« មេរៀនទី ៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ៖ ‹ សំឡេងនៃព្រះអម្ចាស់គឺដល់អស់ចុងផែនដី › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១
គោលលទ្ធិ និងសេចក្តីសញ្ញា ១
« សំឡេងនៃព្រះអម្ចាស់គឺដល់អស់ចុងផែនដី »
មុនពេលបោះពុម្ពព្រះគម្ពីរនៃព្រះបញ្ញត្តិ ដែលក្រោយមកបានក្លាយជាផ្នែកនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ព្យាការី យ៉ូសែប ស្ម៊ីធ បានទូលអង្វរព្រះអម្ចាស់សូមឲ្យមានបុព្វកថាសម្រាប់គម្ពីរនេះ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបើកសម្ដែងនូវអ្វីដែលឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ទុកជាបុព្វកថានៃវិវរណៈដល់ពិភពលោក ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីមូលហេតុដែលព្រះអម្ចាស់ប្រទានការព្រមានដល់ពិភពលោក ។
សកម្មភាពរៀនសូត្រដែលអាចមាន
« សំឡេងនៃការព្រមាន »
សូមពិចារណាប្រើសាច់រឿងខាងក្រោម ឬអ្វីមួយដែលសមស្របបំផុតទៅនឹងតម្រូវការសិស្សរបស់អ្នក ដើម្បីជួយរៀបចំពួកគេឲ្យជញ្ជឹងគិតអំពីមូលហេតុដែលនរណាម្នាក់អាចព្រមាននរណាម្នាក់ទៀតបាន ។
សូមស្រមៃថា មិត្តម្នាក់កំពុងធ្វើការសម្រេចចិត្តដែលនឹងនាំឲ្យមានផលអវិជ្ជមាន ។
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍ជាក់ស្តែងអំពីអ្វីដែលអាចកើតឡើងមកពីការសម្រេចចិត្តនេះ ។ ឧទាហរណ៍មួយចំនួនអាចជាការនិយាយកុហកឪពុកម្តាយ ការបំពានពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ការលួចចម្លងនៅសាលា ឬការចាកចេញពីសាសនាចក្រ ។
-
ហេតុអ្វីបានជាអ្នកចង់ព្រមានមិត្តអ្នកអំពីការសម្រេចចិត្តនេះ ?
ព្រះអង្គសង្គ្រោះក៏បានប្រទាន « សំឡេងនៃការព្រមាន » ផងដែរ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤:១ ) ។ សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះអាចព្រមានយើង ? ហេតុអ្វីបានជាទ្រង់អាចព្រមានអ្នកដោយផ្ទាល់ ? តាមរបៀបណា ?
-
តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលចម្លើយចំពោះសំណួរទាំងនេះ ។
សំឡេងនៃការព្រមានរបស់ព្រះអម្ចាស់គឺសម្រាប់មនុស្សទាំងអស់
ព័ត៌មានខាងក្រោមអាចជួយសិស្សឲ្យយល់ពីប្រវត្តិនៃរបៀបទទួលបានបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បានកត់ត្រាវិវរណៈជាង ៦០ វិវរណៈដែលទទួលបានពីព្រះអម្ចាស់ ។ ទោះយ៉ាងណាក៏ដោយ មានតែសមាជិកសាសនាចក្រពីរបីនាក់ប៉ុណ្ណោះដែលមានច្បាប់ចម្លងនៃវិវរណៈនេះ ។ ក្រោមការដឹកនាំរបស់ព្យាការី វិវរណៈទាំងនេះត្រូវបានចងក្រងនៅក្នុងវ៉ុលបទគម្ពីរមួយដែលគេហៅថា ព្រះគម្ពីរនៃព្រះបញ្ញត្តិ ដែលក្រោយមកបានក្លាយជាផ្នែកនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ នៅពេលគម្ពីរនេះហៀបនឹងបោះពុម្ព យ៉ូសែប បានទូលអង្វរព្រះអម្ចាស់នៅក្នុងការអធិស្ឋានសូមបុព្វកថាចំពោះគម្ពីរនេះ ។ ជាការឆ្លើយតប លោកបានទទួលវិវរណៈ កណ្ឌទី ១ ដែលព្រះអម្ចាស់បានហៅថា « អារម្ភកថារបស់យើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៦ ) ដល់ព្រះគម្ពីរថ្មីនេះ ។
សូមពិចារណាសរសេរសំណួរ និងសេចក្ដីយោងខាងក្រោមដាក់នៅលើក្ដារខៀន ។ សិស្សអាចនឹងស្វែងរកចម្លើយរៀងៗខ្លួន ឬជាក្រុមតូចៗ ។ បើធ្វើការជាក្រុមតូចៗ សិស្សអាចនឹងចង់សង្ខេបនូវអ្វីដែលពួកគេបានរកឃើញនៅក្នុងក្រុមរបស់ពួកគេ មុនពេលចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមប្រើព្រះគម្ពីររបស់អ្នកដើម្បីឆ្លើយសំណួរខាងក្រោម ៖
-
តើព្រះអង្គសង្គ្រោះបានព្រមាននរណាខ្លះនៅសព្វថ្ងៃនេះ ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១–៤, ៣៤–៣៦ វាអាចមានប្រយោជន៍ដើម្បីដឹងថា « រើសមុខជនណា » [ ខទី ៣៥ ] គឺជាមនុស្សដែលអនុគ្រោះដល់មនុស្សម្នាក់ជាងមនុស្សម្នាក់ទៀត ) ។
-
តើព្រះអម្ចាស់បានថ្លែងសារលិខិតទ្រង់យ៉ាងដូចម្ដេច ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៤–៦ ) ។
នៅពេលសិស្សពិចារណាពីចម្លើយរបស់ពួកគេ ការសរសេរសេចក្ដីថ្លែងការណ៍ដូចតទៅនេះដាក់នៅលើក្ដារខៀន អាចនឹងមានប្រយោជន៍ ៖ សំឡេងនៃការព្រមានរបស់ព្រះអង្គសង្គ្រោះគឺសម្រាប់មនុស្សទាំងអស់ ។
សំឡេងនៃការព្រមាននៃព្រះអម្ចាស់ គឺជាភស្ដុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ព្រះអង្គសង្គ្រោះបើកសម្ដែងពីមូលហេតុជាច្រើនដែលទ្រង់ប្រទានការព្រមានដល់ពិភពលោកនេះ ។ នៅពេលដែលអ្នកសិក្សា សូមជញ្ជឹងគិតពីរបៀបដែលហេតុផលទាំងនេះអាចជាភស្តុតាងនៃពរជ័យដែលព្រះអង្គសង្គ្រោះប្រទានពរដល់យើង ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១១–១៧, ២១–២៨ ហើយរកមើលហេតុផលដែលព្រះអម្ចាស់ប្រទានការព្រមានដល់យើង ។
សូមពិចារណាបែងចែកសិស្សក្នុងថ្នាក់ជាពីរក្រុម ។ សូមចាត់ឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន ខទី ១១–១៧ ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន ខទី ២១–២៨ ។ បើសិស្សត្រូវការការណែនាំបន្ថែមទៀត អ្នកអាចនឹងបង្កើតតារាងមួយដែលមានជួរឈរពីរ ។ សូមសរសេរបញ្ចូលខគម្ពីរនៅក្នុងជួរឈរទីមួយ ហើយអនុញ្ញាតឲ្យសិស្សសរសេរហេតុផលសម្រាប់ការព្រមាននៅជួរឈរទីពីរ ។ សិស្សអាចនឹងរកឃើញចម្លើយដូចខាងក្រោម ៖
-
១:១២ ដើម្បីរៀបចំឲ្យយើងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងមកដល់
-
១:១៥–១៧ ដើម្បីព្រមានយើងអំពីបញ្ហាប្រឈម និងអំពើបាបនៅសម័យយើង ។
-
១:២១ ដើម្បីបង្កើនសេចក្ដីជំនឿរបស់យើង
-
១:២២ ដើម្បីឲ្យសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលរបស់ព្រះអម្ចាស់អាចនឹងត្រូវបង្កើតឡើង
-
១:២៦ ដើម្បីណែនាំបង្រៀនយើង
-
១:២៧ ដើម្បីវាយផ្ចាល និងតម្រែតម្រង់យើង នៅពេលដែលយើងធ្វើអំពើបាប
-
១:២៧ ដើម្បីជួយឲ្យយើងប្រែចិត្ត
-
១:២៨ ដើម្បីប្រទានចំណេះវិជ្ជាដល់យើង
សូមពិចារណាអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយអ្វីដែលពួកគេបានរៀន ដោយប្រើការបំផុសខាងក្រោមនេះ ។
សូមជ្រើសយកហេតុផលមួយដែលអ្នកបានរកឃើញថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើង ហើយឆ្លើយសំណួរមួយ ឬពីរខាងក្រោមនេះ ៖
-
តើហេតុផលនេះជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? តើហេតុផលនេះអាចចាត់ទុកថាជាពរជ័យមួយបានដោយរបៀបណា ?
-
តើអ្នកធ្លាប់ទទួលបានពរជ័យនេះនៅពេលណាដែរ ឬហេតុអ្វីបានជាអ្នកចង់បានពរជ័យនេះក្នុងជីវិតអ្នក ?
-
ហេតុអ្វីបានជាពិភពលោកទាំងមូលត្រូវការពរជ័យនេះ ?
តើព្រះអង្គសង្គ្រោះព្រមានយើងនៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
ខាងក្រោមនេះអាចនឹងជួយសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនសូត្រ ។ អ្នកអាចនឹងចង់ចែកក្រដាសឲ្យ ឬអញ្ជើញសិស្សឲ្យប្រើសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យមានភាពច្នៃប្រឌិតពីរបៀបដែលពួកគេចែកចាយសារលិខិតរបស់ពួកគេ ។ អ្នកអាចនឹងផ្តល់សម្ភារគូរគំនូរតាមដែលអាចរកបាន ។
សូមស្រមៃពីមេរៀនរបស់អ្នកនៅថ្ងៃអាទិត្យនេះ គ្រូបង្រៀនរបស់អ្នកអញ្ជើញអ្នកឲ្យចំណាយពេលពីរបីនាទីចែកចាយពីមូលហេតុដែលព្រះអម្ចាស់ព្រមានយើងនៅសព្វថ្ងៃនេះ ។ សូមពិចារណាលើរបៀបដែលអ្នកនឹងចែកចាយសារលិខិតនេះនៅក្នុងថ្នាក់រៀនរបស់អ្នកតាមរបៀបដ៏មានអត្ថន័យមួយ ។ សូមរៀបចំសំណៅចែកឲ្យសិស្ស រូបភាពmeme ផ្ទាំងបដា ឬវិធីសាស្រ្តច្នៃប្រឌិតផ្សេងទៀតដើម្បីចែកចាយសារលិខិតនេះក្នុងថ្នាក់រៀនរបស់អ្នក ។ សូមបញ្ចូលចំណុចដូចខាងក្រោមនេះ ៖
-
ខគម្ពីរមួយមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ដោយចែកចាយយ៉ាងហោចណាស់ហេតុផលមួយ ដែលព្រះអម្ចាស់ព្រមានមនុស្សទាំងអស់
-
គំរូនៃការព្រមានរបស់ព្រះអម្ចាស់ដល់យើងនៅជំនាន់របស់យើង ( បើអ្នកសម្រេចជ្រើសថា ព្រះអម្ចាស់ព្រមានយើងអំពីបញ្ហាប្រឈម និងអំពើបាបខាងលោកិយ [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៥–១៧ ] អ្នកអាចចែកចាយខគម្ពីរមួយពីបទគម្ពីរ ឬពាក្យសម្ដីរបស់ព្យាការីសម័យទំនើប ដែលព្រមានយើងអំពីការល្បួងនៅសម័យទំនើបនេះ ) ។
-
គំនិតយោបល់ និងអារម្មណ៍របស់អ្នកអំពីការដែលព្រះអម្ចាស់ចែកចាយសារលិខិតទាំងឡាយដល់យើងនៅសព្វថ្ងៃនេះ ។ អ្នកក៏អាចបូកបញ្ចូលបទពិសោធន៍មួយបានផងដែរ ។
នៅពេលសិស្សចែកចាយ សូមរកមើលវិធីសរសើរ និងអរគុណពួកគេចំពោះការខិតខំដោយស្មោះរបស់ពួកគេ ក៏ដូចជាដើម្បីបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ តាមរយៈសារលិខិតដែលទ្រង់បញ្ជូនមកថ្ងៃនេះផងដែរ ។
សម្រាប់ការបំពាក់បំប៉នបន្ថែមទៀតអំពីរបៀបជួយសិស្សឲ្យដឹងថា អ្នកឲ្យតម្លៃលើមតិយោបល់របស់ពួកគេ សូមមើល « ប្រាស្រ័យទាក់ទងថា អ្នកឲ្យតម្លៃសិស្ស មុនពេលពួកគេបញ្ចេញមតិ ឬនៅពេលពួកគេលើកដៃបញ្ចេញមតិ » ។ ការបំពាក់បំប៉ននេះមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ។