« នីហ្វៃទី ១ ១៧–១៨ ៖ ‹ ខ្ញុំបានសម្លឹងឆ្ពោះទៅរកព្រះរបស់ខ្ញុំ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១៧–១៨ ៖ ‹ ខ្ញុំបានសម្លឹងឆ្ពោះទៅរកព្រះរបស់ខ្ញុំ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១៧–១៨
« ខ្ញុំបានសម្លឹងឆ្ពោះទៅរកព្រះរបស់ខ្ញុំ »
យើងទាំងអស់គ្នានឹងមានការសាកល្បង និងការរងទុក្ខនៅក្នុងជីវិតរបស់យើង ។ ការសាកល្បង និងការរងទុក្ខមួយចំនួននឹងកើតឡើងជាលទ្ធផលនៃអំពើទុច្ចរិតរបស់យើងផ្ទាល់ ឬដោយគ្រាន់តែយើងរស់នៅក្នុងពិភពលោកដ៏ធ្លាក់ និងមិនល្អឥតខ្ចោះនេះ ។ ដូចដែលនីហ្វៃបានជួបប្រទះពេញដំណើររបស់លោកទៅកាន់ដែនដីសន្យា ការសាកល្បង និងការរងទុក្ខមួយចំនួនបានកើតឡើង នៅពេលអ្នកនៅជុំវិញយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ពួកគេខុស ។ ទោះបីប្រភពនៃការរងទុក្ខរបស់យើងកើតឡើងពីអ្វីក៏ដោយ ព្រះយេស៊ូវគ្រីស្ទប្រទានកម្លាំង និងការព្យាបាលដល់អស់អ្នកដែលស្វែងរកទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ស្រឡាញ់ និងដឹងគុណចំពោះព្រះអម្ចាស់ ដោយមិនគិតពីកាលៈទេសៈដែលអ្នកកំពុងប្រឈមមុខឡើយ ។
សូមស្វែងយល់ពីតម្រូវការរៀនសូត្ររបស់សិស្ស ។ សូមព្យាយាមស្វែងយល់ពីតម្រូវការរៀនសូត្ររបស់បុគ្គលម្នាក់ៗនៅក្នុងថ្នាក់របស់អ្នក ។ ការណ៍នេះនឹងជួយអ្នកឲ្យផ្តល់នូវបទពិសោធន៍រៀនសូត្រដែលបំពេញតម្រូវការរបស់ពួកគេ និងអនុញ្ញាតឲ្យបុគ្គលម្នាក់ៗសិក្សាតាមវិធីផ្សេងៗគ្នា ។ ការណ៍នេះអាចរួមបញ្ចូលទាំងការប្រើប្រាស់ជំនួយជារូបភាព ការងារជាក្រុម ឬការសិក្សារៀងៗខ្លួន ។ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលមានបញ្ហាប្រឈមក្នុងការរៀនសូត្រជាក់លាក់ណាមួយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីចែកចាយបទពិសោធន៍ដែលពួកគេមាន ដែលបានជួយពួកគេឲ្យទទួលអារម្មណ៍ស្រឡាញ់ និងដឹងគុណកាន់តែខ្លាំងចំពោះព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងប្រតិកម្មយ៉ាងណា ?
តើអ្នកធ្លាប់កត់សម្គាល់ពីរបៀបផ្សេងៗដែលជួនកាលមនុស្សមានប្រតិកម្មចំពោះស្ថានភាពស្រដៀងគ្នានេះដែរឬទេ ? សូមអានស្ថានភាពខាងក្រោម ហើយគិតអំពីរបៀបផ្សេងមួយចំនួនដែលមនុស្សនៅក្នុងស្ថានភាពទាំងនេះអាចមានប្រតិកម្ម ។
សូមប្រើស្ថានភាពខាងក្រោមនេះ ឬបង្កើតស្ថានភាពផ្សេងទៀត ដើម្បីជួយសិស្សពិភាក្សាពីរបៀបផ្សេងៗដើម្បីប្រតិកម្មចំពោះការលំបាក ឬការសាកល្បងនានា ។
ហ្គីលើម៉ូបានទៅជួបគ្រូពេទ្យភ្នែក ដោយសារតែគាត់មើលមិនសូវឃើញច្បាស់ ។ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា គាត់មានជំងឺដ៏កម្រមួយដែលនឹងធ្វើឲ្យគាត់ពិការភ្នែកទាំងស្រុងក្នុងរយៈពេលមួយឆ្នាំទៀត ។
ប្អូនប្រុសរបស់ ឡៃឡា ខឹងសម្បារ ហើយរុញនាង បណ្តាលឲ្យនាងរបួសកជើង ។ នាងត្រូវចូលប្រកួតក្នុងការប្រកួតជើងឯករបស់ក្រុមនាង ប៉ុន្តែឥឡូវនេះនាងមិនអាចរត់បានទេ ។
-
តើមានរបៀបខុសគ្នាណាខ្លះដែលមនុស្សនៅក្នុងស្ថានភាពទាំងនេះអាចនឹងមានប្រតិកម្មចំពោះស្ថានភាពលំបាករបស់ពួកគេ ?
-
តើអ្នកគិតថា មានហេតុផលអ្វីខ្លះដែលធ្វើឲ្យមនុស្សឆ្លើយតបតាមរបៀបវិជ្ជមាន ឬអវិជ្ជមានចំពោះការសាកល្បងដែលពួកគេបានជួប ?
ទស្សនវិស័យរបស់នីហ្វៃ
នៅពេលអ្នកបានសិក្សាព្រះគម្ពីរមរមន អ្នកប្រហែលជាបានកត់សម្គាល់ពីភាពខុសគ្នារវាងទង្វើ និងឥរិយាបថរបស់នីហ្វៃ បើប្រៀបធៀបនឹងទង្វើ និងឥរិយាបថរបស់លេមិន និង លេមយួល សូម្បីតែពេលពួកគេរងទុក្ខវេទនាដូចគ្នាជាច្រើនក៏ដោយ ។ សូមយកចិត្តទុកដាក់ចំពោះភាពខុសគ្នានេះ ពេលអ្នកសិក្សាខគម្ពីរខាងក្រោម ។
សម្រាប់សកម្មភាពសិក្សាខាងក្រោម សិស្សអាចអានការប្រៀបធៀបដំបូងជាមួយដៃគូ បន្ទាប់មកប្តូរដៃគូសម្រាប់ក្រុមខគម្ពីរផ្សេងទៀត ។ ស្រដៀងគ្នានេះដែរ សិស្សអាចពិភាក្សាសំណួរខាងក្រោមជាគូៗ ជាក្រុមតូចៗ ឬជាថ្នាក់ទាំងមូល មុនពេលសិក្សាព្រឹត្តិការណ៍នៅក្នុង នីហ្វៃទី ១ ១៨ ។
-
ការធ្វើដំណើរក្នុងទីរហោស្ថាន ៖សូមប្រៀបធៀបដំណើររឿងរបស់នីហ្វៃនៅក្នុង នីហ្វៃទី ១ ១៧:១–៣ ទៅនឹងអ្វីដែលលេមិន និងលេមយួល បាននិយាយក្នុង នីហ្វៃទី ១ ១៧:២០–២២ ។
-
ការសង់សំពៅ ៖សូមប្រៀបធៀបការឆ្លើយតបរបស់នីហ្វៃនៅក្នុង នីហ្វៃទី ១ ១៧:៨–៩, ១៥ ទៅនឹងប្រតិកម្មរបស់លេមិន និងលេមយួល នៅក្នុង នីហ្វៃទី ១ ១៧:១៧–១៨ ។
សូមសម្រេចចិត្តពីរបៀបល្អបំផុតក្នុងការឲ្យសិស្សចូលរួមក្នុងការពិភាក្សាអំពីអ្វីដែលពួកគេបានអាន ។ សំណួរខាងក្រោមអាចជួយក្នុងការពិភាក្សានេះ ។
-
តើអ្នកមានគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកប្រៀបធៀបពាក្យសម្តី និងសកម្មភាពរបស់នីហ្វៃជាមួយនឹងពាក្យសម្តីរបស់លេមិន និង លេមយួល ?
-
តើអ្នកសម្គាល់ឃើញអ្វីខ្លះអំពីទំនាក់ទំនងដែលបុគ្គលម្នាក់ៗមានជាមួយព្រះ ?
យើងទាំងអស់គ្នាមានពេលខ្លះដែលយើងឆ្លើយតបបានល្អចំពោះស្ថានភាពលំបាក ហើយពេលខ្លះទៀតមិនសូវល្អទេ ។ សូមគិតថា ជាទូទៅតើអ្នកប្រព្រឹត្តដូចនីហ្វៃ ឬដូច លេមិន និងលេមយួល ច្រើនជាង នៅពេលអ្នកប្រឈមមុខនឹងស្ថានភាពលំបាក ។ នៅពេលអ្នកបន្តសិក្សា សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យឆ្លើយតបតាមរបៀបវិជ្ជមានបន្ថែមទៀត នៅពេលអ្នកប្រឈមមុខនឹងការលំបាក ឬការសាកល្បងនានា ។
លីហៃ និងគ្រួសាររបស់លោកជិះសំពៅទៅកាន់ដែនដីសន្យា
បន្ទាប់ពីនីហ្វៃ និងបងប្អូនរបស់លោកបានបញ្ចប់ការសង់សំពៅ នោះព្រះអម្ចាស់បានត្រាស់បង្គាប់ដល់លីហៃ និងក្រុមគ្រួសាររបស់លោកឲ្យចាប់ផ្ដើមជិះសំពៅនោះឆ្ពោះទៅកាន់ដែនដីសន្យា ( សូមមើល នីហ្វៃទី ១ ១៨:១–៨ ) ។
សូមអាន នីហ្វៃទី ១ ១៨:៩–២១ ដោយរកមើលការលំបាកមួយចំនួនដែលបានជួបប្រទះក្នុងអំឡុងពេលធ្វើដំណើរនេះ ។ នៅពេលអ្នកសិក្សា សូមបន្តប្រៀបធៀបទង្វើ និងឥរិយាបថរបស់នីហ្វៃជាមួយនឹងទង្វើ និងឥរិយាបថរបស់ លេមិន និង លេមយួល ។ អ្នកប្រហែលជាចង់មើលវីដេអូ « Lehi’s Family Sails to the Promised Land » ចាប់ពីនាទីទី ៣:១៣ ដល់នាទីទី ១១:៣១ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីដំណើររឿងនេះ ?
-
សូមកត់សម្គាល់អ្វីដែលនីហ្វៃបានកត់ត្រានៅក្នុង ខទី ១៦ ។ ប្រសិនបើអ្នកមានឱកាសសួរលោកនូវសំណួរមួយចំនួនអំពីទង្វើរបស់លោកនៅក្នុងខគម្ពីរនេះ តើអ្នកនឹងសួរលោកអំពីអ្វី ?
-
តើអ្នកគិតថា លោកអាចឆ្លើយតបនឹងសំណួររបស់អ្នកដោយរបៀបណា ?
អែលឌើរ ឌេល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយហេតុផលមួយដែលនីហ្វៃអាចឆ្លើយតបតាមរបៀបដែលលោកបានឆ្លងកាត់ការលំបាករបស់លោក ។
ដោយសារពួកគេនៅឆ្ងាយពីព្រះអង្គសង្គ្រោះ លេមិន និង លេមយួល បានរអ៊ូរទាំ ចាប់ផ្តើមមានជម្លោះ ហើយគ្មានជំនឿ ។ ពួកគេមានអារម្មណ៍ថា ជីវិតមិនយុត្តិធម៌ ហើយថាពួកគេមានសិទ្ធិទទួលបានព្រះគុណរបស់ព្រះ ។ ផ្ទុយទៅវិញ ដោយសារគាត់បានចូលទៅជិតព្រះ នីហ្វៃច្បាស់ជាទទួលស្គាល់ថា ជីវិតនឹងមានភាពអយុត្តិធម៌បំផុតសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាគ្មានទោសអ្វីសោះ ព្រះអង្គសង្គ្រោះបានរងទុក្ខខ្លាំងបំផុត ។
កាលណាយើងខិតទៅជិតព្រះយេស៊ូវគ្រីស្ទនៅក្នុងគំនិត និងចេតនានៃដួងចិត្តរបស់យើងកាន់តែខ្លាំង នោះយើងកាន់តែដឹងគុណចំពោះការរងទុក្ខដែលគ្មានកំហុសរបស់ទ្រង់ យើងមានអំណរគុណកាន់តែច្រើនចំពោះព្រះគុណ និងការអភ័យទោស ហើយយើងកាន់តែចង់ប្រែចិត្ត ហើយប្រែក្លាយឲ្យដូចជាទ្រង់ ។ ( ឌេល ជី រិនឡាន់ « That I Might Draw All Men unto Me » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៤០ )
-
តើសេចក្ដីពិតអ្វីដែលអ្នកបានរៀនចេញពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ រិនឡាន់ ដែលអាចជួយអ្នកក្នុងការសាកល្បងរបស់អ្នក ?
សូមពិចារណាចែកចាយសេចក្តីពិតខាងក្រោមនេះ ប្រសិនបើសិស្សមិនបានរកឃើញអ្វីមួយស្រដៀងគ្នានេះដោយខ្លួនឯង ។
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញនោះគឺ ពេលយើងនៅជិតព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលអារម្មណ៍ស្រឡាញ់ និងដឹងគុណទ្រង់ សូម្បីតែក្នុងគ្រាលំបាកៗក៏ដោយ ។
-
ហេតុអ្វីអ្នកគិតថា យើងទំនងជាទទួលអារម្មណ៍ស្រឡាញ់ និងដឹងគុណព្រះយេស៊ូវគ្រីស្ទ នៅពេលយើងកាន់តែនៅជិតស្និទ្ធជាមួយទ្រង់ ?
ប្រសិនបើសិស្សអាចប្រើជំនួយក្នុងការឆ្លើយសំណួរខាងដើម សូមពិចារណាសួរសំណួរបន្ថែមដូចជា « តើព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់អ្នក ដែលធ្វើឲ្យអ្នកដឹងគុណទ្រង់ ? » ឬ « តើនៅពេលណាដែលអ្នកទទួលអារម្មណ៍ដឹងគុណជាពិសេសចំពោះព្រះអង្គសង្គ្រោះ ? »
សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញអ្នកស្ម័គ្រចិត្ដឲ្យចែកចាយគំនិតមួយចំនួនរបស់ពួកគេ ។
-
តើអ្នកអាចដឹងបានដោយរបៀបណាថា អ្នកឃ្លាតចេញពីព្រះអម្ចាស់ ? តើអ្នកអាចធ្វើអ្វីដើម្បីបិទគម្លាតនោះ ?
-
តើអ្វីបានជួយអ្នកឲ្យចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាផ្តល់ពេលដល់សិស្សដើម្បីសញ្ជឹងគិត ហើយអធិស្ឋានដោយស្ងៀមស្ងាត់អំពីអារម្មណ៍ស្និទ្ធស្នាលខ្លាំងប៉ុនណាជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលពួកគេមាន ហើយកត់ត្រាគំនិត ឬចំណាប់អារម្មណ៍ណាមួយដែលពួកគេមានអំឡុងមេរៀននេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ កថាខណ្ឌខាងក្រោមគឺជារបៀបមួយដែលអ្នកអាចធ្វើវាបាន ។