មេរៀនទី 113
ហេលេមិន 13
សេចក្តីផ្ដើម
ពីរបីឆ្នាំមុនពេលការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ព្រះអម្ចាស់បានបញ្ជូនព្យាការីសាសន៍លេមិនម្នាក់ឈ្មោះថា សាំយូអែល ឲ្យទៅបង្រៀនពីការប្រែចិត្តដល់សាសន៍នីហ្វៃ ។ លោកបានប្រកាសដល់សាសន៍នីហ្វៃនៅក្នុងដែនដីសារ៉ាហិមឡាពីដំណឹងល្អដ៏រីករាយនៃសេចក្តីប្រោសលោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានប្រឈមនឹងពួកគេអំពីការបដិសេធព្យាការី និងធម្មជាតិរបស់គេដែលស្វែងរកសុភមង្គលនៅក្នុងអំពើទុច្ចរិត ។ លោកបានព្រមានពួកគេអំពីសេចក្តីបំផ្លិចបំផ្លាញដែលនឹងមកដល់ពួកគេ ប្រសិនបើពួកគេមិនព្រមប្រែចិត្តទេនោះ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 13
សាំយូអែលព្រមានសាសន៍នីហ្វៃអំពីសេចក្តីបំផ្លិចបំផ្លាញរបស់គេ ប្រសិនបើពួកគេពុំប្រែចិត្តទេ
មុនចាប់ផ្ដើមថ្នាក់សូមរៀបចំក្រដាសចែកដល់សិស្សដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ អ្នកអាចកាត់ក្រដាសជាបី ដោយមានកិច្ចការក្រុមមួយនៅលើក្រដាសនីមួយៗ ។ មុនបង្រៀន សូមចម្លងគម្រោងខាងក្រោមនៃ ហេលេមិន 13 ដាក់លើក្ដារខៀនផងដែរ ។
ហេលេមិន 13:1–4 ។ ព្រះអម្ចាស់ហៅសាំយូអែលជាសាសន៍លេមិនឲ្យបង្រៀនដល់សាសន៍នីហ្វៃ ។
ហេលេមិន 13:5–23 ។ សាំយូអែលព្រមានសាសន៍នីហ្វៃអំពីសេចក្តីបំផ្លិចបំផ្លាញដែលនឹងមកដល់ពួកគេ ប្រសិនបើពួកគេពុំព្រមប្រែចិត្តទេ ។
ហេលេមិន 13:24–39 ។ សាំយូអែលព្រមានដល់ប្រជាជនអំពីលទ្ធផលនៃការបដិសេធព្យាការីទាំងឡាយ និងការមិនព្រមប្រែចិត្ត ។
សូមចាប់ផ្ដើមមេរៀនដោយបង្ហាញរូបភាពរបស់សាំយូអែល ជាសាសន៍លេមិននៅលើកំផែង ( 62370 សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] ល.រ. 81 ) ។ សូមសួរសិស្សថា តើពួកគេដឹងពីមូលហេតុដែលសាសន៍នីហ្វៃចង់សម្លាប់សាំយូអែលទេ ។ ក្រោយពីសិស្សឆ្លើយហើយ សូមពន្យល់ថា ហេលេមិន 13–16 រួមមានដំណើររឿងពីព្យាការីសាសន៍លេមិន គឺសាំយូអែល ។ ដំណើររឿងនេះគឺចម្លែកដោយសារមានរយៈពេលតែមួយគត់នៅក្នុងព្រះគម្ពីរមរមនដែលយើងរៀនអំពីព្យាការីជាសាសន៍លេមិន ដែលហៅសាសន៍នីហ្វៃឲ្យប្រែចិត្ត ។ អំឡុងពេលនេះ សាសន៍លេមិនគឺសុចរិតជាងសាសន៍នីហ្វៃ ។ សូមយោងទៅគម្រោងនៅលើក្ដារខៀនដើម្បីឲ្យសិស្សយល់ពីសេចក្ដីសង្ខេបខ្លីមួយនៃ ហេលេមិន 13 ។
សូមបំបែកថ្នាក់ជាបីក្រុម ។ ( បើអាច សូមឲ្យក្រុមនីមួយៗមានចំនួនស្មើគ្នា ) ។ សូមឲ្យសិស្សម្នាក់ៗមានកិច្ចការនៃក្រុមរបស់ខ្លួន ( ដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ) ។ សូមប្រាប់សិស្សថា ពួកគេនឹងសិក្សាចំណែកមួយនៃ ហេលេមិន 13 រៀងៗខ្លួន ហើយបន្ទាប់មកបង្រៀនដល់គ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន ។ សូមឲ្យសិស្សម្នាក់ៗរៀបចំដើម្បីបង្រៀនគោលការណ៍ពីវគ្គព្រះគម្ពីរក្នុងកិច្ចការរបស់គេ ហើយរៀបចំចម្លើយចំពោះសំណួរដែលមានមកនោះ ។ សូមឲ្យសិស្សមានជម្រើសដើម្បីសរសេរចម្លើយរបស់គេ ។ ( សកម្មភាពនេះនឹងឲ្យសិស្សទាំងអស់ចូលរួម និងអនុញ្ញាតឲ្យមានបរិយាកាសល្អមួយដែលសិស្សអាចចែកចាយអារម្មណ៍ គំនិត និងទីបន្ទាល់របស់គេដល់គ្នាទៅវិញទៅមក ) ។
ក្រោយពីសិស្សមានពេលល្មមដើម្បីសិក្សារៀងៗខ្លួនហើយ សូមឲ្យពួកគេធ្វើការជាក្រុមដែលមានគ្នាបីនាក់ ។ បើអាច សូមឲ្យក្រុមនីមួយៗមានសិស្សម្នាក់ដែលបានសិក្សា ហេលេមិន 13:1–7, 11 ម្នាក់ដែលបានសិក្សា ហេលេមិន 13:17–23 និងម្នាក់ដែលបានសិក្សា ហេលេមិន 13:24–33 ។ សូមឲ្យសិស្សម្នាក់ៗមានពេលគ្រប់គ្រាន់ដើម្បីចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសមាជិកក្រុមដទៃទៀត ។ អំឡុងពេលពិភាក្សាក្នុងក្រុមតូចៗ សូមដើរមើលជុំវិញ ហើយជួយដឹកនាំចម្លើយរបស់សិស្ស ។ នៅពេលសមរម្យ សូមបន្ថែមគំនិតរបស់អ្នកទៅនឹងការពិភាក្សាដែលអ្នកឮ ។
នៅពេលសិស្សមានពេលបង្រៀនដល់គ្នាគ្រប់គ្រាន់ហើយ សូមឲ្យពួកគេពីរបីនាក់ ចែកចាយ ដល់សិស្សក្នុងថ្នាក់ទាំងមូលនូវសេចក្ដីពិត ឬគំនិតមួយដែលពួកគេបានរៀនពីសិស្សផ្សេងទៀតអំឡុងពេលធ្វើសកម្មភាពនេះ ។
សូមសង្ខេប ហេលេមិន 13:9–14 ដោយពន្យល់ថា សាសន៍នីហ្វៃនឹងត្រូវបានបំផ្លាញក្នុងពេល 400 ឆ្នាំ ( សូមមើល ហេលេមិន 13:9–10 ) ហើយមូលហេតុតែមួយគត់ដែលពួកគេមិនត្រូវបានបំផ្លាញបង់នោះគឺថា ប្រជាជនសុចរិតនៅតែរស់នៅក្នុងចំណោមពួកគេ ( សូមមើល ហេលេមិន 13:13–14 ) ។ សូមថ្លែងទីបន្ទាល់ថា សាំយូអែលត្រូវបានបញ្ជូនទៅដល់សាសន៍នីហ្វៃដោយព្រះអម្ចាស់ ហើយលោកបាននិយាយអ្វីដែលព្រះអម្ចាស់បានបញ្ចូលទៅក្នុងដួងចិត្តរបស់លោក នៅពេលលោកសុំឲ្យសាសន៍នីហ្វៃប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់វិញ ( សូមមើល ហេលេមិន 13:11 ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 13:27–28 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលសាសន៍នីហ្វៃបានឆ្លើយតបចំពោះពួកព្យាការីក្លែងក្លាយ ។
-
យោងតាមសាំយូអែល តើសាសន៍នីហ្វៃបានឆ្លើយតបយ៉ាងណាដល់អ្នកដែលបានបង្រៀនការណ៍ខុសឆ្គងនោះ? តើអ្នកគិតថា ហេតុអ្វីបានជាអ្នកខ្លះទទួលយកការដាស់តឿនរបស់លោក ហើយអ្នកផ្សេងទៀតបានបដិសេធ ?
-
តើប្រយោគ និងឥរិយាបថដែលយើងអាចនៅក្នុង ហេលេមិន 13:27 កើតមានច្បាស់នៅក្នុងជំនាន់របស់យើងដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« របៀបដែលយើងឆ្លើយតបនឹងពាក្យសម្ដីរបស់ព្យាការីដែលកំពុងរស់នៅ នៅពេលលោកប្រាប់យើងពីអ្វីដែលយើងត្រូវដឹង ប៉ុន្ដែដែលយើងមិនចង់ស្ដាប់ គឺជាការសាកល្បងមួយនៃសេចក្ដីស្មោះត្រង់របស់យើង » ( « Fourteen Fundamentals in Following the Prophet » [BYU devotional address, ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ 1980 ] ទំព័រ 3–4, speeches.byu.edu ) ។
-
តើការណែនាំអ្វីខ្លះពីព្យាការីដែលអាចមានការពិបាកសម្រាប់មនុស្សមួយចំនួនដើម្បីធ្វើតាមនាសព្វថ្ងៃនេះ ?
-
តើអ្វីទៅជាគំរូមួយនៃការណែនាំពីព្យាការីដែលអ្នកបានជ្រើសរើសដើម្បីគោរពតាម ? តើអ្នកត្រូវបានប្រទានពរដោយសារអ្នកបានធ្វើតាមការណែនាំនេះដោយរបៀបណា ?
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីរបៀបមួយដែលពួកគេអាចចម្រើនឡើងនៅក្នុងការធ្វើតាមការណែនាំរបស់ព្យាការីដែលកំពុងរស់នៅ ។
នៅពេលសិស្សបានមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 13:33–37 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលសាសន៍នីហ្វៃដែលមិនប្រែចិត្តនឹងជួបនៅទីបញ្ចប់ និងអ្វីដែលពួកគេនឹងនិយាយអំពីខ្លួនគេ ។ បន្ទាប់មក សូមឲ្យសិស្សផ្សេងទៀតអាន ហេលេមិន 13:38 ឮៗ ។ សូមឲ្យសិស្សរកមើលសេចក្ដីពិតដ៏ក្រៀមក្រំដែលសាំយូអែលបានប្រកាស ទាក់ទងនឹងកូនចៅជំនាន់ក្រោយនៃសាសន៍នីហ្វៃ ។
-
តើសេចក្ដីពិតដ៏ក្រៀមក្រំអ្វី ដែលសាំយូអែលបានប្រកាសអំពីកូនចៅជំនាន់ក្រោយនៃសាសន៍នីហ្វៃ ?
-
តើអ្នកគិតថា សាំយូអែលចង់មានន័យយ៉ាងណា នៅពេលលោកបានមានប្រសាសន៍ថា « ថ្ងៃសាកល្បងរបស់ពួកគេបានកន្លងទៅហើយ » ? ( កូនចៅជំនាន់ក្រោយនៃសាសន៍នីហ្វៃនឹងពន្យារពេលនៃការប្រែចិត្តរហូតដល់វាហួសពេលសម្រាប់ពួកគេប្រែចិត្ត ។ ហើយដោយសារពួកគេមិនប្រែចិត្ត អំពើបាបរបស់ពួកគេនឹងដឹកនាំពួកគេទៅរកសេចក្តីបំផ្លិចបំផ្លាញ ) ។
-
តើមានអ្វីខុសក្នុងការស្វែងរក « សុភមង្គលនៅក្នុងអំពើទុច្ចរិត » ? ( សូមជួយសិស្សឲ្យឃើញថា សុភមង្គលដ៏ពិតចេញមកតែនៅពេលយើងរក្សាតាមបញ្ញត្តិទាំងឡាយរបស់ព្រះប៉ុណ្ណោះ ) ។
-
តើមានរបៀបណាខ្លះដែលប្រជាជនស្វែងរកសុភមង្គលនៅក្នុងការធ្វើអំពើទុច្ចរិតនោះ ?
សូមរំឭកសិស្សពីដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមន ដែលបន្តក្នុងការបះបោរ និងអំពើទុច្ចរិតរហូតដល់ដួងចិត្តរបស់ពួកគេរឹងទទឹងមិនទទួលព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ( ឧទាហរណ៍រួមមាន លេមិន និងលេមយួលដែលក្លាយជា « មិនអាចចាប់អារម្មណ៍ » [នីហ្វៃទី 1 17:45] ហើយបដិសេធមិនព្រមស្ដាប់តាមព្រះ ហើយសេ្ដចណូអេ និងប្រជាជនរបស់ទ្រង់ ដែលបានបដិសេធមិនព្រមប្រែចិត្ត ទោះបីជាឮការព្រមានរបស់ព្យាការីអ័ប៊ីណាដៃក្ដី ) ។ សាំយូអែលបានបញ្ជាក់ថា ការបដិសេធរបស់សាសន៍នីហ្វៃមិនព្រមប្រែចិត្តនឹងនាំទៅរកសេចក្តីបំផ្លិចបំផ្លាញនៃប្រជាជនជំនាន់ក្រោយរបស់គេ ។
សូមជួយឲ្យសិស្សយល់ថា នៅក្នុងកម្រិតផ្ទាល់ខ្លួនមួយ មានសេចក្ដីសង្ឃឹមសម្រាប់អ្នកទាំងអស់ដែលនឹងជ្រើសរើសដើម្បីប្រែចិត្ត ។ តាមរយៈការប្រែចិត្ត យើងអាចទទួលបានការអភ័យទោសពីព្រះអម្ចាស់ ហើយរារាំងដួងចិត្តរបស់យើងកុំឲ្យរឹងទទឹង ។ ដើម្បីជួយសិស្សឲ្យយល់ថា យើងអាចកែតម្រូវផ្លូវរបស់យើងតាមរយៈការប្រែចិត្ត សូមអានសេចក្ដីថ្លេងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« អំឡុងពេលខ្ញុំហ្វឹកហ្វាត់ដើម្បីក្លាយជាមេបញ្ជាការទ័ពជើងអាកាស ខ្ញុំបានរៀនពីរបៀបដើម្បីរុករកយន្ដហោះក្នុងរយៈចម្ងាយដ៏ឆ្ងាយ ។ ការហោះនៅលើមហាសមុទ្រដ៏ធំធេង ការឆ្លងកាត់វាលខ្សាច់ដ៏ល្វឹងល្វើយ និងការភ្ជាប់ទ្វីបនានាត្រូវការការគ្រោងដ៏ប្រុងប្រយ័ត្នដើម្បីធានាពីការទៅដល់គោលដៅដែលបានគ្រោងទុកដោយសុវត្ថិភាព ។ ការហោះហើរមិនឈប់ទាំងនេះខ្លះអាចមានរយៈពេលទៅដល់ 14 ម៉ោង និងនៅលើចម្ងាយផ្លូវជិត 9,000 ម៉ាយល៍ ។
« មានចំណុចនៃការសម្រេចចិត្តដ៏សំខាន់មួយអំឡុងពេលការហោះហើរដ៏យូរបែបនោះ ដែលជាទូទៅហៅថា ចំណុចនៃការត្រឡប់មកវិញដោយសុវត្ថិភាព ។ មកដល់ចំណុចនេះ យន្ដហោះមានសាំងគ្រប់គ្រាន់ដើម្បីបែរយន្ដហោះ ហើយត្រឡប់ទៅវិញដោយសុវត្ថិភាពទៅកាន់អាកាសយានដ្ឋានដែលបានចាកចេញមក ។ ដោយឆ្លងចំណុចនៃការត្រឡប់មកវិញដោយសុវត្ថិភាព មេបញ្ជាការបានបាត់បង់ជម្រើសនេះ ហើយត្រូវតែបន្ដទៅមុខ ។ នេះជាមូលហេតុដែលចំណុចនេះជាញឹកញាប់សំដៅលើ ចំណុចនៃការមិនត្រឡប់មកវិញ ។
« … សាតាំងចង់ឲ្យយើងគិតថា នៅពេលយើងបានធ្វើអំពើបាប យើងបានឆ្លងហួសពី ‹ ចំណុចនៃកាមិនត្រឡប់មកវិញ ›—ថាវាហួសពេលនឹងប្ដូរផ្លូវរបស់យើង ។ …
« … ដើម្បីធ្វើឲ្យយើងអស់សង្ឃឹម មានអារម្មណ៍វេទនាដូចជាវាដែរ ហើយជឿថាយើងលែងត្រូវបានអភ័យទោសឲ្យ នោះសាតាំងអាចប្រើពាក្យខុសពីព្រះគម្ពីរដែលបញ្ជាក់ពីសេចក្ដីយុត្តិធម៌របស់ព្រះ ដើម្បីបង្កប់ន័យថាគ្មានសេចក្ដីមេត្តាករុណាឡើយ ។ …
« ព្រះគ្រីស្ទបានយាងមកដើម្បីសង្គ្រោះយើង ។ ប្រសិនបើយើងបានដើរលើផ្លូវខុស នោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចធានាដល់យើងថា អំពើបាបគឺមិនមែនជាចំណុចនៃការមិនអាចត្រឡប់មកវិញនោះទេ ។ ការត្រឡប់មកវិញដោយសុវត្ថិភាពកើតមាន ប្រសិនបើយើងនឹងធ្វើតាមផែនការរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះរបស់យើង » ( « Point of Safe Return » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2007 ទំព័រ 99 ) ។
-
តើសម្ដីរបស់ប្រធាន អុជ្វដូហ្វ អាចផ្ដល់សេចក្ដីសង្ឃឹមដល់ជនម្នាក់ដែលបានធ្វើបាបដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីសេចក្ដីពិតដែលពួកគេបានពិភាក្សា ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសគំនិតនានាដែលពួកគេបានទទួលពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមធ្វើទីបន្ទាល់ថា សុភមង្គលនឹងមកដល់អ្នកទាំងឡាយណាដែលធ្វើតាមការអញ្ជើញរបស់ព្រះអម្ចាស់ក្នុងការប្រែចិត្ត ។
កំណត់ចំណាំ ៖ សូមរៀបចំក្រដាសខាងក្រោមសម្រាប់ក្រុមទាំងបីដែលបានរៀបរាប់នៅក្នុងមេរៀននេះពីមុន ។
ក្រុមទី 1—ហេលេមិន 13:1–7, 11
ព្យាការីនិយាយពីសារលិខិតដែលព្រះបានបញ្ចូលទៅក្នុងដួងចិត្តលោក ។
-
តើខមួយណាដែលអ្នកមានអារម្មណ៍ថាបង្រៀនពីសេចក្ដីពិតនេះ ?
-
តើសារលិខិតអ្វីដែលព្រះបានបញ្ចូលទៅក្នុងដួងចិត្តរបស់សាំយូអែល ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាអាចជារឿងពិបាកសម្រាប់សាំយូអែលដើម្បីបញ្ជូនសារលិខិតនេះ ?
-
តើឥទ្ធិពលអ្វីដែលសាំយូអែលបានសង្ឃឹមថាសារលិខិតលោកនឹងមានដល់សាសន៍នីហ្វៃ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ឪពុកម្ដាយ ឬអ្នកដឹកនាំសាសនាចក្រត្រូវបានបំផុសឲ្យចែកនូវសារលិខិតមួយដល់អ្នក ? តើវាបានជះឥទ្ធិពលដល់អ្នកយ៉ាងណាដែរ ?
-
តើសេចក្ដីពិតបន្ថែមអ្វីខ្លះដែលអ្នកអាចរកឃើញនៅក្នុងខគម្ពីរនេះ ?
ក្រុមទី 2—ហេលេមិន 13:17–23
នៅពេលណាដែលយើងមិនបានចងចាំដល់ព្រះអម្ចាស់ នោះយើងងាយនឹងក្លាយជាមានភាពឆ្មើងឆ្មៃ ហើយធ្វើអំពើទុច្ចរិត ។
-
តើខមួយណាដែលអ្នកមានអារម្មណ៍ថាបង្រៀនសេចក្ដីពិតនេះ ?
-
តើបណ្ដាសាអ្វីដែលសាំយូអែលបាននិយាយថានឹងមកដល់សាសន៍នីហ្វៃ ប្រសិនបើពួកគេរឹងទទឹងនៅក្នុងអំពើទុច្ចរិត ?
-
តើអំពើបាបផ្សេងទៀតដែលសេចក្ដីស្រឡាញ់លើទ្រព្យសម្បត្តិរបស់សាសន៍នីហ្វៃបាននាំទៅរកមានអ្វីខ្លះ ?
-
តើរឿងមួយចំនួនដែលយុវជនអាចផ្តោតចិត្តគេលើ ហើយដែលវានាំទៅរកភាពឆ្មើងឆ្មៃ និងអំពើបាបនោះមានអ្វីខ្លះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បី « ចងចាំដល់ព្រះអម្ចាស់ជាព្រះរបស់អ្នកនូវអ្វីៗដែលទ្រង់់បានប្រទានពរដល់អ្នក » ? (ហេលេមិន 13:22 ) ។
-
តើសេចក្ដីពិតបន្ថែមអ្វីខ្លះដែលអ្នកអាចរកឃើញនៅក្នុងខគម្ពីរនេះ ?
ក្រុមទី 3—ហេលេមិន 13:24–33
ប្រសិនបើយើងបដិសេធពាក្យសម្ដីនៃព្យាការីរបស់ព្រះអម្ចាស់ យើងនឹងជួបនឹងការសោកស្ដាយ និងភាពសោកសង្រេង ។
-
តើខមួយណាដែលអ្នកមានអារម្មណ៍ថាបង្រៀនពីសេចក្ដីពិតនេះ ?
-
យោងតាមសាំយូអែល ហេតុអ្វីបានជាសាសន៍នីហ្វៃបានបដិសេធពួកព្យាការីដ៏ពិត ?
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សខ្លះទទួលយកព្យាការីក្លែងក្លាយជាព្យាការី ដូចដែលសាំយូអែលបានរៀបរាប់នោះ ?
-
តើមានការបង្រៀនជាក់លាក់ណាខ្លះពីព្យាការី និងសាវកដែលកំពុងរស់នៅ ?
-
តើអ្វីខ្លះជា « ការដឹកនាំដោយពួកឆ្កួតវង្វេង និងពួកខ្វាក់ » ( ហេលេមិន 13:29 ) ដែលព្យាការី និងសាវកដែលកំពុងរស់នៅបានព្រមានដល់យើងឲ្យចៀសវាង ?
-
តើសេចក្ដីពិតបន្ថែមអ្វីខ្លះដែលអ្នកអាចរកឃើញនៅក្នុងខគម្ពីរនេះ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេលេមិន 13:3 ។ « អ្វីៗដែលនឹងមកសណ្ឋិតក្នុងចិត្តលោក »
ព្យាការីសាំយូអែលមិនបានលើកដាក់មកលើខ្លួនលោកក្នុងការសម្រេចចិត្តពីអ្វីដែលត្រូវបង្រៀនដល់សាសន៍នីហ្វៃឡើយ ។ យើងអាននៅក្នុង ហេលេមិន 13:3 ថាលោកបានបង្រៀន « អ្វីៗដែលនឹងមកសណ្ឋិតក្នុងចិត្តលោក » ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលវិវរណៈបែបនោះជាមកកាន់យើងញឹកញាប់បំផុត ៖
« វិវរណៈមកជាពាក្យសម្ដីដែលយើងមាន អារម្មណ៍ ញឹកញប់ជាង ឮ ។ នីហ្វៃបានប្រាប់ដល់បងប្រុសដ៏ចចេសរបស់លោកដែលត្រូវបានទេវតាមកជួបថា ‹ បងរាល់គ្នាមាន ចិត្ត វក់ ទើបមិនអាចចាប់ អារម្មណ៍ ពីព្រះបន្ទូលរបស់ព្រះអង្គឡើយ › ។នីហ្វៃទី 1 17:45 ការគូសបញ្ជាក់បានបន្ថែម ] ។
« ព្រះគម្ពីរគឺពោរពេញទៅដោយការបង្ហាញបែបនោះដូចជា ‹ ស្បៃត្រូវបានបើកពីគំនិតរបស់ពួកយើង ហើយភ្នែកនៃយោបល់របស់ពួកយើងត្រូវបានបើកឡើង › [គ .និង ស. 110:1] ឬ ‹ យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នក › [គ. និង ស. 8:2] ឬ ‹ យើងបានបំភ្លឺគំនិតរបស់អ្នក › [គ . និង ស . 6:15] ឬ ‹ ប្រាប់គំនិតទាំងឡាយដែលយើងនឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ › [គ. និង ស. 100:5] ។ មានខគម្ពីររាប់រយដែលបង្រៀនអំពីវិវរណៈ » ( « Personal Revelation: The Gift, the Test, and the Promise » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 60 ) ។
ហេលេមិន 13:23–29 ។ ការធ្វើតាមព្យាការីដែលកំពុងរស់នៅ
អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើតាមព្យាការី និងសាវកដែលកំពុងរស់នៅថា ៖
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមយកចិត្តទុកដាក់លើអ្វីៗទាំងឡាយដែលអ្នកដឹកនាំសាសនាចក្របានបង្រៀន ។… សូមអនុវត្តតាមការបង្រៀនដែលនឹងជួយអ្នក និងគ្រួសាររបស់អ្នក ។ សូមឲ្យយើងទាំងអស់គ្នា ដោយមិនគិតពីសា្ថនភាពគ្រួសាររបស់យើង នាំយកការបង្រៀនរបស់ព្យាការី និងពួកសាវកចូលមកក្នុងផ្ទះរបស់យើង ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងគ្នា និងជាមួយនឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ និងជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមសន្យាដល់អ្នកដោយនៅក្នុងព្រះនាមនៃព្រះអម្ចាស់ថា ប្រសិនបើអ្នកនឹងស្ដាប់តាមដោយមិនត្រឹមតែប្រើត្រចៀកស្ដាប់ប៉ុណ្ណោះទេ ប៉ុន្ដែស្ដាប់ដោយដួងចិត្តរបស់អ្នក នោះព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីសេចក្ដីពិតដល់អ្នកនូវសារលិខិតដែលបានបញ្ជូនដោយ [ ប្រធាននៃសាសនាចក្រ ] អ្នកណែនាំរបស់ទ្រង់ សាវកទាំងឡាយ និងអ្នកដឹកនាំផ្សេងទៀតនៅក្នុងសាសនាចក្រ ។ ព្រះវិញ្ញាណនឹងបំផុសគំនិតអ្នកឲ្យដឹងពីអ្វីដែលគួរធ្វើក្នុងនាមជាបុគ្គល និងគ្រួសារទាំងឡាយដើម្បីធ្វើតាមការណែនាំរបស់យើង ដើម្បីឲ្យទីបន្ទាល់របស់អ្នកអាចនឹងត្រូវពង្រឹង ហើយដើម្បីអ្នកអាចមានសន្ដិភាព និងសេចក្ដីអំណរ » ( « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 67 ) ។
ហេលេមិន 13:38 ។ សុភមង្គលមិនអាចកើតចេញពីការធ្វើអំពើទុច្ចរិតឡើយ
សាំយូអែលបានព្រមានសាសន៍នីហ្វៃថា ប្រសិនបើពួកគេរឹងរូសក្នុងការស្វែងរកសុភមង្គលដោយការធ្វើអំពើទុច្ចរិត នោះពួកគេនឹងត្រូវបានបំផ្លាញ ។ អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា សុភមង្គលកើតមានតែតាមរយៈសេចក្តីសុចរិតប៉ុណ្ណោះ ៖
« តើអ្នកមានកត់សម្គាល់ពីរបៀបដែលសាតាំងធ្វើការដើម្បីចាប់យកគំនិត និងអារម្មណ៍ដោយរូបភាពមិនល្អ តន្ដ្រីដែលឮៗ និងការបំផុសញាណខាងរាងកាយទាំងឡាយដើម្បីទាក់យើងទេ ? វាខំយ៉ាងព្យាយាមដើម្បីបំពេញជីវិតដោយសកម្មភាព ការកំសាន្ដ និងការពង្វក់ដើម្បីឲ្យមនុស្សមិនអាចគិតពីលទ្ធផលនៃការអញ្ជើញដ៏បង្ខំរបស់វា ។ ចូរគិតអំពីវា ។ អ្នកខ្លះត្រូវវក់នឹងការរំលងច្បាប់មូលដ្ឋានបំផុតរបស់ព្រះ ដោយសារតែសម្មភាពទាក់ទាញបានបង្ហាញថាអាចទទួលយកបាន ។ វាធ្វើមកដើម្បីទាក់ទាញ ថែមទាំងឲ្យយើងចង់បានទៀតផង ។ វាហាក់ដូចជាគ្មានលទ្ធផលធ្ងន់ធ្ងរឡើយ ប៉ុន្ដែវាមើលទៅជាការរីករាយ និងការសប្បាយដ៏យូរអង្វែង ។ ប៉ុន្ដែសូមឃើញថា ការសម្ដែងទាំងនោះត្រូវបានគ្រប់គ្រងដោយការនិពន្ធ និងអ្នកសម្ដែង ។ លទ្ធផលនៃការសម្រេចចិត្តដែលបានធ្វើហាក់ត្រូវបានបញ្ឆោតទៅតាមអ្វីដែលអ្នកផលិតចង់បាន ។
« ជីវិតមិនមែនតាមរបៀបនោះទេ ។ មែនហើយ សិទ្ធិជ្រើសរើសខាងសីលធម៌អនុញ្ញាតឲ្យអ្នកជ្រើសរើសអ្វីដែលអ្នកចង់ ប៉ុន្ដែអ្នកមិនអាចគ្រប់គ្រងលទ្ធផលនៃជម្រើសទាំងនោះឡើយ ។ មិនដូចជាការបង្កើតដ៏ខុសឆ្គងរបស់មនុស្សឡើយ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងកំណត់នូវលទ្ធផលនៃជម្រើសរបស់អ្នក ។ ការគោរពតាមនឹងនាំទៅរកសុភមង្គល ខណៈដែលការរំលងព្រះបញ្ញត្តិរបស់ទ្រង់នឹងមិននាំទៅរកសុភមង្គលឡើយ » ( « How to Live Well amid Increasing Evil » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 102 ) ។
ហេលេមិន 13:38 ។ « ហួសពេលជាអស់កល្បជានិច្ចទៅ »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ៖
« វាពិតដែលថា គោលការណ៍នៃការប្រែចិត្តដ៏អស្ចារ្យគឺតែងតែកើតមាន ប៉ុន្ដែសម្រាប់ពួកទុច្ចរិត និងពួកបះបោរ មានការបារម្ភដ៏ធ្ងន់ធ្ងរចំពោះប្រយោគនេះ ។ ឧទាហរណ៍ អំពើបាបគឺជាការបង្កើតទម្លាប់ដ៏ខ្លាំងក្លា ហើយពេលខ្លះផ្លាស់ប្ដូរមនុស្សទៅចំណុចដ៏សោកសៅមួយនៃការមិនត្រឡប់មកវិញ ។ បើគ្មានការប្រែចិត្ត វាក៏គ្មានការអភ័យទោសដែរ ហើយបើគ្មានការអភ័យទោស នោះពរជ័យទាំងអស់នៃភាពដ៏អស់កល្បជានិច្ចនឹងជាប់ក្នុងគ្រោះថ្នាក់ ។ នៅពេលអ្នករំលងខិតកាន់តែជ្រៅទៅៗនៅក្នុងអំពើបាបរបស់គេ ហើយកំហុសកាន់តែចាក់ឫសយ៉ាងជ្រៅ ហើយឆន្ទៈដើម្បីផ្លាស់ប្ដូរមានភាពទន់ខ្សោយ នោះការខិតទៅរកភាពអស់សង្ឃឹមកាន់តែកើនឡើង ហើយគេរអិលចុះទៅកាន់តែជ្រៅ រហូតដល់គេមិនចង់ឡើងមកវិញ ឬក៏គេគ្មានកម្លាំងនឹងឡើងមកវិញបាន » (The Miracle of Forgiveness [ ឆ្នាំ 1969 ] ទំព័រ 117 ) ។