« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៨–៩—‹ អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៨–៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ៣២:៨–៩
« អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច »
នៅក្នុងមេរៀនមុន « នីហ្វៃទី២ ៣២:៨–៩ » អ្នកបានរៀនថា ប្រសិនបើយើងអធិស្ឋានជានិច្ច នោះព្រះវរបិតាសួគ៌នឹងញែកកិច្ចការរបស់យើង សម្រាប់ជាសុខុមាលភាពដល់ព្រលឹងយើង ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ៣២:៨–៩ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
ការលើកទឹកចិត្តសិស្សឲ្យអធិស្ឋាន ។សូមលើកទឹកចិត្តសិស្សឲ្យអធិស្ឋានជារៀងរាល់ថ្ងៃ ដើម្បីបង្ហាញការដឹងគុណអស់ពីចិត្ត និងដើម្បីស្វែងរកជំនួយក្នុងពេលមានតម្រូវការ ( សូមមើល នីហ្វៃទី ៣ ១៨:១៩ ) ។ សិស្សនឹងស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ នៅពេលពួកគេយល់ និងអនុវត្តគោលការណ៍នៃការអធិស្ឋាន ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលគ្រាមួយនៅក្នុងជីវិតរបស់ពួកគេ ឬជីវិតរបស់នរណាម្នាក់ដែលពួកគេស្គាល់ នៅពេលការអធិស្ឋានដោយស្មោះសរបានជួយពួកគេឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « នីហ្វៃទី២ ៣២:៨–៩ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ នីហ្វៃទី២ ៣២:៨–៩ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
សូមជួយសិស្សឲ្យទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ៣២:៨–៩ ។ សូមលើកទឹកចិត្តសិស្សរបស់អ្នកឲ្យពិចារណាទន្ទេញ វគ្គចំណេះចំណានខាងគោលលទ្ធិឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ប៉ុន្តែមិនតម្រូវនោះទេ ។ កម្មវិធីចំណេះចំណានខាងគោលលទ្ធិអាចជួយពួកគេក្នុងការទន្ទេញចាំ ។
សូមរំឭកសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ « នីហ្វៃទី២ ៣២:៨–៩ » និងឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ សូមបង្កើតរឿងខ្លីមួយ ដើម្បីភ្ជាប់លេខនីមួយៗនៅក្នុងបទគម្ពីរយោងទៅឃ្លាគន្លឹះ—ឧទាហរណ៍ « អែដឌី បានអធិស្ឋាន ៣២ ម៉ោងក្នុងមួយថ្ងៃ » ។ វាមិនអីទេ ប្រសិនបើអ្វីដែលអ្នកបង្កើតមិនសមហេតុផលនោះ ។ ចំណុចសំខាន់គឺការជួយអ្នកឲ្យភ្ជាប់សេចក្តីយោងទៅឃ្លាបទគម្ពីរគន្លឹះ ។
សូមជួយសិស្សពន្យល់គោលលទ្ធិដែលបានបង្រៀននៅក្នុង នីហ្វៃទី២ ៣២:៨–៩ ។ សូមប្រាកដថា ត្រូវផ្តល់ឱកាសដល់សិស្សម្នាក់ៗ ដើម្បីអនុវត្តការពន្យល់អំពីគោលលទ្ធិ ។ ប្រសិនបើសិស្សធ្វើការជាគូ សិស្សគ្រប់រូបនឹងអាចអនុវត្តបានដោយមិនចាំបាច់មានសកម្មភាពដែលចំណាយពេលក្នុងថ្នាក់ច្រើនពេកទេ ។ អ្នកអាចប្រើស្ថានភាព និងការណែនាំខាងក្រោម ឬប្រើស្ថានភាពដែលអ្នកបានកែសម្រួល ឬបង្កើត ។
សូមស្រមៃថា អ្នកកំពុងនិយាយជាមួយមិត្តម្នាក់ដែលមានអារម្មណ៍មិនស័ក្ដិសមដើម្បីអធិស្ឋាន ។ សូមប្រើឃ្លាមកពី នីហ្វៃទី២ ៣២:៨–៩ ដើម្បីជួយពួកគេឲ្យយល់ពីមូលហេតុដែលយើងត្រូវការអធិស្ឋានជានិច្ច ។ សូមបញ្ចូលនៅក្នុងការពន្យល់របស់អ្នកនូវអ្វីដែលអ្នកគិតថា វាជាអត្ថន័យនៃការអធិស្ឋានជានិច្ច ។
រៀនអនុវត្ត
សូមបង្ហាញ ឬឲ្យសិស្សរំឭកគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសគោលការណ៍មួយ ហើយសរសេរឲ្យបានច្រើនតាមដែលពួកគេអាចចងចាំអំពីវាក្នុងរយៈពេលមួយនាទី ។ ដើម្បីមើលថាតើពួកគេអាចបន្ថែមអ្វីថែមទៀត នោះពួកគេអាចប្រៀបធៀបអ្វីដែលពួកគេបានសរសេរជាមួយសិស្សម្នាក់ទៀត ដែលបានរំឭកគោលការណ៍ដូចគ្នា ឬពួកគេអាចប្រៀបធៀបវាជាមួយ កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
នៅពេលបញ្ចប់ការរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមឲ្យសិស្សសរសេរនៅលើក្ដារខៀននូវកង្វល់ ឬសំណួរដែលមនុស្សអាចមានអំពីការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ បន្ទាប់មក សូមឲ្យពួកគេម្នាក់ៗជ្រើសរើសកង្វល់ ឬសំណួរមួយ ហើយអនុវត្តដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីរៀបចំការឆ្លើយតបចំពោះកង្វល់នោះ ។ ប្រសិនបើចាំបាច់ អ្នកអាចបញ្ចូលសំណួរដែលមាននៅពេលក្រោយក្នុងមេរៀន ដើម្បីជួយណែនាំសិស្សក្នុងការសិក្សារបស់ពួកគេ ។
ម្យ៉ាងវិញទៀត អ្នកអាចប្រើវិធីមួយក្នុងចំណោមវិធីខាងក្រោមដើម្បីជួយសិស្សអនុវត្ត ។
-
សូមអញ្ជើញសិស្សឲ្យជ្រើសរើសបញ្ហាប្រឈមមួយដែលមាននៅលើក្ដារខៀន ហើយបង្កើតជាស្ថានភាពអំពីយុវវ័យម្នាក់ ដែលមានបញ្ហាប្រឈមនេះ ។ សិស្សអាចដាក់ឈ្មោះបុគ្គលនេះ ប្រាប់ហេតុផលដែលពួកគេមិនអធិស្ឋាន និងបន្ថែមព័ត៌មានលម្អិតពាក់ព័ន្ធផ្សេងៗទៀត ។
-
សូមចែកចាយស្ថានភាពខាងក្រោម ហើយឲ្យសិស្សប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីឆ្លើយតប ៖ មិត្តម្នាក់ផ្ញើសារមកអ្នកថា « កាលខ្ញុំកំពុងស្តាប់សុន្ទរកថាក្នុងព្រះវិហារ ខ្ញុំបានដឹងថា ផ្ទុយពីការជួយខ្ញុំឲ្យមានទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ នោះការអធិស្ឋានរបស់ខ្ញុំបានក្លាយជាទម្លាប់ទៅវិញ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទទួលបានចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំទៀតទេ ។ ខ្ញុំចាប់ផ្ដើមបារម្ភអំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះខ្ញុំ ។ ខ្ញុំចង់បានទំនាក់ទំនងនោះមកវិញម្តងទៀត ។ ខ្ញុំសង្ឃឹមថាយើងអាចនិយាយគ្នានៅថ្ងៃស្អែក ហើយប្រហែលជាអ្នកអាចជួយខ្ញុំរកឃើញអ្វីដែលត្រូវធ្វើ » ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីដែលអ្នកនឹងប្រើដើម្បីឆ្លើយតប ?
សូមប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ដើម្បីជួយអ្នករៀបចំការឆ្លើយតប ។ អ្នកអាចផ្ញើសារទៅឪពុកម្តាយ ឬថ្នាក់ដឹកនាំសាសនាចក្រ ដោយសូមជំនួយសម្រាប់ចម្លើយដែលអាចមាន ។ អ្នកក៏អាចស្វែងរកបទគម្ពីរ ឬឯកសារនៅលើ ChurchofJesusChrist.org ។, សម្រាប់កង្វល់មួយចំនួន នោះសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) អាចជួយបាន ៖
វាមិនសំខាន់ថា តើអ្នក ឬខ្ញុំមានអារម្មណ៍ចង់អធិស្ឋានឬអត់នោះទេ នៅគ្រាអធិស្ឋានកើតឡើង នោះសូមអធិស្ឋាន ។ ប្រសិនបើយើងមិនមានអារម្មណ៍ដូចនោះទេ យើងគួរតែអធិស្ឋានរហូតដល់យើងមានអារម្មណ៍បែបនោះ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៤៥ )
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលទាក់ទងនឹងសំណួរ ឬកង្វល់នេះ ?
-
តើសេចក្តីពិតដ៏អស់កល្បអ្វីដែលចេញពី នីហ្វៃទី២ ៣២:៨–៩ អាចជួយនរណាម្នាក់សម្រាប់សំណួរ ឬកង្វល់នេះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើអ្នកនឹងផ្តល់យោបល់អ្វីខ្លះដល់បុគ្គលនេះឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
-
តើអ្នកនឹងអញ្ជើញបុគ្គលនេះឲ្យចងចាំអ្វីខ្លះ ដែលអាចជួយពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីរបៀបដែលការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានជួយពួកគេឆ្លើយតប ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើគោលការណ៍ទាំងនេះនៅពេលអនាគត នៅពេលមានសំណួរ ឬកង្វល់កើតឡើងចំពោះពួកគេ ឬអ្នកដទៃផ្សេងទៀត ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
ក្នុងអំឡុងពេលមេរៀនបន្ទាប់ សូមចំណាយពេលមិនលើសពីប្រាំនាទីដើម្បីរំឭកសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះ « នីហ្វៃទី២ ៣២:៨–៩ ៖ ‹ អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច › » ។ វិធីមួយដើម្បីរំឭកគឺបង្ហាញរូបភាពនៃនរណាម្នាក់កំពុងអធិស្ឋាន ហើយសូមឲ្យសិស្សរកនឹកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ នៅពេលពួកគេមើលរូបភាព ។