« សេចក្តីសញ្ញា អំណាច និងការសន្យាទាំងឡាយ » លីអាហូណា ខែតុលា ឆ្នាំ២០២៥ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី លីអាហូណា ខែតុលា ឆ្នាំ២០២៥
សេចក្តីសញ្ញា អំណាច និង ការសន្យាទាំងឡាយ
ព្រះវិហារបរិសុទ្ធគឺជាចំណុចសំខាន់ចំពោះអំណាច និងការការពារដែលបានសន្យាចំពោះអ្នកដែលស្មោះត្រង់ ពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
រចនារូបភាពរបស់ យ៉ូសែប ស្ម៊ីធ ដោយ ដាន ប៊ឺរ
នៅខែឧសភា ឆ្នាំ១៨៣៣ ជីតាទួតទីបួនរបស់ខ្ញុំដែលមានឈ្មោះថា អាសាហេល ភែរី ព្រមទាំងមិត្តភក្តិមួយចំនួនបានធ្វើដំណើរពីភាគខាងជើងទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ពួកគាត់មិនមែនជាសមាជិករបស់សាសនាចក្រដែលបានស្ដារឡើងវិញថ្មីៗនោះទេ ប៉ុន្តែពួកគាត់មានចិត្តចង់ជួបព្យាការី យ៉ូសែប ស្ម៊ីធ ។ ពួកគាត់បានមកដល់ទាន់ពេលល្មមដើម្បីចូលរួមនៅក្នុងការប្រជុំក្រុមប្រឹក្សាលើកទីមួយ ដែលបានធ្វើឡើងដើម្បីពិភាក្សាអំពីការសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។
បន្ទាប់ពីចាប់ផ្ដើមក្រុមប្រឹក្សា ព្យាការីបានបង្ហាញពីកិច្ចការនៃការសាងសង់ព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក លោកបានអញ្ជើញអ្នកដែលមានវត្តមាននៅទីនោះ ឲ្យបង្ហាញអារម្មណ៍របស់ពួកគាត់ទាក់ទងនឹងកិច្ចការដ៏ធំបែបនេះ ។ ពួកគាត់ភាគច្រើនបានឆ្លើយតបថា សាសនាចក្រនៅទន់ខ្សោយច្រើនដើម្បីសម្រេចកិច្ចការបែបនេះ ។ ពួកគាត់បានស្នើសុំឲ្យសាងសង់អគារដែលមានទំហំតូចជាងនេះ ឬចំណាយតិចជាងនេះ ។
នៅអំឡុងពេលការពិភាក្សាបន្ទាប់នោះ ជីតា ភែរី និងមិត្តភក្តិរបស់លោកបានជួបជុំគ្នា ហើយបានដកលុយរបស់ពួកគាត់ចេញមក ហើយបានដាក់បញ្ចូលគ្នា ។ តើពួកគាត់មានលុយគ្រប់គ្រាន់សម្រាប់ធ្វើដំណើរត្រឡប់មកវិញ និងបរិច្ចាគសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធដែរឬទេ ? នៅពីរបីនាទីក្រោយមក ជីតាទួតរបស់ខ្ញុំបានទៅជួប យ៉ូសែប ស្ម៊ីធ រួចបានដកយកកាក់មាសប្រាំដុល្លារចេញមក ហើយបានជូនទៅព្យាការី ។ ( កាក់មួយគ្រាប់បែបនោះ នៅសព្វថ្ងៃនេះមានតម្លៃស្មើរាប់រយដុល្លារ ! )
យ៉ូសែបបានឈរនៅចំពោះមុខក្រុមប្រឹក្សា ហើយបានលើកកាក់នោះឡើង ។ បន្ទាប់មក ដោយមានប្រសាសន៍យ៉ាងក្លៀវក្លា លោកបានមានប្រសាសន៍ថា «កិច្ចការនេះចាប់ផ្ដើមហើយ ហើយដំណាក់ [នៃព្រះអម្ចាស់] នឹងត្រូវសាងសង់ឡើងតាមគំរូដែលបានបង្ហាញ» ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
មិនយូរប៉ុន្មាន គ្រួសាររបស់ ភែរី បានចូលរួមក្នុងសាសនាចក្រនៅទីក្រុងខឺតឡង់ បានទទួលពរជ័យនៃព្រះវិហារបរិសុទ្ធរបស់ពួកគាត់នៅពីរបីឆ្នាំក្រោយមក នៅក្នុងព្រះវិហារបរិសុទ្ធណៅវូ ។ ក្រោយមកបានឆ្លងកាត់វាលទំនាបទៅកាន់រដ្ឋយូថាហ៍ ។
នៅពេលដែលព្រះវិហារបរិសុទ្ធខឺតឡង់បានឧទ្ទិសឆ្លងនៅឆ្នាំ១៨៣៦ អគារព្រះវិហារបរិសុទ្ធនេះតូចពេកមិនអាចទទួលពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ឲ្យចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះបានទេ ។ នៅពេលដែលសាសនាចក្របានរីកចម្រើន នោះចំនួនពួកបរិសុទ្ធក៏រីកចម្រើនដែរ ដែលពួកបរិសុទ្ធត្រូវចូលរួមប្រជុំនៅខាងក្រៅ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ១៩២០–២០០៧ ) ដែលបានបម្រើជាប្រធានស្តេក នៅពេលខ្ញុំនៅជាយុវជនម្នាក់ ហើយបានធ្វើជាអ្នកណែនាំ នៅពេលខ្ញុំត្រូវបានហៅជាពួកអ្នកមានសិទ្ធិអំណាចទូទៅនៅឆ្នាំ២០០៧ បានធ្វើការអង្កេតនេះទាក់ទងនឹងព្រះវិហារបរិសុទ្ធទីពីររបស់សាសនាចក្រ ៖
« ពីមុនព្រះវិហារបរិសុទ្ធណៅវូបានធ្វើហើយរួចរាល់នៅឆ្នាំ១៨៤៦ ពួកបរិសុទ្ធជួបជុំគ្នានៅខាងក្រៅ ជាញឹកញាប់នៅជិតនឹងព្រះវិហារបរិសុទ្ធ ដើម្បីស្ដាប់យ៉ូសែប និងថ្នាក់ដឹកនាំដទៃទៀតមានប្រសាសន៍ ។ ពេលខ្លះមានមនុស្សរាប់ពាន់នាក់បានចូលរួមនៅក្នុងការប្រជុំនោះ »—ទោះជាអាកាសធាតុមិនល្អក្ដី ។
« នៅពេល [ អែលឌើរ ] ចច អេ ស្ម៊ីធ បានថ្លែងតាមបែបកំប្លែងថា ‹ នៅសម័យរបស់ព្យាការីយ៉ូសែប … [ សាសនាចក្រ ] រីកចម្រើនបំផុតនៅខាងក្រៅ › » ។
យើងមានអំណរគុណដែលនៅសម័យរបស់យើង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺរីកចម្រើនទាំងខាងក្រៅ និងខាងក្នុង និងនៅទូទាំងពិភពលោក ។ ការរីកចម្រើននោះ រួមទាំងការសាងសង់ព្រះវិហារបរិសុទ្ធក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក « តាមគំរូដែលបានបង្ហាញ »—គំរូដែលតែងតែរួមបញ្ចូលពរជ័យទាំងឡាយ ការឧទ្ទិស សេចក្តីជំនឿ និងការពលិកម្មជានិច្ច ។
ពន្លឺដ៏ត្រចេះត្រចង់—ព្រះវិហារបរិសុទ្ធខឺតឡង់ ដោយ ហ្គែន អេស ហបគីនសុន ហាមថតចម្លង
ហេតុអ្វីមានព្រះវិហារបរិសុទ្ធច្រើនម្ល៉េះ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ១៨៩៩–១៩៩៤ ) បានមានប្រសាសន៍កាលពីប៉ុន្មានទសវត្សរ៍មុនថា « អ្នកកាន់តំណែងមុនរបស់យើងបានព្យាករណ៍ថា ព្រះវិហារបរិសុទ្ធនឹងមាននៅលើទឹកដីនៃអាមេរិកខាងជើង និងខាងត្បូង កោះប៉ាស៊ីហ្វិក អឺរ៉ុប និងកន្លែងផ្សេងទៀត » ។ « ប្រសិនបើកិច្ចការប្រោសលោះនេះបានធ្វើតាមទំហំដែលត្រូវធ្វើ នោះព្រះវិហារបរិសុទ្ធរាប់រយនឹងត្រូវការចាំបាច់ដើម្បីធ្វើកិច្ចការនេះ » ។
ប្រធាន រ័សុល អិម ណិលសុន បានមានមានប្រសាសន៍ថា យើងកំពុងសាងសង់ព្រះវិហារបរិសុទ្ធក្នុងល្បឿនមិនធ្លាប់មានពីមុនមកនៅសព្វថ្ងៃនេះ « ដោយសារព្រះអម្ចាស់បានណែនាំយើងឲ្យធ្វើដូច្នេះ ។ ពរជ័យនៃព្រះវិហារបរិសុទ្ធជួយប្រមូលសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ។ ពរជ័យទាំងនេះក៏ជួយរៀបចំមនុស្សដែលនឹងជួយរៀបចំពិភពលោកសម្រាប់ការយាង មកជាលើកទីពីររបស់ព្រះអម្ចាស់ផងដែរ ! »
នៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ យ៉ូសែប ស៊្មីធ បានអធិស្ឋាន « សូមឲ្យមនុស្សទាំងអស់ ដែលនឹងចូលមកលើធរណីទ្វារនៃដំណាក់នៃព្រះអម្ចាស់ អាចបានជ្រាបយល់នូវព្រះចេស្ដារបស់ទ្រង់ ។ …
« ហើយទូលបង្គំទាំងអស់គ្នាសូមដល់ព្រះអង្គ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ សូមឲ្យពួកអ្នកបម្រើរបស់ទ្រង់អាចបានចេញពីដំណាក់នេះទៅប្រដាប់ដោយព្រះចេស្ដារបស់ទ្រង់ ហើយសូមឲ្យព្រះនាមរបស់ទ្រង់អាចបាននៅក្នុងពួកគេ ហើយសូមឲ្យសិរីល្អរបស់ទ្រង់នៅជុំវិញពួកគេ ហើយពួកទេវតារបស់ទ្រង់ថែរក្សាពួកគេ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៣, ២២ ការគូសបញ្ជាក់បានបន្ថែម សូមមើលខទី ២៣ ផងដែរ ) ។
នៅពេលខ្ញុំអានខទាំងនេះ ខ្ញុំគិតអំពីការនិមិត្តរបស់នីហ្វៃអំពីថ្ងៃចុងក្រោយ ។ សូមកត់ចំណាំនូវពាក្យស្រដៀងគ្នា ៖ « ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានឃើញថា ព្រះចេស្ដានៃកូនចៀមនៃព្រះ បានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយលើរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ហើយពួកគេ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ( នីហ្វៃទី១ ១៤:១៤ ការគូសបញ្ជាក់បានបន្ថែម )។
ខ្ញុំជឿថា ព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការព្យាកររបស់នីហ្វៃ ហើយជាចំណុចសំខាន់នៃការការពារ និងអំណាចដែលបានសន្យាចំពោះអ្នកស្មោះត្រង់មុនការយាងមកជាលើកទីពីរ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ពេលខ្ញុំបម្រើជាប៊ីស្សពនៃវួដនៅសាកលវិទ្យាល័យមួយ ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះយុវនារីម្នាក់នៅក្នុងវួដរបស់ខ្ញុំ ។ នាងនៅតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ។ អ្នកស្គាល់គាត់ គឺប្រធាន អេមីលី បេលី ហ្វ្រីមែន ជាប្រធានយុវនារីទូទៅ ។ នៅក្នុងសុន្ទរកថាសន្និសីទទូទៅថ្មីៗមួយ គាត់បានបង្រៀនថា តាមរយៈព្រះវិហារបរិសុទ្ធ ព្រះយេស៊ូវគ្រីស្ទលើកយើងឡើងទៅទីដ៏ខ្ពស់ខាងវិញ្ញាណ ។
ប្រធាន ហ្វ្រីមែន បានមានប្រសាសន៍ថា « រាល់ពេលដែលខ្ញុំឈានចូលទ្វារនៃព្រះដំណាក់របស់ទ្រង់ ខ្ញុំដកពិសោធន៍នូវទំនាក់ទំនងសេចក្ដីសញ្ញាដ៏ជ្រាលជ្រៅជាមួយទ្រង់ ។ ខ្ញុំត្រូវបាន បន្សុទ្ធ ដោយព្រះវិញ្ញាណទ្រង់ ទទួលអំណោយទានពិសិដ្ឋ ដោយព្រះចេស្ដាទ្រង់ ហើយ បានញែកចេញ ដើម្បីស្ថាបនានគរទ្រង់ » ។
អំណាចដែលបានសន្យា
ប្រធាន ណិលសុន បានមានប្រសាសន៍ជាញឹកញាប់អំពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ដែលមានតាមរយៈសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។ លោកបានមានប្រសាសន៍ថា « ការដាក់នឹមជាមួយព្រះអង្គសង្គ្រោះមានន័យថា បងប្អូនមានសិទ្ធិទទួលព្រះចេស្តាដើម្បីពង្រឹង និងប្រោសលោះ របស់ទ្រង់ » ។ ប្រធាន ណិលសុន ក៏បានបង្រៀនផងដែរ ៖
« នៅពេលយើងរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ នោះយើងទទួលបានព្រះចេស្ដានៃព្រះអម្ចាស់ដើម្បីជួយពង្រឹងយើងកាន់តែខ្លាំង ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងទទួលបានការការពារពីការធ្វើទុក្ខនៃលោកិយ » ។
« ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយ [ របស់ព្រះអង្គសង្គ្រោះ ] ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាបព្វជិតភាពដ៏ពិសិដ្ឋ ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹង របស់ទ្រង់ មកដល់យើង ។ ហើយយើងនឹងត្រូវការព្រះចេស្តារបស់ទ្រង់សម្រាប់ថ្ងៃខាងមុខកាន់តែខ្លាំង » ។
« អំណាចខាងសីលធម៌ និងខាងវិញ្ញាណ ដែលប្រជាជនយើងត្រូវការនៅពេលនេះ និងសម្រាប់ថ្ងៃខាងមុខ គឺជាព្រះចេស្ដានៃព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ យើងអាចទទួលបានការចូលប្រើប្រាស់ព្រះចេស្ដារបស់ទ្រង់ទាំងទ្វេដោយការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយទ្រង់ទាំងទ្វេ » ។
អំណាចនៃស្ថានសួគ៌មានសារៈសំខាន់ណាស់ បងប្អូនប្រុសស្រី ពីព្រោះយើងរស់នៅក្នុងពិភពលោកដ៏អាក្រក់មួយ ។ បើគ្មានអំណាចនោះទេ យើងនឹងមិនអាច « ធន់នៅបានក្នុងកាលដែលទ្រង់យាងមកនោះ » ឬ « ឈរនៅក្នុងកាលដែលទ្រង់លេចមក » ទេ ( ម៉ាឡាគី ៣:២ ) ។ យើងមិនដឹងថាថ្ងៃនោះនឹងដល់ពេលណាទេ ប៉ុន្តែទូតរបស់ទ្រង់ត្រូវបានបញ្ជូនមកដើម្បី « រៀបចំផ្លូវ » សម្រាប់ការយាងមករបស់ទ្រង់ ( ម៉ាឡាគី ៣:១ ) ។ ទន្ទឹមនឹងនេះដែរ ពិភពលោកមិនមានភាពស្ងប់ស្ងាត់ឆ្ពោះទៅរកថ្ងៃនោះទេ ។
យើងត្រូវការអំណាចដែលបានសន្យាចំពោះអ្នកស្មោះត្រង់ដើម្បីជួយយើង ៖
-
ទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ។
-
ប្រែចិត្ត ហើយខិតទៅជិតព្រះអម្ចាស់ ។
-
ផ្ដល់ពរ កម្សាន្តទុក្ខ ដឹកនាំ និងផ្ដល់ការងារបម្រើ ។
-
« ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង » ( សូមើល ម៉ូសាយ ៣:១៩ ) ។
-
ស្វែងរកសេចក្តីសុខសាន្ត និងអំណរនៅក្នុងព្រះគ្រីស្ទ នៅពេលយើងដើរលើផ្លូវនៃសេចក្តីសញ្ញា ។
-
រៀបចំខ្លួន « សម្រាប់ថ្ងៃនៃការឆេះឆាប » និង « ឲ្យរួចផុតពីការអន្តរាយនៃពួកទុច្ចរិតផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៤៦ ) ។
-
សម្រេចកិច្ចការរបស់ព្រះអម្ចាស់ មុនពេលការយាងមកជាលើកទីពីររបស់ទ្រង់ ។
រូបថតដំបូលព្រះវិហារបរិសុទ្ធ ថាក់សុន អារីហ្សូណា ដោយ ចេមស៍ វ៉ាធ៍នី យ៉ង់
ឆ្មាំនៃសេចក្ដីសង្រ្គោះ
កិច្ចការ និងសិរីល្អរបស់ទ្រង់គឺដើម្បី « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ព្រះវិហារបរិសុទ្ធនីមួយៗឈរជាឆ្មាំផែនដីនៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ ដោយចង្អុលបង្ហាញទៅតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះក្នុងកិច្ចការ និងសិរីល្អនោះ ។
ដោយមានព្រះចេស្ដារបស់ទ្រង់ បុរស និងស្ត្រីគ្រប់រូបដែលរក្សាសេចក្ដីសញ្ញា—រៀបការ ឬមិនរៀបការ—ដែលជាអ្នករក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធដោយស្មោះត្រង់នឹងទទួលបានពរជ័យក្នុងជីវិតនេះ និងក្នុងជីវិតខាងមុខ ។
ប្រធាន ណិលសុន បានសន្យា ៖ « នៅចុងបញ្ចប់ ពួកយើងម្នាក់ៗព្យាយាមដើម្បីទទួលបានអំណោយទានពិសិដ្ឋជាមួយនឹងអំណាចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារ ស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យយើងមានភាពស័ក្តិសមដើម្បីទទួលបានអំណោយទានដ៏មហិមារបស់ព្រះ—ជីវិតដដ៏នៅអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាដែលបងប្អូនធ្វើនៅទីនោះគឺជាគន្លឹះដើម្បីពង្រឹងជីវិតរបស់បងប្អូន អាពាហ៍ពិពាហ៍ និងគ្រួសាររបស់បងប្អូន ព្រមទាំងលទ្ធភាពរបស់បងប្អូនដើម្បីទប់ទល់នឹងការវាយប្រហារពីមារសត្រូវ ។ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូននឹងផ្ដល់ពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » ។
ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពរជ័យទាំងនេះគឺជាការពិត ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, October 2025. Cambodian. 19611 258