« អាលម៉ា ១៩ ៖ ‹ ព្រះពាហុរបស់ទ្រង់ បានហុចទៅឲ្យមនុស្សទាំងអស់ ដែលនឹងប្រែចិត្ត ហើយជឿ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៩
« ព្រះពាហុរបស់ទ្រង់ បានហុចទៅឲ្យមនុស្សទាំងអស់ ដែលនឹងប្រែចិត្ត ហើយជឿ »
នៅពេលអ្នកគិតអំពីការចែកចាយដំណឹងល្អជាមួយអ្នកដទៃ តើអ្នកធ្លាប់មានអារម្មណ៍ថា មានមនុស្សមួយចំនួនដែលទំនងជាមិនធ្លាប់ទទួលយកការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែរឬទេ ? តើអ្នកគិតថា ព្រះវរបិតាសួគ៌មានទស្សនៈយ៉ាងណាចំពោះមនុស្សទាំងនេះ ? ចេញពីបទពិសោធន៍ផ្សព្វផ្សាយសាសនារបស់អាំម៉ូនជាមួយនឹងពួកសាសន៍លេមិន យើងឃើញថា ព្រះអម្ចាស់កំពុងរៀបចំដួងចិត្តមនុស្សគ្រប់ស្រទាប់វណ្ណៈដើម្បីទទួលដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកយល់ថា ព្រះអម្ចាស់ស្រឡាញ់មនុស្សទាំងអស់ ហើយមានព្រះទ័យឲ្យពួកគេមករកទ្រង់ ។
ការគោរពជំនឿ និងយោបល់របស់អ្នកដទៃ ។ សូមព្យាយាមបង្កើតបរិយាកាសមួយដែលមនុស្សគោរពជំនឿ និងគំនិតរបស់អ្នកដទៃ ។ សូមលើកទឹកចិត្តសិស្សឲ្យស្តាប់ ហើយព្យាយាមយល់ពីមូលហេតុដែលអ្នកដទៃអាចជឿខុសពីពួកគេ ។ សូមជួយសិស្សឲ្យរៀនទទួលស្គាល់ជំនឿរបស់អ្នកដទៃ និងអនុវត្តការចែកចាយជំនឿរបស់ពួកគេដោយចិត្តសប្បុរស និងការពិចារណា ។ ការអនុវត្តនេះអាចរៀបចំពួកគេឲ្យចែកចាយដំណឹងល្អជាមួយអ្នកដទៃដោយការគោរព ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា អាលម៉ា ១៩ ហើយរកមើលឥទ្ធិពលដែលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះមានលើពួកសាសន៍លេមិន ដែលអាំម៉ូនបានបង្រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ទង់មតិខ្លួនឯង
សូមបង្ហាញការស្ទង់មតិខាងក្រោម ហើយផ្តល់ឲ្យសិស្សនូវពេលវេលាដើម្បីឆ្លើយដោយការគិតគូរ និងពិតប្រាកដ ។ បើមិនមែនជារឿងផ្ទាល់ខ្លួនពេកទេ សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ ។
វាយតម្លៃខ្លួនអ្នកនៅលើរង្វាស់ពី ១–៥ លើរបៀបដែលអ្នកគិតថា អ្នកទំនងជានឹងអញ្ជើញមនុស្សដូចតទៅនេះឲ្យរៀនបន្ថែមអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទខ្លាំងប៉ុនណា ។
-
បុគ្គលម្នាក់ដែលអ្នកស្គាល់បានបង្ហាញចំណាប់អារម្មណ៍លើសាសនាចក្រ
-
មិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ដែលជាទូទៅធ្វើតាមបទដ្ឋាននៃដំណឹងល្អរួចហើយ ប៉ុន្តែមិនទាន់ក្លាយជាសមាជិកនៅឡើយ
-
មិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ដែលមិនធ្វើតាមបទដ្ឋាននៃដំណឹងល្អ
-
បុគ្កលម្នាក់ដែលអ្នកស្គាល់ បានបដិសេធការអញ្ជើញពីមុនរបស់អ្នកផ្សេងទៀត ដើម្បីស្វែងយល់បន្ថែមអំពីដំណឹងល្អ
សូមពិចារណាពីមូលហេតុដែលអ្នកឆ្លើយតាមរបៀបដែលអ្នកបានធ្វើ ។
-
តើគំនិតផ្ទាល់ខ្លួនរបស់យើងអំពីអ្នកដទៃអាចប៉ះពាល់ដល់ការខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អយ៉ាងដូចម្ដេច ?
នៅពេលពួកបុត្រារបស់ម៉ូសាយចាប់ផ្ដើមបេសកកម្មរបស់ពួកទ្រង់ទៅកាន់សាសន៍លេមិន មនុស្សជាច្រើនបានសើចចំអកនឹងពួកទ្រង់ ហើយសង្ស័យថា តើពួកទ្រង់នឹងទទួលបានជោគជ័យក្នុងចំណោមមនុស្សទុច្ចរិតបែបនេះដែរឬទេ ( សូមមើល អាលម៉ា ២៦:២៣–២៥ ) ។ ទោះយ៉ាងណាក៏ដោយ អាំម៉ូន និងបងប្អូនរបស់ទ្រង់ពិតជាបានទទួលបទពិសោធន៍ជោគជ័យមែន ។ អ្នកអាចចាំថា បន្ទាប់ពីអាំម៉ូនបានបង្រៀនដំណឹងល្អដល់ស្ដេចឡាម៉ូណៃ ស្ដេចបានជឿពាក្យរបស់អាំម៉ូន បានអធិស្ឋានសូមសេចក្ដីមេត្ដាករុណា ហើយបានដួលទៅលើដី ខណៈដែលព្រះវិញ្ញាណបានគ្របដណ្តប់លើទ្រង់ ( សូមមើល អាលម៉ា ១៨:៤០–៤៣ ) ។
ថ្ងៃនេះ អ្នកនឹងរៀនអំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងគ្រួសាររបស់ឡាម៉ូណៃ បន្ទាប់ពីអាំម៉ូនបានបង្រៀនស្តេច ។ នៅពេលអ្នកសិក្សា សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នកយល់កាន់តែច្បាស់ ពីរបៀបដែលព្រះវរបិតាសួគ៌ទតមើលបុត្រាបុត្រីរបស់ទ្រង់ រួមទាំងអ្នកដែលហាក់ដូចជាមិនអាចទទួលយកដំណឹងល្អបានដែរ ។
អាំម៉ូនបានបន្តបង្រៀនគ្រួសាររបស់ឡាម៉ូណៃ
គោលបំណងមេរៀនផ្នែកនេះគឺដើម្បីជួយសិស្សសិក្សាព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុង អាលម៉ា ១៩ និងរកឲ្យឃើញគោលការណ៍ដែលបានបង្រៀននៅក្នុង ខទី ៣៦ ។ អ្នកអាចពិចារណាប្រើវិធីសាស្ត្រផ្សេងៗពីវិធីដែលបានរាយក្នុងផ្នែកនេះ ដើម្បីជួយសិស្សសិក្សាជំពូកនេះមុននឹងរកឲ្យឃើញគោលការណ៍នេះ ។
ឧទាហរណ៍ ៖ អ្នកអាចបង្ហាញជំពូកនេះជាការអានឮៗ ដែលអ្នកជ្រើសរើសសិស្សប្រាំមួយនាក់ ហើយផ្តល់ផ្នែកមួយដល់សិស្សនីមួយៗ ។ សិស្សម្នាក់អាចធ្វើជាអ្នកពោល ( ដែលនឹងអាន ខទី ១, ៦–៧, ១១–១២, ១៥, ៣៣–៣៦ ) ហើយប្រាំនាក់ទៀតអាចអានពាក្យ ឬអំពីព្រះអគ្គមហេសី ( ខទី ២, ៤–៥, ៩, ២៩–៣០ ), អាំម៉ូន ( ខទី ៣, ៦–៨, ១០, ១៤, ២២–២៣ ) ស្ដេចឡាម៉ូណៃ ( ខទី ១២–១៣, ៣១ ), អ័ប៊ីស ( ខទី ១៦–១៧, ២៨ ) និងសាសន៍លេមិនផ្សេងទៀត ( ខទី ១៨–២១, ២៤–២៧, ៣២ ) ។ វាអាចនឹងមានប្រយោជន៍ធ្វើកិច្ចការទាំងនេះមុនពេលចាប់ផ្តើមថ្នាក់ ដើម្បីសិស្សអាចសម្គាល់ខគម្ពីរដែលពួកគេនឹងអាន ។
វិធីសាស្រ្តមួយផ្សេងទៀតអាចជាការចាក់វីដេអូ « Ammon Serves and Teaches King Lamoni » ចាប់ពីនាទីទី ១៥:១៨ ដល់នាទីទី ២៣:០៤ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ពិពណ៌នាអំពីព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុង ១៩:១–៣៦ ។ សិស្សអាចផ្ទៀងតាមក្នុងព្រះគម្ពីររបស់ពួកគេ ពេលពួកគេមើលវីដេអូ ។
នៅពេលព្រះអគ្គមហេសីនៃសាសន៍លេមិនបានដឹងពីការចូលទិវង្គតរបស់ស្វាមីព្រះនាង នោះព្រះនាងបានចាត់គេឲ្យទៅអាំម៉ូន ដើម្បីព្រះនាងអាចថ្លែងទៅកាន់អាំម៉ូន ( សូមមើល អាលម៉ា ១៩:១–៣ ) ។
សូមអាន អាលម៉ា ១៩:៤–១៧ ដោយរកមើលអ្វីដែលព្រះអគ្គមហេសី និងអ្នកដទៃបានជួបប្រទះ បន្ទាប់ពីបាននិយាយជាមួយអាំម៉ូន ។ អ្នកក៏ប្រហែលជាចង់មើល « Ammon Serves and Teaches King Lamoni » ចាប់ពីនាទីទី ១៥:១៨ ដល់នាទីទី ២០:០៦ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ។
-
តើយើងរៀនអ្វីខ្លះអំពីព្រះអគ្គមហេសីមកពីខគម្ពីរទាំងនេះ ?
-
តើឡាម៉ូណៃបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទអំឡុងពេលបីថ្ងៃមុន ?
-
ហេតុអ្វីអ្នកគិតថា ចំណេះដឹងនេះបាននាំឲ្យឡាម៉ូណៃមានអំណរយ៉ាងនេះ ?
បន្ទាប់ពីបានប្រមូលអ្នកឯទៀតឲ្យចូលដំណាក់ស្តេច អ័ប៊ីសជាអ្នកបម្រើរបស់ព្រះអគ្គមហេសី មានការភ្ញាក់ផ្អើល និងសោកសៅនៅពេលដែលប្រជាជនចាប់ផ្តើមឈ្លោះប្រកែកគ្នាអំពីមូលហេតុដែលស្តេច និងអ្នកផ្សេងទៀតដេកនៅលើដីដូចជាស្លាប់ ( សូមមើល អាលម៉ា ១៩:១៨–២៨ ) ។
សូមអាន អាលម៉ា ១៩:២៩–៣៦ ដោយរកមើលអ្វីដែលអ័ប៊ីសបានធ្វើនៅក្នុងគ្រាឈ្លោះទាស់ទែងគ្នានេះ និងអ្វីដែលបានកើតឡើងក្នុងចំណោមពួកសាសន៍លេមិននៅពេលក្រោយ ។ អ្នកក៏ប្រហែលជាចង់មើល « Ammon Serves and Teaches King Lamoni » ចាប់ពីនាទីទី ២០:០៧ ដល់នាទីទី ២៣:០៤ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ។
-
តើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានជះឥទ្ធិពលអ្វីខ្លះដល់ប្រជាជនលេមិនជាច្រើននាក់ដែលបានជ្រើសរើសជឿ ?
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះអម្ចាស់ដែលមរមនបានបង្រៀនក្នុង ខទី ៣៦ បន្ទាប់ពីចែកចាយដំណើររឿងនេះ ?
ព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់មនុស្សទាំងអស់ដើម្បីមករកទ្រង់
ចេញពីពាក្យសម្តីរបស់មរមននៅក្នុង ខទី ៣៦ យើងរៀនថា ព្រះពាហុរបស់ព្រះអម្ចាស់បានហុចដល់មនុស្សទាំងអស់ដែលនឹងប្រែចិត្ត ហើយជឿលើព្រះនាមរបស់ទ្រង់ ។ សូមពិចារណាគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
ក្នុងបរិបទនេះ ព្រះពាហុរបស់ព្រះអម្ចាស់ដែលបានហុច រួមបញ្ចូលទាំងសេចក្ដីមេត្តាករុណា និងព្រះទ័យរបស់ទ្រង់ក្នុងការអត់ទោស ។
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យឃើញពីភាពពិតនៃគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតរបស់អ្នកដទៃ ?
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលមិនផ្ទាល់ខ្លួនពេក ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយដែរ ។
វាក៏អាចមានប្រយោជន៍ផងដែរ ក្នុងការចំណាយពេលស្វែងរកឧទាហរណ៍ពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានបង្ហាញពីព្រះទ័យរបស់ទ្រង់ ក្នុងការឈោងទៅរកមនុស្សពីគ្រប់ស្រទាប់វណ្ណៈ ដើម្បីជួយពួកគេមករកទ្រង់ ។ ក្នុងចំណោមឧទាហរណ៍ផ្សេងទៀតជាច្រើន មានឧទាហរណ៍ខ្លះនៃវគ្គបទគម្ពីរដែលអ្នកអាចណែនាំសិស្សឲ្យបញ្ចូលបាន ម៉ាថាយ ៩:១០–១៣; ម៉ាកុស ៥:២៥–៣៤; លូកា ៥:១៨–២៥; និង យ៉ូហាន ៨:២–១១ ។ អ្នកក៏អាចសុំសិស្សឲ្យសិក្សាផងដែរនូវ នីហ្វៃទី២ ២៦:៣៣ ហើយអញ្ជើញពួកគេឲ្យភ្ជាប់ខគម្ពីរនេះជាមួយ អាលម៉ា ១៩:៣៦ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
ជួនកាល យើងអាចសម្រេចចិត្តដោយមិនត្រឹមត្រូវថា បុគ្គលម្នាក់នឹងមិនចាប់អារម្មណ៍នឹងដំណឹងល្អដោយសារតែរូបរាងរបស់មនុស្សនោះ ឬអ្វីដែលគាត់បានធ្វើកាលពីអតីតកាល ។ សូមចំណាយពេលបន្តិចដើម្បីស្រមៃមើលថានរណាម្នាក់កំពុងស្ថិតក្នុងស្ថានភាពនេះ ។ នេះអាចជាបុគ្គលជាក់លាក់ម្នាក់ដែលអ្នកស្គាល់ ឬអ្នកគ្រាន់តែអាចគិតអំពីមនុស្សដែលសមនឹងការពិពណ៌នានេះជាទូទៅ ។
អ្នកអាចសុំឲ្យសិស្សគូររូបមនុស្សក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដែលតំណាងឲ្យមនុស្សដែលបានពិពណ៌នានៅក្នុងកថាខណ្ឌមុន ។ ពួកគេអាចកត់ត្រាចម្លើយរបស់ពួកគេទៅនឹងសំណួរខាងក្រោមពីក្រោមរូបមនុស្សដែលពួកគេបានគូរ ។ បន្ទាប់មកពិភាក្សាអំពីអ្វីដែលសិស្សបានសរសេរ ។
-
តើព្រះមានព្រះទ័យយ៉ាងណាចំពោះបុគ្គលនេះ ?
-
តើការយល់ដឹងអំពីព្រះទ័យរបស់ព្រះចំពោះបុគ្គលនេះមានឥទ្ធិពលយ៉ាងណា ចំពោះអារម្មណ៍របស់អ្នកលើពួកគេ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្តីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ហើយលើកទឹកចិត្តសិស្សឲ្យព្យាយាមមើលអ្នកដទៃឲ្យកាន់តែដូចព្រះទតមើលពួកគេ ។