« ថ្ងៃទី ១៥–២១ ខែ ធ្នូ ៖ ‹ គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត › ៖ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១៥–២១ ខែធ្នូ ៖ « គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត »
ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក
តាំងពីមុនពេលយើងកើតមក យើងគឺជាផ្នែកមួយនៃក្រុមគ្រួសារ—ជាគ្រួសាររបស់ព្រះមាតាបិតាសួគ៌របស់យើង ។ គំរូនោះបន្តនៅលើផែនដី ។ ភាពល្អបំផុតរបស់ក្រុមគ្រួសារនៅទីនេះ គឺធ្វើតាមគំរូដ៏ឥតខ្ចោះនៅស្ថានសួគ៌ ។
ពិតប្រាកដណាស់ ពុំមានការធានាថា ក្រុមគ្រួសារនៅលើផែនដីនេះនឹងបានឥតខ្ចោះ ឬប្រក្រតីយ៉ាងណាទេ ។ ប៉ុន្តែដូចដែលប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា ក្រុមគ្រួសារ « ផ្ដល់ឱកាសពិសេសឲ្យបុត្រាបុត្រីព្រះ ត្រូវបានស្វាគមន៍មកកាន់ពិភពលោកដោយមានក្ដីស្រឡាញ់តែមួយគត់លើផែនដី ដែលកាន់តែដូចអារម្មណ៍ដែលយើងបានមាននៅស្ថានសួគ៌—ជាក្ដីស្រឡាញ់របស់មាតាបិតា » ( « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០ ) ។ ដោយដឹងថាក្រុមគ្រួសារមិនល្អឥតខ្ចោះ ហើយជាប្រធានបទដែលអាចរងការវាយប្រហារពីបច្ចាមិត្ត ព្រះបានបញ្ជូនព្រះរាជបុត្រាសំណព្វរបស់ទ្រង់ឲ្យមកប្រោសលោះយើង និងព្យាបាលក្រុមគ្រួសាររបស់យើង ។ ហើយទ្រង់បានបញ្ជូនព្យាការីថ្ងៃចុងក្រោយ ជាមួយនឹងការប្រកាសដើម្បីការពារ និងពង្រឹងក្រុមគ្រួសារទាំងឡាយ ។ ប្រសិនបើយើងធ្វើតាមព្យាការី ហើយដាក់សេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ទោះបីជាក្រុមគ្រួសារក្នុងជីវិតរមែងស្លាប់នេះ អាចត្រូវបានល្បួងចេញពីគំរូដ៏ទេវភាពនេះក្ដី ក៏នៅតែមានសេចក្ដីសង្ឈឹមសម្រាប់ក្រុមគ្រួសារទាំងឡាយ—នៅលើផែនដី និងនៅស្ថានសួគ៌ដែរ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
« គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត » ។
វាច្បាស់ណាស់ថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គឺអំពីក្រុមគ្រួសារ ។ ប៉ុន្តែវាក៏ស្ដីអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះដូចគ្នាដែរ ។ វិធីមួយដើម្បីសិក្សាសេចក្តីប្រកាសនេះគឺត្រូវសរសេរឃ្លា ជីវិតមុនផែនដី, ជីវិតរមែងស្លាប់ និងជីវិតក្រោយជីវិតនេះ នៅលើក្រដាសមួយសន្លឹក ហើយរាយបញ្ជីអំពីអ្វីដែលការប្រកាសនេះបង្រៀនអំពីប្រធានបទនីមួយៗ ។ តើបងប្អូនបានរៀនអ្វីខ្លះ នៅពេលបងប្អូនសិក្សាការប្រកាសតាមរបៀបនេះ ? តើការណ៍នេះជួយបងប្អូនឲ្យយល់ហេតុផលដែលអាពាហ៍ពិពាហ៍ និងគ្រួសារគឺចាំបាច់ចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះដោយរបៀបណា ? តើសេចក្ដីពិតក្នុងការប្រកាសមានឥទ្ធិពលលើជម្រើសរបស់បងប្អូនយ៉ាងដូចម្ដេច?
មានមនុស្សជាច្រើនដែលអាចនឹងមានការភ័យខ្លាចចំពោះការរៀបការ ឬការចិញ្ចឹមកូនដោយហេតុផលផ្សេងៗគ្នា ។ ប្រសិនបើមានមិត្តភក្តិម្នាក់និយាយមកកាន់បងប្អូនថា « ខ្ញុំមិនចង់រៀបការ ឬមានគ្រួសារនោះទេ » តើបងប្អូននឹងនិយាយអ្វី ? ប្រហែលជាបងប្អូនអាចស្វែងរកការប្រកាសដោយស្វែងរកអ្វីមួយដែលនឹងជួយមិត្តភក្តិរបស់បងប្អូនមានសេចក្ដីសង្ឃឹមក្នុងផែនការរបស់ព្រះ ។
សំណួរមួយទៀតដែលបងប្អូនអាចត្រូវបានសួរ—ឬបងប្អូនអាចសួរខ្លួនឯង—គឺសំណួរមួយដូចនេះ ៖ « ចុះបើស្ថានភាពគ្រួសាររបស់ខ្ញុំមិនត្រូវគ្នានឹងអ្វីដែលបានពិពណ៌នានៅក្នុងការប្រកាសអំពីគ្រួសារនេះវិញ ? នេះគឺជាកន្លែងពីរដែលបងប្អូនអាចរកមើលសម្រាប់ដំបូន្មានមកពីព្យាការី ៖ ផ្នែក « A Mighty Change » នៅក្នុងសារលិខិតរបស់ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ឪពុកម្ដាយ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៥៥–៥៩ ) និងកថាខណ្ឌបួនចុងក្រោយក្នុងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។
ដោយសារតែអ្វីដែលបងប្អូនបានសិក្សា តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
សូមមើលផងដែរ ដាល្លិន អេក អូក « The Plan and the Proclamation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៨–៣១; ប្រធានបទ និង សំណួរ « Family » នៅលើបណ្ណាល័យដំណឹងល្អ ។
« [ មនុស្ស ] គ្រប់រូបសុទ្ធតែជាបុត្រានិងបុត្រីសំណព្វរបស់ព្រះមាតាបិតាសួគ៌ » ។
ជាញឹកញាប់យើងតែងតែចាត់ទុកថាការប្រកាសពីក្រុមគ្រួសារជាការណែនាំសម្រាប់ជីវិតគ្រួសារ ។ ប៉ុន្តែវាក៏បង្រៀនសេចក្ដីពិតសំខាន់ៗអំពីគ្រួសារសួគ៌ារបស់យើង និងអត្តសញ្ញាណដ៏អស់កល្បជានិច្ចផងដែរ ។ ហេតុអ្វីបានជាវាសំខាន់សម្រាប់បងប្អូនដើម្បីដឹងថាយើងទាំងអស់គ្នាជាផ្នែកមួយនៃគ្រួសារនេះ ? តើសេចក្ដីពិតនេះមានឥទ្ធិពលយ៉ាងណាលើជម្រើសដែលបងប្អូនធ្វើ ?
សូមមើលផងដែរ « ខ្ញុំជាកូនរបស់ព្រះ » ទំនុកដំកើង ទំព័រ ៥៨ ។
« សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
សូមគិតពី កថាខណ្ឌទី ៦ និង ៧ នៃ ការប្រកាសពីក្រុមគ្រួសារ ជាគំរូមួយសម្រាប់ « សុភមង្គលនៅក្នុងជីវិតគ្រួសារ » ។ នៅពេលបងប្អូនអានកថាខណ្ឌទាំងនេះ សូមរកមើលគោលការណ៍នៃ « អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យ » ។ បងប្អូនអាចនឹងគិតអំពីឧទាហរណ៍នៃគោលការណ៍ទាំងនេះ ដែលបងប្អូនបានឃើញក្នុងគ្រួសាររបស់បងប្អូនផ្ទាល់ ឬក្រុមគ្រួសារផ្សេងទៀត ។ តើគោលការណ៍ទាំងនេះជួយធ្វើឲ្យព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះនៃជីវិតគ្រួសារយ៉ាងដូចម្ដេច ?
បន្ទាប់មកបងប្អូនអាចគិតអំពីទំនាក់ទំនងគ្រួសារ ដែលបងប្អូនចង់ពង្រឹង ។ សូមដាក់ផែនការមួយដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន ។
សូមមើលផងដែរ អិល វិននី ក្លេតុន « The Finest Homes » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១០៧–១០៩ ។
ឪពុកម្តាយគួរតែចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេដោយក្តីស្រឡាញ់ និងសុចរិតភាព ។
« យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ … ដើម្បីទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួន » ។
កថាខណ្ឌចុងក្រោយ នៃ សេចក្ដីប្រកាសក្រុមគ្រួសារ រួមទាំងការអំពាវនាវឲ្យធ្វើសកម្មភាព ។ នៅពេលបងប្អូនពិចារណាអំពីរបៀបដែលបងប្អូននឹងឆ្លើយតបទៅនឹងការអំពាវនាវនោះ វាអាចនឹងជួយក្នុងការសិក្សាចំណងជើងនៃការប្រកាសនេះ ។ ឧទាហរណ៍ តើអ្វីទៅជាការប្រកាស ? តើពាក្យនោះមានន័យយ៉ាងណាចំពោះបងប្អូនអំពីសារលិខិតរបស់ឯកសារនេះ ? តើអ្វីទៅលក្ខណៈសម្បត្តិដែលធ្វើឲ្យគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ ចេញផ្សាយការប្រកាសមួយដល់ពិភពលោកអំពីក្រុមគ្រួសារនេះ ? បងប្អូនក៏អាចធ្វើបញ្ជីនៃអ្វីដែលបងប្អូនចាត់ទុកថាជាសារៈសំខាន់នៃការប្រកាសនេះ ។ តើបងប្អូនអាចផ្សព្វផ្សាយសារលិខិតទាំងនេះក្នុងជីវិតរបស់បងប្អូន នៅក្នុងផ្ទះរបស់បងប្អូន និងសហគមន៍របស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ បូនី អិល អូស្ការសុន « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៧; « Defenders of the Faith » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Defenders of the Faith
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ក្រុមគ្រួសារមានសារៈសំខាន់នៅក្នុងផែនការនៃព្រះវរបិតាសួគ៌ ។
-
សូមជួយកុមាររបស់បងប្អូនឲ្យគិតពីអ្វីៗដែលមានសារៈសំខាន់បំផុត ដែលពួកគេចង់ប្រាប់មនុស្សគ្រប់គ្នាឲ្យដឹងពីវា ។ សូមបង្ហាញកុមារនូវច្បាប់ថតចម្លងនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ហើយសូមពន្យល់ថា ពួកព្យាការី និងពួកសាវកបានសរសេរការប្រកាសនេះដើម្បីប្រាប់យើងទាំងអស់គ្នា ថាតើក្រុមគ្រួសារមានសារៈសំខាន់យ៉ាងណាចំពោះព្រះវរបិតាសួគ៌ ។ ហេតុអ្វីក្រុមគ្រួសារមានសារៈសំខាន់ខ្លាំងម្ល៉េះចំពោះទ្រង់ ? ( សូមមើលផងដែរវីដេអូ « What Is the Purpose of Family? » [ ChurchofJesusChrist.org ] ) ។
1:19What Is the Purpose of Family?
-
សូមចែកចាយជាមួយកុមាររបស់បងប្អូននូវអ្វីមួយចេញពីការប្រកាសនេះ ដែលបងប្អូនមានអារម្មណ៍ថា យើងទាំងអស់គ្នាត្រូវដឹង ។ សូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតទាំងនោះ ។ តើជីវិតរបស់យើងនឹងខុសគ្នាយ៉ាងណា ប្រសិនបើយើងមិនស្គាល់រឿងទាំងនេះទេនោះ ? បងប្អូនអាចច្រៀងរួមគ្នានូវបទចម្រៀងដែលទាក់ទងនឹងសេចក្ដីពិតដែលមាននៅក្នុងការប្រកាសនេះដូចជា « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ។
-
នៅក្នុង ផ្នែក IV នៃសារលិខិតនេះ « The Plan and the Proclamation » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣០ ) ប្រធាន ដាល្លិន អេក អូក បានពិពណ៌នាពីរបៀបដែល ការប្រកាសពីក្រុមគ្រួសារ ត្រូវបានសរសេរ ។ ប្រហែលជាបងប្អូន និងកុមាររបស់បងប្អូនអាចពិនិត្យមើលការពិពណ៌នារបស់លោកជាមួយគ្នា ហើយនិយាយអំពីមូលហេតុដែលបងប្អូនមានអំណរគុណចំពោះព្រះអម្ចាស់បានបំផុសគំនិតដល់ពួកអ្នកបម្រើទ្រង់ឲ្យបង្រៀនយើងពីសេចក្ដីពិតទាំងនេះអំពីក្រុមគ្រួសារ ។
-
បងប្អូនក៏អាចបង្ហាញរូបភាពដល់កុមាររបស់បងប្អូន ( ឬអញ្ជើញពួកគេឲ្យគូររូបភាពមួយចំនួន ) ដែលបង្ហាញសេចក្ដីពិតដែលមាននៅក្នុង សេចក្តីប្រកាសពីក្រុមគ្រួសារ ។ រូបភាពទាំងនេះអាចជារូបព្រះវិហារបរិសុទ្ធ ក្រុមគ្រួសារកំពុងអធិស្ឋាន ឬកំពុងលេងជាមួយគ្នា ឬគូស្នេហ៍មួយគូកំពុងរៀបការ ។ បន្ទាប់មក កុមាររបស់បងប្អូនអាចស្វែងរកប្រយោគនៅក្នុង សេចក្តីប្រកាសពីក្រុមគ្រួសារ ដែលទាក់ទងនឹងរូបភាពនេះ ។ តើព្រះអម្ចាស់បង្រៀនយើងអ្វីខ្លះអំពីរឿងទាំងនេះនៅក្នុងការប្រកាសនេះ ?
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យក្រុមគ្រួសារទាំងឡាយសប្បាយរីករាយ ។
សូមប្រយ័ត្នប្រយែង ។ នៅពេលបងប្អូនបង្រៀនសេចក្តីពិតដែលបានបង្រៀននៅក្នុង សេចក្តីប្រកាសពីក្រុមគ្រួសារ សូមចាំថា កុមារជាច្រើនរស់នៅក្នុងគ្រួសារដែលមិនត្រូវនឹងគំនិតដែលបានពិពណ៌នានៅក្នុងសេចក្តីប្រកាសនេះ ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចលើកទឹកចិត្ត និងបំផុសគំនិតពួកគេ ។
ខ្ញុំជា « បុត្រានិងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ » ។
-
នៅពេលបងប្អូនច្រៀងជាមួយគ្នានូវបទ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ) នៅពេលបងប្អូនបោះបាល់ទៅកុមារម្នាក់កាលដែលបងប្អូនពោលថា « ខ្ញុំស្គាល់កូនរបស់ព្រះ ឈ្មោះ [ ឈ្មោះរបស់កុមារ ] » ។ បន្ទាប់មកកុមារនោះបោះបាល់នោះទៅកុមារផ្សេងទៀត ដោយនិយាយពាក្យដូចគ្នា ហើយបញ្ចូលឈ្មោះកុមារនោះ ។ សូមជួយកុមាររបស់បងប្អូនស្វែងរកឃ្លា « បុត្រានិងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ » នៅក្នុង សេចក្ដីប្រកាសពីក្រុមគ្រួសារ និងថ្លែងទីបន្ទាល់ពីសេចក្តីពិតនេះ ។
ក្រុមគ្រួសារមានសុភមង្គលបំផុត នៅពេលពួកគេធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីចាប់ផ្តើមការសន្ទនាអំពីការពង្រឹងគ្រួសាររបស់បងប្អូន បងប្អូន និងកុមាររបស់បងប្អូនអាចនិយាយអំពីអ្វីដែលយើងធ្វើដើម្បីធ្វើឲ្យអ្វីៗផ្សេងទៀតរឹងមាំ ដូចជាធ្មេញរបស់យើង រាងកាយរបស់យើង ឬអគារមួយ ។ បន្ទាប់មក បងប្អូនអាចប្រៀបធៀបវាទៅនឹងការកសាងគ្រួសារដ៏រឹងមាំមួយ ។ សូមជួយកុមាររបស់បងប្អូនស្វែងរកគោលការណ៍ដូចជាព្រះគ្រីស្ទ ដែលដឹកនាំទៅរកសុភមង្គលនៅក្នុងជីវិតគ្រួសារ ដែលមាននៅក្នុង កថាខណ្ឌទី ៧ នៃសេចក្តីប្រកាសពី ក្រុមគ្រួសារ ( សូមមើលផងដែរ ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ) ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។