2025
យើង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់
ខែ​មិថុនា ឆ្នាំ​២០២៥


« យើង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ » លីអាហូណា ខែ​មិថុនា ឆ្នាំ​២០២៥ ។

សារលិខិត​ប្រចាំខែ​ទស្សនាវដ្ដី លីអាហូណា ខែ​មិថុនា ឆ្នាំ​២០២៥

យើង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ ការចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់

យើង​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ផ្តោតលើ​ព្រះរាជបំណង​របស់​ទ្រង់ កាន់តាម​ព្រះបញ្ញត្ដិ​របស់​ទ្រង់ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។

ព្រះគ្រីស្ទ និង​កំលោះ​អ្នកមាន

សេចក្ដី​លម្អិត​មកពី ព្រះគ្រីស្ទ និង​កំលោះ​អ្នកមាន ដោយ ហិនរីឆ ហូហ្វមិន

នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការលើក​ដាក់​មក​លើខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ផ្នែក​មួយ​នៃ​ដំណើរការ​នេះ​បង្ហាញ​ថា យើង​ចូលរួម​នឹង​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​សរសេរ​ថា « អត្ថន័យ​ដ៏​សំខាន់​បំផុត​មួយ​នៃ​ការលើក​ដាក់​មក​លើខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ [ គឺជា ] ឆន្ទៈ និង​ការតាំងចិត្ដ​ដើម្បី​លើក​ដាក់​មក​លើខ្លួន​យើង​នូវ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ និង​នគរ​របស់​ទ្រង់ » ។

កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ « គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ អមតភាព​គឺជា​អំណោយទាន​ដ៏​ឥត​លក្ខខណ្ឌ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធានា​ដល់​យើង​រួចមក​ហើយ តាមរយៈ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។ ទោះជា​យ៉ាងនេះ​ក្ដី ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​គឺ​មិន​ដូច​នឹង​អមតភាព​ឡើយ ។ ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​គឺជា​អំណោយទាន​ដ៏មហិមា​បំផុត ដែល​ព្រះ​អាច​ប្រទាន​ដល់​មនុស្សជាតិ​បាន ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:៧ ) ។ វា​គឺ​ជា​ការរស់នៅ​ជា​ក្រុមគ្រួសារ​ជា​រៀងរហូត​នៅក្នុង​វត្ដមាន​របស់​ទ្រង់ ។ ដើម្បី​ឲ្យ​យើង​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​មាន​ន័យ​ថា យើង​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ ដោយ​ការមាន​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ដ ការទទួល​បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ការកាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​រួមបញ្ចូល​នូវ​ការចូលរួម​នឹង​ព្រះអង្គ​សង្គ្រោះ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

ឧស្សាហ៍​ចូលរួម

យើង​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ដែល​យើង​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ការណ៍​នេះ​រួមបញ្ចូល​នូវ​ការចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ដែល​តាមរយៈ​ការណ៍​នេះ​គឺ​ការប្រមូល​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ ដោយ​ការបំពេញ​ទំនួល​ខុសត្រូវ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយ​ការខិតខំ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ « ភាពជោគជ័យ​របស់​យើង​[ ក្នុង​កិច្ចការ​របស់​ទ្រង់ ] មិន​អាស្រ័យ​លើ​របៀប​ដែល​អ្នក​ដទៃ​ជ្រើសរើស​ឆ្លើយតប​នឹង​[ យើង ] ការអញ្ជើញ​[ របស់​យើង ] ឬ​ទង្វើ​សប្បុរសធម៌​[ របស់​យើង ]​នោះ​ទេ » ។ ប្រធាន រ័សុល អិម ណិលសុន បាន​បញ្ជាក់​ថា « រាល់​ពេល ដែល​បងប្អូន​ធ្វើ អ្វី​មួយ ដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុ​ជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ » ។

ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​កិច្ចការ​របស់​យើង យើង​ផ្តោតលើ​ព្រះរាជបំណង​របស់​ទ្រង់ កាន់តាម​ព្រះបញ្ញត្ដិ​របស់​ទ្រង់ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។ ខណៈ​ពេល​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់​តាម​របៀប​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥១:២ ) ក៏​មាន​រឿងខ្លះ​ទៀត​ដែល​បានទុក​ឲ្យ​យើង​ដើម្បី​ដោះស្រាយ​ដោយ​ខ្លួនឯង​ដែរ ។ ព្រះអង្គ​សង្គ្រោះ​បានមាន​ព្រះបន្ទូល​ប្រាប់​ពួកបរិសុទ្ធ​ដែល​បាន​ប្រមូលផ្តុំ​នៅ​ខោនធី ចាកសុន រដ្ឋ​មិសសួរី ៖

« ដ្បិត​មើលចុះ មិន​សម​ឲ្យ​យើង​ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំងអស់​ទេ ដ្បិត​អ្នកណា​ដែល​ត្រូវ​គេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​បាវ​ខ្ជិល​ច្រអូស ហើយ​មិន​មាន​ប្រាជ្ញា​ទៅវិញ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ពុំ​បាន​ទទួល​រង្វាន់​ឡើយ ។

« យើង​ប្រាប់​ជា​ប្រាកដ​ថា មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន

« ដ្បិត​អំណាច​គឺ​មាន​នៅក្នុង​ខ្លួន​គេ ម៉្លោះ​ហើយ ពួកគេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៦–២៨ ) ។

នៅពេល​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ និង​ជួយ​អ្នកដទៃ​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ទ្រង់ នោះ​យើង​បង្រៀន​អ្វី​ដែល​ទ្រង់​នឹង​បង្រៀន ។ ដោយសារ​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្រៀន​អ្វី​ផ្សេងទៀត​ឡើយ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:៩, ៣៦ ) នោះ​យើង​ផ្តោតលើ​គោលលទ្ធិ​របស់​ទ្រង់​ដោយ​ឥត​ងាករេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៨:២៥ ) ។ បន្ថែម​ពីលើ​នេះ​ទៀត យើង​យកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​អ្នក​ដែល​ក្រីក្រ ខ្វះខាត និង​ងាយ​រងគ្រោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:៤០ ) ។ ការសង្កត់ធ្ងន់​ទាំងនេះ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដកស្រង់​សម្ដី​របស់​អេសាយ​នៅក្នុង​សាលាប្រជុំ​នៅ​ស្រុក​ណាសារ៉ែត ៖

« ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច

« ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះអម្ចាស់​កំណត់​ទុក » ( លូកា ៤:១៨–១៩; សូមមើល​ផងដែរ អេសាយ ៦១:១–២ ) ។

ឆ្នាំ​ដែល​ព្រះអម្ចាស់​កំណត់​ទុក សំដៅ​លើ​កាលវេលា​ដែល​ពរជ័យ​ទាំងអស់​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នឹង​ត្រូវបាន​ប្រទាន​យ៉ាង​សន្ធឹកសន្ធាប់​ដល់​រាស្ដ្រ​របស់​ទ្រង់ ។ យើង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការអញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ និង​ដោយ​ការថែទាំ​អ្នក​ដែល​ក្រីក្រ ឬ​អ្នក​ដែល​ខ្វះខាត ។

ការចូលរួម​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​កិច្ចការ​របស់ទ្រង់​គឺ​គួរឲ្យ​រំភើប​ណាស់ ព្រោះថា​កិច្ចការ ផែនការ និង​គម្រោងការណ៍​ទាំងឡាយ​របស់​ទ្រង « ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​សាបសូន្យ​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:១ ) ។ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​បាក់ទឹកចិត្ដ ព្រះអម្ចាស់​បាន​ប្រឹក្សា​ថា « ហេតុ​ដូច្នោះ​ហើយ ចូរកុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​អ្នករាល់គ្នា​កំពុង​តែ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញពី​ការណ៍​ដ៏​តូចតាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣៣ ) ។ យើង​ទុក​ឲ្យ​ព្រះអម្ចាស់​ខ្វល់ខ្វាយ​អំពី​ការប្រមូល​ផល​ចុះ ហើយ​យើង​គ្រាន់តែ​ត្រូវ​ធ្វើ​ផ្នែក​របស់​យើង​តែ​ប៉ុណ្ណោះ ។

ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម

ការធ្វើ​ផ្នែក​របស់​យើង​គឺ​សាមញ្ញ​ជាង​អ្វី​ដែល​យើង​ស្រមៃ​ដល់​ទៅទៀត ព្រោះ​យើង​មិនចាំបាច់​នាំយក​នូវ​ទេពកោសល្យ ឬ​សមត្ថភាព​អស្ចារ្យ​មកកាន់​កិច្ចការ​របស់​ព្រះអម្ចាស់​ឡើយ ។ អ្វី​ដែល​ទ្រង់​តម្រូវ​គឺ​ការតាំងចិត្ដ និង​ឆន្ទៈ​ធ្វើតាម ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកបរិសុទ្ធ​នៅ​ខឺតឡង់ រដ្ឋ​អូហៃអូ ថា « មើល​ចុះ ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣៤ ) ។ ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ឆន្ទៈ​ទៅ​ជា​មាន​សមត្ថភាព​បាន ប៉ុន្តែ​ទ្រង់​ពុំ​អាច ឬ​ទ្រង់​នឹង​មិន​ធ្វើឲ្យ​អ្នក​មាន​សមត្ថភាព​ទៅ​ជា​មាន​ឆន្ទៈ​បាន​ឡើយ ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា ប្រសិនបើ​យើង​តាំងចិត្ដ និង​មាន​ឆន្ទៈ នោះ​ទ្រង់​អាច​ប្រើ​យើង​បាន ។ ប៉ុន្តែ​មិន​ថា​យើង​មាន​ទេពកោសល្យ​ប៉ុនណា​ក៏ដោយ ទ្រង់​នឹង​មិន​ប្រើ​យើង​ទេ លុះត្រា​តែ​យើង​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​របស់ទ្រង់ និង​មាន​ឆន្ទៈ​ក្នុង​ការជួយ​ទ្រង់​សិន ។

សាំយ៉ូអែល និង អាណា‑ម៉ារីអា កូវីស្ដូ បាន​បង្ហាញ​ទាំង​ការតាំងចិត្ដ និង​ឆន្ទៈ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​អាពាហ៍​ពិពាហ៍​របស់​ពួកគេ គ្រួសារ​កូវីស្ដូ បាន​ផ្លាស់ប្ដូរ​លំនៅ​ពី​ទីក្រុង​ចាយវ៉ាសស្គូឡា ប្រទេស​ហ្វាំងឡង់ ទៅ​ទីក្រុង​ហ្គូតធឺបួក ប្រទេស​ស៊ុយអែត ដើម្បី​ចាប់យក​ឱកាស​អាជីព​ជាច្រើន ។ បន្ទាប់ពី​ទៅ​ដល់​ទីនោះ បងប្រុស កូវីស្ដូ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅជួប​ជាមួយ​ប្រធាន លីហ្វ ជី ម៉ាតសុន ដែល​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្ដេក​ហ្គូតធឺបួក ស៊ុយអែត ។ ដោយសារ​សាំយ៉ូអែល​មិនចេះ​និយាយ​ភាសា​ស៊ុយអែត ការសម្ភាស​បាន​ធ្វើឡើង​ជា​ភាសា​អង់គ្លេស ។

បន្ទាប់ពី​ការសួរ​សុខទុក្ខ​ខ្លីមួយ ប្រធាន ម៉ាតសុន បានសុំ​ឲ្យ​សាំយ៉ូអែល បម្រើ​ជា​អ្នកដឹកនាំ​បេសកកម្ម​ប្រចាំ​វួដ នៅ​វួដ​អ៊ូតប៊ី ។ សាំយ៉ូអែល​បាន​បញ្ជាក់​ថា ៖ « ប៉ុន្ដែ​ខ្ញុំ​មិន​ចេះ​ភាសា​អ៊ុយអែត​ទេ » ។

ប្រធាន ម៉ាតសុន បាន​ទ្រោប​លើ​តុ​របស់​គាត់ ហើយ​សួរ​ចំៗ​ថា « តើ​ខ្ញុំ​បាន​សួរ​ថា តើ​ប្អូន​ចេះ​ភាសា​ស៊ុយអែត​ឬ​អត់ ឬ​ក៏​សួរ​ថា តើ​ប្អូន​មាន​ឆន្ទៈ​ដើម្បី​បម្រើ​ព្រះអម្ចាស់​ឬ​ទេ ? »

សាំយ៉ូអែល បាន​ឆ្លើយតប​ថា « ប្រធាន​បាន​សួរ​ថា តើ​ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​បម្រើ​ព្រះអម្ចាស់​ឬ​ទេ ។ ហើយ​ខ្ញុំ​មាន » ។

សាំយ៉ូអែល​បាន​ទទួលយក​ការហៅ​បម្រើ​នោះ ។ អាណា‑ម៉ារីអា ក៏​បាន​ទទួលយក​ការហៅ​បម្រើ​ផ្សេង​ផងដែរ ។ អ្នក​ទាំងពីរ​បាន​បម្រើ​ដោយ​ស្មោះត្រង់ និង​បាន​រៀន​និយាយ​ភាសា​ស៊ុយអែត​ដ៏​ស្រស់​ស្អាត​នេះ​ខណៈពេល​កំពុង​បម្រើ ។

ការតាំងចិត្ត និង​ឆន្ទៈ​ក្នុងការ​បម្រើ​ព្រះអម្ចាស់​បាន​កំណត់​លក្ខណៈ​ជីវិត​របស់​សាំយ៉ូអែល និង​អាណា‑ម៉ារីអា ។ ពួកគេ​គឺ​ជា​វីរបុរស​សាមញ្ញ​នៅក្នុង​សាសនាចក្រ ។ ពួកគេ​បានបម្រើ​ដោយ​ស្មោះត្រង់ រាល់ពេល​ដែល​ពួកគេ​ត្រូវបាន​សុំ​ឲ្យ​បម្រើ ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​ថា នៅពេល​ដែល​យើង​បម្រើ នោះ​យើង​ប្រើ​ទេពកោសល្យ​ដែល​យើង​មាន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០:១៣ ) ហើយ​បន្ទាប់មក ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​សម្រេចបាន​នូវ​ព្រះរាជបំណង​របស់​ទ្រង់ ។

នៅពេល​យើង​មាន​ឆន្ទៈ​ក្នុង​ការបម្រើ យើង​ព្យាយាម​មិន​ត្អូញត្អែរ ឬ​រអ៊ូរទាំ​ឡើយ ព្រោះ​យើង​មិនចង់​ខាតបង់​ប្រយោជន៍​នៃ​ការបម្រើ​របស់​យើង​តាម​របៀប​ណាមួយ​ឡើយ ។ ការត្អូញត្អែរ​អាច​ជា​សញ្ញា​នៃ​ការងាករេ​ក្នុង​ការតាំងចិត្ដ ឬ​ថា​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​មិន​មាន​ដូច​ដែល​វា​គួរតែ​មាន ។ ប្រសិន​បើ​មិនបាន​គ្រប់គ្រង​វា​ទេ ការរអ៊ូរទាំ​អាច​បន្ដ​ឈាន​ទៅដល់​ការប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់​ទាំងស្រុង ។ ការវិវត្ដ​បែប​នេះ​គឺ​ត្រូវបាន​ឃើញ​នៅក្នុង​ជីវិត​របស់ អែសរ៉ា ប៊ូត ជា​អ្នកប្រែចិត្ត​ជឿ​លើ​សាសនាចក្រ​ដំបូង​ម្នាក់​នៅ​រដ្ឋ​អូហៃអូ ដែល​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅកាន់​រដ្ឋ​មិសសួរី ។

នៅពេល​គាត់​ចាកចេញ​ពី​រដ្ឋ​អូហៃអូ នៅ​ខែមិថុនា ឆ្នាំ១៨៣១ អែសរ៉ា បាន​អាក់អន់ចិត្ដ ដោយសារ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​អាច​ធ្វើ​ដំណើរ​តាម​រទេះ​បាន ខណៈ​ដែល​គាត់​ត្រូវ​ដើរ​ផ្សព្វផ្សាយ​នៅក្រោម​កម្ដៅ​នៃ​រដូវក្ដៅ​នោះ ។ គាត់​បាន​រអ៊ូរទាំ ។ នៅពេល​គាត់​មកដល់​រដ្ឋ​មិសសួរី គាត់​បាន​មាន​អារម្មណ៍​ខកចិត្ដ ។ រដ្ឋ​មិសសួរី​មិន​ដូច​អ្វី​ដែល​គាត់​បានរំពឹង​ទុក​ទេ ។ ផ្ទុយ​ទៅវិញ គាត់​បានមើល​ទៅជុំវិញ ហើយ​កត់​សម្គាល់​ឃើញ​ថា « ស្ថានភាព​មើលទៅ​ដូច​ជា​អាប់អួរ​ណាស់ » ។

អែសរ៉ា​កាន់តែ​មាន​ភាពទុទិដ្ឋិនិយម បន្ដុះ​បង្អាប់ និង​រិះគន់​ឡើង ។ នៅពេល​ចាកចេញ​ពី​រដ្ឋ​មិសសួរី ជំនួស​ឲ្យ​ការទៅ​ផ្សព្វផ្សាយ​ដូច​ដែល​គាត់​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​មុនពេល​គាត់​ចាកចេញ គាត់​បាន​ត្រឡប់​ទៅ​រដ្ឋ​អូហៃអូ​វិញ​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​គាត់​អាច​ធ្វើ​បាន ។ ការរអ៊ូរទាំ​ពី​ដំបូង​របស់​គាត់​បាន​វិវត្ត​ទៅជា​ការងាករេ ហើយ​ទីបំផុត​ឈាន​ទៅដល់​ការបាត់បង់​ទំនុកចិត្ដ​លើ​បទពិសោធន៍​ខាង​វិញ្ញាណ​កាល​គ្រា​ដំបូង​របស់​គាត់ ។ មិន​យូរ​ប៉ុន្មាន អែសរ៉ា​បាន​ចាកចេញ​ពី​សាសនាចក្រ ហើយ « នៅ​ទីបំផុត ‹ បាន​បោះបង់​ចោល​ភាពជា​គ្រីស្ទាន ហើយ​បាន​ក្លាយជា​បុគ្គល​ម្នាក់​ដែល​ឥត​សាសនា › » ។

រឿង​ដូចគ្នា​នេះ​អាច​កើតឡើង​ចំពោះ​យើង​ផងដែរ ប្រសិនបើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ​នោះ ។ ប្រសិនបើ​យើង​មិន​រក្សា​នូវ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ដោយ​ក្រើន​រំឭក​ដល់​ខ្លួន​យើង​ថា តើ​នេះ​ជា​កិច្ចការ​របស់​នរណា​ទេ​នោះ យើង​អាច​នឹង​ត្អូញត្អែរ ងាករេ ហើយ​យូរទៅៗ​បាត់បង់​សេចក្ដី​ជំនឿ​ដែល​យើង​មាន ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​អាច​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ កាល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ត្រូវបាន​ប្រទាន​នូវ « សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង » ( ពេត្រុស ទី២ ១:៤ ) ។ ពរជ័យ​ទាំងនេះ​រួមមាន​ការលើកលែង​ទោស​ពី​អំពើ​បាប ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០:៧; ៦១:២, ៣៤; ៦២:៣; ៦៤:៣ ) សេចក្ដី​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:១៣; ៥៦:២ ) និង​ភាពតម្កើង​ឡើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៣–១១; ៥៩:២៣ ) ។ ជា​ការពិត​ណាស់ យើង​ត្រូវបាន​សន្យា​នូវ​អំណោយទាន​ដ៏​មហិមា​ដែល​ព្រះ​អាច​ប្រទាន​ដល់​យើង—គឺ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក His Holy Name ( ឆ្នាំ​១៩៩៨ ) ទំព័រ​៣៧ ។

  2. ការប្រមូលផ្តុំ​អ៊ីស្រាអែល​មាន​ន័យ​ថា ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ក្លាយជា​អ្នកជឿ​ដ៏​ពិតប្រាកដ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ​២០២៣ ) ទំព័រ​១៣ បណ្ណាល័យ​ដំណឹងល្អ ។

  4. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  5. សូមមើល ម៉ាថាយ ម៉ាកប្រាយដ៍ « Ezra Booth and Isaac Morley » នៅក្នុង Revelations in Context: The Stories behind the Sections of the Doctrine and Covenants ( ឆ្នាំ​២០១៦ ) ទំព័រ ១៣០–១៣៦ ។