« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ
តើធនធាននេះគឺសម្រាប់នរណា ?
ធនធាននេះគឺសម្រាប់មនុស្សគ្រប់គ្នាដែលចង់រៀនអំពីគោលលទ្ធិ និងសេចក្តីសញ្ញា—ជាបុគ្គល ជាគ្រួសារ និងក្នុងថ្នាក់រៀននៅឯព្រះវិហារ ។ ប្រសិនបើបងប្អូនពុំធ្លាប់បានសិក្សាព្រះគម្ពីរជាទៀងទាត់កាលពីមុនៗមកទេ ធនធាននេះអាចជួយបងប្អូនឲ្យចាប់ផ្ដើមបាន ។ ប្រសិនបើបងប្អូនមានទម្លាប់ល្អក្នុងការសិក្សាព្រះគម្ពីររួចហើយ ធនធាននេះអាចជួយបងប្អូនឲ្យមានបទពិសោធន៍កាន់តែមានអត្ថន័យថែមទៀត ។
បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅឯគេហដ្ឋាន
កន្លែងដ៏ល្អបំផុតដើម្បីរៀនសូត្រដំណឹងល្អ គឺនៅឯគេហដ្ឋាន ។ គ្រូបង្រៀនរបស់បងប្អូននៅព្រះវិហារអាចគាំទ្រដល់បងប្អូនបាន ហើយបងប្អូនអាចទទួលបានការលើកទឹកចិត្តមកពីសមាជិកដទៃទៀតក្នុងវួដ ។ ប៉ុន្តែដើម្បីរស់រានមានជីវិតខាងវិញ្ញាណ នោះបងប្អូន និងគ្រួសាររបស់បងប្អូនត្រូវការការចិញ្ចឹមបីបាច់ជារៀងរាល់ថ្ងៃមកពី « ព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ សូមមើលផងដែរ រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦–៨ ) ។
សូមប្រើធនធាននេះទៅតាមរបៀបណាមួយដែលអាចជាជំនួយដល់បងប្អូន ។ គម្រោងនេះគូសបញ្ជាក់អំពីសេចក្ដីពិតដ៏អស់កល្បមួយចំនួន ដែលបានរកឃើញនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ។ វាក៏ផ្ដល់យោបល់អំពីគំនិត និងសកម្មភាពនានាដើម្បីជួយអ្នកសិក្សាព្រះគម្ពីរដោយឯកជន ជាមួយសមាជិកគ្រួសារ ឬជាមួយមិត្តភក្តិ ។ នៅពេលបងប្អូនសិក្សា សូមធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណដើម្បីស្វែងរកសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលមានអត្ថន័យចំពោះបងប្អូន ។ សូមរកមើលសារទាំងឡាយរបស់ព្រះសម្រាប់បងប្អូន ហើយធ្វើតាមការបំផុសគំនិតដែលបងប្អូនទទួលបាន ។
គ្រូបង្រៀន និងអ្នករៀននៅឯព្រះវិហារ
ប្រសិនបើបងប្អូនបង្រៀនថ្នាក់អង្គការបឋមសិក្សា យុវវ័យ ឬមជ្ឈិមវ័យ ថ្នាក់សាលាថ្ងៃអាទិត្យ កូរ៉ុមបព្វជិតភាពអើរ៉ុន ឬថ្នាក់យុវនារី បងប្អូនត្រូវបានលើកទឹកចិត្តឲ្យប្រើគម្រោងមេរៀនទាំងនេះនៅក្នុងធនធាននេះនៅពេលដែលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀន ។ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ គឺជាកម្មវិធីសិក្សាសម្រាប់ថ្នាក់សាលាថ្ងៃអាទិត្យរបស់បងប្អូន ។ គំនិតរៀនសូត្រទាំងឡាយនៅក្នុងធនធាននេះត្រូវបានរចនាឡើងសម្រាប់ការរៀនសូត្រនៅតាមគេហដ្ឋាន និងនៅឯព្រះវិហារ ។ នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងបទគម្ពីរទាំងឡាយរបស់បងប្អូន ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់បងប្អូននឹងកើតឡើងនៅពេលបងប្អូនស្រាវជ្រាវបទគម្ពីរ ហើយស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ បងប្អូនក៏អាចសិក្សាអំពីតម្រូវការរបស់មនុស្សដែលបងប្អូនបង្រៀននៅក្នុងគំនិតផងដែរ ។ រកមើលសេចក្ដីពិតដ៏អសកល្បជានិច្ច ។ សៀវភៅ ចូរមកតាមខ្ញុំ អាចជួយបងប្អូនឲ្យស្វែងយល់សេចក្ដីពិតមួយចំនួននេះ ហើយរៀនអំពីរបៀបដែលព្រះគម្ពីរអាចអនុវត្តក្នុងជីវិតរបស់បងប្អូន ។
សូមចាំថាការរៀនសូត្រដំណឹងល្អបានល្អបំផុត គឺជាការរៀនសូត្រនៅតាមគេហដ្ឋាន ហើយសាសនាចក្រជាអ្នកគាំទ្រ ។ ឬអាចនិយាយម្យ៉ាងទៀតបានថា ការទទួលខុសត្រូវចម្បងរបស់បងប្អូនគឺ ដើម្បីគាំទ្រដល់មនុស្សដែលបងប្អូនបង្រៀននៅក្នុងកិច្ចខិតខំរៀនសូត្ររបស់ពួកគេ និងរស់នៅតាមដំណឹងល្អនៅឯគេហដ្ឋាន ។ កុំព្រួយបារម្ភពីការមានមាតិការពិសេស ដើម្បីផ្តល់ឲ្យពួកគេនៅក្នុងថ្នាក់ឡើយ ។ សូមផ្ដល់ឱកាសឲ្យពួកគេចែកចាយបទពិសោធន៍ គំនិត និងសំណួររបស់ពួកគេអំពីវគ្គបទគម្ពីរនានាដែលពួកគេបានអាននៅឯផ្ទះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលពួកគេបានរកឃើញ ។ ការណ៍នេះគឺសំខាន់ជាងការបង្រៀនតាមឯកសារមេរៀនជាក់លាក់មួយចំនួនទៅទៀត ។
ថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់យុវវ័យ និងមជ្ឈិមវ័យ
មូលហេតុចម្បងមួយដែលយើងជួបជុំគ្នានៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ គឺដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក នៅពេលយើងព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ វិធីសាមញ្ញមួយដើម្បីធ្វើបែបនេះគឺសួរសំណួរមួយដូចជា « តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនបងប្អូនអ្វីខ្លះនៅសប្តាហ៍នេះ កាលដែលបងប្អូនសិក្សាព្រះគម្ពីរជាមួយនឹងសៀវភៅ ចូរមកតាមខ្ញុំ ? » ចម្លើយចំពោះសំណួរនេះអាចនាំឲ្យមានការពិភាក្សាដ៏មានអត្ថន័យ ដែលស្ថាបនាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
បន្ទាប់មកបងប្អូនអាចអញ្ជើញឲ្យមានការពិភាក្សា ដោយផ្អែកទៅលើយោបល់ណែនាំការសិក្សានៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ បាន ។ ឧទាហរណ៍ គំនិតសិក្សាមួយអាចណែនាំឲ្យធ្វើការស្វែងរក គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៥-២០ ដោយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានរៀបរាប់អំពីការឈឺចាប់របស់ទ្រង់ ។ បងប្អូនអាចសុំសមាជិកថ្នាក់រៀនឲ្យចែកចាយពីអារម្មណ៍របស់ពួកគេពេលពួកគេអានការពិពណ៌នារបស់ទ្រង់ ហើយនិយាយអំពីរបៀបដែលរឿងនេះប៉ះពាល់ដល់របៀបដែលពួកគេគិតអំពីទ្រង់ ។ ឬបងប្អូនអាចចំណាយពេលខ្លះៗដើម្បីសិក្សាខគម្ពីររួមគ្នាជាថ្នាក់ទាំងមូលក៏បាន ។
កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី
នៅពេលដែលកូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារីជួបគ្នានៅថ្ងៃអាទិត្យ នោះគោលបំណងរបស់ពួកគេគឺខុសគ្នាពីថ្នាក់សាលាថ្ងៃអាទិត្យ ។ ក្រៅពីជួយគ្នាទៅវិញទៅមកឲ្យរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ក្រុមទាំងនេះក៏បានជួបជុំគ្នាដើម្បីប្រឹក្សាជាមួយគ្នាអំពីការសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងផងដែរ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១.២ ) ដូចដែលបានដឹកនាំដោយគណៈប្រធានថ្នាក់ ឬកូរ៉ុមរបស់ពួកគេ ។
ដោយហេតុនេះ ការប្រជុំកូរ៉ុមឬថ្នាក់រៀននីមួយៗគួរតែចាប់ផ្តើមដោយសមាជិកនៃកូរ៉ុម ឬគណៈប្រធានថ្នាក់ដឹកនាំការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ។ ឧទាហរណ៍ ពួកគេអាចទូន្មានគ្នាអំពីការខិតខំរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ បម្រើដល់មនុស្សដែលខ្វះខាត ចែកចាយដំណឹងល្អ ឬចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
បន្ទាប់ពីការប្រឹក្សារួមគ្នានេះហើយ នោះគ្រូបង្រៀនម្នាក់ដឹកនាំថ្នាក់ ឬកូរ៉ុមក្នុងការរៀនដំណឹងល្អជាមួយគ្នា ។ ថ្នាក់ដឹកនាំជាមជ្ឈិមវ័យ ឬសមាជិកថ្នាក់ ឬកូរ៉ុមអាចត្រូវបានចាត់តាំងឲ្យបង្រៀនបាន ។ គណៈប្រធានថ្នាក់ ឬគណៈប្រធានកូរ៉ុម ពិគ្រោះយោបល់គ្នាជាមួយថ្នាក់ដឹកនាំជាមជ្ឈិមវ័យដើម្បីធ្វើការចាត់តាំងទាំងនេះ ។
មនុស្សដែលត្រូវបានចាត់តាំងឲ្យបង្រៀន គួរតែរៀបចំខ្លួនដោយប្រើការណែនាំសម្រាប់ការរៀនសូត្រនៅក្នុងគម្រោងមេរៀនប្រចាំសប្តាហ៍នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។ ក្នុងគម្រោងមេរៀននីមួយៗ រូបតំណាងនេះ បង្ហាញពីសកម្មភាពមួយ ដែលទាក់ទងជាពិសេសទៅនឹងយុវវ័យ ហើយត្រូវគ្នានឹងអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់សិក្ខាសាលា ។ ប៉ុន្តែមតិយោបល់ណាមួយនៅក្នុងគម្រោងមេរៀននេះអាចប្រើជាសកម្មភាពរៀនសូត្រសម្រាប់យុវវ័យបាន ។
ចំពោះរបៀបវារៈគំរូសម្រាប់ការប្រជុំកូរ៉ុម និងថ្នាក់ សូមមើល ឧបសម្ព័ន្ធ ឃ ។
អង្គការបឋមសិក្សា
ការរៀបចំខ្លួនរបស់បងប្អូនដើម្បីបង្រៀនអង្គការបឋមសិក្សា ចាប់ផ្ដើមនៅពេលដែលបងប្អូនសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាជាលក្ខណៈផ្ទាល់ខ្លួន និងជាមួយគ្រួសាររបស់បងប្អូន ។ នៅពេលបងប្អូនធ្វើដូច្នោះ សូមបើកចិត្តចំពោះចំណាប់អារម្មណ៍ និងការយល់ដឹងខាងវិញ្ញាណមកពីព្រះវិញ្ញាណបរិសុទ្ធអំពីកុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូន ។ ចូរអធិស្ឋាន ។ ព្រះវិញ្ញាណអាចបំផុសគំនិតដល់បងប្អូនឲ្យមានគំនិត ដើម្បីជួយពួកគេឲ្យរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបាន ។
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចទទួលបានការបំផុសគំនិតបន្ថែមតាមរយៈការស្វែងយល់ពីគំនិតសម្រាប់បង្រៀននៅក្នុងធនធាននេះ ។ គម្រោងមេរៀននីមួយៗនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ មានផ្នែកមួយដែលមានចំណងជើងថា « គំនិតសម្រាប់បង្រៀនកុមារ » ។ សូមចាត់ទុកគំនិតទាំងនេះថាជាយោបល់ដើម្បីបង្កើតឲ្យមានការបំផុសគំនិតដល់បងប្អូន ។ បងប្អូនស្គាល់កុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូន—ហើយបងប្អូននឹងស្គាល់ពួកគេកាន់តែច្បាស់ថែមទៀត នៅពេលបងប្អូនធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគេនៅក្នុងថ្នាក់ ។ ព្រះក៏ស្គាល់ពួកគេផងដែរ ទ្រង់នឹងបំផុសគំនិតដល់បងប្អូនតាមវិធីដ៏ល្អបំផុតដើម្បីបង្រៀន និងផ្ដល់ពរជ័យដល់ពួកគេ ។
ប្រហែលជាកុមារនៅក្នុងថ្នាក់របស់បងប្អូនបានធ្វើសកម្មភាពទាំងនេះមួយចំនួននៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ជាមួយក្រុមគ្រួសាររបស់ពួកគេរួចទៅហើយ ។ នោះវាមិនថ្វីទេ ។ ការធ្វើសារឡើងវិញគឺជាការល្អ ។ សូមពិចារណាអញ្ជើញកុមារឲ្យចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀននៅផ្ទះ ។ បងប្អូនក៏គួរតែរៀបចំផែនការសម្រាប់កុមារដើម្បីចូលរួមទោះបីជាពួកគេមិនបានរៀននៅផ្ទះក៏ដោយ ។ កុមាររៀនអំពីសេចក្ដីពិតនៃដំណឹងល្អកាន់តែមានប្រសិទ្ធភាពជាងមុន នៅពេលសេចក្ដីពិតទាំងនេះត្រូវបានបង្រៀនម្ដងហើយម្ដងទៀតតាមរយៈសកម្មភាពផ្សេងៗ ។ ប្រសិនបើបងប្អូនរកឃើញថា សកម្មភាពរៀនសូត្រមួយមានប្រសិទ្ធភាពសម្រាប់កុមារ សូមពិចារណាធ្វើវាសាឡើងវិញ ជាពិសេសនៅពេលដែលបងប្អូនបង្រៀនដល់កុមារតូចៗ ។
នៅក្នុងខែដែលមានប្រាំអាទិត្យ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យជំនួសគម្រោងកាលវិភាគដែលបានកំណត់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ នៅថ្ងៃអាទិត្យទីប្រាំជាមួយនឹងសកម្មភាពសិក្សាមួយ ឬច្រើននៅក្នុង « ឧបសម្ព័ន្ធខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។