« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
ស្វែងយល់ និងពន្យល់
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកស្វែងយល់ និងពន្យល់អំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ មេរៀននេះនឹងផ្តល់ឱកាសដល់អ្នកឲ្យស្វែងយល់ និងពន្យល់អំពីសេចក្តីពិតរបស់អ្នកឲ្យកាន់តែស៊ីជម្រៅ ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមកពីព្រះគម្ពីរមរមន ។
ស្វែងយល់បន្ថែមអំពីសិស្សរបស់អ្នក ។សូមស្វែងរកឱកាសដើម្បីស្គាល់សិស្ស ។ ការសង្កេត និងសំណួរស្មោះត្រង់អាចនាំអ្នកស្វែងយល់បន្ថែមអំពីអ្វីដែលសំខាន់សម្រាប់សិស្ស ។ នៅពេលអ្នកយល់កាន់តែច្បាស់អំពីសិស្សរបស់អ្នក នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកផ្តោតលើការបង្រៀនរបស់អ្នកទៅលើតម្រូវការរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញឲ្យសិស្សអធិស្ឋានជ្រើសរើស វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ដើម្បីសិក្សាអំពីអ្វីដែលពួកគេចង់យល់កាន់តែច្បាស់ជាងមុន ។ សុំឲ្យពួកគេពិភាក្សាអំពីវគ្គបទគម្ពីរនេះជាមួយសមាជិកគ្រួសារ មិត្តជិតស្និទ្ធ ឬថ្នាក់ដឹកនាំសាសនាចក្រ ហើយឲ្យមករៀនដោយរៀបចំខ្លួនត្រៀមចែកចាយពីអ្វីដែលពួកគេរៀន អំពីវគ្គបទគម្ពីរចេញពីការពិភាក្សារបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
ការសួរសំណួរ
សូមពិចារណាពីការអញ្ជើញសិស្សឲ្យស្វែងរកនរណាម្នាក់នៅក្នុងថ្នាក់ ដែលពួកគេប្រហែលជាមិនស្គាល់ច្បាស់ ។ សូមអញ្ជើញពួកគេឲ្យចំណាយពេលពីរបីនាទីសួរសំណួរគ្នាទៅវិញទៅមក ដើម្បីជួយពួកគេឲ្យស្គាល់គ្នាទៅវិញទៅមក ។ ប្រសិនបើមានប្រយោជន៍ សូមផ្តល់សំណួរជាឧទាហរណ៍ដល់ពួកគេដែលពួកគេអាចសួរគ្នាបានដូចជា « តើអ្នកចូលចិត្តធ្វើអ្វី ? » និង « តើមុខវិជ្ជាអ្វីដែលអ្នកចូលចិត្តរៀននៅក្នុងសាលា ? »
សូមគិតពីនរណាម្នាក់ដែលអ្នកស្គាល់ច្បាស់ ។
-
តើអ្នកស្គាល់ពួកគេបានដោយរបៀបណា ?
-
តើការសួរសំណួរមានតួនាទីអ្វីខ្លះក្នុងការជួយដល់សមត្ថភាពរបស់អ្នកឲ្យឆាប់ស្គាល់ពួកគេ ?
-
តើទំនាក់ទំនងរបស់អ្នកជាមួពួកគេនឹងមានភាពខុសគ្នាយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនដែលសួរសំណួរណាមួយនោះទេ ?
ដូចគ្នានឹងការសួរសំណួរមានសារៈសំខាន់ដើម្បីស្គាល់នរណាម្នាក់ដោយផ្ទាល់ វាក៏មានសារៈសំខាន់ផងដែរក្នុងការសួរសំណួរ នៅពេលអ្នកសិក្សាព្រះគម្ពីរ ដើម្បីស្គាល់និងយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈសំណួរទាំងនោះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការទទួលបានការណែនាំពីព្រះគម្ពីរ គឺដោយសារទទួលបានជំនួយតាមរយៈការសួរសំណួរដែលទាក់ទង » ( « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៨ ) ។
ការសួរសំណួរអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីវា និងយល់កាន់តែច្បាស់អំពីការយាងការណែនាំរបស់ព្រះអម្ចាស់មកក្នុងជីវិតរបស់យើង ។
សូមពិចារណាអំពីការបង្ហាញសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនទាំង ១២ ចុងក្រោយ ឬបង្ហាញសិស្សនូវកន្លែងដែលពួកគេអាចរកឃើញសេចក្តីយោងបទគម្ពីរនៅក្នុង ឯកសារស្នូលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ ប្រសិនបើអ្នកមានបំណងចង់ប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ២៤ សម្រាប់ការរំឭកនេះ ឬគ្រាន់តែជ្រើសរើសតែពីរបីដែលវាអាស្រ័យលើតម្រូវការនៅក្នុងថ្នាក់រៀន ។
សូមពិចារណាធ្វើសកម្មភាពខាងក្រោមជាមួយសិស្សក្នុងថ្នាក់រៀនដោយប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពឡើងវិញដោយប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីជម្រើសរបស់ពួកគេ ។ សិស្សអាចធ្វើការជាក្រុម ចាប់ដៃគូ ឬធ្វើរៀងៗខ្លួន គឺអាស្រ័យលើតម្រូវការ និងចំណូលចិត្តរបស់ពួកគេ ។
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអ្នកចង់យល់ឲ្យកាន់តែច្បាស់ ហើយអានវាដោយយកចិត្តទុកដាក់ ។ សូមកត់សម្កាល់សំណួរយ៉ាងហោចណាស់ចំនួនពីរ ដែលអ្នកអាចសួរអំពីវគ្គគបទគម្ពីរដើម្បីយល់កាន់តែច្បាស់ ហើយសរសេរវាចុះ ។ ឧទាហរណ៍ នៅពេលដែលអ្នកអាន នីហ្វៃទី ៣ ២៧:២០ អ្នកអាចនឹងសួរថា « តើការញែកចេញជាបរិសុទ្ធមានន័យដូចម្តេច ? » ឬនៅពេលដែលអ្នកអាន មរ៉ូណៃ ១០:៣–៥ អ្នកអាចសួរថា « តើវាមានអត្ថន័យដូចម្តេចក្នុងការសួរ ‹ ដោយស្មោះអស់ពីចិត្ត ? › »
សូមស្វែងរកចម្លើយចំពោះសំណួរដែលអ្នកបានគិតដល់ សូមប្រើប្រាស់ឧបករណ៍សិក្សាព្រះគម្ពីរដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide ឬសូម្បីតែសុន្ទរកថាក្នុងសន្និសីទទូទៅក្តី ។ អ្នកអាចប្រើប្រាស់យុទ្ធសាស្ត្រសិក្សាព្រះគម្ពីរផ្សេងទៀត ដែលអ្នកដឹង ដូចជាការសិក្សាខគម្ពីរនៅជិតគ្នា ដើម្បីយល់កាន់តែច្បាស់អំពីបរិបទរបស់វគ្គបទគម្ពីរនេះ ។
ដើម្បីជួយសិស្សឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក សូមពិចារណាសុំឲ្យពួកគេសរសេរវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេបានជ្រើសរើស និងសំណួររបស់ពួកគេនៅលើក្រដាសដោយមានឈ្មោះរបស់ពួកគេនៅលើក្រដាសនោះ ។ សូមអញ្ជើញសិស្សឲ្យផ្លាស់ប្តូរឯកសារគ្នាជាមួយសិស្សម្នាក់ទៀត ។ ជាជម្រើសផ្សេងទៀត សូមអញ្ជើញសិស្សឲ្យហុចក្រដាសរបស់ពួកគេមកខាងមុខ ដើម្បីច្របល់ក្រដាសចូលគ្នា និងចែកព្រាវៗដល់សិស្សផ្សេងទៀត ។ សូមឲ្យសិស្សកត់ត្រាចម្លើយចំពោះសំណួរនៅលើសន្លឹកដែលបានផ្ដល់ឲ្យពួកគេ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យប្រគល់ក្រដាសត្រឡប់ទៅសិស្សដែលមានឈ្មោះនៅលើក្រដាសនោះវិញ ។
ទុកពេលឲ្យសិស្សសញ្ជឹងគិតទៅលើចម្លើយដែលសិស្សផ្សេងទៀតបានសរសេរ ហើយប្រសិនបើមានប្រយោជន៍ សូមស្វែងរកចម្លើយបន្ថែមទៀតនៅក្នុងបទគម្ពីរ តាមរយៈការអធិស្ឋាន ហើយធ្វើបែបនេះបន្តទៀត ។
សូមចងចាំថា អ្នកប្រហែលជាមិនអាចស្វែងរកចម្លើយចំពោះសំណួរទាំងអស់របស់អ្នកបានទេ នៅពេលដែលអ្នកសិក្សានោះទេ ។ ប៉ុន្តែនៅពេលអ្នកបន្តអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ ទ្រង់នឹងជួយអ្នកឲ្យដឹងពីសេចក្តីពិតនៃអ្វីដែលអ្នកស្វែងរក ។
សូមអញ្ជើញសិស្សជាច្រើននាក់ឲ្យចែកចាយវគ្គចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានជ្រើសរើស សំណួរមួយចំនួនដែលពួកគេបានសរសេរ និងចម្លើយដែលពួកគេ ឬមិត្តរួមថ្នាក់របស់ពួកគេបានរកឃើញ ។ បន្ថែមពីលើនេះ សូមពិចារណាសួរអំពីអ្វីដែលវគ្គបទគម្ពីរបានជួយដល់ពួកគេឲ្យយល់អំពីព្រះអង្គសង្គ្រោះ ឬដំណឹងល្អរបស់ទ្រង់ ។
ប្រសិនបើមានពេល ( ឬនៅថ្ងៃផ្សេង ) សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសកម្មភាពឡើងវិញដោយប្រើវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តសួរសំណួរអំពីបទគម្ពីរ ហើយស្វែងរកចម្លើយ ។