2025
សេចក្តី​ពិត​នៃ​ជីវិត​របស់​យើង
ខែសីហា ឆ្នាំ២០២៥


« សេចក្តី​ពិត​នៃ​ជីវិត​របស់​យើង » លីអាហូណា ខែសីហា ឆ្នាំ២០២៥

សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី លីអាហូណា ខែសីហា ឆ្នាំ២០២៥

សេចក្តី​ពិត នៃ​ជីវិត​របស់​យើង

ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​បាន​បើក​សម្ដែង​សេចក្ដី​ពិត​ទាក់ទង​នឺង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​របស់​យើង រួមទាំង​របៀប​ទទួល​បាន​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ទាំងអស់​ផងដែរ ។

ហាង​របស់​ក្រុមហ៊ុន & អិន ខេ វិតនី

នៅ​ជាន់លើ​ក្នុង​បន្ទប់​ដ៏តូច​ចង្អៀត​មួយ​ខាងលើ​ហាង​របស់ ណូវែល ខេ វិតនី នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ១៨៣៣ ពួក​អែលឌើរ​នៃ​សាសនាចក្រ​បាន​ជួប​ប្រមូលផ្តុំ​គ្នា​ជាមួយ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​ខែធ្នូ​ឆ្នាំមុន យ៉ូសែប​បាន​ទទួល​វិវរណៈ​ដែល​ដឹកនាំ​លោក​ឲ្យ​បង្កើត​សាលា​មួយ​ដែល​គោលបំណង​ជាចម្បង​គឺ ដើម្បី​រៀបចំ​បងប្អូន​ប្រុស​សម្រាប់​បេសកកម្ម ។

ព្រះអម្ចាស់​បាន​ប្រកាសថា « យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ ។

« ចូរ​អ្នករាល់គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះគុណ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត​អំពី​ទ្រឹស្ដី អំពី​គោលការណ៍ អំពី​គោលលទ្ធិ អំពី​ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ អំពី​គ្រប់​ទាំងអស់​ដែល​ទាក់ទង​ទៅ​នឹង​នគរព្រះ ដែល​ជា​ការ​ចាំបាច់​សម្រាប់​ឲ្យ​អ្នក​យល់ ។…

« ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រៀបចំ​នូវ​គ្រប់​ទាំង​អស់ ក្នុង​កាល​យើង​នឹង​ចាត់​អ្នក​ម្ដង​ទៀត ឲ្យ​ទៅ​ដើម្បី​តម្កើង​ការ​ហៅ ដែល​យើង​បាន​ហៅ​អ្នក​រួច​ហើយ​នោះ និង​បេសកកម្ម​ដែល​យើង​បាន​អនុញ្ញាត​ដល់​អ្នក » ( គោលលទ្ធិ និង​សេចក្ដី សញ្ញា ៨៨:៧៧–៧៨, ៨០ ) ។

នេះគឺ « សាលា​របស់​ពួក​ព្យាការី » ដូច​ដែល​វា​ត្រូវបាន​ហៅ បាន​ផ្តល់​នូវ​អំណោយទាន​ខាងវិញ្ញាណ និង​បទពិសោធន៍​ដ៏អស្ចារ្យ ។ ថ្នាក់​ដឹកនាំ​ពីដើម​ជាច្រើន​នៃ​សាសនាចក្រ​ត្រូវបាន​រៀន​នៅទីនោះ ។ សព្វថ្ងៃនេះ ពិភពលោក​ខុសគ្នា​ទាំងស្រុង ប៉ុន្តែ​ការណែនាំ​របស់​ព្រះអម្ចាស់​ដែល​ប្រទាន​កាលនោះ គឺ​នៅតែ​អាច​អនុវត្ត​បាន​នៅឡើយ ។ ទន្ទឹម​នេះផងដែរ ពួកយើង​ក៏​ត្រូវ​ស្វែងរក​ចំណេះដឹង និង​សេចក្ដីពិត « ការចេះ​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង​ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​នៅ​ខាង​មុខ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:២៤ ) ។

ស្ត្រី​កំពុង​ជញ្ជឹងគិត​ពី​សៀវភៅ​ដែល​នាង​កំពុង​អាន

ការស្វែងរក សេចក្តី​ពិត របស់​យើង

នៅក្នុង​សម័យ​ដែល​យើង​រស់នៅ​នេះ ចំណេះដឹង​កាន់តែ​ច្រើន​មាន​សម្រាប់​យើង​ជាង​ពេលណាៗ​ទាំងអស់ ។ កាលពី​អតីតកាល ប្រសិនបើ​បងប្អូន​ចង់​ដឹង​អ្វីមួយ នោះ​បងប្អូន​ត្រូវ​ទៅ​បណ្ណាល័យ ហើយ​រកមើល​វា ។ បច្ចុប្បន្ន​នេះ អ៊ីនធឺណិត និង​ឧបករណ៍​ចល័ត​ផ្តល់​នូវ​ការចូលប្រើ​ព័ត៌មាន​ស្ទើរតែ​គ្មាន​ទីបញ្ចប់​ដែល​យើង​អាច​រកឃើញ​ស្ទើរតែ​ភ្លាមៗ ។

ព្រះអម្ចាស់​សព្វព្រះហឫទ័យ​ពេល​ដែល​យើង​ប្រើប្រាស់​ធនធាន​ដែល​មាន​សម្រាប់​យើង​ប្រកប​ដោយ​ប្រាជ្ញា ប៉ុន្តែ​ទ្រង់​បាន​ផ្តល់​ដំបូន្មាន​មិន​ឈប់ឈរថា ៖ « នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៨ ) ។ ទ្រង់​លើកទឹកចិត្ត​យើង​ឲ្យ​រៀន​អំពី​ពិភពលោក​ជុំវិញ​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៧៩; ៩៣:៥៣ ) ប៉ុន្តែ​នៅក្នុង​ការស្វែងរក​សេចក្តី​ពិត​របស់​យើង នោះ​យើង​ត្រូវ​សម្លឹងមើល​ទៅ​ព្រះ ដែល​ទ្រង់ « យល់​គ្រប់​ទាំងអស់ ហើយ​គ្រប់​ទាំង​អស់​នៅ​ចំពោះ​ទ្រង់ … ហើយ​ព្រះ​អង្គ​នៅ​លើ​គ្រប់​ទាំង​អស់ … ហើយ​គ្រប់​ទាំង​អស់​គឺ​ដោយ​សារ​ទ្រង់ និង​មក​ពី​ទ្រង់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៤១ ) ។

នៅក្នុង​ចំណោម​សេចក្តី​ពិត​ដែល​ព្រះ​បាន​ផ្តល់​ឲ្យ​យើង គ្រឹះ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​គឺ​ថា ទ្រង់​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​គឺជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់ និង​ស្រឡាញ់​យើង​យ៉ាង​ឥតខ្ចោះ ។ ហើយ​ក្នុង​នាមជា​បុត្រ​ខាង​វិញ្ញាណ​របស់​ទ្រង់ យើង​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព ។ ការយល់ដឹង និង​ទទួល​យក​សេចក្តី​ពិត​ដ៏អស់កល្ប​ទាំងនេះ​ផ្តល់​ឲ្យ​យើង​នូវ​អត្តសញ្ញាណ តម្លៃ និង​គោលបំណង​ដែល​បាន​ប្រទានពរ និង​បានដឹកនាំ​យើង​នៅក្នុង​ជីវិត​មុន​ផែនដី​របស់​យើង ហើយ​នឹង​បន្ត​ដឹកនាំ​ក្នុង​ពេល​ឥឡូវនេះ និង​ជារៀង​រហូត ។

មនុស្ស​កំពុង​ឆ្លងកាត់​វាំងនន

យើង​បាន​នៅ​ជាមួយ​នឹង​ព្រះវរបិតា​តាំងពី ដើមដំបូង

នៅពេល​យើង​ស្វែងរក​សេចក្តីពិត​នៃ​ដំណើររឿង​នេះ « ដូច​ដែល​វាមាន » នោះ​យើង​រកឃើញ​ពាក្យ​ទាំងនេះ​មកពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ « ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​ដើមដំបូង យើង​បាន​គង់នៅ​ជាមួយ​ព្រះវរបិតា ហើយ​យើង​ជា​កូន​ច្បង » ហើយ « កាល​ដើមដំបូង អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ជាមួយ​ព្រះ​វរបិតា​ដែរ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:២១, ២៣ ) ។

ពីមុនជីវិត​របស់​យើង​នៅលើ​ផែនដី យើង​បាន​ចូលរួម​ក្រុមប្រឹក្សា​មួយ​នៅ​ស្ថានសួគ៌ ដែល​ព្រះវរបិតាសួគ៌​របស់យើង​បាន​បង្ហាញ​ផែនការ​នៃ​សុភមង្គល​ដ៏អស្ចារ្យ​របស់ទ្រង់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀនថា ការលើកទឹកចិត្ត​របស់​ព្រះ​សម្រាប់​ផែនការ​របស់​ទ្រង់ គឺ​ដើម្បី​ផ្តល់​ឲ្យ​យើង « ឯកសិទ្ធិ​មួយ​ដើម្បី​ឈាន​ទៅមុខ​ដូចជា​ទ្រង់ [ និង ] … ត្រូវបាន​លើក​តម្កើងឡើង​ជាមួយ​ទ្រង់ » ។ កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

យើង​បាន​អនុវត្ត​សិទ្ធិជ្រើសរើស​របស់យើង ហើយ​បាន​ជ្រើសរើស​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ យើង​បាន​ទទួល​ពរជ័យ​ឲ្យ​កើត​មក​ក្នុង​ជីវិត​នេះ ជា​កន្លែង​ដែល​យើង​បន្ត​មាន​សិទ្ធិ​ជ្រើសរើស ហើយ​អាច​មាន​បទពិសោធន៍​នឹង​ជីវិត​រមែង​ស្លាប់ រៀន និង​រីកចម្រើន​ទៅរក​ជីវិត​អស់កល្ប​ជានិច្ច ។

ក្នុង​អំឡុងពេល​ដំណើរ​នៃ​ជីវិត​រមែងស្លាប់​របស់យើង យើង​នឹង​ជួប​ប្រទះ​បញ្ហា​ប្រឈមមុខ និង​ការបរាជ័យ​នានា ។ ប៉ុន្តែ​យើង​មិន​ចាំបាច់​ប្រឈមមុខ​នឹង​ទុក្ខលំបាក​នៃ​ជីវិត​តែ​ម្នាក់ឯង​នោះទេ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀនថា ព្រះវរបិតាសួគ៌ « ដែល​ជា​បិតា​ដ៏អស្ចារ្យ​នៃ​សកលលោក​នេះ មើល​មកលើ​គ្រួសារ​មនុស្ស​លោក​ទាំងមូល ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ការគោរព​ពី​ឪពុក » ។

ព្រះវរបិតាសួគ៌​របស់​យើង​ជា « ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក » នឹង​ប្រទានពរ​ដល់​យើង លើកស្ទួយ​យើង​ឡើង និង​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា « ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ » ( កូរិនថូស ទី២ ១:៣–៤ ) ។ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​របស់​ទ្រង់ ព្រះវរបិតាសួគ៌​បាន​ផ្តល់​នូវ​ផ្លូវ​សម្រាប់​យើង​ដើម្បី​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

សួនច្បារ​គែតសេម៉ានី អ៊ីស្រាអែល

ផ្លូវ​ទៅកាន់ ព្រះបិតា របស់​យើង

សេចក្តីពិត « រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ » ( យ៉ាកុប ៤:១៣ ) គឺ​ច្បាស់ ៖ យើង​មិន​អាច​ឈានដល់​សក្តានុពល​ពេញលេញ​របស់យើង​ក្នុង​នាមជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​របស់យើង​ដោយ​ម្នាក់ឯង​បានទេ ។ ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​បុត្រា​ច្បង​របស់​ព្រះវរបិតា​ខាងវិញ្ញាណ បាន​សន្យាថា​នឹង​ធ្វើជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។

ព្រះយេស៊ូវគ្រីស្ទ « ជា​បុត្រា​ស្ងួនភ្ញា​របស់​ព្រះវរបិតា ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត​…​ដែល​យាង​មក ហើយ​គង់នៅ​ក្នុង​សាច់​ឈាម ហើយ​គង់នៅ​ក្នុង​ចំណោម​ពួក​យើង​រាល់​គ្នា » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:១១ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​យើង​នូវ​ផ្លូវ​ដើម្បី​ស្វែងរក​សុភមង្គល អត្ថន័យ និង​អំណរ​នៅក្នុង​ជីវិត​នេះ និង​ក្នុង​ភាពអស់កល្ប​ជានិច្ច ។

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ­ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ។

ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជម្រះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ » ( យ៉ូហាន ៣:១៦–១៧ ) ។

បទពិសោធន៍​នៅលើ​ផែនដី​របស់​ព្រះអង្គសង្គ្រោះ​មាន​សារៈសំខាន់​ណាស់ ។ ទ្រង់ « ពុំ​បាន​ទទួល​នូវ​ភាព​ពោរពេញ​ទេ ប៉ុន្តែ​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះ​គុណ» ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:១២ ) ។ ទ្រង់​បាន​រីកចម្រើន​រហូតដល់ « ទ្រង់​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​ព្រះវរបិតា » និង « បាន​ទទួល​គ្រប់​ព្រះ​ចេស្ដា​ទាំង​អស់ ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី​ផង ហើយ​សិរី​ល្អ​នៃ​ព្រះវរបិតា​បាន​ស្ថិតនៅ​ជាមួយ​នឹង​ព្រះ​អង្គ ត្បិត​ទ្រង់​គង់នៅ​ក្នុង​ព្រះ​អង្គ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៦–១៧ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​អាច​យល់ ហើយ​ចេះ​ថ្វាយ​បង្គំ ហើយ​ស្គាល់​នូវ​អ្វី​ដែល​ខ្លួន​ថ្វាយ​បង្គំ ប្រយោជន៍​ឲ្យ​អ្នក​អាច​ចូល​មក​ឯ​ព្រះវរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​យើង ហើយ​នៅ​វេលា​កំណត់ ឲ្យ​បាន​ទទួល​នូវ​ភាព​ពោរពេញ​របស់​ទ្រង់ » ។

« ដ្បិត​បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់ ហើយ​បាន​តម្កើង​ក្នុង​យើង ដូច​ជា​យើង​នៅ​ក្នុង​ព្រះ​វរបិតា​ដែរ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:១៩–២០ ) ។

នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​លោកិយ ហើយ​បាន​ទទួល​រង​នូវ​ទុក្ខ​សោក​ទាំងអស់ និង « ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ( អាលម៉ា ៧:១១ ) ។ ការណ៍​នេះ « បាន​បណ្ដាល​ឲ្យ [ ទ្រង់ ]​…​ដែលជា​ព្រះ​ដ៏​មហិមា​លើ​អ្វីៗ​ទាំងអស់​ត្រូវ​ញ័រ​ដោយសារ​តែ​ការឈឺចាប់​ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨ ) ។ មាន​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន និង​ការរស់ឡើងវិញ​របស់ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​មាន​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​បាន ។

តាមរយៈ​ព្រះគុណ និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​រីកចម្រើន​រហូតដល់​យើង​ទទួល​បាន​ភាពពេញលេញ ហើយ​ថ្ងៃណាមួយ​អាច​នាំ​ទៅរក​ភាពល្អ​ឥតខ្ចោះ ។ ប្រសិនបើ​យើង​នឹង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ប្រតិបត្តិ​តាម​ព្រះបញ្ញាតិ​របស់ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ និង​ណែនាំ​យើង​នៅលើ​ផ្លូវ​របស់យើង​ត្រឡប់​ទៅរក​វត្តមាន​ដ៏រុងរឿង​របស់​ព្រះវរបិតា​នៅលើ​ស្ថានសួគ៌​របស់យើង ។

គំនូរ​របស់​ព្រះគ្រីស្ទ​ដើរ​នៅលើ​ផ្លូវ​ទៅកាន់​ទីក្រុង​យេរូសាឡិម

Christ on the Road to Jerusalem ( ព្រះគ្រីស្ទ​នៅលើ​ផ្លូវ​ទៅកាន់​ទីក្រុង​យេរូសាឡិម ) ដោយ ម៉ៃខល ខូលមែន ហាម​ថត​ចម្លង

តើ​បងប្អូន​នឹង​ទទួល​ អំណោយ របស់​ទ្រង់​ដែរទេ ?

ក្នុង​ចំណោម​សេចក្តី​ពិត « រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ » ( យ៉ាកុប ៤:១៣ ) យើង​រៀន​ថា​បទពិសោធន៍​របស់យើង​ក្នុង​ភាពអស់កល្ប​ជានិច្ច​នឹង​ត្រូវបាន​កំណត់​ដោយ​ការជ្រើសរើស​របស់យើង​ក្នុង​ការដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អំណោយ​ដែល​ទ្រង់​ប្រទាន​ឲ្យ ។ បទគម្ពីរ​បង្រៀន​ថា យើង​នឹង « ត្រេកអរ​ចំពោះ​អ្វី​ដែល [ យើង ] ព្រម​ទទួល » ។ គួរឲ្យ​សោកស្តាយ អ្នក​ខ្លះ​នឹង​មិន « ព្រម​ត្រេកអរ​ចំពោះ​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន​នោះ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៣២ ) ។

ប្រធាន​បេសកកម្ម​របស់​ខ្ញុំ អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ ( ឆ្នាំ១៩២១–២០១១ ) ដែល​បាន​បម្រើជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ដែល​បាន​បង្រៀន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោកថា ការទូលសុំ​អ្វី​ដែល​យើង​មាន​ឆន្ទៈ​ក្នុង​ការទទួល និង​រីករាយ​គឺជា​វិធី​មួយ​ដែល​យើង​អាច​វិនិច្ឆ័យ​ថា​យើង​ស្ថិត​នៅក្នុង​កន្លែងណា​នៃ​ដំណើរ​ខាងវិញ្ញាណ​របស់យើង ។ « ដ្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើ​សិន​ជា​បាន​ប្រទាន​អំណោយទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយទាន​សោះនោះ ? » នៅពេល​យើង​ទទួល​បាន​អំណោយ​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការស្វែងរក និង​ការធ្វើតាម​ទ្រង់​យ៉ាង​ស្មោះត្រង់ នោះ​យើង​នឹង​ត្រេកអរ​ក្នុង​ក្តីសង្ឃឹម​នៃ​ជីវិត​អស់កល្ប​ជានិច្ច និង « ត្រេកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយទាន [ នោះ ] ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៣៣ ) ។ អំណោយទាន​នេះ​បាន​ផ្តល់​ឲ្យ​ដោយ​ក្តីស្រឡាញ់ « គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:៧ ) ។

ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​យើង ។ នៅពេល​ដែល​យើង​ងាក​ទៅរក​ទ្រង់​ក្នុង​ការស្វែងរក​សេចក្តីពិត​របស់យើង នោះ​យើង​អាច​នៅ​ជាប់នឹង​បញ្ញា ទទួល​បាន​ប្រាជ្ញា ឱប​ក្រសោប​សេចក្ដី​ពិត ទទួល​យក​ការពិត ស្រឡាញ់​គុណធម៌ និង​នៅជាប់​នឹង​ពន្លឺ​ដែល​មកពី​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៤០ ) ។ បន្ទាប់មក យើង​បន្ត​ពេញ​មួយ​ជីវិត​របស់យើង​រហូត​ដល់ « គង់តែ​ថ្ងៃ​នោះ​នឹង​មក​ដល់ ក្នុង​កាល [ យើង ] នឹង​យល់​ពី​ព្រះ ដោយ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ក្នុង​ទ្រង់ និង​ដោយ​សារ​ទ្រង់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៤៩ ) ។

នោះ​នឹង​ក្លាយជា​ថ្ងៃ​ដ៏រុងរឿង និង​សប្បាយ​រីករាយ​បំផុត ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០១១ ) ទំព័រ ២១០ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. Teachings: Joseph Smith ទំព័រ ៣៩ ។