« ម៉ូសាយ ២:១៩–៤១ ៖ ‹ បានពរគ្រប់យ៉ាង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២:១៩–៤១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២:១៩–៤១
« បានពរគ្រប់យ៉ាង »
តើអ្នកសុខចិត្តធ្វើអ្វីដើម្បីទទួលបានសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ? ស្តេចបេនយ៉ាមីនបានអញ្ជើញប្រជាជនរបស់ទ្រង់ឲ្យស្វែងរកសុភមង្គលនេះតាមរយៈការរស់នៅដ៏សុចរិត និងពលិកម្មថ្វាយព្រះ ។ មេរៀននេះអាចជួយអ្នកស្វែងរក « ស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( ម៉ូសាយ ២:៤១ ) ។
ចូររាប់ព្រះពររបស់អ្នក
សូមច្រៀង ឬអានទំនុកបទ « ចូររាប់ព្រះពរ » ( ទំនុកតម្កើង ល.រ. ១៥០ ) ឬមើលវីដេអូខាងក្រោម ។ សូមគិតអំពីទំនុកបទនោះ និងរបៀបដែលវាទាក់ទងនឹងជីវិតរបស់អ្នក ។
សូមចំណាយពេលមួយទៅពីរនាទីដើម្បីធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីពរជ័យដែលព្រះបានប្រទានដល់អ្នក ។
-
តើអ្នកបានសម្គាល់ ឬរៀនអ្វីខ្លះពីបញ្ជីពរជ័យរបស់អ្នក ?
បន្ទាប់ពីបានបង្រៀនអំពីការបម្រើរួច ស្ដេចបេនយ៉ាមីនបានអញ្ជើញសាសន៍នីហ្វៃឲ្យគិតអំពីរបៀបដែលពួកគេស្វែងរក និងទទួលពរជ័យពីព្រះវរបិតាសួគ៌ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក នៅពេលអ្នកខិតខំរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
សូមអាន ម៉ូសាយ ២:១៩–២៥ ដោយរកមើលចម្លើយចំពោះសំណួរណាមួយដូចខាងក្រោម ៖
-
តើព្រះបានប្រទានពរដល់សាសន៍នីហ្វៃតាមរបៀបណាខ្លះ ? សូមពិចារណាគូសចំណាំពរជ័យណាមួយដែលអ្នកមានដូចគ្នាជាមួយនឹងពួកគេ ។
-
តើព្រះធ្វើអ្វីពេលយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ? តើទ្រង់ធ្វើវាលឿនប៉ុនណា ?
-
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះ ?
បន្ទាប់ពីបានជួយសាសន៍នីហ្វៃឲ្យស្គាល់ពីពរជ័យរបស់ពួកគេរួចហើយ ស្ដេចបេនយ៉ាមីន បានប្រកាសថា បុត្រារបស់ទ្រង់ ម៉ូសាយ នឹងធ្វើជាស្ដេចថ្មីរបស់ពួកគេ ។ ទ្រង់បានរំឭកពួកគេអំពីវិធីជាច្រើនដែលប្រជាជនអាចបាត់បង់ពរជ័យរបស់ពួកគេដោយសារការទាស់ទែង ការរំលង ការបះបោរ និងការបំពានបទបញ្ញត្តិរបស់ព្រះ ។ ទ្រង់ក៏បានបង្រៀនពីផលវិបាកដ៏អស់កល្បនៃអំពើទាំងនោះ ហើយបានប្រទានការសន្យាដល់អ្នកដែលរក្សាព្រះបញ្ញត្តិ ។ ( សូមមើល ម៉ូសាយ ២:២៩–៤០ ) ។
ពរជ័យ និងសុភមង្គល
សូមអាន ម៉ូសាយ ២:៤១ ដោយរកមើលការសន្យាដែលស្តេចបេនយ៉ាមីនបានប្រទានឲ្យ ។
ម៉ូសាយ ២:១៧ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះទៅនឹងសំណួរ ឬស្ថានភាពមួយ ។
-
តើអ្នកអាចសង្ខេប ខទី ៤១ ឲ្យទៅជាគោលការណ៍នៃសេចក្តីពិតដោយរបៀបណា ?
ការសន្យាមួយក្នុងចំណោមការសន្យាដែលបានធ្វើឡើងនៅក្នុង ម៉ូសាយ ២:៤១ គឺ ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ នោះព្រះនឹងប្រទានពរដល់យើងទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ទោះយ៉ាងណាក៏ដោយ មានអ្វីៗជាច្រើនទៀតដែលយើងអាចរៀនពីខគម្ពីរនេះដោយសិក្សាឃ្លានីមួយៗដាច់ដោយឡែកពីគ្នា ។
ពរជ័យខាងសាច់ឈាមអាចរួមបញ្ចូលអ្វីៗដូចជាសុខភាពផ្លូវកាយ ភាពចម្រុងចម្រើន ឬពរជ័យផ្សេងទៀតដែលទាក់ទងនឹងជីវិតរមែងស្លាប់ ។ ពរជ័យខាងវិញ្ញាណគឺជាអ្វីដែលនៅអស់កល្បជានិច្ច ។ ទាំងនេះរួមមានទីបន្ទាល់របស់យើង ទំនាក់ទំនងរបស់យើងជាមួយព្រះ និងក្រុមគ្រួសាររបស់យើង ការអត់ទោសពីអំពើបាប ការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធជាដើម ។
-
សូមជ្រើសរើសសកម្មភាពពីរ ឬច្រើននៃសកម្មភាពខាងក្រោមសម្រាប់ ម៉ូសាយ ២:៤១ ហើយឆ្លើយសំណួរដែលទាក់ទង ។
ស្ថានភាពដ៏មានពរ និងសុភមង្គលនៃអ្នកដែលកាន់តាមបទបញ្ញត្តិទាំងឡាយ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« ម៉ូសាយ ២:១៩–៤១ ៖ ‹ បានពរគ្រប់យ៉ាង › » ។
សកម្មភាព ក ៖ « សូមគិតពិចារណាអំពីស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ … ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង » ។
សូមក្រឡេកមើលបញ្ជីពរជ័យដែលអ្នកបានបង្កើតនៅដើមមេរៀននេះ ។ សូមបន្ថែមពរជ័យណាមួយដែលអាចនឹងផុសឡើងក្នុងចិត្ត ។ សូមគូសបន្ទាត់ពីក្រោមពរជ័យដែលមានលក្ខណៈខាងសាច់ឈាម ហើយគូសរង្វង់ជុំវិញពរជ័យដែលមានលក្ខណៈខាងវិញ្ញាណ ។ អ្នកអាចដឹងថា ពរជ័យខ្លះគឺត្រូវទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
-
តើអ្នកឃើញភស្តុតាងអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកថា សេចក្តីថ្លែងការណ៍ពី ម៉ូសាយ ២:៤១ នេះពិត ?
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១ ។ តើអ្នករៀនអ្វីខ្លះអំពីទំនាក់ទំនងរវាងការរក្សាបទបញ្ញត្តិ និងការទទួលពរជ័យពីព្រះ ? អ្នកអាចនឹងចង់ធ្វើសេចក្តីយោងឆ្លង ឬភ្ជាប់ខគម្ពីរទាំងនេះទៅ ម៉ូសាយ ២:៤១ ។
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌ប្រទានពរដល់យើងនូវពរជ័យទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ? តើការណ៍នេះបង្រៀនអំពីទ្រង់យ៉ាងដូចម្តេច ?
សកម្មភាព ខ ៖ « បើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។
សូមសរសេរសេចក្តីថ្លែងការណ៍នេះនៅចំកណ្តាលទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយទុកកន្លែងនៅជុំវិញវាដើម្បីធ្វើកំណត់ចំណាំ ។ សូមគូសរង្វង់លើពាក្យ ឬឃ្លានៅក្នុងសេចក្តីថ្លែងការណ៍នោះដែលមានសារៈសំខាន់សម្រាប់អ្នក ។ សូមភ្ជាប់ពពុះពាក្យទៅនឹងពាក្យ ឬឃ្លាដែលគូសរង្វង់នីមួយៗ ហើយសរសេរនិយមន័យ វគ្គបទគម្ពីរដែលទាក់ទង ឬការយល់ដឹងផ្សេងទៀតដែលអ្នកអាចមាន ។
ឧទាហរណ៍ ៖ ប្រសិនបើអ្នកបានគូសរង្វង់ឃ្លាថា « បានទទួលនៅស្ថានសួគ៌ » នោះ ពពុះពាក្យដែលភ្ជាប់គ្នាអាចរួមបញ្ចូលអ្វីមួយដូចជា « ទទួលយោបល់ថា មាននរណាម្នាក់កំពុងរង់ចាំខ្ញុំ ឬរពឹងជួបខ្ញុំ ។ ព្រះយេស៊ូវបានបង្រៀនថា ទ្រង់នឹងរៀបចំកន្លែងមួយសម្រាប់យើងនៅស្ថានសួគ៌ ហើយបន្ទាប់មកទទួលយើងនៅទីនោះ ( សូមមើល យ៉ូហាន ១៤:២–៣ ) ។ ព្រះវរបិតាមាតាសួគ៌ាដែលពេញដោយក្តីស្រឡាញ់របស់ខ្ញុំ និងព្រះយេស៊ូវគ្រីស្ទបានគង់នៅទីនោះ ហើយនឹងទទួលខ្ញុំ ប្រសិនបើខ្ញុំនៅតែស្មោះត្រង់ » ។
សូមបំពេញពពុះពាក្យសម្រាប់ពាក្យ ឬឃ្លានីមួយៗដែលអ្នកបានគូសរង្វង់ ។ សូមយកចិត្តទុកដាក់ចំពោះសំណួរ ឬចំណាប់អារម្មណ៍ដែលអ្នកគិតដល់ ។
-
តើអ្នកមានការយល់ដឹងអ្វីខ្លះនៅពេលធ្វើសកម្មភាពនេះ ?
-
តើការយល់ដឹងទាំងនេះអាចជួយអ្នកក្នុងជីវិតរបស់អ្នកឥឡូវនេះដោយរបៀបណា ?
សកម្មភាព គ ៖ « ឱ សូមចាំ សូមចាំថា រឿងទាំងនេះពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ។
-
តើមានអ្វីខ្លះដែលងាយចាំ ? តើអ្វីដែលពិបាកចាំជាងគេ ?
សូមចាំអ្វីដែលអ្នកបានរៀនអំពីព្រះនៅក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ២ ។ សូមអាន ម៉ូសាយ ២:២២ ដោយស្វែងរកសេចក្តីពិតអស់កល្បអំពីព្រះ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះដែលអាចជួយអ្នកទុកចិត្តលើការសន្យារបស់ទ្រង់ ហើយរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ?
-
តើអ្នកអាចធ្វើអ្វីដើម្បីចងចាំរឿងនេះអំពីទ្រង់ ?
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សញ្ជឹងគិត
ពេលអ្នកបានបញ្ចប់សកម្មភាពសិក្សាហើយ សូមចំណាយពេលប៉ុន្មាននាទីដើម្បី « គិតពិចារណា អំពីស្ថានភាពដ៏មានពរ [ របស់អ្នក ] » ។ សូមសញ្ជឹងគិត ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីឥរិយាបថរបស់អ្នកចំពោះព្រះ និងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ សូមបញ្ចូលពីរបៀបដែលអ្នកអាចបន្តស្ថាបនា និងអនុវត្តសេចក្តីជំនឿរបស់អ្នក ដើម្បីទទួលបានពរជ័យពីទ្រង់ ។ សូមសញ្ជឹងគិតពីរបៀបដែលជីវិតរបស់អ្នកនឹងទទួលឥទ្ធិពលដោយការរក្សាព្រះបញ្ញត្តិរបស់ព្រះ ។