« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២ ៖ ‹ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ទំព័របុព្វកថានៃព្រះគម្ពីរមរមន
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍នានាក្នុងការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ហើយឈ្វេងយល់គោលគំនិត និងសំណួរទាំងនោះឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះព្រះតម្រិះ ។
ការយល់ដឹងអំពីតួនាទីរបស់អ្នកនៅក្នុងចំណេះចំណានខាងគោលលទ្ធិ ។កាលនិយាយទៅកាន់គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានអំពីចំណេះចំណានខាងគោលលទ្ធិ នោះប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកដប់ពីរនាក់បានបង្រៀនថា ៖ « ការផ្តួចផ្ដើមនេះ គឺបំផុសគំនិត និងចំពេលវេលា ។ វានឹងមានឥទ្ធិពលដ៏អស្ចារ្យមួយចំពោះមនុស្សវ័យក្មេងរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃចំណេះចំណានខាងគោលលទ្ធិ និងកម្មវិធីសិក្សាផ្សេងៗទៀតទាំងអស់នៅក្នុង [ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ] នឹងអាស្រ័យយ៉ាងសំខាន់ទៅលើអ្នក » ( « ឱកាស និងការទទួលខុសត្រូវរបស់គ្រូបង្រៀន ស៊ី.អ៊ី.អេស នៅក្នុងសតវត្សរ៍ទី ២១ » [ ពេលល្ងាចមួយជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] ដែលមាននៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ចំណេះដឹងដែលពួកគេមានអំពីផែនការនៃសេចក្តីសង្គ្រោះ ។ សូមពិចារណាអញ្ជើញពួកគេឲ្យទូលសួរដល់ទ្រង់ផងដែរអំពីរបៀបដែលពួកគេអាចប្រើចំណេះដឹងនោះធ្វើការណ៍ល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
នៅពេលដែលយើងជួបនឹងបញ្ហាប្រឈមក្នុងជីវិត ឬប្រឈមនឹងសំណួរដែលគ្មានចម្លើយ នោះគោលការណ៍ខាងក្រោមនេះស្ដីពីការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយយើងបាន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ព្យាយាមយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាព ។
នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
ទស្សនវិស័យដែលមានដែនកំណត់
សូមប្រើសកម្មភាពដូចតទៅនេះ ដើម្បីជួយសិស្សឲ្យពិភាក្សាពីរបៀបដែលទស្សនវិស័យ និងបរិបទមានសារៈសំខាន់ក្នុងការយល់ដឹង ៖
សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរនាក់ទៅខាងមុខក្តារខៀន ។ សូមឲ្យក្រដាសមួយសន្លឹកម្នាក់ដែលមានចោះប្រហោងតូចមួយនៅចំកណ្តាល ។ សុំឲ្យពួកគេដាក់ក្រដាសត្រឹមភ្នែកម្ខាង ហើយសួរថាតើពួកគេអាចមើលឃើញតាមប្រហោងនោះឬអត់ ។ បន្ទាប់មក ដាក់ឲ្យពួកគេលេងចាប់វត្ថុទន់មួយ ដោយមើលតាមប្រហោងក្រដាសនោះ ។ ប្រសិនបើពួកគេពិបាក សូមសួរពួកគេថាហេតុអ្វីបានជាពិបាកម្ល៉េះ ពេលពួកគេបានបញ្ជាក់រួចហើយថា ពួកគេអាចមើលឃើញនោះ ។
-
តើការណ៍នេះដូចជាការធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត ឬឆ្លើយសំណួរសំខាន់ៗដោយមានការយល់ដឹងមានកម្រិតអំពីផែនការនៃសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេច ?
ការមានទស្សនវិស័យពេញលេញជាងនេះគឺមានប្រយោជន៍នៅពេលមានទំនាក់ទំនងជាមួយពិភពលោកជុំវិញយើង ។ ដូចគ្នានេះដែរ ទស្សនវិស័យដ៏អស់កល្បអាចជួយយើង នៅពេលយើងទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមពិចារណាគូសចំណាំប្រយោគខាងក្រោមពី កថាខណ្ឌ ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ៖ ដើម្បីពិនិត្យមើលគោលគំនិត សំណួរ និងបញ្ហាសង្គមដោយទស្សនវិស័យដ៏អស់កល្បមួយ នោះយើងពិចារណាវានៅក្នុងបរិបទនៃផែនការនៃសេចក្តីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
មុនពេលសិស្សអានកថាខណ្ឌខាងក្រោម សូមអញ្ជើញពួកគេឲ្យសង្ខេបនូវអ្វីដែលពួកគេបានដឹងរួចហើយអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនេះ ។
សូមសិក្សា កថាខណ្ឌ ៨–១០ ដោយរកមើលអ្វីដែលអាចជួយអ្នកពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
សូមអញ្ជើញសិស្សឲ្យគូសចំណាំពាក្យ និងឃ្លាមួយចំនួន ហើយរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមសួរសំណួរតាមដានដើម្បីជួយពួកគេឲ្យយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ទតមើលអ្វីៗដោយទស្សនវិស័យដ៏អស់កល្ប ។ ការរៀនធ្វើបែបនេះក្នុងជីវិតរបស់យើងជួយយើងឲ្យកាន់តែដូចទ្រង់ទាំងទ្វេ ។ សំណួរខាងក្រោមនេះអាចជួយបាន ។
-
តើបញ្ហា និងសំណួរអ្វីខ្លះ ដែលអ្នកគិតថាព្រះអង្គសង្គ្រោះអាចនឹងមានព្រះតម្រិះខុសពីមនុស្សជាច្រើននៅលើផែនដីនេះ ?
-
តើការពិនិត្យមើលគោលគំនិត និងសំណួរនៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះជួយយើងឲ្យមើលឃើញអ្វីៗកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទព្រះតម្រិះយ៉ាងដូចម្ដេច ? ( សូមមើល ម៉ូសាយ ៤:៩ ) ។
-
ហេតុអ្វីវាអាចជាជំនាញដ៏សំខាន់មួយសម្រាប់អ្នកដើម្បីរៀន អនុវត្ត និងប្រើប្រាស់ក្នុងជីវិតរបស់អ្នក ?
ឧទាហរណ៍មួយដកស្រង់ពីបទគម្ពីរ
អាលម៉ាជាកូនបានបង្ហាញយើងពីរបៀបគិតពីអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ នៅពេលលោកបានឆ្លើយសំណួរពិបាកៗ ដែលកូនប្រុសរបស់លោកគឺ កូរីអានតុន បានជួបការលំបាក ។
សូមអាន អាលម៉ា ៤០:១; ៤២:១ ដោយរកមើលកង្វល់ពីរដែល កូរីអានតុន មាន ។ សូមពិចារណារៀបរាប់ពីកង្វល់របស់គាត់ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
ឥឡូវនេះសូមអានចំណងជើងជំពូកសម្រាប់ អាលម៉ា ៤០; ៤១; ៤២ ដើម្បីមើលសេចក្ដីសង្ខេបនៃអ្វីដែល អាលម៉ា បានបង្រៀន កូរីអានតុន នៅពេលគាត់បានដោះស្រាយកង្វល់របស់គាត់ ។ សូមរកមើលចំណុចផ្សេងៗនៃផែនការនៃសេចក្តីសង្គ្រោះ ដែលអាលម៉ាបានបង្រៀន ។
-
តើអ្នកបានឃើញចំណុចអ្វីខ្លះនៃផែនការនេះ ?
-
តើការណ៍នេះអាចជួយ កូរីអានតុន មើលឃើញពីកង្វល់របស់គាត់ពីទស្សនវិស័យដ៏អស់កល្បមួយដោយរបៀបណា ?
ការកែសម្រួលឡើងវិញ
សូមធ្វើជារាងស៊ុមរូបថតដោយប្រើម្រាមដៃចង្អុល និងមេដៃរបស់អ្នក ។ សូមជ្រើសរើសអ្វីមួយនៅក្នុងបន្ទប់ធ្វើជាប្រធានបទនៃរូបភាពរបស់អ្នក ។
-
តើអ្នកបានសម្រេចចិត្តដាក់បញ្ចូលអ្វីខ្លះនៅក្នុងស៊ុមរបស់អ្នក ? ហេតុអ្វី ?
-
តើអ្នកបានដកអ្វីខ្លះចេញពីរូបភាពរបស់អ្នក ? ហេតុអ្វី ?
ដូចគ្នានឹងរូបភាពដែរ សំណួរទាំងឡាយក៏មានស៊ុម ឬបរិបទផងដែរ ។ ស៊ុមអាចតំណាងឲ្យជំនឿ និងការសន្មតរបស់បុគ្គលណាម្នាក់ ដែលនាំឲ្យពួកគេយល់ឃើញចំពោះសំណួរទាំងឡាយតាមវិធីជាក់លាក់មួយ ។ ពេលខ្លះជំនឿ និងការសន្មតទាំងនោះគឺផ្អែកលើការយល់ខុស ឬអ្វីមួយដែលមិនពិត ។ ក្នុងករណីទាំងនោះ វាអាចជួយកែសម្រួលវាឡើងវិញបាន ។ ការកែសម្រួលឡើងវិញ គឺនៅពេលដែលយើងពិនិត្យមើលជំនឿ ឬការសន្មតទាំងនោះនៅក្នុងបរិបទនៃផែនការនៃសេចក្តីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ដោយសារតែចំណេះដឹងរបស់យើងអំពីផែនការនេះ និងសេចក្តីពិតផ្សេងទៀតដែលថាព្រះបានបើកសម្តែង នោះយើងចាប់ផ្តើមជាមួយនឹងការសន្មតដែលខុសពីអស់អ្នកដែលគ្មានចំណេះដឹងដូចយើង ។ ជាលទ្ធផល យើងធ្វើការសន្និដ្ឋានផ្សេងៗអំពីប្រធានបទសំខាន់ៗជាច្រើន ដែលមនុស្សដទៃគ្រាន់តែវិនិច្ឆយតាមមតិផ្ទាល់ខ្លួនគេអំពីជីវិតរមែងស្លាប់នេះប៉ុណ្ណោះ ។ ( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ពេលល្ងាចមួយជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ដែលមាននៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
សូមស្រមៃថាអ្នកមានមិត្តភក្តិម្នាក់ឈ្មោះ អេដ្រាយ ដែលបានសួរថា « ប្រសិនបើពិតជាមានព្រះដ៏ពេញដោយសេចក្ដីស្រឡាញ់ ហេតុអ្វីទ្រង់អនុញ្ញាតឲ្យមនុស្សរងទុក្ខ ? »
អ្នកអាចចង់មើលវីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីឧទាហរណ៍អំពីរបៀបដែលការព្រួយបារម្ភនេះអាចត្រូវបានកែសម្រួលឡើងវិញ ។
វាអាចមានប្រយោជន៍ក្នុងការផ្អាកវីដេនេះអូម្តងម្កាល ដើម្បីអនុញ្ញាតឲ្យសិស្សអនុវត្តការកែសម្រួលសំណួររបស់ អេដ្រាយ ។ ខាងក្រោមនេះគឺជាកូដនាទី និងសំណួរពីរដែលគេបានផ្តល់ជាយោបល់ ។
-
១:១២ ៖ តើការសន្មត ឬជំនឿផ្សេងទៀតអ្វីខ្លះដែលនាំឲ្យ អេដ្រាយ សួរសំណួរនេះ ?
2:56 -
១:៥៧ ៖ តើការពិតអ្វីខ្លះដែលអ្នកដឹងថាអាចដោះស្រាយការសន្មត ឬជំនឿដែលនៅពីក្រោយសំណួររបស់ អេដ្រាយ ?
2:56
សំណួរដូចខាងក្រោមនេះអាចប្រើដើម្បីជួយអ្នកមើលថា តើសិស្សយល់យ៉ាងណាពីជំនាញនៃការកែប្រែនេះ ។
-
ហេតុអ្វីអ្នកគិតថា វាមានប្រយោជន៍ក្នុងការគិតអំពីជំនឿ ឬការសន្មតដែលអាចមានឥទ្ធិពលលើសំណួររបស់ អេដ្រាយ អំពីព្រះ ?
-
តើបរិបទនៃអ្វីដែលយើងដឹងអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់អនុញ្ញាតឲ្យយើងមើលឃើញសំណួរនោះខុសគ្នាយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយសំណួរពិបាកៗតាមរយៈការកែសម្រួលឡើងវិញ? តើអ្នកមានសំណួរ ឬកង្វល់អ្វីខ្លះអំពីវា ប្រសិនបើមាន ?
ប្រសិនបើមានពេល សូមពិចារណាអនុញ្ញាតឲ្យសិស្សអនុវត្តជំនាញនៃការកែសម្រួលឡើងវិញជាមួយនឹងសំណួរ ឬកង្វល់របស់ពួកគេផ្ទាល់ ។ សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដើម្បីទទួលបានគំនិតផ្សេងៗអំពីរបៀបដែលវាអាចធ្វើបាន ។
សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៃការមើលបញ្ហា ឬកង្វល់ដោយប្រើទស្សនវិស័យដ៏អស់កល្បមួយ ។
អ្នកនឹងមានឱកាសជាច្រើនដើម្បីអនុវត្តការកែសម្រួលឡើងវិញនៅក្នុងថ្នាក់សិក្ខាសាលា និងក្នុងជីវិតរបស់អ្នក ។ កាលអ្នកស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ហើយពង្រីកការយល់ដឹងរបស់អ្នកអំពីផែនការនៃសេចក្តីសង្គ្រោះ និងគោលលទ្ធិនៃព្រះគ្រីស្ទ នោះសមត្ថភាពរបស់អ្នកក្នុងការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយនឹងរីកចម្រើនឡើង ។ ការណ៍នេះក៏នឹងស្ថាបនាទំនុកចិត្តរបស់អ្នកក្នុងការចែកចាយអ្វីដែលអ្នកដឹង និងជួយអ្នកដទៃដោះស្រាយសំណួរ និងកង្វល់ពិបាកៗ ។