« នីហ្វៃទី២ ២៩ ៖ ទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៩
ទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត
មនុស្សជាច្រើនជឿថា ព្រះគម្ពីរប៊ីបជាព្រះបន្ទូលរបស់ព្រះ ។ ទោះយ៉ាងណាក៏ដោយ មិនមែនពួកគេទាំងអស់គ្នាសុខចិត្តទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ទៅលើព្រះបន្ទូលដែលពួកគេមានរួចហើយនោះទេ ។ នីហ្វៃបានព្យាករណ៍ថា នៅថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន ដោយសារពួកគេមានព្រះគម្ពីរប៊ីបរួចហើយ ។ ព្រះអម្ចាស់មានព្រះទ័យឲ្យយើងដឹងថា ដំណឹងល្អរបស់ទ្រង់គឺសម្រាប់មនុស្សទាំងអស់ ហើយថាព្រះបន្ទូលរបស់ទ្រង់មិនមានកំណត់ត្រឹមតែក្នុងព្រះគម្ពីរប៊ីបឡើយ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យកាន់តែមានឆន្ទៈក្នុងការទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។
ការរៀនទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនគឺជាដៃគូព្រះគម្ពីរ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្រៀនគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះទៀត ព្រះគម្ពីរមរមនស្ដារឡើងវិញនូវសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗដែលបានបាត់បង់ពីព្រះគម្ពីរប៊ីប ។ សូមជួយសិស្សយល់ថា នៅពេលយើងសិក្សាព្រះគម្ពីរមរមន នោះវាអាចបញ្ជាក់ពីការយល់ដឹងរបស់យើងអំពីគោលលទ្ធិនៅក្នុងព្រះគម្ពីរប៊ីប ។
ការរៀបចំសិស្ស សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេកំពុងធ្វើ ដើម្បីទទួលបានការប្រាស្រ័យទាក់ទងពីព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមមានឆន្ទៈក្នុងការទទួលបានការយល់ដឹងកាន់តែច្រើន
សូមស្រមៃថា អូលីវើរ នៅអាយុ ១៥ ឆ្នាំ បានសម្រេចចិត្តថា ព័ត៌មាន និងបច្ចេកវិទ្យាទាំងអស់ដែលមានសម្រាប់លោកនៅពេលនោះជាអ្វីដែលលោកត្រូវការជារៀងរហូត ។
ប្រសិនបើចាំបាច់ សូមពិចារណាកែសម្រួលឆ្នាំនៅក្នុងសំណួរខាងក្រោម ដើម្បីឲ្យវាកាន់តែទាក់ទងជាមួយសិស្សរបស់អ្នក ។
-
តើ អូលីវើរ នឹងបាត់បង់អ្វី ប្រសិនបើលោកសម្រេចចិត្តបែបនេះក្នុងឆ្នាំ ១៩៥០ ? តើព័ត៌មាន ឬបច្ចេកវិទ្យាអ្វីខ្លះដែលមានតាំងពីពេលនោះ ?
-
តើស្ថានភាពនេះទាក់ទងនឹងការរៀនសេចក្ដីពិតខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគិតអំពីពរជ័យអ្វីខ្លះមកពីការមានឆន្ទៈ ឬចង់រៀនពីព្រះ ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន សូមគិតអំពីអ្វីដែលសេចក្តីថ្លែងការណ៍នេះអាចមានន័យសម្រាប់អ្នក ។
ឱ មានរឿងជាច្រើនទៀតដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកដឹង ។ ដូចដែលអែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « ចំពោះអ្នកដែលមានភ្នែកមើលឃើញ និងត្រចៀកអាចស្តាប់បាន នោះច្បាស់ណាស់ថា ព្រះវរបិតា និងព្រះរាជបុត្រាកំពុងលះបង់អាថ៌កំបាំងនៃសាកលលោកនេះ ! » [ « Meek and Lowly » ( ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៨៦ ) ទំព័រ៩ speeches.byu.edu]. ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )
ដើម្បីជួយសិស្សឲ្យវាយតម្លៃការទទួលយករបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ សូមពិចារណាលើការចែកចាយសំណៅចែកខាងក្រោម ហើយឲ្យសិស្សបំពេញវារៀងៗខ្លួន ។
បំណងប្រាថ្នារបស់ខ្ញុំដើម្បីរៀនសេចក្តីពិតខាងវិញ្ញាណមកពីព្រះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន—នីហ្វៃទី២ ២៩ ៖ ទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីឥរិយាបថរបស់អ្នកអំពីការទទួលសេចក្តីពិតខាងវិញ្ញាណមកពីព្រះ ។ សូមព្យាយាមមើលអ្វីដែលអ្នកកំពុងធ្វើបានល្អ និងអ្វីដែលជាសក្តានុពលដែលអ្នកអាចកែលម្អបាន ។
-
កម្រ ៖ ១
-
ពេលខ្លះ ៖ ២
-
ជារឿយៗ ៖ ៣
-
ជានិច្ច ៖ ៤
ខ្ញុំឲ្យតម្លៃ ហើយសិក្សាទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។
ខ្ញុំស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំដោយការសិក្សាព្រះគម្ពីរទាំងឡាយ ។
ខ្ញុំខិតខំព្យាយាមរៀនពីព្រះ និងអំពីទ្រង់តាមរយៈព្រះគម្ពីរទាំងឡាយ ។
ខ្ញុំស្វែងរក ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំសិក្សាប្រសាសន៍ដែលបានថ្លែងនៅសន្និសីទទូទៅ ដើម្បីរៀនពីអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំដឹង ។
© ឆ្នាំ ២០២៤ by Intellectual Reserve, Inc. All rights reserved.
នៅពេលអ្នកសិក្សានាថ្ងៃនេះ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្តរៀនអ្វីទាំងអស់ដែលព្រះសព្វព្រះទ័យបង្រៀនអ្នក ។
ឥរិយាបថផ្សេងគ្នាចំពោះការទទួលព្រះបន្ទូលរបស់ព្រះ
នៅក្នុង នីហ្វៃទី២ ២៨–២៩ នីហ្វៃបានព្យាករណ៍អំពីឥរិយាបថដែលមនុស្សមួយចំនួននៅថ្ងៃចុងក្រោយនឹងមានអំពីការទទួលបានព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ។ សូមអាន នីហ្វៃទី២ ២៨:២៩ និង នីហ្វៃទី២ ២៩:៣ ដោយរកមើលអ្វីដែលនីហ្វៃ និងព្រះអម្ចាស់បានបង្រៀនអំពីរបៀបដែលមនុស្សមួយចំនួននឹងមានប្រតិកម្មចំពោះការទទួលព្រះគម្ពីរបន្ថែមទៀតនៅថ្ងៃចុងក្រោយ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សអាចមានចំពោះទស្សនៈនេះ ?
សូមពិចារណាបង្ហាញសកម្មភាពខាងក្រោមនេះជាមេរៀនមានប្រើវត្ថុ ។ សូមពិភាក្សាពីអ្វីដែលពែងដាក់ផ្កាប់ចុះក្រោមមិនអាចធ្វើបាន ហើយជួយសិស្សប្រៀបធៀបវាជាមួយនឹងអ្នកដែលបដិសេធព្រះគម្ពីរមរមន ។
យកពែងទទេមួយ ហើយគិតអំពីអ្វីដែលវាអាចប្រើបាន ។ ឥឡូវនេះផ្កាប់មុខវាចុះ ។ តើវានៅតែអាចប្រើបានតាមរបៀបដែលគេចង់ប្រើដែរឬទេ ? សូមប្រៀបធៀបវាជាមួយនឹងព្រះគម្ពីរមរមន និងឥទ្ធិពលរបស់ព្រះគម្ពីរមរមននៅក្នុងជីវិតរបស់នរណាម្នាក់ ។
-
តើចំណេះដឹង និងពរជ័យអ្វីខ្លះដែលអ្នកគិតថាព្រះចង់ឲ្យយើងទទួលតាមរយៈព្រះគម្ពីរមរមន ?
ក្នុងអំឡុងពេលមេរៀនដែលមានប្រើវត្ថុខាងលើ សូមផ្ងារពែង ដើម្បីជានិមិត្តរូបនៃការត្រៀមខ្លួនទទួល ។ អ្នកអាចចែកក្រដាសតូចៗឲ្យសិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សឲ្យម្នាក់ៗសរសេរយ៉ាងហោចណាស់អ្វីមួយដែលព្រះសព្វព្រះទ័យឲ្យយើងដឹង ឬទទួលតាមរយៈព្រះគម្ពីរមរមន ។ សិស្សអាចបំពេញពែងជាមួយនឹងចម្លើយរបស់ពួកគេ ។ សូមពិចារណាអានចម្លើយទាំងនេះឲ្យឮៗ ដើម្បីជួយសិស្សស្គាល់នូវពរជ័យដ៏អស្ចារ្យអ្វីខ្លះដែលមានចំពោះអ្នកដែលមានឆន្ទៈទទួលយក ។
សូមអាន នីហ្វៃទី២ ២៩:៧–១១ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យមនុស្សដែលបដិសេធព្រះគម្ពីរមរមនដឹង ។
សិស្សខ្លះអាចរកឃើញកាន់តែច្រើន ប្រសិនបើពួកគេអានជាមួយអ្នកដទៃក្នុងក្រុមតូចមួយ ។ សូមពិចារណាបំបែកសិស្សជាក្រុមដើម្បីអាន ខទី ៧–១១ ប្រសិនបើវាបំពេញតម្រូវការរបស់ពួកគេបានប្រសើរជាង ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ?
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយសេចក្តីពិតផ្សេងៗ ហើយឲ្យសិស្សពន្យល់ពីឥទ្ធិពលនៃសេចក្តីពិតទាំងនេះដែលអាចមាន ។
សេចក្តីពិតមួយដែលយើងអាចរៀនបានគឺ ព្រះទ្រង់ចងចាំមនុស្សទាំងអស់ ហើយមានព្រះបន្ទូលទៅកាន់មនុស្សគ្រប់ជាតិសាសន៍ ។
-
តើព្រះមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់នៅគ្រប់ជាតិសាសន៍តាមវិធីផ្សេងៗអ្វីខ្លះ ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យដឹងថាព្រះចងចាំអ្នក ហើយមានបន្ទូលមកកាន់អ្នក ?
សូមមើល « A Book of Mormon Story » ( ៥:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីមើលពីរបៀបដែលបុរសម្នាក់ត្រូវបានប្រទានពរដោយការទទួលយកព្រះបន្ទូលរបស់ព្រះ ។
សូមពិចារណាបញ្ចប់មេរៀនដោយឲ្យសិស្សសញ្ជឹងគិតអំពីរបៀបដែលពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះបានកាន់តែច្រើន ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺត្រូវឲ្យសិស្សបំពេញជំហានខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបំពេញជំហាននេះ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សា ។
-
សូមធ្វើបញ្ជីនៃវិធីទាំងអស់ដែលព្រះបានធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់មានសម្រាប់អ្នក ។
-
សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកមានឆន្ទៈក្នុងការទទួលព្រះបន្ទូលរបស់ព្រះតាមរយៈវិធីនីមួយៗនេះ ។ ( អ្នកអាចគូររូបពែងធម្មតាមួយនៅជិតនឹងវិធីនីមួយៗដែលអ្នកមានអារម្មណ៍ទទួលយកបំផុតក្នុងការស្តាប់ព្រះអម្ចាស់ ) ។
-
សូមសរសេរការផ្លាស់ប្តូរមួយ ឬច្រើនដែលអ្នកអាចធ្វើ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះតាមវិធីជាច្រើនទៀត ។