« នីហ្វៃទី២ ៣១:១–១៣ ៖ ‹ ធ្វើតាមគំរូនៃព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅនោះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៣១:១–១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៣១:១–១៣
« ធ្វើតាមគំរូនៃព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅនោះ »
តើមានវិធីអ្វីខ្លះដែលយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ? នីហ្វៃបានបង្រៀនថា ការធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយការទទួលបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ គឺសំខាន់ចំពោះការបានសង្គ្រោះនៅក្នុងនគររបស់ព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងពន្យល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក និងពរជ័យដែលកើតចេញពីបុណ្យជ្រមុជទឹក ។
ការធ្វើទីបន្ទាល់ជាញឹកញាប់ ។ទីបន្ទាល់របស់អ្នកអាចបង្កើនសេចក្ដីជំនឿដល់សិស្សរបស់អ្នក ហើយជួយពួកគេអភិវឌ្ឍទីបន្ទាល់របស់ពួកគេ ។ សូមរកមើលឱកាសដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយនិយាយអំពីទ្រង់ដោយការគោរព ការដឹងគុណ និងការស្រឡាញ់ជាខ្លាំង ។ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានជួយអ្នកមករកព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យគិតពីរបៀបដែលពួកគេនឹងពន្យល់ពីមូលហេតុដែលមនុស្សម្នាក់ចង់ទទួលបុណ្យជ្រមុជទឹក ។ ពួកគេអាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ឬពីរនាក់ពីមូលហេតុដែលពួកគេជ្រើសរើសធ្វើពិធីបុណ្យជ្រមុជទឹក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយការទទួលបុណ្យជ្រមុជទឹក
សកម្មភាពខាងក្រោមអាចជួយសិស្សគិតអំពីគោលបំណងនៃពិធីបុណ្យជ្រមុជទឹក និងរបៀបដែលពិធីបុណ្យជ្រមុជទឹកជួយយើង ។
សូមស្រមៃថា មិត្តរបស់អ្នក អេដា បានជួបជាមួយអ្នកផ្សព្វផ្សាយសាសនាចក្រ ហើយពិតជារីករាយនឹងបទពិសោធន៍នេះណាស់ ។ នាងកំពុងអានព្រះគម្ពីរមរមន ហើយរីករាយនឹងអ្វីដែលនាងកំពុងរៀន ។ ថ្មីៗនេះ អ្នកផ្សព្វផ្សាយសាសនាបានអញ្ជើញនាងឲ្យទទួលបុណ្យជ្រមុជទឹក ។ មួយថ្ងៃបន្ទាប់ពីការអញ្ជើញ អេដាប្រាប់អ្នកអំពីរឿងនេះ ហើយនិយាយថា « ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ប៉ុន្តែក៏ឆ្ងល់ថាហេតុអ្វីបានជាវាសំខាន់ខ្លាំងណាស់ ប្រសិនបើខ្ញុំព្យាយាមធ្វើជាមនុស្សល្អហើយនោះ ។ តើបុណ្យជ្រមុជទឹកមានសារៈសំខាន់យ៉ាងណា ? »
-
តើអ្នកមានអារម្មណ៍ថា អ្នកអាចឆ្លើយសំណួររបស់ អេដា តាមរបៀបមួយដែលជួយនាងយល់ពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹកដែរឬទេ ? ហេតុអ្វីអាច ឬហេតុអ្វីមិនអាច ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកសេចក្ដីពិតដែលជួយអ្នកយល់បន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ និងមូលហេតុដែលការធ្វើតាមគំរូរបស់ទ្រង់អំពីពិធីបុណ្យជ្រមុជទឹកសំខាន់ខ្លាំងម៉្លេះ ។ សូមសញ្ជឹងគិតពីរបៀបដែលវាមានឥទ្ធិពលលើជីវិតរបស់អ្នក និងអ្នកទាំងឡាយដែលអ្នកស្គាល់ ។ នៅចុងបញ្ចប់នៃមេរៀននេះ អ្នកនឹងមានឱកាសឆ្លើយតបទៅនឹងសំណួរសំខាន់របស់ អេដា ។
នៅពេលនីហ្វៃខិតកាន់តែជិតដល់ការបញ្ចប់នៃសំណេររបស់លោកនៅលើផ្ទាំងចំណារតូច លោកចង់និយាយអំពី « គោលលទ្ធិនៃព្រះគ្រីស្ទ » ។ សូមពិចារណាគូសចំណាំឃ្លានេះនៅក្នុង នីហ្វៃទី២ ៣១:២ និង នីហ្វៃទី២ ៣១:២១ ។
ពិធីបុណ្យជ្រមុជទឹកគឺជាធាតុផ្សំដ៏សំខាន់នៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
-
តើអ្នកដឹងអ្វីខ្លះអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ?
សូមស្តាប់សម្តីរបស់សិស្សដោយយកចិត្តទុកដាក់ ។ ប្រសិនបើវាមានប្រយោជន៍ អ្នកអាចឲ្យសិស្សធ្វើកិច្ចការមួយក្នុងចំណោមកិច្ចការខាងក្រោមនេះ ដើម្បីរំឭកពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ។
-
សូមអាន ម៉ាថាយ ៣:១៣–១៧ ។
-
សូមមើល « The Baptism of Jesus » ( ២:៥៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org.
2:57 -
សូមមើលកុមារៗពន្យល់អំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះនៅក្នុង « Baptism » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:១៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org.
3:13
ព្រះយេស៊ូវគ្រីស្ទគ្មានបាបទេ ប៉ុន្តែទ្រង់បានទទួលបុណ្យជ្រមុជទឹក ។ សូមអាន នីហ្វៃទី២ ៣១:៥–១១ ហើយរកមើលមូលហេតុដែលព្រះអង្គសង្គ្រោះបានទទួលបុណ្យជ្រមុជទឹក និងអ្វីដែលយើងរៀនអំពីទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សិស្សអាចចែកចាយការយល់ដឹងផ្សេងៗអំពីព្រះអង្គសង្គ្រោះ និងពិធីបុណ្យជ្រមុជទឹក ។ សេចក្តីពិតមួយចំនួនដែលពួកគេអាចស្វែងយល់រួមមាន ៖ ទោះបីជាគ្មានបាបក៏ដោយ ក៏ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជទឹក ដើម្បីបំពេញសេចក្តីសុចរិតទាំងអស់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការគោរពប្រតិបត្តិដែរ ។ សូមពិចារណាសរសេរនៅលើក្ដារខៀននូវគោលការណ៍ដែលសិស្សចែកចាយ ។ សូមប្រើសំណួរខាងក្រោមណាមួយ ដើម្បីពង្រឹងការយល់ដឹងរបស់សិស្សឲ្យកាន់តែស៊ីជម្រៅ ៖
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើមានប្រយោជន៍ចំពោះការពិភាក្សា សូមពិចារណាប្រើសំណួរមួយចំនួនខាងក្រោម ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ « ដោយពេញចិត្តប្រាថ្នា [ និងដោយគ្មាន ] ការលាក់ពុត ? » ( នីហ្វៃទី២ ៣១:១៣ )
-
តើព្រះវរបិតាសួគ៌ប្រទានពរជ័យអ្វីខ្លះដល់អ្នកដែលធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយស្មោះស្ម័គ្រស្តីពីពិធីបុណ្យជ្រមុជទឹក ?
ប្រសិនបើមានប្រយោជន៍ សូមពិចារណាសរសេរគោលការណ៍ណាមួយដែលសិស្សរកឃើញនៅលើក្ដារខៀន ។ នេះគឺជាឧទាហរណ៍មួយ ៖ ប្រសិនបើយើងធ្វើតាមព្រះអង្គសង្គ្រោះដោយស្មោះស្ម័គ្រតាមរយៈការជ្រមុជទឹក នោះយើងនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។
-
តើដៃគូនៃព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់អ្នកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ប្រសិនបើវានឹងជួយសិស្សឲ្យយល់បន្ថែមទៀតអំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកអាចឲ្យពួកគេមើល នីហ្វៃទី២ ៣១:១៣, ១៧ និងអាន នីហ្វៃទី២ ៣១:១៨; ៣២:៣, ៥, ៨ និង ៣៣:១ ។ សិស្សអាចសញ្ជឹងគិតអំពីតួនាទីផ្សេងៗនៃព្រះវិញ្ញាណបរិសុទ្ធ ហើយចែកចាយពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់ពួកគេ ដែលធ្វើតាមតួនាទីទាំងនេះ ។
-
តើការយល់ដឹងអ្វីខ្លះដែលអ្នករកឃើញ ?
-
តើមានអ្វីដែលអ្នកចាប់អារម្មណ៍ពី ខទី ៥ ?
-
តើព្រះយេស៊ូវបានធ្វើសាក្សី ឬសន្យាថា ទ្រង់នឹងធ្វើអ្វីដោយការទទួលបុណ្យជ្រមុជទឹក ? ( សូមមើល នីហ្វៃទី២ ៣១:៧) ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះចំពោះបទបញ្ញត្តិរបស់ព្រះវរបិតា និងចំពោះយើង ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលនឹងលើកទឹកចិត្តអ្នកឲ្យធ្វើតាមគំរូរបស់ទ្រង់ ?
ប្រសិនបើអ្នកចង់ឃើញមេរៀនដែលកុមារបានរៀនពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ សូមពិចារណាមើលវីដេអូ « Baptism » ចាប់ពីនាទីទី ១:១៣ ដល់នាទីទី ៣:១៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org.
នីហ្វៃបានបន្តនៅក្នុងកំណត់ត្រារបស់លោក ដើម្បីថ្លែងទីបន្ទាល់អំពីពរជ័យនៃការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្តីពីពិធីបុណ្យជ្រមុជទឹក ។ ដើម្បីជួយអ្នករកឃើញពរជ័យទាំងនេះ សូមអាន នីហ្វៃទី២ ៣១:១២–១៣, ១៧ ។ ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីពិធីបុណ្យជ្រមុជទឹក សូមពិចារណាសិក្សាខគម្ពីរមួយចំនួនខាងក្រោម ៖ យ៉ូហាន ៣:៣, ៥; កិច្ចការ ២:៣៨; អាលម៉ា ៧:១៤; នីហ្វៃទី៣ ១១:៣៣–៣៤, ៣៧ ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀន សូមសរសេរកថាខណ្ឌមួយទៅឲ្យអេដា ។ ជួយនាងឲ្យយល់អំពីពិធីបុណ្យជ្រមុជទឹក និងមូលហេតុដែលនាងប្រហែលជាចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយទទួលបុណ្យជ្រមុជទឹកដូចជាទ្រង់ ។ សូមបញ្ចូលចំណុចខាងក្រោម ៖
-
យ៉ាងហោចណាស់ បទគម្ពីរពីរដែលអ្នកគិតថានឹងជួយនាង
-
របៀបដែលពិធីបុណ្យជ្រមុជទឹកនាំយើងឲ្យកាន់តែខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង
អ្នកអាចឲ្យសិស្សចែកចាយកថាខណ្ឌរបស់ពួកគេជាគូ ក្រុមតូចៗ ឬក្នុងថ្នាក់ទាំងមូល ។ វាក៏អាចមានប្រសិទ្ធភាពដែរក្នុងការអញ្ជើញសិស្សម្នាក់ឲ្យឡើងមកខាងមុខក្តារខៀន ហើយដើរតួជាអេដា ។ សូមហៅសិស្សផ្សេងម្នាក់ទៀតឲ្យចែកចាយរឿងមួយដែលពួកគេបានរៀបចំដើម្បីជួយអេដា ។ បន្ទាប់មកសួរថា តើមានអ្នកណាចង់បន្ថែមអ្វីផ្សេងទៀតទេ ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយ ។ សូមរកមើលវិធីដើម្បីលើកទឹកចិត្តសិស្សឲ្យផ្តោតលើព្រះអង្គសង្គ្រោះ ក៏ដូចជាចែកចាយបទពិសោធន៍ និងគំនិតរបស់ពួកគេផ្ទាល់ផងដែរ ។ នៅពេលសកម្មភាពនៅតែបន្ត សូមអញ្ជើញសិស្សដែលដើរតួជាអេដា ឲ្យចែកចាយពីអារម្មណ៍របស់នាង និងសួរសំណួរណាមួយដែលគាត់អាចមាន ។ សូមបន្តរហូតដល់សិស្សមានអារម្មណ៍ថា ពួកគេជួយអេដាបាន ។
-
សូមពិចារណាពីការកោតសរសើរចំពោះជម្រើសដែលសិស្សបានធ្វើ ដើម្បីទទួលបុណ្យជ្រមុជទឹក ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក និងទីបន្ទាល់របស់អ្នកអំពីពិធីបុណ្យជ្រមុជទឹកផងដែរ ។
-
គំនិត បទពិសោធន៍ ឬទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីពិធីបុណ្យជ្រមុជទឹក និងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ
ដើម្បីបញ្ចប់មេរៀននេះ សូមគិតអំពីអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ ។ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះពិធីបុណ្យជ្រមុជទឹករបស់អ្នក ? តើអ្នកអាចធ្វើអ្វីដើម្បីបន្តធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ? តើអ្នកអាចជួយអ្នកដទៃឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយទទួលបុណ្យជ្រមុជទឹកដោយរបៀបណា ? សូមពិចារណាសរសេរគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។