« ថ្ងៃទី ២១–២៧ ខែ មេសា ៖ « បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ » ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧-៤០ › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧-៤០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សេចក្ដីលម្អិតពី ពួកបរិសុទ្ធកំពុងរៀបចំខ្លួនផ្លាស់លំនៅទៅ ខឺតឡង់ ដោយ ស៊ែម ឡឡឺរ៍
ថ្ងៃទី ២១–២៧ ខែ មេសា ៖ « បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧–៤០
ចំពោះពួកបរិសុទ្ធជំនាន់ដើម សាសនាចក្រមិនគ្រាន់តែជាកន្លែងមួយសម្រាប់ស្ដាប់ការបង្រៀននៅថ្ងៃអាទិត្យប៉ុណ្ណោះទេ ។ វិវរណៈបានប្រើពាក្យដូចជា បុព្វហេតុ, នគរ, ស៊ីយ៉ូន និងជាញឹកញាប់ ធ្វើការ ។ នោះប្រហែលជាផ្នែកដែលទាក់ទាញសមាជិកពីដើមជាច្រើនឲ្យមកកាន់សាសនាចក្រ ។ ដូចដែលពួកគេស្រឡាញ់គោលលទ្ធិដែលបានស្ដារឡើងវិញរបស់សាសនាចក្រយ៉ាងខ្លាំងដែរ មនុស្សជាច្រើនក៏ចង់បានអ្វីមួយដែលពួកគេអាចឧទ្ទិសជីវិតរបស់ពួកគេដល់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការគោរពតាមការបង្គាប់របស់ព្រះអម្ចាស់ក្នុង ឆ្នាំ ១៨៣០ ដើម្បីប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូគឺមិនងាយស្រួលនោះទេ ។ សម្រាប់មនុស្សជាច្រើនវាមានន័យថាការចាកចេញពីផ្ទះដ៏មានផាកសុខភាពទៅដែនដីដែលមិនធ្លាប់ស្គាល់ ( សូមមើល « Voices of the Restoration: Gathering to Ohio » ) ។ សព្វថ្ងៃនេះយើងអាចឃើញច្បាស់អំពីអ្វីដែលពួកបរិសុទ្ធទាំងនោះអាចឃើញតែតាមរយៈកែវភ្នែកនៃសេចក្ដីជំនឿ ៖ ព្រះអម្ចាស់បានមានពរជ័យដ៏អស្ចារ្យរង់ចាំពួកគេនៅរដ្ឋអូហៃអូ ។
ការត្រូវប្រមូលផ្តុំគ្នាទៅរដ្ឋអូហៃអូបានកន្លងផុតទៅជាយូរមកហើយ ប៉ុន្ដែពួកបរិសុទ្ធនៅសព្វថ្ងៃនេះនៅតែរួបរួមគ្នាជុំវិញបុព្វហេតុនៃកិច្ចការដូចគ្នានេះ ៖ « ដើម្បីនាំក្រុងស៊ីយ៉ូនចេញមក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:១៣ ) ។ ដូចជាពួកបរិសុទ្ធពីដើមទាំងនោះដែរ យើងបោះបង់« សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤០:២ ) ពីព្រោះយើងទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ ៖ « អ្នកនឹងបានទទួល…ព្រះពរដ៏មហិមាដូចជាអ្នកពុំដែលបានស្គាល់មកសោះ »( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:១០ ) ។
សូមមើល ពួកបរិសុទ្ធ, ១:១០៩–១១១ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧-៣៨
ព្រះប្រមូលផ្ដុំយើងដើម្បីប្រទានពរដល់យើង ។
សមាជិកនៃសាសនាចក្រនៅ ហ្វាយែត រដ្ឋញូវយ៉ក ត្រូវតែធ្វើការលះបង់ដ៏លំបាកដើម្បីផ្លាស់ប្តូរទៅរដ្ឋអូហៃអូ ( ជាង ៤០០ គីឡូម៉ែត្រ ) នៅរដូវរងារ ឆ្នាំ ១៨៣១ ។ ពេលបងប្អូនអានអំពីបទបញ្ញាតិរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧:៣–៤ បងប្អូនអាចគិតអំពីការលះបង់ដែលព្រះអម្ចាស់បានសុំឲ្យបងប្អូនធ្វើ ។ បន្ទាប់មកនៅពេលបងប្អូនសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១–៣៣ សូមស្វែងរកសេចក្ដីពិតអំពីព្រះអង្គសង្រ្គោះដែលផ្ដល់សេចក្ដីជំនឿដល់បងប្អូនដើម្បីធ្វើតាមដំបូន្មានរបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះមកពី ខទី ១១–៣៣ អំពីពរជ័យនៃការប្រមូលផ្តុំ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២២
« ចូរស្ដាប់តាមសំឡេងរបស់យើង ហើយដើរតាមយើងចុះ » ។
តើបងប្អូនអាចធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជា « អ្នកតែងក្រឹត្យវិន័យ » របស់បងប្អូនដោយរបៀបណា ? តើការធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ធ្វើឲ្យយើងជា « មនុស្សសេរី » ដោយរបៀបណា ?
សូមមើលផងដែរ នីហ្វៃទី២ ២:២៦–២៧ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣០
បើសិនខ្ញុំបានប្រុងប្រៀបទុកជាស្រេច នោះខ្ញុំមិនចាំបាច់ត្រូវខ្លាចឡើយ ។
នៅពេលដែលបងប្អូនបានដកពិសោធន៍នូវគោលការណ៍ដែលព្រះអម្ចាស់បានបង្ហាញនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣០ ៖ « បើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ? នៅពេលបងប្អូនសិក្សា កណ្ឌទី ៣៨ សូមកត់សម្គាល់អំពីរបៀបដែលព្រះអម្ចាស់រៀបចំពួកបរិសុទ្ធរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចប្រឈមមុខនឹងអនាគតដោយភាពក្លាហាន ។ តើទ្រង់ចង់ឲ្យបងប្អូនត្រៀមខ្លួនសម្រាប់ឧបសគ្គដោយរបៀបណា ដើម្បីកុំឲ្យបងប្អូនភ័យខ្លាច ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨–១១ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៧
ព្រះចង់ឲ្យយើង « រួមគ្នាតែមួយ » ។
ពួកបរិសុទ្ធដែលបានប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ បានមកពីស្ថានភាពផ្សេងៗគ្នា ។ ដូចគ្នាទៅនឹងមនុស្សនៅក្នុងវួដរបស់បងប្អូនសព្វថ្ងៃពិតៗ ។ ប៉ុន្តែព្រះជាម្ចាស់បញ្ជាឲ្យរាស្ត្ររបស់ទ្រង់ « រួមគ្នាតែមួយ » ( ខទី ២៧ ) ។ តើយើងអាចសម្រេចបាននូវសាមគ្គីភាពបែបនេះដោយរបៀបណា ? តើគំនិតអ្វីខ្លះដែលកើតមានឡើងនៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៧ ? ហេតុអ្វីយើងត្រូវរួបរួមគ្នាដើម្បីក្លាយជាប្រជារាស្រ្តរបស់ព្រះ ?
ការអានខគម្ពីរទាំងនេះក៏អាចបំផុសគំនិតបងប្អូនឲ្យគិតអំពីទំនាក់ទំនងរបស់បងប្អូនផងដែរ—ឧទាហរណ៍ ជាមួយសមាជិកគ្រួសារ សមាជិកវួដ និងកូរ៉ុម ឬសមាជិកថ្នាក់ ។ តើអ្វីទៅដែលរារាំងបងប្អូនពីការរួបរួមគ្នានៅក្នុងព្រះគ្រីស្ទ ? តើព្រះអង្គសង្រ្គោះអាចជួយបងប្អូនឲ្យ « រួមគ្នាតែមួយ » ដោយរបៀបណា ? វីដេអូ « A Friend to All » ឬ « Love in Our Hearts » នៅលើ ( បណ្ណាល័យដំណឹងល្អ ) អាចជួយបងប្អូនឆ្លើយសំណួរទាំងនេះ ។ បងប្អូនក៏អាចរកឃើញគំនិតនៅក្នុងសាររបស់អែលឌើរ ឌេល ជី រិនឡិន « សេចក្តីសុខសាន្តនៃព្រះគ្រីស្ទលុបបំបាត់ចោលសេចក្តីសម្អប់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨៣-៨៥ ។
A Friend to All
Love in Our Hearts
តើបងប្អូនអាចជួយក្រុមទាំងនេះឲ្យមានសាមគ្គីភាពកាន់តែខ្លាំងយ៉ាងដូចម្ដេច ? ឧទាហរណ៍ សូមពិចារណាផ្ញើសារសួរសុខទុក្ខទៅកាន់សមាជិកនៃកូរ៉ុម ថ្នាក់ ឬគ្រួសាររបស់បងប្អូន ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតដើម្បីឈោងទៅជួយនរណា ?
តើអ្វីដែលបំផុសគំនិតបងប្អូនអំពីគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុង អេភេសូរ ២:១៤, ១៨-២២; នីហ្វៃទី២ ២៦:២៤-២៨ ?
សូមមើលផងដែរ ឃ្វីនថិន អិល ឃុក « Hearts Knit in Righteousness and Unity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៨-២១ « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ទំនុកតម្កើង ល.រ. ១៩៥; Topics and Questions « Belonging in the Church of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣៩; ៣៩–៤០
ព្រះវរបិតាមានព្រះរាជបំណងប្រទានទ្រព្យសម្បត្តិខាងភាពអស់កល្បជានិច្ចដល់ខ្ញុំ ។
តាមទស្សនៈរបស់បងប្អូន តើអ្វីជាភាពខុសគ្នារវាង« ទ្រព្យសម្បត្តិនៃផែនដី » និង « ទ្រព្យសម្បត្តិខាងភាពអស់កល្បជានិច្ច » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣៩ ) ។ តើបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនបងប្អូនឲ្យឲ្យតម្លៃលើទ្រព្យសម្បត្តិនៃភាពអស់កល្បជានិច្ច ?
សូមចាំរឿងនេះនៅក្នុងចិត្តនៅពេលដែលបងប្អូនអានអំពី ជែមស៍ ខូវិល នៅក្នុង កណ្ឌទី ៣៩-៤០ ( រួមទាំងសាវតាប្រវត្តិសាស្ត្រនៅក្នុងផ្នែកចំណងជើងកណ្ឌ ) ។ សូមពិចារណាអំពីរបៀបដែលបទពិសោធន៍របស់គាត់អាចអនុវត្តចំពោះបងប្អូន ។ ឧទាហរណ៍ សូមគិតពីពេលដែល « ដួងចិត្ត … បានត្រឹមត្រូវនៅចំពោះ [ ព្រះ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤០:១ ) ។ តើបងប្អូនបានទទួលពរមកពីសេចក្ដីស្មោះត្រង់របស់បងប្អូនដោយរបៀបណា ? សូមគិតផងដែរអំពី « សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ដែលបងប្អូនប្រឈមមុខ ។ តើពួកគេអាចរារាំងបងប្អូនពីការទទួលព្រះបន្ទូលរបស់ព្រះ « ដោយអំណរ » យ៉ាងដូចម្ដេច ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៩:៩; ៤០:២ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងកណ្ឌទាំងនេះដែលបំផុសគំនិតបងប្អូនឲ្យកាន់តែគោរពប្រតិបត្តិព្រះយ៉ាងខ្ជាប់ខ្ជួន ?
សូមមើលផងដែរ ម៉ាថាយ ១៣:៣–២៣ ។
ការអនុវត្តបទគម្ពីរនៅក្នុងជីវិតរបស់បងប្អូន ។ « របៀបមួយដែលបងប្អូនអាចជួយសិស្សឲ្យឃើញភាពជាប់ទាក់ទងគ្នាអំពី [ បទគម្ពីរ ] ដោយការសួរសំណួរដូចជា ‹ តើសេចក្តីពិតនេះអាចជួយបងប្អូនជាមួយអ្វីដែលបងប្អូនកំពុងដកពិសោធឥឡូវនេះបានដោយរបៀបណា ? › ‹ ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់បងប្អូនដើម្បីដឹងរឿងនេះ ? › ‹ តើសេចក្តីពិតនេះបានធ្វើឲ្យមានភាពខុសប្លែកអ្វីខ្លះនៅក្នុងជីវិតរបស់បងប្អូន ? › » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ, ទំព័រ ២៣ ) ។ សំណួរក្នុងសកម្មភាពនេះអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៣៩–៤០ គឺជាឧទាហរណ៍ផ្សេងទៀតអំពីសំណួរដែលអាចជួយយើងអនុវត្តវិវរណៈទាំងនេះនៅក្នុងជីវិតរបស់យើង ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧; ៣៨:៣១–៣៣
ព្រះប្រមូលផ្ដុំយើងដើម្បីប្រទានពរដល់យើង ។
-
ផែនទី និង ទំព័រសកម្មភាព នៅចុងបញ្ចប់នៃគម្រោងមេរៀននេះអាចជួយឲ្យកូនៗរបស់បងប្អូនយល់អំពីអ្វីដែលព្រះបានបង្គាប់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧:៣ ។ ប្រហែលជាបងប្អូនអាចជួយពួកគេស្វែងរកកន្លែងដែលបានលើកឡើងនៅក្នុងវិវរណៈទាំងនេះ ។ បងប្អូនក៏អាចជួយពួកគេឲ្យស្វែងរកឃ្លាមួយមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣១-៣៣ ដែលពិពណ៌នាអំពីមូលហេតុដែលព្រះចង់ឲ្យប្រជារាស្រ្តរបស់ទ្រង់ប្រមូលផ្តុំគ្នា ។
ការប្រមូលផ្ដុំគ្នាទៅកាន់រដ្ឋអូហៃអូ ៖ សេចក្ដីជំនឿរបស់ លូស៊ី ស្ម៊ីធ និងអព្ភូតហេតុ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៧
ព្រះចង់ឲ្យយើង « រួមគ្នាតែមួយ » ។
-
ពេលបងប្អូនអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៥ ជាមួយកូនៗរបស់បងប្អូន ចូរនិយាយអំពីអត្ថន័យនៃការសរសើរដល់បងប្អូនប្រុសស្រីរបស់បងប្អូនដូចជាខ្លួនបងប្អូនផ្ទាល់ ( សូមមើលផងដែរ ម៉ាថាយ ៧:១២ ) ។ សូមជួយពួកគេនិយាយខគម្ពីរសារឡើងវិញដោយដាក់ជំនួសពាក្យ « បងប្អូនខ្លួន » ដោយឈ្មោះរបស់គ្នាទៅវិញទៅមក ។
-
ដើម្បីបង្រៀនកូនរបស់បងប្អូនអំពីអត្ថន័យនៃការ « រួមគ្នាតែមួយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៧ ) បងប្អូនអាចជួយពួកគេគូរលេខ ១ ឲ្យធំហើយតុបតែងវាជាមួយនឹងឈ្មោះ និងគំនូរ ឬរូបភាពរបស់មនុស្សម្នាក់ៗនៅក្នុងគ្រួសារ ឬថ្នាក់របស់បងប្អូន ។ នៅជាប់នឹងលេខ ១ បងប្អូនអាចសរសេរអ្វីដែលបងប្អូននឹងធ្វើដើម្បីរួបរួមកាន់តែច្រើន ។
-
សូមចែកចាយកម្មវត្ថុមេរៀនដែលបង្ហាញអំពីរបៀបដែលអ្វីៗអាចត្រូវបានប្រមូលផ្ដុំ ឬរួបរួមដើម្បីក្លាយជាតែមួយ ដូចជាបំណែកក្រណាត់ដែលធ្វើជាភួយមួយ ឬគ្រឿងផ្សំធ្វើជានំប៉័ងមួយដុំ ។ តើឧទាហរណ៍ទាំងនេះបង្រៀនយើងអំពីការប្រែក្លាយជាតែមួយក្នុងនាមជារាស្ត្ររបស់ព្រះដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣០
បើសិនខ្ញុំបានប្រុងប្រៀបទុកជាស្រេច នោះខ្ញុំមិនចាំបាច់ត្រូវខ្លាចឡើយ ។
-
ពេលបងប្អូនអានរួមគ្នាក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣០ បងប្អូន និងកូនរបស់បងប្អូនអាចនិយាយអំពីបទពិសោធន៍ថ្មីៗដែលតម្រូវឲ្យមានការរៀបចំ ។ បន្ទាប់មកបងប្អូនអាចសួរកូនរបស់បងប្អូនអំពីអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងត្រៀមខ្លួនសម្រាប់ ។ ចែកចាយជាមួយកូនៗរបស់បងប្អូននូវបទពិសោធន៍មួយដែលការត្រៀមខ្លួនបានជួយបងប្អូនកុំឲ្យភ័យខ្លាច ។ បងប្អូនក៏អាចមើលជាមួយគ្នានូវវីដេអូ « Men’s Hearts Shall Fail Them » នៅលើ ( បណ្ណាល័យដំណឹងល្អ ) ។
Men's Hearts Shall Fail Them
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:៦, ២៣
ខ្ញុំទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅពេលខ្ញុំទទួលពិធីបញ្ជាក់ ។
-
សូមពិចារណាបង្ហាញរូបភាពរបស់នរណាម្នាក់ដែលត្រូវបានបញ្ជាក់ ។ សូមឲ្យកូនរបស់បងប្អូនពិពណ៌នាអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនោះ ។ បងប្អូនក៏អាចអញ្ជើញពួកគេឲ្យចង្អុលទៅរូបភាពនោះ នៅពេលណាដែលពួកគេឮពាក្យ ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:៦, ២៣ ( ឬក្នុងបទចម្រៀងមួយដូចជា « ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។ ចែកចាយជាមួយគ្នាអំពីរបៀបដែលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់បងប្អូន ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។