« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦—‹ ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦
« ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន »
នៅក្នុងការសិក្សារបស់អ្នកអំពី អេធើរ ១២:១–២២ អ្នកបានរៀនពីរបៀបអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ មុនពេលទទួលបានសាក្សីខាងវិញ្ញាណអំពីសេចក្ដីពិត ( សូមមើល អេធើរ ១២:៦ ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេធើរ ១២:៦ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គនេះ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងនានា ។
សូមលើកទឹកចិត្តសិស្សឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។នៅពេលដែលសិស្សស៊ាំនឹងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណកាន់តែខ្លាំង នោះពួកគេនឹងទម្លាប់អនុវត្តវាជាមួយសំណួរដែលពួកគេមាន ។ សូមមានភាពខ្ជាប់ខ្ជួន និងប្រកបដោយភាពច្នៃប្រឌិត នៅពេលដែលអ្នកអញ្ជើញពួកគេឲ្យពិនិត្យមើលគោលការណ៍ទាំងនេះតាមរបៀបផ្សេងៗគ្នា ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរ ដែលអាចជួយនរណាម្នាក់ឲ្យអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទបាន ។ ដើម្បីស្វែងរកបទគម្ពីរ ពួកគេអាចស្រាវជ្រាវក្នុងប្រធានបទអំពី « សេចក្ដីជំនឿ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « អេធើរ ១២:១–២២ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេធើរ ១២:៦ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីសេចក្តីពិតដូចតទៅនេះចេញពី អេធើរ ១២:៦ ៖ ប្រសិនបើយើងចង់បានសាក្សីខាងវិញ្ញាណ នោះយើងត្រូវតែអនុវត្តសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជាមុនសិន ។
សូមពិចារណាអញ្ជើញសិស្សឲ្យរៀនពន្យល់ពីការបង្រៀនអំពី អេធើរ ១២:៦ ដល់ដៃគូម្នាក់ ។ អ្នកអាចបង្ហាញសំណួរដូចខាងក្រោមនេះដើម្បីឲ្យសិស្សពិភាក្សាគ្នាបាន ។
-
តើមានដំបូន្មានអ្វីខ្លះនៅក្នុង អេធើរ ១២:៦ ជូនទៅដល់អ្នកដែលមានសំណួរ ដែលមិនទាន់មានចម្លើយ ឬមិនទាន់ « មើលឃើញ » សេចក្តីពិត ?
សូមជួយសិស្សឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេធើរ ១២:៦ ។ ខាងក្រោមនេះគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀនថា នៅទីបញ្ចប់ មនុស្សគ្រប់គ្នាប្រឈមមុខនឹងការសាកល្បងនៃសេចក្ដីជំនឿរបស់ពួកគេ ហើយពួកគេត្រូវប្រកាន់ជំហររឹងមាំមួយ ( សូមមើល « The Book of Mormon Is the Word of God » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ ) ។ ម្យ៉ាងទៀត មនុស្សទាំងអស់ត្រូវសម្រេចចិត្តដោយខ្លួនឯងដើម្បីមានសេចក្ដីជំនឿក្នុងការជឿលើ និងស្គាល់សេចក្តីពិត ។
សូមគូររូបភាពជញ្ជាំងដ៏ធំមួយដោយមានរូបអ្នកឈរនៅពីមុខជញ្ជាំងនោះ ។ សូមប្រើ « ជញ្ជាំងនៃសេចក្តីជំនឿ » ដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្តីយោងអំពី អេធើរ ១២:៦ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមតុបតែងជញ្ជាំងរបស់អ្នកដោយសរសេរ « អេធើរ ១២:៦ » នៅផ្នែកខាងលើ បន្ទាប់មក សូមសរសេរ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » នៅលើជញ្ជាំងនោះជាច្រើនដង ។ នៅពេលដែលឃ្លាបទគម្ពីរគន្លឹះបានសរសេរពេញនៅលើជញ្ជាំងរបស់អ្នកទាំងអស់រួចហើយ សូមព្យាយាមសូត្រខគម្ពីរទាំងនោះឲ្យឮៗពីរបីដងដោយមិនមើល ។
ការអនុវត្តជាក់ស្តែង
មុនពេលចាប់ផ្តើមសកម្មភាពអនុវត្តន៍ជាក់ស្តែង សូមគិតអំពីវិធីច្នៃប្រឌិតដើម្បីគាំទ្រសិស្សក្នុងការរៀន និងពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ ការធ្វើដូច្នោះជាទៀងទាត់នឹងជួយពួកគេឲ្យមានជោគជ័យកាន់តែខ្លាំងក្នុងការដឹងពីរបៀបអនុវត្តតាមគោលការណ៍ទាំងនេះ ។
វិធីមួយដើម្បីធ្វើដូចនេះ គឺអាចជាការសរសេរគោលការណ៍ក្នុងការទទួលបានចំណេះដឹងខាងវិញ្ញាណទាំងបីដាក់នៅលើក្ដារខៀន ។ បន្ទាប់មក សូមសរសេរយោបល់ ឬគោលគំនិតនានាមកពីគោលការណ៍នីមួយៗមិនតាមលំដាប់លំដោយ ហើយអញ្ជើញសិស្សឲ្យប្រៀបធៀបគំនិតនេះជាមួយនឹងគោលការណ៍ដែលត្រឹមត្រូវ ។
សូមចែកចាយសាច់រឿងខាងក្រោមជាមួយសិស្ស ឬគិតអំពីសាច់រឿងផ្ទាល់ខ្លួនរបស់អ្នក ដែលនឹងសម្រេចបានគោលបំណងដូចគ្នានេះ ។
គ្រីស្ទីណា និង នីសិតា គឺជាមិត្តដ៏ល្អបំផុតនឹងគ្នា ។ គ្រីស្ទីណា គឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នាងព្យាយាមធ្វើជាគំរូល្អដល់ នីសិតា ដែលមិនជឿលើសាសនា ។ នីសិតា សួរសំណួរពីជំនឿរបស់ គ្រីស្ទីណា ជាញឹកញាប់ ហើយឆ្ងល់ថា ហេតុអ្វីបានជានាងទៅព្រះវិហារនៅថ្ងៃអាទិត្យ ថ្វាយដង្វាយមួយភាគក្នុងដប់ រស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ហើយជ្រើសរើសស្លៀកពាក់យ៉ាងសមរម្យដូច្នេះ ។
គ្រីស្ទីណា ពន្យល់ទៅ នីសិតា ថា នាងមានអារម្មណ៍ថា ព្រះបញ្ញត្តិ និងបទដ្ឋានដែលនាងរស់នៅតាមនេះ គឺពិត និងទទួលបានមកពីព្រះ ។ នីសិតា ឆ្លើយតបដោយសុភាពថា « តើឯងអាចនិយាយថា ឯងដឹងថារឿងទាំងនេះគឺជាការពិតដោយរបៀបណា ? តើធ្វើដូចម្តេចទើបឯងដឹងថា អ្វីមួយដែលឯងមើលមិនឃើញគឺជាការពិតនោះ ? »
សូមពិចារណាបែងចែកសិស្សជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យពិភាក្សាអំពីរបៀបដែលពួកគេអាចប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និង អេធើរ ១២:៦ នៅក្នុងស្ថានភាពបែបនេះ ។ សូមរំឭកសិស្សថា សាច់រឿងនៃការអនុវត្តជាក់ស្តែងទៅលើចំណេះចំណានខាងគោលលទ្ធិត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសឲ្យពួកគេរៀនប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ គំនិត និងការឆ្លើយតបរបស់ពួកគេមិនចាំបាច់រៀបចំឲ្យបានល្អ ឬគ្មានកំហុសនោះទេ ។
អ្នកអាចអញ្ជើញសិស្សឲ្យចាប់ផ្តើមការពិភាក្សារបស់ពួកគេដោយសួរថា « តើគោលការណ៍ណាមួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលប្អូនៗនឹងចាប់ផ្តើមប្រើដើម្បីជួយដល់មិត្តរបស់ប្អូន ? ហេតុអ្វី ? » សំណួរនៅខាងក្រោមនេះក៏អាចមានប្រយោជន៍សម្រាប់សិស្សយកមកធ្វើជាសេចក្តីយោងក្នុងអំឡុងពេលពិភាក្សារបស់ពួកគេផងដែរ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនវិស័យអស់កល្បជានិច្ច
-
តើគោលគំនិត ឬសេចក្តីពិតអ្វីខ្លះ ដែលអ្នកចង់ជួយ នីសិតា ឲ្យយល់បានកាន់តែច្បាស់ ? ហេតុអ្វី ?
-
តើអ្នកអាចចែកចាយអ្វីខ្លះជាមួយ នីសិតា អំពីព្រះអម្ចាស់ និងរបៀបដែលទ្រង់ធ្វើការជាមួយយើង ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើការបង្រៀនអ្វីខ្លះមកពី អេធើរ ១២:៦ ដែលអាចជួយដល់ស្ថានភាពនេះបាន ? ហេតុអ្វី ?
ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍ពីការមើលឃើញសេចក្ដីថ្លែងការណ៍ដែលពាក់ព័ន្ធមួយ មកពីថ្នាក់ដឹកនាំសាសនាចក្រទុកជាឧទាហរណ៍ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍របស់ស៊ីស្ទើរ បូនី អិល អូស្ការសុន នៅផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៃ មេរៀនមុន ។
-
តើវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍បន្ថែមមួយចំនួនអ្វីខ្លះពីអ្នកដឹកនាំសាសនាចក្រ ដែលអាចផ្តល់ជំនួយ និងការណែនាំសម្រាប់ នីសិតា បាន ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើអ្នក ឬអ្នកផ្សេងទៀតមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ? តើការចែកចាយទាំងនេះជាមួយ នីសិតា អាចជួយជំរុញទឹកចិត្តនាងឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿបានយ៉ាងដូចម្តេច ?
-
តើសកម្មភាពស្មោះត្រង់អ្វីខ្លះដែលអ្នកអាចណែនាំឲ្យ នីសិតា ចាប់ផ្តើមធ្វើបាន ?
នៅពេលដែលសិស្សបានបញ្ចប់ការពិភាក្សារបស់ពួកគេហើយ សូមពិចារណាអញ្ជើញសិស្សខ្លះឲ្យចែកចាយពីរបៀបដែលពួកគេឆ្លើយតប និងអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។
សូមពិចារណាធ្វើការពិភាក្សាជាមួយសិស្សអំពីរបៀបដែលលំហាត់នេះអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពបច្ចុប្បន្ន ឬអនាគត ដែលការបង្រៀនរបស់ អេធើរ ១២:៦ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយពួកគេ ឬអ្នកដទៃឲ្យឆ្លងកាត់ការសាកល្បងនៃសេចក្ដីជំនឿបាន ហើយនៅទីបំផុតទទួលបានទីបន្ទាល់បញ្ជាក់អំពីសេចក្ដីពិត ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
នៅក្នុងមេរៀនលើកក្រោយ សូមគូររូបភាពជញ្ជាំងមួយដាក់នៅលើក្ដារខៀនដោយមានរូបមនុស្សឈរនៅពីមុខវា ។ សូមអញ្ជើញសិស្សឲ្យប្រាប់ថា តើសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិមួយណា ដែលទាក់ទងនឹងរូបគំនូរនេះ ( អេធើរ ១២:៦ ) ហើយលើកទឹកចិត្តពួកគេឲ្យសូត្រឃ្លាបទគម្ពីរគន្លឹះនេះជាមួយដៃគូ ។ ឃ្លាបទគម្ពីរគន្លឹះនេះគឺ « ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។