« អាលម៉ា ៣៦ ៖ ‹ ឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៦
« ឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត »
ការចែកចាយបទពិសោធន៍ខាងវិញ្ញាណដ៏ទន់ភ្លន់ជាមួយអ្នកដែលយើងស្រឡាញ់អាចជាប្រភពនៃកម្លាំងសម្រាប់ទាំងពួកគេ ទាំងពួកយើងផងដែរ ។ ពេលកំពុងនិយាយទៅកាន់ ហេលេមិន ជាកូនប្រុសលោក អាលម៉ាបានរៀបរាប់ឡើងវិញពីបទពិសោធន៍របស់លោកដែលបានឃើញទេវតាមួយអង្គ មានអារម្មណ៍ឈឺចាប់ដោយសារអំពើបាបរបស់លោក និងស្វែងរកការរំដោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយឲ្យអ្នកងាកទៅរកព្រះយេស៊ូវគ្រីស្ទដោយសេចក្តីជំនឿ ហើយស្គាល់ពីអំណរនៃការរំដោះរបស់ទ្រង់ ។
ជំនាញសិក្សា—ការគូសចំណាំវគ្គបទគម្ពីរ ។ ការគូសចំណាំបទគម្ពីរអាចជួយឲ្យសិស្សបង្កើតបានទំនាក់ទំនងប្រកបដោយអត្ថន័យ និងរក្សាទុកនូវអ្វីដែលពួកគេបានរៀន ។ ពួកគេអាចគូសបន្ទាត់ពីក្រោម ដាក់ជាស្រមោល ឬគូសពាក្យ ឬឃ្លាសំខាន់ៗ ។ សំណៅកំណែថ្មីនៃព្រះគម្ពីរអេឡិចត្រូនិករួមមានឧបករណ៍ដែលមានអត្ថប្រយោជន៍ដើម្បីគូសចំណាំបទគម្ពីរផងដែរ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយពីឧទាហរណ៍នៃនរណាម្នាក់ ដែលបានរកឃើញសេចក្តីសុខសាន្តនៅក្នុងព្រះគ្រីស្ទបន្ទាប់ពីការរងទុក្ខមួយរយៈ ។ តើអ្វីទៅដែលបានជួយឲ្យបុគ្គលម្នាក់នេះរកឃើញសេចក្តីសុខសាន្ត ?
សកម្មភាពរៀនសូត្រដែលអាចមាន
ពាក្យផ្ទុយ
ដើម្បីចាប់ផ្តើមមេរៀននេះទៅបាន សូមជួយឲ្យសិស្សគិតអំពីការផ្លាស់ប្តូរខាងវិញ្ញាណ និងអ្វីដែលជួយសម្រួលដល់ការណ៍នេះ ។ វិធីមួយដើម្បីធ្វើការណ៍នេះបានគឺត្រូវសរសេរពាក្យខាងក្រោមនេះដាក់នៅលើក្ដារខៀន ហើយឲ្យសិស្សសរសេរពាក្យផ្ទុយនីមួយៗ ។
-
ការឈឺចាប់ →
-
សោកស្ដាយ →
-
ភាពសោកសៅ →
សូមសញ្ជឹងគិតនៅពេលដែលអ្នកអាចបានប្រព្រឹត្តអំពើបាប ហើយមានអារម្មណ៍ដូចនៅខាងឆ្វេងដៃ ។ តើអារម្មណ៍នោះធ្លាប់ដែលក្លាយជាអ្វីដែលអ្នកបានសរសេរនៅខាងស្ដាំឬទេ ? តើមានអ្វីបានកើតឡើង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនោះកើតឡើងបាន ?
បន្ទាប់ពីការពិភាក្សាខាងដើមហើយ អ្នកអាចចង្អុលបង្ហាញថា ពេលអារម្មណ៍អវិជ្ជមានកើតឡើងដោយអំពើបាប នោះមានតែព្រះអម្ចាស់ប៉ុណ្ណោះដែលអាចជួយឲ្យយើងប្ដូរអារម្មណ៍អវិជ្ជមានទាំងនោះមានលក្ខណៈផ្ទុយទៅវិញបាន ពោលគឺមានអារម្មណ៍វិជ្ជមានវិញ ។
សូមទុកពេលឲ្យសិស្សគិតពិចារណាដោយស្ងៀមស្ងាត់អំពីរបៀបដែលព្រះអម្ចាស់បានជួយពួកគេឲ្យផ្លាស់ប្តូរបាន នៅពេលដែលពួកគេបានប្រព្រឹត្តអំពើបាប ។ សូមបង្ហាញស្វ័យវាយតម្លៃដូចខាងក្រោម ហើយស្នើសុំឲ្យសិស្សកត់ត្រាចូលក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ នូវចំណាប់អារម្មណ៍ទាំងឡាយណាដែលពួកគេមាន នៅពេលពួកគេកំពុងសញ្ជឹងគិត ។ ទាំងនេះអាចជាសំណួរ អារម្មណ៍ ឬការជំរុញចិត្តឲ្យធ្វើសកម្មភាព ។
សូមសញ្ជឹងគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះមានការពិតកម្រិតណាសម្រាប់អ្នក ៖
-
នៅពេលខ្ញុំមានបាប ខ្ញុំដឹងពីរបៀបងាកទៅរកព្រះអម្ចាស់ ដើម្បីទទួលបានការអភ័យទោស សេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹម ។
-
ខ្ញុំមានទំនុកចិត្តថា ដោយមានជំនួយពីព្រះអម្ចាស់ ខ្ញុំអាចនឹងផ្លាស់ប្តូរបាន ។
-
ខ្ញុំងាកទៅរកព្រះអម្ចាស់ជាប្រចាំដើម្បីទទួលបានជំនួយនេះ ។
ថ្ងៃនេះ អ្នកត្រូវសិក្សាពីរបៀបដែលអារម្មណ៍នៃការឈឺចាប់យ៉ាងខ្លាំងរបស់ អាលម៉ា ជាកូនចំពោះអំពើបាបរបស់គាត់មានការបង្វែរទៅជាអារម្មណ៍មានអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលគាត់ដង្ហោយស្រែករកព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកសិក្សា សូមរកមើលពីរបៀបដែលអ្នកអាចស្វះស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីយកឈ្នះលើអំពើបាប និងឥទ្ធិពលនៃអំពើបាបនោះ ហើយទទួលបានអំណរតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ការផ្លាស់ប្ដូរដ៏ធំរបស់អាលម៉ា
បន្ទាប់ពីបដិសេធដំណឹងល្អដែលបានបង្រៀនដល់ពួកគេ នោះពួកសាសន៍សូរាំបានចូលរួមជាមួយនឹងពួកសាសន៍លេមិនដើម្បីចាក់រុកពួកគេឲ្យមានកំហឹងប្រឆាំងនឹងពួកសាសន៍នីហ្វៃ ។ បន្ទាប់មក ពួកសាសន៍សូរាំ និងពួកសាសន៍លេមិនបានវាយប្រហារពួកសាសន៍នីហ្វៃ ដែលនាំឲ្យមានសង្រ្គាមដ៏ធំមួយ ។ ចិត្តរបស់ពួកសាសន៍នីហ្វៃជាច្រើនក៏ « ចាប់ផ្ដើមរឹងរូស » ប្រឆាំងនឹងព្រះបន្ទូលព្រះផងដែរ ( អាលម៉ា ៣៥:១៥ ) ។ ក្នុងការឆ្លើយតបនឹងការធ្លាក់ចុះខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃ អាលម៉ាបានហៅកូនប្រុសៗរបស់លោកមកជុំគ្នាដើម្បី « អាចប្រទានកិច្ចការកាន់កាប់មួយរៀងៗខ្លួនដាច់ឡែកពីគ្នា អំពីការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ( អាលម៉ា ៣៥:១៦ ) ។ ជាបឋម លោកបាននិយាយជាមួយកូនប្រុសលោក ហេលេមិន ហើយបានរៀបរាប់ឡើងវិញពីបទពិសោធន៍នៃការប្រែចិត្តជឿរបស់លោក ។
សូមបង្ហាញរូបភាពដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យធ្វើកិច្ចការជាមួយដៃគូដែលត្រូវឆ្លើយសំណួរតាមក្រោយ ។
ជម្រើសមួយផ្សេងទៀតគឺត្រូវសរសេរពាក្យស្រដៀងនឹងពាក្យខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា ពួកបុត្រារបស់ម៉ូសាយ បំផ្លាញព្រះវិហារ ទេវតា បីថ្ងៃ ។ បន្ទាប់មក សូមឲ្យដៃគូទាំងឡាយរៀបរាប់រឿងនេះឡើងវិញដោយប្រើពាក្យ ឬឃ្លានីមួយៗនោះ ។
-
តើអ្នកចងចាំអ្វីខ្លះអំពីអាលម៉ាជាកូន ហើយរូបភាពនេះបង្ហាញពីអ្វី ?
សូមអាន អាលម៉ា ៣៦:៦–១១ ហើយរកមើលសេចក្តីលម្អិតដែលអ្នកប្រហែលជាបានរំលង ។
-
ហេតុអ្វីបានជាអ្នកគិតថា បន្ទូលរបស់ទេវតាមានឥទ្ធិពលខ្លាំងលើអាលម៉ា ?
-
ក្រៅពីការមើលឃើញទេវតា តើអ្វីអាចនាំឲ្យមនុស្សម្នាក់ដឹងថា ខ្លួនគេត្រូវការការផ្លាស់ប្តូរ ?
អ្នកអាចនឹងចង់ជួយសិស្សឲ្យយល់ពីតម្លៃនៃការគូសចំណាំបទគម្ពីរ ហើយលើកទឹកចិត្តពួកគេឲ្យអនុវត្តជំនាញនេះនៅអំឡុងមេរៀននេះ ។ បើមានជម្រើសនេះ សូមពិចារណាបង្ហាញសំណៅកំណែព្រះគម្ពីរជាអេឡិចត្រូនិច ឬជាគម្ពីរបោះពុម្ព និងបង្ហាញពីរបៀបគូសចំណាំវគ្គបទគម្ពីរ ។
សម្រាប់សកម្មភាពខាងក្រោមនេះ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំពាក្យ និងឃ្លាតាមរបៀបផ្សេងៗ ។ សូមពិចារណាធ្វើកិច្ចការនៅបណ្ដុំបទគម្ពីរទីមួយក្នុងថ្នាក់រៀនទាំងមូល ដោយបង្ហាញសកម្មភាពនេះឲ្យពួកគេឃើញ ។ បន្ទាប់មក សិស្សអាចធ្វើកិច្ចការនេះនៅបណ្ដុំបទគម្ពីរទីពីរ និងទីបីដោយខ្លួនពួកគេផ្ទាល់ ។ នៅពេលពួកគេបានធ្វើរួចរាល់ហើយ ពួកគេអាចចែកចាយជាមួយដៃគូ ឬថ្នាក់នូវអ្វីដែលពួកគេបានរកឃើញ និងរបៀបដែលពួកគេបានគូសចំណាំបទគម្ពីរទាំងនោះ ។
សូមអានការពិពណ៌នារបស់អាលម៉ា អំពីអ្វីដែលលោកបានជួបប្រទះ និងទទួលអារម្មណ៍ក្នុងអំឡុងពេលបីថ្ងៃដែលលោកមិនអាចផ្លាស់ទីនៅក្នុងបណ្ដុំបទគម្ពីរខាងក្រោម ។ សូមពិចារណាគូសចំណាំអ្វីដែលបានផ្ដល់យោបល់ឲ្យ ។
-
អាលម៉ា ៣៦:១២–១៦ ៖ ពាក្យ ឬឃ្លាដែលពិពណ៌នាពីរបៀបដែល អាលម៉ាបានទទួលអារម្មណ៍អំពីអំពើបាបរបស់លោក
-
អាលម៉ា ៣៦:១៧–១៨ ៖ ពាក្យ ឬឃ្លាដែលបង្ហាញពីអ្វីដែលអាលម៉ាបានចងចាំ ហើយបានធ្វើដែលបាននាំឲ្យលោកផ្លាស់ប្តូរបាន
-
អាលម៉ា៣៦:១៩–២១ ៖ ពាក្យ ឬឃ្លាដែលពិពណ៌នាអំពីអាលម៉ា ដែលមានអារម្មណ៍ថាអ្វីមួយប្រឆាំង ឬផ្ទុយគ្នានឹងអ្វីដែលលោកធ្លាប់បានជួបប្រទះនៅពេលចាប់ផ្ដើមដំបូង
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលពួកគេបានសម្គាល់ឃើញ ឬបានស្វែងយល់ នៅពេលដែលពួកគេបានសិក្សា ខទី ១២–២១ ។ បើចាំបាច់ សូមពិចារណាសួរសំណួរដូចជា « តើអ្នកបានសម្គាល់ឃើញមានអ្វីខ្លះតាមរយៈការប្រៀបធៀបអារម្មណ៍របស់អាលម៉ា ពីមុន និងក្រោយពេលមានការផ្លាស់ប្តូររបស់លោក ? » អ្នកក៏អាចសួរសំណួរមួយចំនួនដូចខាងក្រោមផងដែរ ។
-
តើអ្នកចាប់អារម្មណ៍នូវអ្វីខ្លះ ដែលបាននាំឲ្យមានការផ្លាស់ប្ដូររបស់អាលម៉ា ?
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចស្វែងយល់ពីបទពិសោធន៍របស់លោក ?
សេចក្ដីពិតមួយដែលយើងអាចរៀននោះគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តារំដោះយើងចេញពីការឈឺចាប់នៃអំពើបាបរបស់យើង ហើយបំពេញយើងដោយអំណរ ។
-
តើអាលម៉ាបានអញ្ជើញព្រះចេស្តានៃការរំដោះរបស់ព្រះអង្គសង្រ្គោះដោយរបៀបណា ?
សេចក្តីថ្លែងការណ៍ខាងក្រោមអាចនឹងជួយឲ្យសិស្សយល់បានបន្ថែមទៀតអំពីសេចក្តីពិតដ៏ឥតខ្ចោះនេះបាន ។ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សា ខទី ២៤–២៦ ដោយរកមើលវិធីដែលអាលម៉ាបានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
អ្នកមិនចាំបាច់ត្រូវការដឹងអ្វីគ្រប់យ៉ាងទេ មុនពេលដែលអំណាចនៃដង្វាយធួនត្រូវមានប្រសិទ្ធភាពសម្រាប់អ្នកនោះ ។ មានសេចក្តីជំនឿលើព្រះគ្រីស្ទ គឺវាចាប់ផ្តើមដំណើរការនៅថ្ងៃដែលអ្នកទូលសួរ ! ( ប៊យដ៍ ខេ ផាកកឺ « Washed Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ១០ )
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅពេលយើងសារភាពអំពើបាបយើងដោយស្មោះត្រង់ ស្ដារអ្វីដែលយើងអាចធ្វើទៅបានចំពោះអ្នកដែលអាក់អន់ចិត្ត ហើយលះបង់អំពើបាបរបស់យើងដោយការរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងកំពុងស្ថិតក្នុងដំណើរការទទួលបានការអភ័យទោសហើយ ។ យូរៗទៅ យើងនឹងមានអារម្មណ៍ថាទុក្ខព្រួយរបស់យើងបានធូរស្រាល ដោយ « បានដកយកទោសចេញពីក្នុងចិត្តយើង » ហើយនាំមកនូវ « សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ។ ( នែល អិល អាន់ឌើរសិន « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )
-
តើការយល់ដឹងអ្វីខ្លះដែលអ្នកបានទទួលពីសេចក្តីថ្លែងការណ៍បន្ថែមទាំងនេះ ?
វាអាចមានប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ជំនួយពីព្រះយេស៊ូវគ្រីស្ទអាចចាប់ផ្តើមនៅគ្រាដែលយើងទូលសូម ក៏ប៉ុន្តែដំណើរការប្រែចិត្ត និងអារម្មណ៍ទទួលបានការអភ័យទោសអាចនឹងមានសន្សឹមៗបន្តិចម្តងៗ ។
សូមពិចារណាឲ្យសិស្សពិភាក្សាគ្នាជាក្រុមតូចៗ ឬជាមួយដៃគូអំពីរបៀបដែលពួកគេត្រូវឆ្លើយតបក្នុងស្ថានភាពនានាខាងក្រោម ។
តើអ្នកនឹងនិយាយអ្វីទៅកាន់ក្មេងជំទង់ម្នាក់ដែល ៖
-
មានអារម្មណ៍សោកស្ដាយ និងឈឺចាប់យ៉ាងខ្លាំងដោយសារអំពើបាបរបស់គាត់ ឬនាង ។
-
មានអារម្មណ៍ថា អំពើបាបរបស់គាត់ ឬនាងមិនមែនជារឿងគួរឲ្យភ័យខ្លាចនោះទេ ហើយនឹងរលាយបាត់ដោយខ្លួនឯងតាមពេលវេលាដោយពុំចាំបាច់មានការប្រែចិត្តឡើយ ។
សូមឆ្លៀតពេលបន្តិចដើម្បីគិតពិចារណាពីស្ថានភាពផ្ទាល់ខ្លួនអ្នក និងរបៀបដែលមេរៀនថ្ងៃនេះអាចនឹងអនុវត្តនៅក្នុងជីវិតអ្នក ។ សូមពិចារណារឿងមួយដែលអ្នកអាចនឹងធ្វើនៅថ្ងៃនេះ ដើម្បីងាកទៅរកព្រះអង្គសង្គ្រោះ ហើយយាងអញ្ជើញព្រះចេស្តានៃការសង្គ្រោះរបស់ទ្រង់ឲ្យយាងមកនៅក្នុងជីវិតអ្នក ។
សូមពិចារណាចែកចាយទីបន្ទាល់អ្នកអំពីរបៀបដែលអ្នកទទួលបានពរដោយព្រះចេស្តានៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ និងទំនុកចិត្តរបស់អ្នកចំពោះព្រះរាជបំណងប្រាថ្នារបស់ទ្រង់ក្នុងការនាំមកនូវសេចក្តីសុខសាន្ត និងអំណរនៅក្នុងជីវិតរបស់សិស្ស ។