« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣—‹ ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង › ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង »
នៅក្នុងការសិក្សារបស់អ្នកអំពី អាលម៉ា ៧:១–១៣ អ្នកបានរៀនខ្លះៗអំពីអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ ដែលជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ដើម្បី « ទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណា » ( អាលម៉ា ៧:១២ ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៧:១១–១៣ ពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជីវិតជាក់ស្តែង ។
សូមជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេ ។ការរៀនអំពីដំណឹងល្អដែលនាំទៅរកការប្រែចិត្តជឿ តម្រូវឲ្យអ្នកសិក្សាអនុវត្តសេចក្តីជំនឿ និងការខិតខំយ៉ាងខ្លាំង ។ សូមជួយសិស្សយល់ថា បទពិសោធន៍ថ្នាក់សិក្ខាសាលារបស់ពួកគេភាគច្រើនអាស្រ័យលើពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេផ្ទាល់ សូមផ្តល់ឱកាសឲ្យពួកគេធ្វើដូច្នេះ និងបង្ហាញទំនុកចិត្តថា ពួកគេនឹងទទួលបានជោគជ័យ ។
ការរៀបចំសិស្ស ៖ សូមពិចារណាឲ្យសិស្សសញ្ជឹងគិតដោយការអធិស្ឋាន នូវអ្វីដែលពួកគេអាចធ្វើបានដើម្បីទទួលបានជំនួយ និងកម្លាំងដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យតាមរយៈដង្វាយធួនរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « អាលម៉ា ៧:១–១៣ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៧:១១–១៣ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៧:១១–១៣ គឺ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ សូមពិចារណាគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់អ្នក បើអ្នកមិនទាន់បានធ្វើដូច្នេះទេ ។
ដើម្បីជួយសិស្សឲ្យទន្ទេញចាំសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះ សូមពិចារណាអញ្ជើញពួកគេឲ្យសូត្រឃ្លាទាំងនោះទៅវិញទៅមកជាមួយដៃគូ រហូតទាល់តែអ្នកទាំងពីរអាចសូត្រឡើងវិញបានយ៉ាងងាយស្រួលតាមការចងចាំ ។
បន្ទាប់មក អាចប្រើឯកសារខាងក្រោមដើម្បីផ្តល់ឱកាសដល់សិស្សពន្យល់អំពីគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនេះ ។
នៅក្នុងមេរៀនមុន អ្នកបានរៀនពី អាលម៉ា ៧:១១–១៣ ថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ដើម្បីជួយសង្រ្គោះអ្នកពីអំពើបាប និងសេចក្តីស្លាប់ និងដើម្បីជួយអ្នកឲ្យឆ្លងកាត់ឧបសគ្គនៃជីវិតរមែងស្លាប់ ។
ឧបមាថា មិត្តម្នាក់បានផ្ញើសារមកអ្នកអំពីអ្វីមួយពិបាកដែលពួកគេកំពុងឆ្លងកាត់ ។ អ្នកគិតថា សារលិខិតនៅក្នុង អាលម៉ា ៧:១១–១៣ នឹងមានប្រយោជន៍សម្រាប់មិត្តភក្តិរបស់អ្នក ប៉ុន្តែបារម្ភថា ពួកគេនឹងមិនអានវាទេ បើអ្នកគ្រាន់តែផ្ញើសេចក្តីយោងបទគម្ពីរនោះ ។
-
តើអ្នកនឹងសង្ខេប អាលម៉ា ៧:១១–១៣ តាមរបៀបដែលអាចជួយមិត្តរបស់អ្នកឆ្លងកាត់ការលំបាករបស់ពួកគេដោយរបៀបណា ?
សូមពិចារណាផ្តល់ពេលវេលាដល់សិស្សដើម្បីសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមុន ។ នៅពេលពួកគេបានបញ្ចប់ សូមឲ្យអ្នកស្ម័គ្រចិត្តពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។ សិស្សក៏អាចចែកចាយចម្លើយរបស់ពួកគេជាមួយដៃគូ ឬជាក្រុមតូចៗផងដែរ ។
រៀនអនុវត្ត
សូមសួរសិស្សថា តើពួកគេនឹកឃើញពីគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណទេ ។ បើពួកគេមិនអាចនឹកឃើញទេ សូមអញ្ជើញពួកគេឲ្យធ្វើតាមការណែនាំក្នុងកថាខណ្ឌបន្ទាប់ ។
សូមស្វែងរកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមសរសេរគោលការណ៍ទាំងនេះជាចំណងជើង នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយទុកចន្លោះរវាងចំណងជើង ដើម្បីអ្នកអាចឆ្លើយសំណួរអំពីវានៅពេលក្រោយនៅក្នុងមេរៀន ។
សូមពិចារណាអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា ៧:១១–១៣ អាចជួយក្នុងស្ថានភាពប្រឌិដ្ឋខាងក្រោម ។
សូមពិចារណាបង្ហាញស្ថានភាពប្រឌិដ្ឋខាងក្រោម ដើម្បីសិស្សអាចមើលស្ថានភាពនេះពេញមួយមេរៀនដែលនៅសល់ ។ បើចាំបាច់ សូមពិចារណាកែសម្រួលស្ថានភាពប្រឌិដ្ឋ ដើម្បីបញ្ចូលស្ថានភាពដែលទាក់ទងនឹងសិស្សរបស់អ្នកបំផុត ។
ចាប់តាំងពីឪពុកម្តាយរបស់ភីធើរបានលែងលះគ្នាកាលពីប៉ុន្មានឆ្នាំមុន គាត់មានអារម្មណ៍ថា ជីវិតរបស់គាត់កាន់តែលំបាកទៅៗ ។ គាត់បានជួបការលំបាកនៅសាលារៀន ហើយមិត្តភក្តិរបស់គាត់មួយចំនួនហាក់ដូចជាមិនរាប់រកគាត់ច្រើនដូចដែលពួកគេធ្លាប់ធ្វើនោះទេ ។ ភាគច្រើន ភីធើរ ក៏ឈប់ទៅព្រះវិហារ ឈប់អានព្រះគម្ពីរ និងឈប់អធិស្ឋានទៅព្រះដែរ ។ ថ្ងៃមួយ ភីធើរ បានប្រាប់មិត្តភក្តិម្នាក់អំពីទុក្ខលំបាករបស់គាត់ ។ គាត់បាននិយាយថា « ខ្ញុំចង់ឲ្យអ្វីៗប្រសើរឡើង ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវងាកទៅណាទេ ។ ខ្ញុំមានអារម្មណ៍ឯកោ ហើយជាប់គាំងក្នុងស្ថានភាពរបស់ខ្ញុំ » ។
សូមស្រមៃថា អ្នកគឺជាមិត្តភក្តិដែលភីធើរ កំពុងនិយាយជាមួយ ហើយគាត់ក៏បានសុំដំបូន្មានពីអ្នក អំពីរបៀបយកឈ្នះលើស្ថានភាពលំបាករបស់គាត់ដែរ ។ សូមប្រើការបង្រៀននៅក្នុង អាលម៉ា ៧:១១–១៣ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយភីធើរដោះស្រាយបញ្ហាប្រឈមរបស់គាត់ ។
មានរបៀបជាច្រើនដែលសិស្សអាចបំពេញសកម្មភាពរៀនអនុវត្ត ។ របៀបមួយគឺសិក្សា អាលម៉ា ៧:១១–១៣ និង កថាខណ្ឌទី ៥–៨, ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដោយស្វែងរកការបង្រៀនដែលអាចមានប្រយោជន៍ដល់ភីធើរ ។ បន្ទាប់មកសិស្សអាចចែកចាយការយល់ដឹងជាមួយថ្នាក់រៀន ជាដៃគូ ឬជាក្រុមតូចៗ ។
សំណួរ និងធនធានខាងក្រោមអាចមានប្រយោជន៍ក្នុងការពិភាក្សារបស់ពួកគេ ។ អ្នកមិនចាំបាច់ប្រើធនធាន និងសំណួរទាំងអស់នេះទេ ពួកវាគឺជាឧទាហរណ៍នៃអ្វីដែលសិស្សអាចពិចារណា នៅពេលពួកគេធ្វើការតាមរយៈស្ថានភាពប្រឌិដ្ឋនេះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអាន កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នកយល់ឃើញថាមានប្រយោជន៍ ។
-
តើអ្នកអាចបង្រៀនភីធើរអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ដែលអាចជួយភីធើរធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
-
តើភីធើរអាចធ្វើអ្វីខ្លះដើម្បីទទួលបានជំនួយដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានបាន ?
ពិនិត្យមើលគោលគំនិត ឬសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
សូមអាន កថាខណ្ឌទី ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុងឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ ពិចារណាគូសចំណាំអ្វីដែលអ្នកយល់ឃើញថាមានប្រយោជន៍
-
តើអ្នកគិតថាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យភីធើរ គិតអំពីស្ថានភាពរបស់គាត់ដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា វានឹងមានប្រយោជន៍សម្រាប់ភីធើរក្នុងការមើលឃើញស្ថានភាពរបស់គាត់ជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដែលត្រូវបានតែងតាំងដោយទេវភាពប្រភេទណាខ្លះ ដែលអ្នកអាចដឹកនាំភីធើរទៅរក ដែលអាចផ្តល់ឲ្យគាត់នូវជំនួយដែលគាត់ត្រូវការ ?
ប្រភពដ៏សំខាន់មួយដែលត្រូវបានតែងតាំងដោយទេវភាពដែលអាចជួយក្នុងស្ថានភាពនេះគឺ អាលម៉ា ៧:១១–១៣ ។ សូមអានខគម្ពីរទាំងនេះឡើងវិញដោយរកមើលការបង្រៀនដែលអាចមានប្រយោជន៍សម្រាប់ភីធើរ ។
-
តើអ្នកចង់ឲ្យភីធើរ យល់ និងទទួលអារម្មណ៍យ៉ាងណាពីខគម្ពីរទាំងនេះ ?
-
តើអ្នកអាចគិតអំពីវគ្គបទគម្ពីរផ្សេងទៀតដែលបង្រៀនពីអ្វីដែលព្រះវរបិតាសួគ៌អាចនឹងសព្វព្រះទ័យឲ្យ ភីធើរ ដឹងដែរឬទេ ?
នៅពេលសិស្សធ្វើរួចរាល់ហើយ សូមពិចារណាអញ្ជើញពួកគេឲ្យគិតអំពីស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដែលពួកគេត្រូវការជំនួយពីព្រះអង្គសង្គ្រោះ ។ អ្នកអាចសុំឲ្យពួកគេគិតអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា ៧:១១–១៣ អាចជួយពួកគេឲ្យទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ពួកគេ ។ សិស្សអាចកត់ត្រាគំនិតទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សកម្មភាពរំឭកឡើងវិញខាងក្រោមនេះគប្បីប្រើប្រាស់នៅក្នុងមេរៀនមួយ ដែលត្រូវបង្រៀនបន្ទាប់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសូត្រឡើងវិញនូវឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ « អាលម៉ា ៧:១១–១៣ ៖ ‹ ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង › » ទៅវិញទៅមកជាមួយដៃគូ រហូតដល់អ្នកទាំងពីរអាចសូត្រឡើងវិញបានយ៉ាងងាយស្រួលតាមការចងចាំ ។