« នីហ្វៃទី ២ ២:១–១៦ ៖ ‹ ព្រះទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ២:១–១៦ ៖ ‹ ព្រះទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ២:១–១៦
« ព្រះទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង »
សូមស្រមៃមើលជីវិតរបស់អ្នក ប្រសិនបើអ្នកគ្មានជម្រើសណាមួយឡើយ ។ សិទ្ធិជ្រើសរើស ឬអំណាចដើម្បីជ្រើសរើស គឺជាអំណោយមួយនៃអំណោយទានដ៏មហិមាបំផុតរបស់ព្រះសម្រាប់យើង ។ យ៉ាកុបជាកូនប្រុសរបស់លីហៃ បានជួបប្រទះបញ្ហាជាច្រើនតាំងតែពីក្មេង ដូច្នេះលីហៃបានបង្រៀនគាត់ពីសេចក្ដីពិតដ៏មានតម្លៃអំពីព្រះអង្គសង្គ្រោះ និងសេរីភាពក្នុងការជ្រើសរើស ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីតួនាទីនៃសិទ្ធិជ្រើសរើសនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជម្រើសសំខាន់ៗ
សម្រាប់រយៈពេលពីរនាទីបន្ទាប់ សូមសរសេរជម្រើសសំខាន់ៗមួយចំនួនដែលអ្នកបានជ្រើសរើសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
-
ហេតុអ្វីអ្នកគិតថាជម្រើសគឺចាំបាច់សម្រាប់ជីវិតរមែងស្លាប់របស់យើង និងចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀនពីជម្រើសដែលអ្នកមានមោទនភាព ក៏ដូចជាពីអ្វីដែលអ្នកសោកស្តាយ ។ នៅពេលអ្នកសិក្សានៅក្នុងមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀនពីអ្វីដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ ហើយប្រើសមត្ថភាពរបស់អ្នកដើម្បីជ្រើសរើស ។ ប្រសិនបើអ្នកមានសំណួរអំពីសិទ្ធិជ្រើសរើស សូមអធិស្ឋានទូលសូម ហើយស្វែងរកចម្លើយផងដែរ នៅពេលអ្នកសិក្សា ។
ទិដ្ឋភាពសំខាន់នៃសិទ្ធិជ្រើសរើស
យ៉ាកុបជាកូនប្រុសរបស់លីហៃ បានកើតនៅទីរហោស្ថាន បន្ទាប់ពីគ្រួសាររបស់ពួកគេបានចាកចេញពីក្រុងយេរូសាឡិម ។ មិនយូរប៉ុន្មានមុនពេលមរណភាពរបស់លីហៃ លោកបានបង្រៀនដល់យ៉ាកុបនូវសេចក្ដីពិតសំខាន់ៗអំពីសិទ្ធិជ្រើសរើស ។
សូមអាន នីហ្វៃទី ២ ២:១–៤ ដើម្បីមើលពីរបៀបដែលលីហៃបានចាប់ផ្តើមសាររបស់លោកទៅកាន់យ៉ាកុប ។ វាអាចមានប្រយោជន៍ក្នុងការដឹងថាពាក្យ « ថ្វាយ » មានន័យថា បូជា ឬធ្វើឲ្យបរិសុទ្ធ ( សូមមើល « ថ្វាយ, ក្រឹត្យវិន័យនៃការថ្វាយ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ [ scriptures.ChurchofJesusChrist.org ] ) ។
-
ហេតុអ្វីវាអាចមានន័យសម្រាប់មនុស្សម្នាក់ដែលបានប្រឈមមុខនឹងការសាកល្បងជាច្រើន ដើម្បីយល់ពីសារៈសំខាន់នៃអំណាចរបស់ជម្រើស ?
-
តើសេចក្ដីពិតអ្វីខ្លះពីខគម្ពីរទាំងនេះមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
លីហៃបានបង្រៀនយ៉ាកុបអំពីទិដ្ឋភាពសំខាន់ៗជាច្រើននៃសិទ្ធិជ្រើសរើស ។ សូមអានតាមជម្រើសខាងក្រោម ។ សូមជ្រើសរើសជម្រើសពីរដែលអ្នកយល់ថា មានន័យសម្រាប់អ្នកដើម្បីសិក្សា ហើយបន្ទាប់មកសិក្សាព័ត៌មានខាងក្រោម ។
អំណាចដើម្បីជ្រើសរើសរបស់យើង
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« នីហ្វៃទី២:១–១៦ »
ជម្រើស ក ៖ តើអំណាចរបស់យើងក្នុងការជ្រើសរើសបង្រៀនយើងអ្វីខ្លះអំពីព្រះ ?
សូមអាន នីហ្វៃទី ២ ២:១៤, ១៦ ដោយរកមើលអ្វីដែលលីហៃបានបង្រៀនអំពីព្រះ និងសិទ្ធិជ្រើសរើសរបស់យើង ។
-
តើអ្នកបានរៀនអ្វីខ្លះ ?
-
ហេតុអ្វីវាសំខាន់ក្នុងការយល់ថា ព្រះប្រទានអំណាចឲ្យយើង ដើម្បីប្រព្រឹត្ដសម្រាប់ខ្លួនយើង ?
-
តើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ដែលព្រះវរបិតាសួគ៌ទុកព្រះទ័យលើអ្នកឲ្យធ្វើការជ្រើសរើសដោយខ្លួនឯង ?
សូមគិតអំពីឧទាហរណ៍មួយអំពីគ្រាដែលអ្នកប្រើសិទ្ធិជ្រើសរើស តាមរបៀបមួយដែលអ្នកទទួលអារម្មណ៍ថា បំពេញព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។
-
ហេតុអ្វីអ្នកមានអារម្មណ៍ថា ជម្រើសរបស់អ្នកបំពេញហឫទ័យព្រះ ?
វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសញ្ជឹងគិតអំពីជម្រើសណាមួយដែលអ្នកបានធ្វើ ដែលប្រហែលជាមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងអ្វីដែលអ្នកបានរៀនពីជម្រើសទាំងនោះ ។
ជម្រើស ខ ៖ តើព្រះបានប្រទានអ្វីដល់យើងដើម្បីជួយយើងជ្រើសរើសដោយប្រាជ្ញា ?
សូមអាន នីហ្វៃទី ២ ២:៥, ១៣ និង មរ៉ូណៃ ៧:១៦ ដោយរកមើលសេចក្តីពិតដូចខាងក្រោម ។ ចំណាំ « ក្រឹត្យវិន័យ » សំដៅទៅលើបញ្ញត្តិរបស់ព្រះ ។
-
យើងត្រូវតែដឹងល្អ និងអាក្រក់ ដើម្បីអនុវត្តសិទ្ធិជ្រើសរើសរបស់យើងឲ្យបានពេញលេញ ។
-
យើងត្រូវតែមានក្រឹត្យវិន័យ ដើម្បីមានសិទ្ធិជ្រើសរើស ។
-
តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពីសេចក្តីពិតដែលទ្រង់ប្រទានដល់មនុស្សគ្រប់រូប ដើម្បីមានចំណេះដឹងគ្រប់គ្រាន់អំពីអំពើល្អ និងអាក្រក់ ដើម្បីអាចជ្រើសរើសធ្វើសុចរិត ឬទុច្ចរិត ?
-
តើនឹងមានអ្វីកើតឡើងប្រសិនបើគ្មានក្រឹត្យវិន័យ ឬបទបញ្ញត្តិ ?
ជម្រើស គ ៖ ហេតុអ្វីបានជាយើងមានអារម្មណ៍ផ្ទុយនឹងជម្រើសដ៏ល្អរបស់យើង ?
សូមអាន នីហ្វៃទី ២ ២:១១, ១៦ ដោយស្វែងរកសេចក្តីពិតបន្ថែម ដែលលីហៃបានបង្រៀនអំពីសិទ្ធិជ្រើសរើស ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ហេតុអ្វីអ្នកគិតថា ការផ្ទុយគឺជាទិដ្ឋភាពដ៏ចាំបាច់នៃសិទ្ធិជ្រើសរើស ?
-
តើយើងត្រូវបានល្បួងឲ្យធ្វើការជ្រើសរើសត្រូវ និងខុសតាមវិធីណាខ្លះ ?
ដើម្បីជួយអ្នកឲ្យយល់ពីសេចក្ដីពិតនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
បុត្រាបុត្រីរបស់ព្រះនៅមុនឆាកជីវិតនេះពុំអាចប្រែក្លាយដូចជាទ្រង់ឡើយ … លុះត្រាតែពួកគេទទួលបាន … បទពិសោធន៍នៅក្នុងសង្វៀនមានទាំងអំពើល្អ និងអាក្រក់ ។ …
… យើងចង់បានឱកាសដើម្បី … ប្រឈមមុខនឹងអំពើល្អ និងអាក្រក់ ហើយរឹងមាំគ្រប់គ្រាន់ដើម្បីជ្រើសរើសអំពើល្អ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ១៩៩៧ ] ទំព័រ ២០០, ២០៤ )
សូមគិតអំពីរបៀបដែលអ្នកកំពុងរៀនជ្រើសរើសអំពើល្អ សូម្បីតែនៅពេលមានការល្បួងដោយអំពើអាក្រក់ក៏ដោយ ។ អ្នកប្រហែលជាចង់សរសេរគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ អ្នកក៏អាចចង់សញ្ជឹងគិតពីរបៀបដែលអ្នកអាចស្វែងរកជំនួយក្នុងការសម្រេចចិត្តណាមួយ ដែលអ្នកចង់ធ្វើឡើងដើម្បីផ្លាស់ប្តូរ ។
តម្រូវការរបស់យើងសម្រាប់ព្រះអង្គសង្គ្រោះ
គ្មាននរណាឡើយ ក្រៅពីព្រះអង្គសង្គ្រោះបានអនុវត្តសិទ្ធិជ្រើសរើសយ៉ាងល្អឥតខ្ចោះនៅក្នុងជីវិតរមែងស្លាប់ ។ យើងទាំងអស់គ្នាមានបាប ហើយប្រសិនបើគ្មានជំនួយទេ យើងទាំងអស់គ្នានឹង « វិនាស … ហើយក្លាយទៅជាវេទនាជារៀងរហូតតទៅ » ( នីហ្វៃទី ២ ២:៥ ) ។
សូមចាំក្នុងចិត្តថា សូមអាន នីហ្វៃទី ២ ២:៦–៨ ដើម្បីមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើងទាំងអស់គ្នា ។
ប្រសិនបើអ្នកចង់យល់កាន់តែច្បាស់ពីអ្វីដែលត្រូវបានបង្រៀននៅក្នុង នីហ្វៃទី ២ ២:៦–៨ សូមមើលព័ត៌មានដែលមាននៅក្នុងផ្នែក « ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ? » សម្រាប់ខគម្ពីរទាំងនេះ ។
-
តើព្រះអង្គសង្គ្រោះបានជ្រើសរើសជួយអ្នកយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទនេះជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ?
-
តើអ្នករៀនអ្វីខ្លះមកពីគំរូរបស់ព្រះអង្គសង្គ្រោះអំពីការធ្វើការជ្រើសរើស ?
សូមគិតអំពីគ្រាមួយដែល អ្នកបានប្រែចិត្តពីអំពើបាបមួយ ដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ ។ តើការប្រែចិត្តបានជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ?