចំពោះអ្នកទាំងឡាយណាដែលអាចមានការព្រួយបារម្ភ ដូចជាការផ្សារភ្ជាប់ជាមួយគ្រួសាររបស់ពួកគេដ៏អស់កល្បជានិច្ច ឬមិនស្គាល់ឪពុកម្ដាយបង្កើតរបស់ពួកគេ ។
ការចែកចាយធនធានបន្ថែមអាចនឹងមានប្រយោជន៍ « តើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចជួយព្យាបាលទំនាក់ទំនងគ្រួសារបានយ៉ាងដូចម្ដេច ? »
សូមសរសេរពីមនុស្សដែលនៅក្នុងមែកធាងគ្រួសារអ្នកឲ្យបានច្រើនតាមដែលអ្នកអាចចងចាំបាន ។ សូមពិនិត្យមើលថា តើអ្នកអាចបូកបញ្ចូលបានប៉ុន្មានជំនាន់ ។
-
តើជីវិតរបស់អ្នកបានរងឥទ្ធិពលពីបុគ្គលទាំងនេះដោយរបៀបណា ?
-
តើអ្វីទៅជាបទពិសោធន៍ដ៏មានអត្ថន័យ ដែលអ្នកអាចចែកចាយអំពីសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារទាំងនេះ ?
សូមជួយសិស្សឲ្យយល់ថា ការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ គឺជាវិធីមួយដែលពួកគេអាចជួយនាំមកនូវផែនការរបស់ព្រះវរបិតាសួគ៌ ដើម្បីបង្រួបបង្រួមបុត្រាបុត្រីរបស់ទ្រង់ដ៏អស់កល្បជានិច្ច ។ ដើម្បីជួយសិស្សឲ្យវាយតម្លៃពីអារម្មណ៍របស់ពួកគេអំពីការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ សូមពិចារណាប្រើការបំផុសគំនិតខាងក្រោមនេះ ។
តើសេចក្ដីថ្លែងការណ៍មួយណាក្នុងចំណោមសេចក្ដីថ្លែងការណ៍ទាំងនេះឆ្លុះបញ្ចាំងបានល្អបំផុតពីអារម្មណ៍របស់អ្នកចំពោះពង្សប្រវត្តិ ?
-
ខ្ញុំចូលចិត្តធ្វើកិច្ចការពង្សប្រវត្តិ និងយល់ដឹងពីហេតុផលច្បាស់លាស់សម្រាប់ការធ្វើកិច្ចការនេះ ។
-
ខ្ញុំដឹងថា ពង្សប្រវត្តិមានសារៈសំខាន់ណាស់ ក៏ប៉ុន្តែខ្ញុំមិនបានចំណាយពេលច្រើនដើម្បីធ្វើកិច្ចការនេះទេ ។
-
ខ្ញុំដឹងថា ពង្សប្រវត្តិមានសារៈសំខាន់ណាស់ ក៏ប៉ុន្តែខ្ញុំអនុញ្ញាតឲ្យសមាជិកក្រុមគ្រួសារផ្សេងទៀតធ្វើកិច្ចការនេះដែរ ។
-
ខ្ញុំមើលមិនឃើញហេតុផលច្បាស់លាស់សម្រាប់ការធ្វើពង្សប្រវត្តិទេ ។
សូមលើកទឹកចិត្តសិស្សឲ្យវាយតម្លៃពីអារម្មណ៍របស់ពួកគេអំពីកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធរបស់ពួកគេ ថាវាបានរងឥទ្ធិពលប៉ុណ្ណាដែរ នៅពេលពួកគេសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ។
បង្រៀនដោយព្រះវិញ្ញាណ ៖ សម្រាប់ការបំពាក់បំប៉នច្រើនទៀតអំពីការបង្កើតឲ្យមានរបៀបវាយតម្លៃខ្លួនឯងរបស់សិស្ស សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ។
ការត្រឡប់មកវិញរបស់ព្យាការីអេលីយ៉ា
ដើម្បីផ្ដល់បរិបទសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ២ អ្នកអាចនឹងបង្ហាញរូបភាពទេវតាមរ៉ូណៃ ដែលបានលេចមកឲ្យ យ៉ូសែប បានឃើញ ហើយអញ្ជើញសិស្សឲ្យប្រាប់ពីអ្វីដែលពួកគេចងចាំអំពីការយាងមកជួបរបស់ទេវតានេះ ។ ជាជម្រើស អ្នកអាចនឹងចែកចាយកថាខណ្ឌខាងក្រោមដោយប្រើពាក្យរបស់អ្នកផ្ទាល់ ឬអញ្ជើញសិស្សឲ្យអានវាឮៗ ។
នៅពេលទេវតាមរ៉ូណៃបានបង្ហាញខ្លួនដល់ យ៉ូសែប ស្ម៊ីធ ក្នុងវ័យ ១៧ ឆ្នាំ មរ៉ូណៃបានដកស្រង់ការព្យាករពីបុរាណជាច្រើនដែលបានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីប ។ ការព្យាករទាំងនេះបានបើកសម្តែងបន្ថែមទៀតអំពីកិច្ចការនាពេលអនាគតរបស់ យ៉ូសែប និងបានរួមបញ្ចូលព្រឹត្តិការណ៍ដែលនឹងកើតឡើងមុន និងបន្ទាប់ពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់មួយ ដែលមរ៉ូណៃបានដកស្រង់គឺ ម៉ាឡាគី ៤:៥–៦ ។ ពាក្យសម្ដីរបស់មរ៉ូណៃត្រូវបានកត់ត្រាទុកនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ដែលបើកសម្ដែងថា ព្យាការីអេលីយ៉ានឹងត្រឡប់មកកាន់ផែនដីវិញ នៅមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សិស្សអាចនឹងចាប់អារម្មណ៍ចង់ដឹងថា ការវិលត្រឡប់មកវិញរបស់អេលីយ៉ាត្រូវបានយោងនៅក្នុងគម្ពីរនីមួយៗនៃគម្ពីរបមាណីយ ( សូមមើល ម៉ាឡាគី ៤:៥–៦; នីហ្វៃទី៣ ២៥:៥–៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ) ។ នៅពេលដែលសិស្សកំពុងអានខគម្ពីរខាងក្រោមនេះ សូមជួយពួកគេឲ្យកំណត់ពាក្យ និងឃ្លាណាមួយ ដែលពួកគេអាចនឹងមិនយល់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ហើយរកមើលមូលហេតុដែលការវិលត្រឡប់មកវិញរបស់អេលីយ៉ាមានសារៈសំខាន់ចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៧–១៩ ) ។
-
តើអ្នកមានសំណួរអ្វីខ្លះអំពីខគម្ពីរទាំងនេះ ?
ខាងក្រោមនេះអាចនឹងជួយឆ្លើយសំណួររបស់សិស្សទាក់ទងនឹង គោលលទ្ធិ និងសេចក្តីសញ្ញា ២ ៖
-
« បព្វជិតភាពដោយដៃនៃលោកអេលីយ៉ា » ( ខទី ១ ) មានន័យសំដៅដល់អំណាចផ្សារភ្ជាប់ដែលអេលីយ៉ាបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ នាថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១៣–១៦) ។
-
« ថ្ងៃដ៏ធំហើយស្ញែងខ្លាចរបស់ព្រះអម្ចាស់ » ( ខទី ១ ) មានន័យសំដៅដល់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
« សេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក » ( ខទី ២ ) អាចមានន័យសំដៅដល់សេចក្ដីសញ្ញា និងសេចក្ដីសន្យាអ័ប្រាហាំ ដែលបានធ្វើចំពោះអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៩–១០ ) ។
-
វិធីមួយដែលចិត្តរបស់កូនៗងាកទៅរកពួកឪពុករបស់ពួកគេគឺ តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
-
បើគ្មានការផ្សារភ្ជាប់គ្រួសារទេ គោលបំណងនៃផែនដីនឹងមិនអាចសម្រេចបានឡើយ គឺផែនដី « នឹងត្រូវកម្ទេចចោលសូន្យឈឹង » ( ខទី ៣; សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៧–១៩ ) ។
-
-
តើការវិលត្រឡប់មកវិញរបស់អេលីយ៉ាអាចមានឥទ្ធិពលលើក្រុមគ្រួសារយ៉ាងដូចម្តេច ?
-
តើមានសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចរកឃើញនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ?
សិស្សអាចនឹងកត់ត្រាសេចក្ដីពិតនានាដែលពួកគេរកឃើញដាក់នៅលើក្ដារខៀន ។ ក្នុងចំណោមសេចក្ដីពិតផ្សេងៗទៀត សេចក្ដីពិតទាំងនេះអាចរួមមាន ៖ ព្រះបានសន្យាបញ្ជូនអេលីយ៉ាឲ្យមកស្ដារអំណាចផ្សារភ្ជាប់នៃបព្វជិតភាពដល់ផែនដី នៅមុនពេលមានការយាងមកជាលើកទីពីរ ( សូមមើល ខទី ១ ) ។ ចិត្តយើងអាចបង្វែរទៅរកដូនតារបស់យើងបាន ហើយយើងអាចធ្វើពិធីបរិសុទ្ធសម្រាប់ពួកលោកនៅក្នុងព្រះវិហារបរិសុទ្ធបាន ( សូមមើល ខទី ២ ) ។ បើគ្មានអំណាចបង្រួបបង្រួមក្រុមគ្រួសារដ៏អស់កល្បជានិច្ចនោះទេ គោលបំណងសម្រាប់ផែនដីនឹងមិនអាចសម្រេចបានឡើយ ( សូមមើល ខទី ៣ ) ។
ចិត្តយើងនឹងបង្វែរមករកពួកឪពុករបស់យើង
ឃ្លាដែលថា « ចិត្ត … នឹងបានបង្វែរមករកពួកឪពុករបស់ [ យើង ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២:២ ) អាចមានន័យសំដៅជាពិសេសទៅលើអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែលជា « ពួកឪពុក » នៃវង្សអ៊ីស្រាអែល ។ សព្វថ្ងៃនេះ ឃ្លានេះត្រូវបានគេប្រើជាញឹកញាប់ដើម្បីសំដៅទៅលើបុព្វបុរសរបស់យើងទាំងអស់—ម្ដាយ ឪពុក និងក្រុមគ្រួសាររបស់យើងទាំងមូលនៅគ្រប់ជំនាន់ទាំងអស់ ។
-
តើបទពិសោធន៍អ្វីខ្លះជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលបានជួយបង្វែរចិត្តអ្នកឲ្យមកកាន់ក្រុមគ្រួសាររបស់អ្នក ?
-
តើការបង្វែរចិត្តយើងទៅរកក្រុមគ្រួសារយើង អាចជួយបង្វែរចិត្តយើងទៅរកព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យគិតអំពីវិធីដែលពួកគេអាចបង្វែរចិត្តពួកគេបាន សូមពិចារណាអញ្ជើញពួកគេឲ្យប្រាប់ពីវិធីដែលពួកគេអាចចូលរួម ឬបានចូលរួមរួចហើយនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ អ្នកអាចសរសេរយោបល់របស់ពួកគេដាក់នៅលើក្ដារខៀន ដោយបន្ថែមគំនិតខាងក្រោម បើចាំបាច់ ។ សូមផ្តល់ពេលវេលាឲ្យសិស្សក្នុងថ្នាក់ ដើម្បីចាប់ផ្តើមធ្វើសកម្មភាពដែលពួកគេបានសម្រេចជ្រើសយក ។
សូមអធិស្ឋានជ្រើសយកសកម្មភាពមួយ ដែលនឹងជួយឲ្យអ្នកសម្រេចតាមការព្យាកររបស់ព្រះអម្ចាស់អំពីការបង្វែរចិត្តអ្នកទៅសមាជិកក្រុមគ្រួសាររបស់អ្នក ។ គំនិតមួយចំនួនមានជាអាទិ៍ ៖
-
សូមរៀបចំសំណួរដែលអ្នកអាចនឹងសួរសមាជិកក្រុមគ្រួសារ ដែលមានវ័យចំណាស់អំពីយុវវ័យរបស់ពួកលោក ឬអ្វីដែលពួកលោកបានស្វែងយល់តាមរយៈបទពិសោធន៍ជីវិតរបស់ពួកលោក ។ បន្ទាប់មក សូមធ្វើបទសម្ភាសន៍ជាមួយសមាជិកក្រុមគ្រួសាររបស់អ្នក ។
-
សូមសរសេរ ឬចែកចាយដំណើររឿងដ៏មានន័យមួយមកពីពង្សប្រវត្តិរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចនឹងកត់ត្រាពីរបៀបដែលសមាជិកទីមួយនៃក្រុមគ្រួសាររបស់អ្នកបានចូលរួមក្នុងសាសនាចក្រ ។
-
សូមប្រើគេហទំព័រ FamilySearch.org ឬកម្មវិធីមែកធាងគ្រួសារដើម្បី ៖
-
ស្វែងរកមែកធាងគ្រួសាររបស់អ្នក និងស្វែងយល់ពីរបៀបដែលអ្នកជាប់សាច់ញាតិនឹងបុព្វការីជនរបស់អ្នក ។
-
ដាក់បញ្ចូលរូបថតក្រុមគ្រួសារ ដែលមានជាអាទិ៍ ឈ្មោះបុគ្គលទាំងឡាយដែលនៅក្នុងរូបភាពនីមួយៗ ។
-
កត់ត្រារឿងរ៉ាវដែលចូលចិត្ត ឬអនុស្សាវរីយ៍អំពីសមាជិកក្រុមគ្រួសារ ។
-
ស្គាល់សមាជិកក្រុមគ្រួសារដែលបានស្លាប់ទៅហើយ ដែលអាចទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ( សូមជ្រើសរើស ព្រះវិហារបរិសុទ្ធ រួចហើយចុចលើ ពិធីបរិសុទ្ធត្រៀមរួច ) ។
-
-
រៀបចំគ្រោងពេលវេលាសម្រាប់ក្រុមគ្រួសាររបស់អ្នក ក្រុមមិត្តភក្តិ ឬក្រុមយុវវ័យដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ សហការគ្នារកមើលឈ្មោះសមាជិកក្រុមគ្រួសារដែលបានចែកឋាន ដែលត្រូវទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ អញ្ជើញសមាជិកក្រុមគ្រួសារឲ្យបម្រើព្រះអម្ចាស់ តាមរយៈការជួយធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងនេះ ។
លើកទឹកចិត្តសិស្សឲ្យធ្វើតាមសកម្មភាពដែលពួកគេបានសម្រេចជ្រើសយករួចមកហើយ ។ ពួកគេអាចនឹងចង់ចូលរួមជាមួយសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធរបស់ពួកគេនៅក្នុងដំណើរការនេះ ។ អ្នកអាចនឹងចង់រៀបចំគ្រោងពេលវេលាទុកឲ្យសិស្សរាយការណ៍ប្រាប់អំពីការរីកចម្រើនរបស់ពួកគេ ឬចែកចាយបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់រៀនទាំងមូល ។