« ផែនការរបស់ព្រះសម្រាប់គ្រួសាររស់នៅជារៀងរហូត » លីអាហូណា ខែធ្នូ ឆ្នាំ២០២៥
សារលិខិតប្រចាំខែ ទស្សនាវដ្តី លីអាហូណា ខែធ្នូ ឆ្នាំ២០២៥
ផែនការរបស់ព្រះសម្រាប់គ្រួសាររស់នៅជារៀងរហូត
ក្រុមគ្រួសារដែលទទួលយកផែនការរបស់ព្រះ មានសេចក្តីស្រឡាញ់ដូចជាព្រះអង្គសង្គ្រោះមាន និងគោរពសេចក្តីសញ្ញារបស់ពួកគេនៅថ្ងៃណាមួយនឹងទទួលបាន « ពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរដ៏ពេញលេញ » ។
នៅជិតចុងបញ្ចប់នៃបេសកកម្មពេញម៉ោងរបស់ខ្ញុំ ខ្ញុំរីករាយនៅពេលខ្ញុំបានទទួលអំណោយទានពិសិដ្ឋ និងបានផ្សារភ្ជាប់ជាមួយឪពុកម្តាយរបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។
ឪពុកម្តាយរបស់ខ្ញុំ អាផែរីស៊ីដូ និង មឺស៊ីឌីស្ស មានប្រវត្តិមកពីសាសនាផ្សេង ប៉ុន្តែបទពិសោធន៍ជីវិតរបស់ពួកគាត់បានរៀបចំពួកគាត់ដើម្បីទទួលយកដំណឹងល្អដែលបានស្តារឡើងវិញ ។
ឪពុករបស់ខ្ញុំត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារល្អមួយ ប៉ុន្តែមិនជឿលើសាសនាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ កាលនៅជាយុវជនគាត់បានចាប់អារម្មណ៍ទៅលើសាសនា ។ គាត់បានអានព្រះគម្ពីរប៊ីប ចូលរៀនថ្នាក់ព្រះគម្ពីរប៊ីប និងសិក្សាអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សារបស់គាត់បាននាំឲ្យគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងគ្រួសារ ដោយនាំឲ្យគាត់មានបំណងចង់រៀបការជាមួយនរណាម្នាក់ដែលមានគំនិតដូចគ្នា ។
ផ្ទុយទៅវិញ ម្តាយរបស់ខ្ញុំមកពីគ្រួសារដែលមានសេចក្តីជំនឿយ៉ាងរឹងមាំ ។ ពួកគាត់បានទទួលយកគោលការណ៍ដំណឹងល្អ បានចូលរួមការបម្រើនៅក្នុងព្រះវិហារ និងអនុវត្តសេចក្តីជំនឿរបស់ពួកគាត់ដោយស្មោះត្រង់ ។ ការធំធាត់ឡើងនៅក្នុងបរិយាកាសនោះ ម្តាយរបស់ខ្ញុំបានក្លាយជាប្រភេទមនុស្សដែលមិនដែលខកខានការប្រជុំនៅសាសនាចក្រឡើយ ។
ដូច្នេះហើយ បន្ទាប់ពីឪពុកម្ដាយខ្ញុំបានរៀបការ ហើយបងប្អូនប្រុសទាំងបីនាក់ និងខ្ញុំបានទៅជាមួយ ពួកគាត់ពួកគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីចិញ្ចឹមយើងនៅក្នុងពន្លឺនៃចំណេះដឹងរបស់ពួកគាត់អំពីគោលការណ៍នៃដំណឹងល្អ ។ នៅថ្ងៃមួយម្តាយមីងរបស់ខ្ញុំ ដែលជាសមាជិកអសកម្មនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមាននិយាយទៅកាន់ឪពុករបស់ខ្ញុំថា « បងប្រុសជាទីស្រឡាញ់ បងមានកូនប្រុសបួននាក់ ។ ប្រសិនបើបងពិតជាចង់ចិញ្ចឹមគ្រួសារមួយដែលផ្តោតលើព្រះគ្រីស្ទ និងមានព្រះនៅក្នុងគ្រួសាររបស់បង បងត្រូវទៅព្រះវិហាររបស់ខ្ញុំ » ។
ឪពុករបស់ខ្ញុំបានឮអ្វីដែលគាត់បាននិយាយ ប៉ុន្តែគាត់មិនបានធ្វើសកម្មភាពណាមួយឡើយ រហូតដល់ថ្ងៃដែលពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានចូលភូមិរបស់យើង គោះទ្វារផ្ទះ របស់យើង ហើយចាប់ផ្តើមបង្រៀនយើង ។ គាត់បានដឹងភ្លាមៗថា ពួកគេតំណាងឲ្យព្រះវិហារដែលម្តាយមីងរបស់ខ្ញុំបានលើកទឹកចិត្តគាត់ឲ្យសាកមើល ។
ពន្លឺ និង សេចក្តីពិត
រឿងមួយក្នុងចំណោមរឿងដំបូងៗដែលធ្វើឲ្យឪពុកម្តាយរបស់ខ្ញុំចាប់អារម្មណ៍នៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទគឺសារៈសំខាន់ដែលសាសនាចក្រដាក់លើគ្រួសារ និងការបង្រៀនថា « កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ ព្រះ សម្រេចទៅបានតាមរយៈគ្រួសារ ។ មុនពេលពួកគាត់ទទួលបុណ្យជ្រមុជទឹក ឪពុកម្តាយរបស់ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលពួកគាត់បានរៀន រហូតដល់ពួកគាត់បានអញ្ជើញអ្នកជិតខាងឲ្យចូលរួមជាមួយពួកគាត់រៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
រឿងមួយក្នុងចំណោមរឿងដំបូងៗដែលធ្វើឲ្យឪពុកម្តាយរបស់ខ្ញុំចាប់អារម្មណ៍នៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទគឺសារៈសំខាន់ដែលសាសនាចក្រដាក់លើគ្រួសារ ។
នៅពេលដែលពួកគាត់បានជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងបន្តសិក្សាដំណឹងល្អបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគាត់ ឪពុកម្តាយរបស់ខ្ញុំបានរៀនពីវិធី « ឲ្យចិញ្ចឹម កូនចៅ [ របស់ពួកគេ ]នៅក្នុងពន្លឺ និងសេចក្ដីពិត » និងរបៀបដើម្បី « ឲ្យមានរបៀបរៀបរយ … នៅក្នុងគេហដ្ឋាន [ របស់ពួកគេ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:៤០, ៤៣ ) ។
ពួកគាត់បានរៀនថា « គ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ហើយថា « សុភមង្គលនៅក្នុងជីវិតគ្រ្ផសារ អាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
ពួកគាត់បានរៀនថា « អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យ នោះគឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍នៃសេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការងារ និងកម្មវិធីកំសាន្ដល្អៗនានា » ។
ពួកគាត់បានរៀនថា ក្រុមគ្រួសារអាចមានជីវិតនៅអស់កល្បជានិច្ច ហើយថា « ទំនាក់ទំនងដែលមាននៅក្នុងចំណោមពួកយើងនៅទីនេះយ៉ាងណា នោះក៏នឹងមាននៅក្នុងចំណោមយើងនៅទីនោះយ៉ាងនោះដែរ គ្រាន់តែរួបរួមដោយសិរីល្អដ៏នៅអស់កល្បជានិច្ច » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២ ) ។
ហើយពួកគាត់បានរៀនថា « គោលបំណងចុងក្រោយនៃរាល់ការបង្រៀន រាល់សកម្មភាពនៅក្នុងសាសនាចក្រគឺ ថា ឪពុកម្តាយ និងកូនៗរបស់ពួកគាត់មានសុភមង្គលនៅឯផ្ទះ បានផ្សារភ្ជាប់ក្នុងអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ហើយបានភ្ជាប់ទៅជំនាន់ជាច្រើនរបស់ពួកគេ » ។
ដោយមានចំណេះដឹងនោះ ពួកគាត់ចង់ផ្សារភ្ជាប់ជាគ្រួសាររស់នៅជារៀងរហូត ។
កែវភ្នែកមើលឆ្ពោះទៅរកភាពអស់កល្បជានិច្ច
បន្ទាប់ពីឪពុកម្តាយរបស់ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ពួកគាត់បានអនុវត្តតាមអ្វីដែលពួកគាត់បានរៀនសូត្រ ដោយការផ្លាស់ប្តូរពីខាងលោកិយទៅនគរនៃដំណឹងល្អ ។ ពួកគាត់បានខិតខំដើម្បីបង្រួបបង្រួមគ្រួសាររបស់យើងដោយមានរាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាព្រះគម្ពីរជាគ្រួសារ ចូលរួមប្រជុំសាសនាចក្រដោយស្មោះត្រង់ និងធ្វើកិច្ចការពង្សប្រវត្តិ ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនោះឆ្ពោះទៅរកការបង្រួបបង្រួម ពួកគាត់សង្ឃឹមថានឹងបង្កើតគ្រួសារមួយដែលផ្តោតលើផែនការនៃសេចក្តីសង្គ្រោះដោយមានកែវភ្នែកមើលឆ្ពោះទៅរកភាពអស់កល្បជានិច្ច ។
នៅឆ្នាំ១៩៦៥ ជាឆ្នាំដែលឪពុកម្តាយរបស់ខ្ញុំបានទទួលបុណ្យជ្រមុជទឹក នៅ ព្រះវិហារបរិសុទ្ធដែលនៅជិតនឹងសៅ ប៉ូឡូ ប្រេស៊ីល គឺនៅ មេសា រដ្ឋ អារីហ្សូណា ដែលមានចម្ងាយជិត ៦,០០០ ម៉ាយល៍ ( ៩,៦៥០ គីឡូម៉ែត្រ ) ។ ការធ្វើដំណើរគឺមានតម្លៃខ្ពស់សម្រាប់គ្រួសាររបស់យើង ដូច្នេះឪពុកម្តាយរបស់ខ្ញុំត្រូវរង់ចាំរហូតដល់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល នៅក្នុងឆ្នាំ១៩៧៨ មុនពេលពួកគាត់អាចទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគាត់ ហើយបានផ្សារភ្ជាប់ ។ នៅពេលនោះ ខ្ញុំកំពុងបម្រើបេសកកម្មនៅ រីអូ ឌេ ចានីរ៉ូ ។
ប្រហែលពីរខែមុនពេលខ្ញុំបញ្ចប់បេសកកម្មរបស់ខ្ញុំនៅក្នុងខែកុម្ភៈ នាឆ្នាំ១៩៨០ ប្រធានបេសកកម្មរបស់ខ្ញុំបានអនុញ្ញាតឲ្យដៃគូរបស់ខ្ញុំ និងខ្ញុំធ្វើដំណើរនៅពេលយប់ជាមួយសមាជិកដែលមកពីស្តេក រីអូ ឌេ ចានីរ៉ូ ទៅកាន់ព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ដើម្បីឲ្យខ្ញុំអាចទទួលបានអំណោយទានពិសិដ្ឋ និងផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរបស់ខ្ញុំ ។ ដូចជាឪពុកម្តាយរបស់ខ្ញុំដែរ ខ្ញុំបានរង់ចាំជាច្រើនឆ្នាំសម្រាប់ពរជ័យដែលបានសន្យានៃពិធីបរិសុទ្ធ និងសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
បទពិសោធន៍នោះបានផ្លាស់ប្តូរចក្ខុវិស័យរបស់ខ្ញុំអំពីអនាគត ហើយបានផ្ដល់ឲ្យខ្ញុំនូវការមើលឃើញនូវសេចក្តីពិតដ៏ពេញលេញនូវប្រសាសន៍នាពេលថ្មីៗរបស់ប្រធាន រ័សុល អិម ណិលសុន ៖ « ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយបងប្អូនឲ្យ គិតដល់សេឡេស្ទាល និងចាប់យកចក្ខុវិស័យថា បងប្អូនជានរណាពិតប្រាកដ បងប្អូនអាចប្រែក្លាយជាយ៉ាងណា និងប្រភេទនៃជីវិតដែលបងប្អូនអាចមានជារៀងរហូត » ។
ពេលវេលាដ៏ខ្លីរបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធនាឱកាសនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំដែលនៅសេសសល់ ។ ជាមួយចក្ខុវិស័យថ្មីនោះ ការធ្វើទីបន្ទាល់អំពីព្រះវិហារបរិសុទ្ធ និងសារៈសំខាន់នៃផែនការរបស់ព្រះសម្រាប់គ្រួសារ ក៏មានឥទ្ធិពលយូរអង្វែងមកលើជីវិតរបស់ខ្ញុំផងដែរ ។
នៅពេលដែលភរិយារបស់ខ្ញុំ រ៉ូសាណា និងខ្ញុំបានរៀបការក្រោយពេល ខ្ញុំបញ្ចប់បេសកកម្មបានពីរឆ្នាំពួកយើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដោយមានចក្ខុវិស័យនៃការលើកកម្ពស់គ្រួសារដ៏នៅអស់កល្បជានិច្ចរបស់យើង ។ ដើម្បីធ្វើដូច្នេះ យើងបានធ្វើការជាមួយគ្នាដើម្បីបង្កើតប្រពៃណីគ្រួសារដូចជាឪពុកម្តាយរបស់យើងបានបង្រៀនយើង អ្វីៗទាំងអស់ផ្តោតលើព្រះអង្គសង្រ្គោះ ការបង្រៀនរបស់ទ្រង់ និងការបង្រៀនរបស់ពួកព្យាការីសម័យទំនើបរបស់ទ្រង់ ។
សព្វថ្ងៃនេះកូនៗរបស់យើងកំពុងចិញ្ចឹមកូនៗរបស់ពួកគេជាមួយនឹងគោលការណ៍ដំណឹងល្អនៃសុភមង្គលនេះដូចគ្នា ។ សម្រាប់ពួកយើង គ្រួសារគឺជាអ្វីៗគ្រប់យ៉ាង ដោយសារយើងយល់ពីចំណុចសំខាន់នៃគ្រួសារនៅក្នុងផែនការរបស់ព្រះ ។
ក្នុងនាមអ្នកមានសិទ្ធិអំណាចទូទៅ ខ្ញុំមានពរជ័យណាស់ដែលបានផ្សារភ្ជាប់កូនបីនាក់របស់ខ្ញុំជាមួយស្វាមីភរិយារបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។ ការសម្លឹងមើលទៅក្នុងកែវភ្នែករបស់ពួកគេនៅពេលដែលពួកគេលុតជង្គង់ចុះនៅឯទីអាសនានៅក្នុងព្រះវិហារបរិសុទ្ធ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ។ ខ្ញុំអាចមើលឃើញកូនចៅរបស់ខ្ញុំបានទទួលពរដោយគោលការណ៍ដំណឹងល្អដូចគ្នាដែលឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំ ហើយថា រ៉ូសាណា និងខ្ញុំបានបង្រៀនពួកគេ ។ ខ្ញុំអាចមើលឃើញពរជ័យទាំងនោះបន្តនៅក្នុងជំនាន់ខាងមុខផងដែរ ។ ហើយខ្ញុំត្រូវបានរំឭកឲ្យនឹកឃើញ ដល់អង្គដែលធ្វើឲ្យរឿងទាំងនេះអាចកើតមានបាន ។
ការរំឭកអំពីបុណ្យគ្រីស្ទម៉ាស់
គ្រួសារគឺជាផ្នែកដ៏សំខាន់មួយនៃផែនការសុភមង្គលរបស់ព្រះ ប៉ុន្តែបើគ្មានព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទទេ នោះផែនការនេះនឹងមិនអាចធ្វើទៅរួចទេ ។ ដង្វាយធួនរបស់ទ្រង់ និងពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយមាននៅលើដំណឹងល្អរបស់ទ្រង់ ធ្វើឲ្យការសន្យានៃភាពតម្កើងឡើងអាចទៅរួច ។
ប្រធាន ណិលសុន បានប្រកាស ៖ « ភាពតម្កើងឡើងគឺជាកិច្ចការគ្រួសារ ។ មានតែតាមរយៈពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទើបក្រុមគ្រួសារអាចត្រូវបានតម្កើងឡើង ។ នៅចុងបញ្ចប់នៃការព្យាយាមរបស់យើងនោះគឺថា យើងមានភាពរីករាយជាគ្រួសារ—បានទទួលពិធីពិសិដ្ឋ បានផ្សារភ្ជាប់ ហើយបានរៀបចំសម្រាប់ជីវិតដ៏អស់កល្បជានិច្ចនៅក្នុងវត្តមាននៃព្រះ » ។
នៅពេលដែលខ្ញុំទៅទស្សនកិច្ចកន្លែងផ្សេងៗដែលខ្ញុំមិនធ្លាប់បានឃើញពីមុន ខ្ញុំព្យាយាមដើម្បីស្វែងរកឈុតរូបអំពីការប្រសូតរបស់ព្រះយេស៊ូវតូចៗដែលរំឭកខ្ញុំ និងរ៉ូសាណា អំពីព្រះអង្គសង្រ្គោះ ។ ខ្ញុំប្រមូល ហើយរក្សាទុកបានច្រើនគួរសម ។
ខណៈដែលគិតអំពីឈុតរូបអំពីការប្រសូតរបស់ព្រះយេស៊ូវដ៏រាបទាបទាំងនោះ ភរិយារបស់ខ្ញុំ និងខ្ញុំធ្លាប់បានពិចារណាថា « តើអ្វីដែលវាពិតជាមានតម្លៃបំផុតនៅក្នុងជីវិតរបស់យើង ? » ពិតប្រាកដណាស់ចម្លើយគឺជាព្រះអង្គសង្រ្គោះ ដំណឹងល្អរបស់ទ្រង់ និងគ្រួសាររបស់យើង ។ ដើម្បីរំឭកយើងអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងចំពោះយើង ហើយថាតាមរយៈព្រះអង្គសង្គ្រោះ ដែលការសន្យានៃក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចនឹងអាចធ្វើទៅបាន នៅពីមុនពេលបុណ្យគ្រីស្ទម៉ាស់ពីរបីឆ្នាំមុន យើងបានដាក់ឈុតរូបអំពីការប្រសូតរបស់ព្រះយេស៊ូវរបស់យើងទាំងអស់នៅលើធ្នើរធំពីរនៅក្នុងផ្ទះរបស់យើង—ហើយដាក់តាំងវាជារៀងរហូត មិនយកចេញក្រោយពីបុណ្យគ្រីស្ទម៉ាស់នោះទេ ។ ប្រពៃណីនោះជួយយើងរក្សាអារម្មណ៍នៃបុណ្យគ្រីស្ទម៉ាស់នៅក្នុងផ្ទះរបស់យើងពេញមួយឆ្នាំ ។
ជារៀងរាល់ថ្ងៃនៅពេលដែលយើងសម្លឹងមើលឈុតរូបអំពីការប្រសូតរបស់ព្រះយេស៊ូវទាំងនោះ វារំឭកយើងយ៉ាងទន់ភ្លន់អំពីតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង ។ វារំឭកយើងថា នៅលើផែនដីឥឡូវនេះមានសេចក្តីសុខសាន្ត ( សូមមើល លូកា ២:១៤ ) និងសុភមង្គលដ៏នៅអស់កល្បជានិច្ចនៅក្នុងពិភពលោកបន្ទាប់អាស្រ័យលើព្រះអង្គសង្គ្រោះ និងលើការគោរពសេចក្តីសញ្ញាដែលយើងបានធ្វើជាមួយនឹងទ្រង់ ។ ហើយវារំឭកយើង « ថាទ្រង់បានយាងមកក្នុងពិភពលោក គឺព្រះយេស៊ូវ ដើម្បីត្រូវគេឆ្កាងជំនួសពិភពលោក ហើយដើម្បីផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជម្រះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ ។
ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចបានសង្គ្រោះ ដែលព្រះវរបិតាបានដាក់ក្នុងព្រះចេស្ដារបស់ទ្រង់ ហើយបានបង្កើតដោយទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤១–៤២ ) ។
ដូចជាយើងបានរៀនសេចក្តីពិតទាំងនេះពីឪពុកម្តាយរបស់យើងដែរ រ៉ូសាណា និងខ្ញុំខិតខំ ដើម្បីបន្តវាទៅឲ្យកូនៗរបស់យើង ។ ឥឡូវនេះកូនៗរបស់យើងកំពុងបង្រៀនសេចក្តីពិតទាំងនេះដូចគ្នាទៅកាន់កូនៗរបស់ពួកគេ ។ គ្រាប់ពូជដែលបានដាំនៅក្នុងបេះដូងរបស់ឪពុកម្តាយរបស់ខ្ញុំកាលពី ៦០ ឆ្នាំមុននៅក្នុងផ្ទះតូចរបស់យើងនៅក្នុងប្រទេសប្រេស៊ីលបានរីកដុះដាល និងផ្តល់ផលផ្លែ « ដែលពិសេសបំផុត ដែលផ្អែមជាងអ្វីៗដែលផ្អែមទាំងអស់ ហើយដែលសជាងអ្វីៗដែលសទាំងអស់ មែនហើយ ហើយសុទ្ធជាងអ្វីៗដែលសុទ្ធទាំងអស់ » ( អាលម៉ា ៣២:៤២ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អស់អ្នកដែលទទួលយកដំណឹងល្អរបស់ព្រះសម្រាប់ក្រុមគ្រួសារ មានក្តីស្រឡាញ់ដូចជាទ្រង់មាន ហើយគោរពសេចក្តីសញ្ញារបស់ពួកគេ នោះថ្ងៃណាមួយនឹងបានទទួលបាន « ពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរដ៏ពេញលេញ » ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ និងជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រា ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, December 2025. Cambodian. 19614 258