Doctrine and Covenants 2025
ថ្ងៃទី ២៩ ខែ កញ្ញា–ថ្ងៃទី ៥ ខែ តុលា ៖ « ដំណាក់​នេះ​ជាដំណាក់​របស់​ទ្រង់ គឺ​ជា​ទី​បរិសុទ្ធ​ភាព​របស់ទ្រង់ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០


« ថ្ងៃទី ២៩ ខែ កញ្ញា–ថ្ងៃទី ៥ ខែ តុលា ៖ ‹ ដំណាក់​នេះ​ជាដំណាក់​របស់​ទ្រង់ គឺជាទី​បរិសុទ្ធ​ភាព​របស់ទ្រង់ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩–១១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ការឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ ខឺតឡង់

A Glorious Light—Kirtland Temple [ ពន្លឺ​ដ៏​ត្រចះត្រចង់—ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] ដោយ ហ្គ្រិន អេស ហបគីនសុន

ថ្ងៃទី ២៩ ខែ កញ្ញា–ថ្ងៃទី ៥ ខែ តុលា ៖ « ដំណាក់​នេះ​ជាដំណាក់​របស់​ទ្រង់ គឺជាទី​បរិសុទ្ធ​ភាព​របស់ទ្រង់ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០

ទ្វារ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បើក​នៅ​ម៉ោង​ប្រាំបី​ព្រឹក នា​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ ប៉ុន្តែ​ពួកបរិសុទ្ធ ដែល​រំពឹង​ចូលរួម​នៅក្នុង​ពិធី​ឧទិ្ទសឆ្លង​ចាប់ផ្តើម​តម្រង់​ជួរ​ចាប់តាំង​ពីមុន​ម៉ោង​ប្រាំពីរ​ព្រឹក​ព្រលឹម​ម្ល៉េះ ។ ទីតាំង​មិន​អាច​ដាក់​មនុស្ស​ទាំងអស់ ហើយ​បន្ទាប់មក​វគ្គ​ទីពីរ​គឺ​ក៏​ចាំបាច់​ត្រូវ​បង្កើតឡើង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​ចូលរួម ។ មិនត្រឹម​តែអ្នក​ដែល​មានជីវិត​រស់ អន្ទះសា​ចង់ចូលរួម​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ ។ មាន​មនុស្ស​ជាច្រើន​នាក់​បានធ្វើ​ជា​សាក្សី​ថា ពួកគេ​បាន​ឃើញ​ពួកទេវតា​នៅខាង​ក្នុង និង​សូម្បីតែ​នៅលើ​ដំបូល​ព្រះវិហារ​បរិសុទ្ធ​អំឡុង​ពេល និង​ក្រោយ​ពេល​ការឧទិ្ទស​ឆ្លង​ផងដែរ ។ វាពិត​ហាក់បី​ដូចជា « ពល​ស្ថានសួគ៌ » បាន​ចុះ​មក​ដើម្បី « ច្រៀង ហើយ [ និង ] ស្រែក​ទ្រហោ » ជាមួយ​ពួក​បរិសុទ្ធ​ដែរ ( « ព្រះ​វិញ្ញាណ​នៃ​ព្រះ » ទំនុកតម្កើង ល.រ ២ ) ។

ហេតុ​អ្វី​បាន​ជា​មាន​ក្តី​រំភើប​យ៉ាងខ្លាំង—ទាំង​សងខាង​នៃ​វាំងនន ? ជា​ច្រើន​សតវត្ស​ក្រោយមក មាន​ដំណាក់​របស់​ព្រះអម្ចាស់​ម្តង​ទៀត​នៅ​លើ​ផែនដី ។ ព្រះអម្ចាស់​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​ដើម្បី​ប្រទានដល់​ពួកបរិសុទ្ធ​របស់​ទ្រង់​នូវ « ព្រះចេស្ដា​ពី​ស្ថាន​លើ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:៣២ ) ។ ហើយ​ការណ៍​នេះ ទ្រង់​បានប្រកាស​តែ​ជា « ការចាប់ផ្ដើម​នូវ​ព្រះ​ពរ » ប៉ុណ្ណោះ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១០ ) ។ សម័យ​កាល​ដែល​យើង​រស់នៅ​បច្ចុប្បន្ន—ជាមួយ​នឹង​ការពន្លឿន​កិច្ច​ការព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​អាច​ធ្វើ​ឲ្យ​ទាំង​អ្នក​នៅរស់ និង​អ្នក​ស្លាប់​រាប់លាន​នាក់—មាន​នូវការ​ចាប់ផ្តើម​មួយ​នៅ​ក្រុង​ខឺតឡង់​នៅពេល​ដែល « ស្បៃគ្រប​ដណ្តប់​ផែនដី ​[ ចាប់ ] ផ្តើម​រសាត់ទៅ » ( « ព្រះវិញ្ញាណ​នៃ​ព្រះ  » ) ។

សូមមើល​ផងដែរ Saints, ១:២៣២–៤១; « A House for Our God » នៅក្នុង Revelations in Context ទំព័រ ១៦៩–១៧២ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដ៏​សន្ធឹកសន្ធាប់​ដល់​ខ្ញុំ តាមរយៈ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មានភាព​ខុស​ប្លែក​គ្នា​ពី​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​ស្គាល់​នា​សព្វថ្ងៃ​នេះ ។ ឧទាហរណ៍ គ្មាន​អាសនា និង​គ្មាន​អាង​ជ្រមុជទឹក​ទេ ។ ប៉ុន្តែពរ​ជ័យ​ដែល​បាន​ពិពណ៌នា​នៅក្នុង កណ្ឌ​ទី ១០៩ ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ក៏​មាន​នៅក្នុង​ដំណាក់​របស់ព្រះអម្ចាស់​នាសព្វ​ថ្ងៃនេះ​ផងដែរ ។ សូម​ពិនិត្យ​មើល​ខគម្ពីរ​ខាងក្រោម​នេះ ដើម្បី​ស្វែងរក​ពរជ័យ​មួយ​ចំនួន​ទាំងនេះ ហើយ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពរជ័យ​ទាំងនេះ​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ខទី ៥, ១២–១៣ ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:៦–៨ ) នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ទ្រង់​អាច​បើកសម្តែង​អង្គ​ទ្រង់​មកកាន់​ខ្ញុំ ហើយ​យើង​អាច​ទទួល​អារម្មណ៍​ពីព្រះចេស្តា​របស់​ទ្រង់ ។

ខទី ៩, ១៥–១៩, ២៦, ៧៨–៧៩ ៖

ខទី ២១–២៣ ៖

ខទី ២៤–៣៣, ៤២–៤៦ ៖

ខទី ៣៥–៣៩ ៖

ពរជ័យ​ផ្សេងៗ​ទៀត ៖

ប្រសិនបើ​បងប្អូន​បាន​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់ សូម​គិត​អំពី​របៀប​ដែល​ការសន្យា​ទាំងនេះ​ត្រូវ​បានបំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

ទំនុក​តម្កើង « ព្រះ​វិញ្ញាណ​នៃព្រះ » ( ទំនុកតម្កើង ល.រ ២ ) ត្រូវ​បាន​និពន្ធ​ឡើង​សម្រាប់​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់—ហើយ​វាត្រូវ​បាន​គេ​យក​មក​ច្រៀង​នៅ​គ្រប់​ពេល ដែល​មាន​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ចាប់តាំង​ពី​ពេល​នោះ​មក ។ សូម​ពិចារណា​ការច្រៀង ឬ​ស្តាប់​បទនេះ​ជា​ផ្នែក​នៃ​ការសិក្សា និង​ការថ្វាយ​បង្គំ​របស់​បងប្អូន ។ តើ​ពរជ័យ​អ្វីខ្លះ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​បងប្អូន​រកឃើញ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ទំនុកតម្កើង​នេះ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩

ការអធិស្ឋាន​គឺជា​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។

កណ្ឌទី ១០៩ គឺជា​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដែលបាន​ប្រទាន​ឲ្យ យ៉ូសែប ស្ម៊ីធ​តាមរយៈ​វិវរណៈ ( សូមមើល ក្បាល​កណ្ឌ ) ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ការអធិស្ឋាន​ចេញ​មក​ពី​កណ្ឌ​នេះ ? ឧទាហរណ៍ បងប្អូន​អាច​កត់ចំណាំ​នូវ​អ្វី​ដែល​ព្យាការី​បាន​ថ្លែង​អំណរគុណ និង​ពរជ័យ​អ្វី​ដែល​លោកបាន​ទូល​សុំ ។ តើ​លោក​បាន​មាន​ប្រសាសន៍​អ្វីទៀត​នៅក្នុង​ការអធិស្ឋាន​នេះ ? នៅពេល​បងប្អូន​សិក្សា បងប្អូន​អាច​នឹង​វាយតម្លៃ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ចេញ​ពី​ការអធិស្ឋាន​នេះ ?

ប្រសិនបើ​បងប្អូន​ចង់​អាន​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ផ្សេង​ទៀត រួមទាំង​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​បងប្អូន​បំផុត សូម​ចូល​ទៅ​កាន់​ទំព័រ​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​គេហទំព័រ temples.ChurchofJesusChrist.org ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១–១០

ព្រះអម្ចាស់​អាច​បើក​សម្តែង​ព្រះអង្គ​ទ្រង់​ដល់ខ្ញុំ​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។

ដូច​ដែល​បងប្អូន​បាន​អាន​ការពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១–១០ រួមទាំង​ក្បាលកណ្ឌ​នេះ សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់​អំពី​ទ្រង់ ។

តើ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បើកសម្តែង​ព្រះអង្គ​ទ្រង់—ឬ​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​បងប្អូន—នៅក្នុង​ដំណាក់​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​ទ្រង់​ជួយ​បងប្អូន​ដឹង​ដោយ​របៀប​ណា​ថា​ទ្រង់​ទទួល​យក​ការពលិកម្ម​របស់​បងប្អូន ?

នៅ​ខាងក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់

នៅ​ខាងក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១០–១៦

ព្រះអង្គសង្គ្រោះ​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​តាមរយៈ​កូនសោ​បព្វជិតភាព ។

នៅ​ពីមុន ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បានបង្ហាញកាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ស្តា កូនសោ​នៃ​បព្វជិតភាព ឡើងវិញ​បន្តិច នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ថា « នេះ​គឺជា​ការចាប់ផ្ដើម​នូវ​ព្រះ​ពរ​ដែល​នឹង​បាន​ចាក់​មក​លើ​ក្បាល​នៃ​រាស្ត្រ​របស់​យើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១០ ) ។ នៅពេល​បងប្អូន​អាន ខទី ១១–១៦ សូម​គិត​អំពី​ពរជ័យ​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ចាក់ស្រោច​មក​លើ​បងប្អូន តាមរយៈ​កិច្ចការ​ដែល​បាន​ដឹកនាំ​ដោយ​កូនសោ​ទាំងនេះ ។ ឧទាហរណ៍ ៖

  • ខទី ១១ ៖ ម៉ូសេ និង​កូនសោ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល ( ឬ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ) ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន​តាមរយៈ​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • ខទី ១២ ៖ អេលីយ៉ាស និង​កូនសោ​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ រួមទាំង សេចក្តី​សញ្ញា​អ័ប្រាហាំ ។ តើ​ព្រះអម្ចាស់​ប្រទានពរ​ដល់​បងប្អូន និង « តំណ​មនុស្ស​បន្ទាប់ពី [ បងប្អូន ] » ដោយសារ​តែ​សេចក្តី​សញ្ញា​របស់​បងប្អូន​ដោយ​របៀប​ណា ? ( សូមមើល រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៤–១១ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អេលីយ៉ាស » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  • ខទី ១៣–១៦ ៖ អេលីយ៉ា និង​អំណាច​នៃ​ការផ្សារភ្ជាប់ ដែល​បានបើក​សម្តែង​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ តើ​បងប្អូន​គិតថា ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​បងប្អូន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុព្វការីជន​របស់​បងប្អូន​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ? ( សូមមើល ហ្គើរីត ដាប់បលយូ ហ្គង « រីករាយ​ជា​រៀង​រហូត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៣–៨៦ ) ។

តើ​ការភ្ជាប់​ទំនាក់ទំនង​អ្វី​ដែល​បងប្អូន​មើលឃើញ​រវាង​កូនសោ​ទាំងនេះ និង​ការទទួល​ខុសត្រូវ​របស់​យើង​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ និង​ភាពតម្កើងឡើង ( ការរស់នៅ​តាម​ដំណឹងល្អ ការថែទាំ​ដល់​ជនទ័ល​ក្រ ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ និង​ការរួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ) ?

តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ​ពី​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ? តើ​បទពិសោធន៍​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ សាសនាចក្រ និង​កិច្ចការ​របស់​ទ្រង់ ?

សូម​ស្វែងរក​របៀប​ជាច្រើន​ដើម្បី​ឲ្យ​អ្នក​ដទៃ​បានចូលរួម ។ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​អំពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១–១៦ បងប្អូន​អាច​ពិចារណា​លើ​ការចាត់តាំង​អ្នកសិក្សា​ម្នាក់ៗ​ឲ្យ​សិក្សា​អំពី ម៉ូសេ អេលីយ៉ាស ឬ អេលីយ៉ា និង​កូនសោ​ដែល​លោក​បាន​ស្ដារឡើងវិញ ។ បន្ទាប់មក អ្នកសិក្សា​អាច​ចែកចាយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ មធ្យោបាយ​បែប​នេះ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​នៅក្នុង​ការរៀនសូត្រ និង​ការបង្រៀន ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ, ទំព័រ ២៤–២៧ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១២–១៣; ១១០:១–៧

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • បងប្អូន និង​កុមាររបស់​បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​បងប្អូន​ស្រឡាញ់​អំពី​ផ្ទះ​របស់​បងប្អូន ។ បន្ទាប់មក បងប្អូន​អាច​មើល​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​ប្រើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១២–១៣; ១១០:១–៧ ដើម្បី​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​នោះ​បាន​ឧទ្ទិសឆ្លង ហើយ​ក្លាយជា​ដំណាក់​របស់​ព្រះអម្ចាស់ ( សូម​មើល​ផង​ដែរ « ជំពូក​ទី ៣៩ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ទំព័រ ១៥៤ ឬ វីដេអូ​ដែល​ទាក់ទង​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​ចែកចាយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​អ្វី​ដែល​បងប្អូន​ស្រឡាញ់​អំពី​ដំណាក់​របស់​ព្រះអម្ចាស់ ។

    2:17

    Chapter 39: The Kirtland Temple Is Dedicated: January–March 1836

  • ប្រហែល​ជា​បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​ស្រមៃ​ថា​មាន​មិត្ត​ម្នាក់​កំពុង​ស្វែងរក​ផ្ទះ​របស់​បងប្អូន ។ តើ​យើង​នឹង​ជួយ​មិត្តភក្តិ​របស់​យើង​ដោយ​របៀប​ណា​ឲ្យ​ស្គាល់​ថា មួយ​ណា​ជាគេហដ្ឋាន​របស់​យើង ? តើ​យើង​ដឹង​យ៉ាង​ដូចម្ដេច​ថា​ព្រះវិហារ​បរិសុទ្ធ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:១២–១៣ ) ។

រូប​សំណាក​ព្រះ​គ្រីស្ទ នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ​រ៉ូម ប្រទេស​អ៊ីតាលី

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០

ព្រះអង្គ​សង្គ្រោះ​កំពុង​ប្រទានពរ​ដល់​ប្រជាជន​របស់​ទ្រង់​តាមរយៈ​កូនសោ​បព្វជិតភាព ។

  • បងប្អូន​អាច​ប្រើ ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ ឬ « ជំពូក​ទី ៤០ ៖ ការនិមិត្ត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ » ( នៅក្នុង ដំណើររឿង​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ១៥៥–១៥៧ ឬ​វីដេអូ​ដែល​ទាក់ទង​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ដើម្បី​ប្រាប់​កុមារ​ពី​តួអង្គ​សួគ៌ា​ដែល​បាន​យាង​មក​ព្រះវិហារ​បរិសុទ្ធ​នោះ ។ បងប្អូន​ក៏​អាច​ប្រើ​រូបភាព​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ​ផងដែរ ។

    1:17

    The Kirtland Temple

  • ដើម្បី​រៀន​អំពី​សារៈសំខាន់​នៃ​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​និយាយ​អំពី​ថា​តើ​កូនសោ​នោះ​ធ្វើ​អ្វីខ្លះ។ ប្រហែលជា​កុមារ​របស់​បងប្អូន​អាច​ប្តូរវេន​គ្នា​កាន់​សោ ហើយ​សម្តែង​ចាក់​បើកទ្វារ​ដែល​ជាប់​សោ ។ សូម​ជួយ​ពួកគេ​ស្វែងរក​ពាក្យ កូនសោ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១–១៦ ហើយ​និយាយ​អំពី​ពរជ័យ​ដែលកូន​សោ​ទាំងនេះ​នាំ​មក ។ បងប្អូន​អាច​ពន្យល់​ថា​កូនសោ​បព្វជិតភាព​គឺជា​ការអនុញ្ញាត​មកពី​ព្រះ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ចែកចាយ​ការដឹងគុណ​របស់​បងប្អូន​កាលដែល​ព្រះអម្ចាស់​បានប្រទាន​កូនសោ​បព្វជិតភាព​ដល់​យើង ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១៥

ព្រះអង្គសង្រ្គោះ​ចង់​ឲ្យ​ខ្ញុំ​បង្វែរ​ដួងចិត្ត​ខ្ញុំ​ទៅរក​បុព្វការីជន​របស់​ខ្ញុំ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១៥ ជាមួយ​គ្នា​ហើយ សូម​ប្រាប់​កុមារ​របស់​បងប្អូន​អំពី​បទពិសោធន៍​ដែល​បាន​ជួយ​បង្វែរ​ដួងចិត្ត​របស់​បងប្អូន​ទៅកាន់​បុព្វការីជន​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា ដូចជា​បទ ៖ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ) ។

  • តើ​អ្វី​ទៅដែល​អាចជួយ « បង្វែរ​ចិត្ត » កូន​ចៅរបស់​បងប្អូន​ទៅរក​បុព្វការីជន​របស់​ពួកគេ ? អ្នក​អាច​ស្វែងរក​គំនិត​រីករាយ​នៅក្នុង​គេហ​ទំព័រ FamilySearch.org/discovery ។ បងប្អូន​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​បុព្វការីជន​ទាំងឡាយ​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ហេតុអ្វី​បានជា​ព្រះ​យេស៊ូវ​ចង់​ឲ្យ​យើង​ធ្វើ​កិច្ចការ​នេះ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បង្ហាញ​កាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

Vision in the Kirtland Temple [ ការនិមិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] ដោយ ហ្គែរី អ៊ី ស្ម៊ីធ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ