« ម៉ូសាយ ៥:៦–១៥ ៖ ‹ ទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៥:៦–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៥:៦–១៥
« ទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ »
ឈ្មោះអាចមានអត្ថន័យដ៏អស្ចារ្យ ។ តើវាមានន័យយ៉ាងណាដែលត្រូវទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ ? ម៉ូសាយ ៥ មាននូវសេចក្ដីបញ្ចប់ពីព្រះរាជឱង្ការរបស់ស្ដេចបេនយ៉ាមីនចំពោះប្រជាជនរបស់ទ្រង់ នៅពេលដែលទ្រង់បានប្រមូលប្រជាជនឲ្យជួបជុំគ្នា ដើម្បីប្រទានឈ្មោះឲ្យពួកគេ ( សូមមើល ម៉ូសាយ ១:១១ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនអ្នក ។
ការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ព្រះអង្គសង្គ្រោះបានធ្វើជាគំរូដ៏ល្អឥតខ្ចោះនៃរបៀបដែលយើងត្រូវរស់នៅដើម្បីបានដូចជាទ្រង់ ។ នៅពេលអ្នកជួយសិស្សឲ្យស្វែងយល់ពីព្រះបន្ទូល សកម្មភាព និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញពួកគេឲ្យស្វែងរករបៀបដើម្បីធ្វើតាមគំរូរបស់ទ្រង់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរ « តើការទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនរបស់អ្នកមានន័យយ៉ាងណា ? »
សកម្មភាពរៀនសូត្រដែលអាចមាន
ឈ្មោះថ្មី
សកម្មភាពខាងក្រោមនេះគឺជារបៀបមួយដើម្បីជួយសិស្សរៀបចំខ្លួនរៀនអំពីការទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ ។ ប្រសិនបើសិស្សណាម្នាក់អាចមានអារម្មណ៍ប៉ះពាល់អំពីគំនិតស្តីពីកុមារកំព្រា ឬកូនចិញ្ចឹម សូមពិចារណាសកម្មភាពជំនួស ។
សូមស្រមៃថា កុមារកំព្រាដែលគ្មានអ្នកណាជួយ ឬមើលថែពួកគេដែលនៅទីបំផុតបានជួបនឹងគ្រួសារដែលមានសេចក្ដីស្រឡាញ់ និងគ្រួសារដែលរឹងមាំបានសុំពួកគេទៅចិញ្ចឹម ។
-
តើមានហេតុផលអ្វីខ្លះដែលកុមារកំព្រាអាចនឹងត្រូវបានគេសុំយកទៅចិញ្ចឹម និងដាក់ឈ្មោះគ្រួសារថ្មីរបស់ពួកគេ ?
-
តើពរជ័យអ្វីខ្លះដែលម្តាយ និងឪពុកថ្មីរបស់ពួកគេអាចផ្តល់ឲ្យដែលកុមារកំព្រាមិនអាចផ្តល់ឲ្យដោយខ្លួនឯងបាន ?
-
តើកុមារកំព្រាអាចមានអារម្មណ៍យ៉ាងណាចំពោះគ្រួសារថ្មីរបស់ពួកគេ ?
នៅក្នុងព្រះរាជឱង្ការដ៏អស្ចារ្យរបស់ទ្រង់ចំពោះប្រជាជនទ្រង់ ស្ដេចបេនយ៉ាមីនបានមានបន្ទូលថា « យើងចង់ឲ្យអ្នករាល់គ្នាទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ » ( ម៉ូសាយ ៥:៨ ) ហើយត្រូវបានហៅថា « កូនចៅនៃព្រះគ្រីស្ទ » ( ម៉ូសាយ ៥:៧ ) ។ ប្រជាជនរបស់ស្តេចបេនយ៉ាមីនខ្លះជាសាសន៍នីហ្វៃ ហើយអ្នកខ្លះទៀតជាកូនចៅរបស់មូលេក ។ ស្តេចបេនយ៉ាមីនមានព្រះទ័យចង់ឲ្យប្រជាជនទាំងអស់រួបរួមគ្នាក្រោមឈ្មោះតែមួយដូចក្នុងគ្រួសារ ។
នៅពេលអ្នកសិក្សាព្រះគម្ពីរនៅថ្ងៃនេះ សូមសញ្ជឹងគិតពីវិធីដែលអ្នកអាចនឹងដូចជាក្មេងកំព្រាក្នុងស្ថានភាពខាងលើ ហើយព្រះអម្ចាស់ដូចជាឪពុកម្ដាយថ្មី ។
សូមពិចារណាគូរតារាងខាងក្រោមនេះនៅលើក្ដារខៀន ។ អ្នកអាចចាត់សិស្សជាគូៗ ហើយចាត់សិស្សម្នាក់ៗនូវជួរឈរមួយ ។
|
ពរជ័យនៃការទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះអង្គសង្រ្គោះ |
របៀបដែលខ្ញុំយកព្រះនាមព្រះអង្គសង្គ្រោះដាក់លើខ្លួនខ្ញុំ |
|---|---|
សូមរំឭកថា នៅក្នុង ម៉ូសាយ ៥:១–៥ ប្រជាជនបានថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់បានធ្វើ « ការផ្លាស់ប្ដូរយ៉ាងធំ » នៅក្នុងពួកគេ ហើយថាពួកគេ « យល់ព្រមចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះ … ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ » ( ម៉ូសាយ ៥:២, ៥ ) ។
សុំឲ្យសិស្សអាន ម៉ូសាយ ៥:៦–១០ ដោយប្រុងប្រយ័ត្ន ហើយសរសេរអ្វីទាំងអស់ដែលពួកគេរកឃើញទាក់ទងនឹងអ្វីៗក្នុងជួរឈររបស់ពួកគេ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយជាមួយគ្នាទៅវិញទៅមក ហើយរួមបញ្ចូលការឆ្លើយតបរបស់ពួកគេនៅលើក្ដារខៀន ។ វាអាចជាប្រយោជន៍ក្នុងការប្រាប់សិស្សថា ព្រះហស្តស្តាំរបស់ព្រះបង្ហាញការពេញចិត្តជានិមិត្តរូប ហើយព្រះហស្តឆ្វេងតំណាងឲ្យការមិនពេញចិត្ត ។
ប្រសិនបើសិស្សមិនចែកចាយចម្លើយចំពោះសំណួរខាងក្រោមតាមធម្មតាទេ សូមពិចារណាសួរពួកគេ ៖
-
តើអ្នកចង់បានពរជ័យអ្វីខ្លះក្នុងជីវិតរបស់អ្នកដែលមានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ? ( សូមពិចារណាប្រើឃ្លាដែលអ្នកបានរកឃើញពីព្រះរាជឱង្ការរបស់ស្តេចបេនយ៉ាមីន ដើម្បីឆ្លើយសំណួរនេះ ) ។ ហេតុអ្វីអ្នកចង់បានពរជ័យទាំងនេះ ?
-
តើព្រះអង្គសង្គ្រោះអាចប្រៀបប្រដូចជាឪពុកម្ដាយដែលស្រឡាញ់យើងយ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់សួរសំណួរតាមដានដូចជា « តើព្រះអង្គសង្គ្រោះធ្វើឲ្យយើងមានសេរីភាពតាមរបៀបណា ? » « ហេតុអ្វីវាមានប្រយោជន៍ក្នុងការដឹងថា ‹ គ្មាននាមឯណាផ្សេងទៀត … នាំមកនូវសេចក្តីសង្រ្គោះ ? › »
-
យោងតាមស្ដេចបេនយ៉ាមីន តើប្រជាជនបានក្លាយជាកូនចៅរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច ឬបានយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនគេយ៉ាងដូចម្តេច ?
របៀបដែលយើងទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ
សេចក្តីពិតមួយដែលយើងអាចរៀនពីស្តេចបេនយ៉ាមីនគឺថា នៅពេលយើងចុះ និងរក្សាសេចក្តីសញ្ញាទាំងឡាយ នោះយើងប្រែក្លាយជាបុត្រាបុត្រីរបស់ព្រះគ្រីស្ទ និងទទួលដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយដើម្បីបញ្ជាក់ពីរបៀបដែលយើងទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ ។
ដោយធ្វើតាមគំរូព្រះគម្ពីរ មនុស្សទាំងឡាយណាដែលទទួលបុណ្យជ្រមុជទឹកជាសាក្សីនៅចំពោះមុខសាសនាចក្រ « ពួកគេប្រាកដជាបានប្រែចិត្តចំពោះអំពើបាបរបស់ពួកគេទាំងអស់ ហើយយល់ព្រមលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត » ។ ( គ&ស ២០:៣៧; សូមមើលផងដែរ នីហ្វៃទី២ ៣១:១៣; មរ៉ូណៃ ៦:៣ ) ។ នៅពេលយើងទទួលទានសាក្រាម៉ង់ នោះយើងបន្តសេចក្ដីសញ្ញានេះ និងសេចក្ដីសញ្ញាផ្សេងទៀតទាំងអស់ដែលយើងបានធ្វើនៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ។ ( ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨០ )
-
តើការចុះ និងការរក្សាសេចក្ដីសញ្ញាបាននាំអ្នកខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?
ដើម្បីជួយអ្នកឲ្យបន្តយល់កាន់តែស៊ីជម្រៅអំពីការទទួលយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ សូមអាន ម៉ូសាយ ៥:១១–១៣ , ១៥ ដោយស្វែងរកដំបូន្មានបន្ថែមពីស្តេចបេនយ៉ាមីនអំពីទទួលយកព្រះនាមព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនអ្នក ។
អ្នកប្រហែលជាចង់មើលវីដេអូ « Name of Christ » ( ៣:៥១ ) ដែលមាននៅលើ ChurchofJesusChrist.orgដើម្បីទទួលបានគំនិតបន្ថែមអំពីអត្ថន័យនៃការទទួលយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួនអ្នក ។
សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងដែលពួកគេទទួលបានពីខគម្ពីរ និងវីដេអូនេះ ។ សូមពិចារណាសួរសំណួរតាមដានដូចតទៅនេះ ៖ « តើអ្នកគិតថា ការមានព្រះនាមរបស់ព្រះគ្រីស្ទចារិកនៅក្នុងដួងចិត្តរបស់អ្នកមានន័យដូចម្ដេច ? ( សូមមើល ម៉ូសាយ ៥:១១–១២ ) ។ « តើពរជ័យអ្វីខ្លះកើតឡើងចំពោះអ្នកដែលមានព្រះនាមនៃព្រះគ្រីស្ទចារិកនៅក្នុងដួងចិត្តរបស់ពួកគេ ? » « តើការទទួលយកព្រះនាមរបស់ព្រះគ្រីស្ទដាក់លើខ្លួនអ្នកទាំងគំនិត និងទង្វើប្រចាំថ្ងៃរបស់អ្នក ជំរុញអ្នកឲ្យធ្វើជាសិស្សកាន់តែល្អរបស់ទ្រង់ដោយរបៀបណា ? »
សូមគិតអំពីគំរូដែលអ្នកបានឃើញក្នុងជីវិតរបស់អ្នកអំពីមនុស្សដែលបានយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួន ។
-
តើពួកគេធ្វើអ្វីដែលបង្ហាញថា ពួកគេទទួលយកព្រះនាមទ្រង់មកដាក់លើខ្លួនគេ ?
-
តើសាក្រាម៉ង់អាចដើរតួនាទីអ្វីខ្លះក្នុងការជួយយើងធ្វើកិច្ចការនេះឲ្យបានកាន់តែប្រសើរ ?
ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយសិស្សវាយតម្លៃថា តើពួកគេបានយកព្រះនាមព្រះអម្ចាស់មកក្នុងដួងចិត្តពួកគេបានល្អប៉ុនណា សូមពិចារណាឲ្យពួកគេសញ្ជឹងគិតដោយស្ងៀមស្ងាត់នូវចំណុចខាងក្រោមនេះ ៖
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចបង្ហាញថា អ្នកបានយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួនអ្នក ?
-
តើពរជ័យអ្វីខ្លះបានកើតឡើងដោយការទទួលយកព្រះនាមរបស់ព្រះគ្រីស្ទ ?
សូមពិចារណាពីគំនិត និងចំណាប់អារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកបានសិក្សាថ្ងៃនេះ ។ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួលយកព្រះនាមរបស់ព្រះគ្រីស្ទមកដាក់លើខ្លួនអ្នកកាន់តែពេញលេញ ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពលើអ្វីដែលពួកគេមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើ ។ សូមពិចារណាពីការចែកចាយពីរបៀបដែលការទទួលយកព្រះនាមរបស់ព្រះគ្រីស្ទមកដាក់លើខ្លួនអ្នកជះឥទ្ធិពលលើជីវិតរបស់អ្នក ។