2025
ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ
ខែ​មេសា ឆ្នាំ​២០២៥


« ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ » លីអាហូណា ខែ​មេសា ឆ្នាំ​២០២៥ ។

សារលិខិត​ប្រចាំខែ លីអាហូណា ខែ​មេសា ឆ្នាំ​២០២៥

ព្រះយេស៊ូគ្រីស្ទ ៖ សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ

តាមរយៈ​សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ ព្រះយេស៊ូវគ្រីស្ទ​បំពេញ​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់យើង និង​ឆ្លើយ​សំណួរ​នៃ​ព្រលឹង​របស់យើង ។

មែកឈើ​ដែល​គ្មាន​ផ្កា

រចនា​រូបភាព​ដោយ ម៉ៃឃល ដិនហ្វត

សូម​បង្កើត​ពេលវេលា​ស្ងប់ស្ងាត់​មួយ និង​កន្លែង​នៃ​ទីបរិសុទ្ធ​ខាងវិញ្ញាណ​នៅពេល​ប្អូន​អាន​សារលិខិត​នេះ ។

ជាញឹកញយ ពិភពលោក​របស់យើង​មាន​សំឡេង​រំខាន រញ៉េរញ៉ៃ​ជាមួយនឹង​ការក្លែងបន្លំ និង​អំនួត ។ ប៉ុន្តែ​នៅពេល​យើង​បើកចិត្តឲ្យ​ទូលាយ ស្មោះត្រង់ និង​ទទួល​យកការពិត​ចំពោះ​ការយល់ដឹង​អំពី​ខ្លួន​យើង និង​ចំពោះ​ឥទ្ធិពល​របស់ព្រះ នោះ​សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ក្លាយជា​ការពិត ។ នៅក្នុង​គ្រាបែប​នេះ យើង​ទូលអង្វរ ៖

« តើ​ខ្ញុំ​អាច​ជួប​សមាជិក​គ្រួសារ​របស់ខ្ញុំ មិត្តភក្តិ​របស់ខ្ញុំ មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ម្តងទៀត​ដោយ​របៀបណា ? »

« នៅក្នុង​ពិភពលោក​មួយ​ដែល​ទំនាក់ទំនង​ឆាប់​សាបរលាប ដែល​មនុស្ស​រមែង​ធ្វើ​សកម្មភាព ‹ ខ្ញុំ​ជ្រើសយក​ខ្លួនឯង › តើ​ខ្ញុំ​រកឃើញ និង​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត សេចក្តីសង្ឃឹម និង​សេចក្តី​រួបរួមគ្នា​ជាមួយនឹង​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:១៩ ) ជាមួយ​អស់អ្នក​ដែល​នៅ​ជុំវិញ​ខ្ញុំ និង​ខ្លួនខ្ញុំផ្ទាល់​នៅឯណា ? »

« តើ​មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​អាច​ស្រឡាញ់—ហើយ​ដែល​នឹង​ពិតជា​ស្រឡាញ់​ខ្ញុំ​ដែរទេ ? តើ​ទំនាក់ទំនង​សេចក្តីសញ្ញា​អាច​រីកចម្រើន និង​មាន​និរន្ដរភាព​មិនមែន​ដូចជា​រឿងនិទាន​ទេ ប៉ុន្តែ​ដោយមាន​នូវ​ចំណង​ដែល​រឹងមាំ​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់ ដែល​ពិតជា​សប្បាយ​រីករាយ និង​ជា​និច្ច​និរន្ដរ៍​បាន​ដែរ​ទេ ? »

« នៅ​កន្លែង​ដែល​មាន​ការឈឺចាប់ ការរងទុក្ខ និង​ភាព​អយុត្តិធម៌​ច្រើន តើ​ខ្ញុំ​អាច​រួមចំណែក​ដល់​ភាពសុខសាន្ត ភាពសុខដុមរមនា និង​ការយល់ដឹង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដំណឹងល្អ និង​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់ទ្រង់​ដោយ​របៀបណា ? »

នៅក្នុង​រដូវកាល​បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំ​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ការសន្យា និង​សេចក្តីសង្ឃឹម​របស់ទ្រង់ ។

ការសន្យា​នៃ​កម្មសិទ្ធិ​នៃ​សេចក្ដី​សញ្ញា និង​គោលបំណង

ព្រះ ជា​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​ដ៏អស់កល្ប​ជានិច្ច​របស់យើង ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់ទ្រង់ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​គង់នៅ​ជិត​យើង​ដោយផ្ទាល់ ។ ពន្លឺ​ដ៏គ្មាន​ទីបញ្ចប់ និង​អស់កល្ប​ជានិច្ច សេចក្តីមេត្តា និង​សេចក្តី​ស្រឡាញ់​នៃ​ការប្រោសលោះ​របស់​ទ្រង់​ទាំងទ្វេ​បាន​ត្របាញ់ចូលគ្នា នៅក្នុង​គោលបំណង​នៃ​ការបង្កបង្កើត​ដែល​បញ្ជាក់​ពី​ធាតុ​ផ្សំ និង​គោលបំណង​នៃ​ការមាន​ជីវិត​របស់យើង ( សូមមើល អាលម៉ា ៣០:៤៤; ម៉ូសេ ៦:៦២–៦៣ ) ។

នៅក្នុង​ក្រុមប្រឹក្សា​នៃ​ជីវិត​មុន​ផែនដី​នៅ​ឯ​ស្ថានសួគ៌ « ក្នុងកាល​ដែល​ផ្កាយព្រឹក​បាន​ច្រៀង​ជាមួយគ្នា ហើយ​បុត្រា [ និង​បុត្រី ] ទាំងអស់​របស់​ព្រះ​បាន​ស្រែក​អរសាទរ » ( យ៉ូប ៣៨:៧ ) ។ យើង​បាន​ជ្រើសរើស​ជម្រើស​មួយ ។ ឥឡូវនេះ​យើង​ដើរ​ដោយ​សេចក្តី​ជំនឿ ។ តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់យើង យើង​រកឃើញ​សេចក្តីសន្យា​ដ៏​ស្រស់ស្អាត ភាពច្បាស់លាស់ សេចក្តីអំណរ និង​គោលបំណង​របស់ព្រះ នៅ​ចំណោម​ភាពមិន​ច្បាស់លាស់ ការបាក់ទឹកចិត្ត និង​បញ្ហា​ប្រឈមមុខ​ទាំងឡាយ​នៃ​ជីវិត​រមែងស្លាប់​នេះ ។

យើង​មិន​តម្រូវ​ឲ្យ​ធ្វើដំណើរ​តែម្នាក់ឯង​នៅក្នុង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការមាន​ជីវិត​នោះ​ទេ ។ យើង​អាច​ទាក់ទង​នឹង​ស្ថានសួគ៌ ស្ថាបនា​សេចក្តី​ជំនឿ និង​ភាពមាន​ចំណែក​នៅក្នុង​គ្រួសារ និង​នៅក្នុង​ដំណឹងល្អ និង​សាសនាចក្រ ហើយ​ក្លាយជា​ខ្លួន​យើង​ដ៏ពិត សេរី ពិតប្រាកដ និង​រីករាយ​បំផុត តាមរយៈ​ការគោរព​តាម​ឆន្ទៈ និង​រីករាយ​ក្នុងការ​ប្រតិបត្តិតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ដង្វាយធួន—នៅ​ជាមួយ—នៅក្នុង និង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​នាំមក​នូវ​កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា​នេះ ។

មែក​ឈើ​ដែល​មាន​ពន្លក​ផ្កា

សេចក្តីសង្ឃឹម​នៃ​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ

ជារៀងរាល់ថ្ងៃ សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ​រួមមាន​នូវ​ពរជ័យ និង​ការបង្រៀន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ចែកចាយ​ក្នុង​អំឡុងពេល​ការបម្រើ​ក្នុង​ជីវិត​រមែងស្លាប់​ដ៏ឥតខ្ចោះ​របស់ទ្រង់ ។ បាន​តែងតាំង​ជាមុន​តាំងពី​ការចាប់ផ្តើម ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត្រមក​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ព្រះ ( សូមមើល យ៉ាកុប ៤:៥; អាលម៉ា ១២:៣៣–៣៤; ម៉ូសេ ៥:៧, ៩ ) ។ ទ្រង់​កាន់​តែ​ធំ​ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង ( សូមមើល លូកា ២:៥២ ) ។ ស្វែងរក​ដើម្បី​ធ្វើតាម​តែ​ឆន្ទៈ​របស់​ព្រះវរបិតា​របស់​ទ្រង់​ប៉ុណ្ណោះ ព្រះយេស៊ូវគ្រីស្ទ​បាន​អភ័យទោស​បាប ព្យាបាល​ជំងឺ​ទាំងឡាយ បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ និង​លួងលោម​អ្នកឈឺ​និង​ឯកោ ។

មាន​ពេល​មួយ បន្ទាប់​ពី​តម​អាហារ ៤០ ថ្ងៃ​រួច ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​នឹង ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់ពី​សេចក្តី​ប្រោសលោះ​ដល់​ពួកឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើងវិញ​ដល់​មនុស្ស​ខ្វាក់​ហើយ​ឲ្យ ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់​ឲ្យ​រួច » ( លូកា ៤:១៨ សូមមើល​ផងដែរ អេសាយ ៦១:១ ) ។

នោះ​គឺ​យើង​ម្នាក់ៗ ។

នៅ​អាហារ​ពេលល្ងាច​ចុងក្រោយ​បង្អស់ ព្រះយេស៊ូវគ្រីស្ទ​បាន​លាងជើង​ឲ្យ​សិស្ស​របស់ទ្រង់ ( សូមមើល យ៉ូហាន ១៣:៤–៨ ) ។ នៅក្នុង​ទាំង​ជំនាន់​ដែល​ព្រះយេស៊ូវ​មាន​ព្រះជន្ម​លើ​ផែនដី និង​សម័យ​ព្រះគម្ពីរ​មរមន « ទឹក​រស់ » និង « នំបុ័ង​នៃ​ជីវិត » អង្គទ្រង់​ផ្ទាល់ បាន​បង្កើត​ពិធីសាក្រាម៉ង់ ។ នៅក្នុង​ពិធីសាក្រាម៉ង់​ដ៏ពិសិដ្ឋ យើង​អំពាវនាវ​ដល់​ព្រះវរបិតា ហើយ​យើង​បាន​សន្យា​ដើម្បី លើក​ដាក់​មក​លើ​ខ្លួនយើង​នូវ​ព្រះ​នាម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ( សូមមើល លូកា ២២:១៩–២០; នីហ្វៃទី ៣ ១៨:៧, ១០–១១ ) ។

នៅ​ក្នុង សួន​ច្បារ​គែត​សេម៉ានី ព្រះយេស៊ូវ​បាន​រងទុក្ខ​ច្រើន​ជាង​មនុស្ស​អាច​រងទុក្ខ​បាន​ដើម្បី​ប្រោសលោះ និង​ធួន​សម្រាប់​យើង ។ ព្រះ​លោហិត​បាន​ហូរ​មកពី​គ្រប់​រន្ធញើស ។ ទ្រង់​បាន​ទទួល​រងការឈឺចាប់​ទាំងនេះ​សម្រាប់​មនុស្ស​ទាំងអស់ ដើម្បី​កុំ​ឲ្យ​យើង​អាច​រង​ទុក្ខ បើ​សិន​ជា​យើង​ប្រែ​ចិត្ត ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១១; ១៩:១៦ ) ។

ត្រូវបានគេ​ក្បត់ និង​ចោទប្រកាន់​មិនពិត ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​ចំអក និង​វាយដំ ហើយ​មកុដ​បន្លា​ត្រូវបាន​ដាក់លើ​ព្រះកេសា​របស់ទ្រង់ ( សូមមើល ម៉ាថាយ ២៧:២៦, ២៩; ម៉ាកុស ១៥:១៥, ១៧, ២០, ៣១; លូកា ២២:៦៣; យ៉ូហាន ១៩:១–២ ) ។ « ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ( អេសាយ ៥៣:៥ ) ។ ទ្រង់​ត្រូវបាន « លើកឡើង​នៅលើ​ឈើឆ្កាង » ដើម្បី​នាំ​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ទ្រង់ ( សូមមើល នីហ្វៃទី ៣ ២៧:១៤–១៥ ) ។ ទោះបីជា​យ៉ាងណា​ក៏ដោយ សូម្បីតែ​នៅលើ​ឈើឆ្កាង ព្រះយេស៊ូវគ្រីស្ទ​ក៏បាន​ធ្វើការអភ័យទោស​ផងដែរ ( សូមមើល លូកា ២៣:៣៤ ) ។ ទ្រង់​បាន​ស្នើសុំ​ឲ្យ​យ៉ូហាន​មើលថែទាំ​ម្តាយ​របស់ទ្រង់ ( សូមមើល យ៉ូហាន ១៩:២៦–២៧ ) ។ ទ្រង់​មាន​អារម្មណ៍ថា​ត្រូវបាន​គេ​បោះបង់ចោល ( សូមមើល ម៉ាថាយ ២៧:៤៦; ម៉ាកុស ១៥:៣៤ ) ។ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទគម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ ( សូមមើល យ៉ូហាន ១៩:២៨ ) ។ នៅពេល​ដែល​ការណ៍​ទាំងអស់​ត្រូវបាន​សម្រេច នោះ​ទ្រង់ « បាន​ប្រគល់​វិញ្ញាណ » របស់​ទ្រង់ ( លូកា ២៣:៤៦; សូមមើល​ផងដែរ យ៉ូហាន ១០:១៧–១៨ ) ។

ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ពីរបៀប​ជួយ​យើង​នៅក្នុង​ជំងឺ ឈឺចាប់ ភាពឯកោ ភាពតែឯង និង​ការលំបាក​ទាំងឡាយ​របស់​យើង ( សូមមើល អាលម៉ា ៧:១២ ) ។ ការរងទុក្ខ​បែបនេះ​ជាញឹកញាប់​កើតមកពី​លទ្ធផល​នៃ​ជម្រើស​របស់​អ្នកដទៃ ។ ទ្រង់​ក៏ជ្រាប​ពីរបៀប​ដើម្បី​មាន​អំណរ​ជាមួយ​យើង​នៅក្នុង​សេចក្តី​រីករាយ និង​ការដឹងគុណ​របស់​យើង របៀប​ព្រះកន្សែង​ជាមួយ​យើង​នៅពេល​ដែល​សេចក្តីអំណរ​របស់យើង​ពោរពេញ​ផងដែរ ។ ដោយ​ភាពទន់ភ្លន់ ទ្រង់​បាន​ហៅយើង​នៅក្នុង​ព្រះនាម​របស់ទ្រង់ ដោយ​ព្រះសូរសៀង​របស់ទ្រង់ ឲ្យ​ចូល​ទៅក្នុង​ហ្វូងចៀម​របស់ទ្រង់ ។ ទ្រង់​ហៅទៅ​មនុស្ស​ទាំងអស់​នៅ​គ្រប់ទី​កន្លែង ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​មើល និង​យល់ពី​ជីវិតរមែងស្លាប់​តាមរយៈ​ទស្សនវិស័យ​ដ៏អស់កល្ប ។ ពេល​ដែល​យើង​ដើរ​ដោយ​ទៀងត្រង់ និង​រក្សា​សេចក្តីសញ្ញា​របស់យើង នោះ​ទ្រង់​សន្យាថា​អ្វីៗទាំងអស់​អាច​ផ្សំគ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០:២៤; រ៉ូម ៨:២៨ ) ។

នៅក្នុង​ពេលវេលា និង​របៀប​របស់​ទ្រង់ ការស្តារឡើងវិញ​កើតមាន—មិន​ត្រឹមតែ​ទៅ​តាម​របៀប​ដែលអ្វីៗ​បាន​ធ្លាប់មាន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ទៅនឹង​អ្វីដែល​វា​អាច​ក្លាយជា​ផងដែរ ។ ពិតណាស់ ព្រះយេស៊ូវគ្រីស្ទ​អាច​រំដោះ​យើង​ចេញពី​ទាសភាព និង​អំពើបាប ចេញពី​សេចក្តីស្លាប់ និង​ស្ថាននរក ហើយ​អាច​ជួយ​យើង​បំពេញ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់យើង ពេល​យើង​កាន់តែ​ក្លាយជា​អ្វី​ដែល​លើស​ពី​យើង​ធ្លាប់​គិត តាមរយៈ​សេចក្តីជំនឿ និង​ការប្រែចិត្ត ។

សេចក្តី​សន្យា​នៃ​ការរំដោះ

ដោយសារតែ​ព្រះយេស៊ូវ នោះ​សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​ឡើយ ។ នៅ​ឯ​ពិធីបុណ្យ​អ៊ីស្ទើរ​យើង​ប្រកាស ៖

មនុស្ស​មាន​សេរី​លើ​ក្តី​ស្លាប់ ។

ព្រះគ្រីស្ទ​ទ្រង់​មាន​ជ័យជម្នះ ។

តាមរយៈ​ព្រះបញ្ញត្ដិ និង​អំណាច​ពី​ព្រះវរបិតា​របស់ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ជីវិត​របស់​ទ្រង់​ចុះ ហើយ​យកមក​វិញ​ម្តងទៀត​បាន ( សូមមើល យ៉ូហាន ១០:១៧ ) ។ ខណៈពេល​ដែល​ព្រះសព​របស់ទ្រង់​នៅក្នុង​ផ្នូរ ព្រះយេស៊ូវគ្រីស្ទ​បាន​ទៅ​បម្រើ និង​រៀបចំ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ​ប្រកាសថា « សេចក្ដី​ប្រោស​លោះ​របស់​គេ​ឲ្យ​រួច​ពី​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:១៦ ) ។

នៅ​ព្រឹក​ថ្ងៃទីបី ទ្រង់​បាន​មាន​ព្រះជន្ម​ឡើងវិញ​ពីផ្នូរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់ ម៉ារ៉ា ។ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ទៅដល់​សិស្ស​ពីរនាក់​នៅលើ​ផ្លូវ​ទៅកាន់ ភូមិ​អេម៉ោស សាវក​របស់​ទ្រង់ និង​អ្នកដទៃទៀត ។ ( សូមមើល ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០ ) ។

នៅក្នុង​ទីបន្ទាល់ ទ្រង់​បាន​អញ្ជើញ​សិស្ស​របស់ទ្រង់​ឲ្យ​បោះសំណាញ់​របស់​ពួកគេ​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទូក លើកនេះ​បើទោះបីជា​សំណាញ់​ពោរពេញ​ទៅដោយ​ត្រី​ម្តងទៀត ក៏​សំណាញ់​មិនបាន​រហែកដែរ ( សូមមើល យ៉ូហាន ២១:៦–១១; លូកា ៥:៣–៧ ) ។ ទ្រង់​បាន​ផ្តល់​អាហារ​ដល់​សិស្ស​ទាំងឡាយ និង​បាន​អង្វរ​ជាមួយ​ពេត្រុស​បីដង​ឲ្យ​ផ្តល់​អាហារ​ដល់​ចៀម និង​កូនចៀម​របស់ទ្រង់ ( សូមមើល យ៉ូហាន ២១:១២–១៧ ) ។ ទ្រង់​បាន​ឡើងទៅ​ស្ថានសួគ៌ ប្រកាសថា​សិស្ស​របស់ទ្រង់​ពេលនោះ និង​យើង​ទាំងអស់គ្នា​នៅពេល​ឥឡូវនេះ​គួរតែ​ចែកចាយ​ដំណឹង​ដ៏រុងរឿង​របស់​បុណ្យអ៊ីស្ទើរ និង​ដំណឹងល្អ​របស់ទ្រង់​ជាមួយ​គ្រប់ជាតិសាសន៍ និង​ប្រជាជន ( សូមមើល ម៉ាថាយ ២៨:១៩–២០; ម៉ាកុស ១៦:១៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នកគង្វាល​ដ៏ល្អ​របស់យើង និង​ជា​កូនចៀម​របស់ព្រះ ។ ទ្រង់​បាន​លះបង់​ជីវិត និង​ប្រគល់​ជីវិត​របស់​ទ្រង់​សម្រាប់​ចៀម​របស់ទ្រង់ ។ នៅក្នុង​សួនច្បារ និង​នៅលើ​ឈើឆ្កាង ទ្រង់​បានបង់ថ្លៃ​ដែល​មិនអាច​ទ្រាំបាន និង​ធួន​សម្រាប់​យើង ។ នៅក្នុង​ពេលវេលា និង​ភាពអស់​កល្បជានិច្ច ទ្រង់​បាន​បង្ហាញ​យើង​តាមរយៈ​គំរូ​អំពីរបៀប​ដែល « សេចក្តីស្លាប់​បើកផ្លូវ​ទៅកាន់​ភាពអស់កល្ប​ជានិច្ច » ។

តាមរយៈ​ព្រះចេស្តា​នៃ​ដង្វាយធួន និង​ការរស់ឡើងវិញ​របស់ព្រះគ្រីស្ទ រាងកាយ និង​វិញ្ញាណ​របស់យើង​នឹង​ត្រូវបាន​ផ្គុំ​គ្នា​នៅក្នុង​រាងកាយ​ដែល​រស់ឡើងវិញ ។ យើង​នឹង​មាន​ភាពរុងរឿង នឹង​បាន​ស្តារឡើងវិញ​នៅក្នុង​ទឹកមុខ និង​ទម្រង់​នៃ​រាងកាយ អវយវៈ​សព្វសារពើរ​ទាំងអស់ ។ សូម្បីតែ​សក់​នៅលើ​ក្បាល​របស់យើង​ក៏នឹង​ត្រូវបាន​ស្តារឡើងវិញ​ផងដែរ ។ យើង​នឹង​មាន​សេរីភាព​ពី​ភាព​រមែងស្លាប់ ជំងឺ គ្រោះថ្នាក់​នៃ​រាងកាយ និង​ភាព​អសមត្ថភាព​ខាងផ្លូវចិត្ត ។ ដង្វាយធួន​របស់​ព្រះគ្រីស្ទ​អាច​ប្រទានពរ​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើ​ការបែក​ខ្ញែក​ខាង​វិញ្ញាណ និង​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​គ្រប់ប្រភេទ ។ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រែចិត្ត នោះ​យើង​ត្រូវ​បាន​ដោះលែង​ពី​រាល់​អំពើបាប និង​ទុក្ខព្រួយ ហើយ​បាន​បើក​ទៅរក​ភាពពេញលេញ​ដ៏​អស់កល្ប​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តីអំណរ ។ ដោយ​មាន​ភាពបរិសុទ្ធ ស្អាត សេរីភាព នោះ​យើង​អាច​ត្រឡប់​ទៅវិញ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​ដ៏​ជាទី​ស្រឡាញ់​បំផុត​របស់​យើង​ក្នុង​វត្តមាន​សេឡេស្ទាល​ដ៏​រុងរឿង​របស់​ព្រះ​ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ ។

យើង​នឹង​ជួប​មនុស្ស​ជាទី​ស្រឡាញ់​របស់យើង​ម្តងទៀត ។ នៅពេល​ដែល​យើង​បាន​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ នោះ​យើង​នឹង​មើលគ្នា​ទៅវិញ​ទៅមក​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប—ដោយ​ក្ដី​ស្រឡាញ់ ការយោគយល់ និង​សេចក្ដី​សប្បុរស​កាន់​តែ​ខ្លាំង ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ចងចាំ​អ្វីដែល​សំខាន់ និង​បំភ្លេច​អ្វីដែល​មិនសំខាន់ ។ ការមើល​ឃើញ​ព្រះអង្គសង្គ្រោះ​របស់យើង និង​ទំនាក់ទំនង​ជាមួយនឹង​សេចក្តី​ជំនឿ និង​ការដឹងគុណ​កាន់តែ​ធំ នាំមក​នូវ​ភាពសុខសាន្ត ជួយ​សម្រាល​បន្ទុក ផ្សះផ្សា​ដួងចិត្ត និង​បង្រួបបង្រួម​គ្រួសារ​ក្នុង​ពេលវេលា និង​ភាពអស់​កល្បជានិច្ច ។

មែកឈើ​ដែល​មាន​ផ្ការីក

សេចក្តីសង្ឃឹម​នៃ​ភាពសម្បូរបែប និង​សេចក្តីអំណរ

បុណ្យអ៊ីស្ទើរ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ពរជ័យ​រួមមាន​ការបើក​បង្អួច​ស្ថានសួគ៌ ផល​ផ្លែ​ទំពាំងបាយ​ជូរ​កើន​គុណទ្វេ​ដង និង​ដី​ក្លាយជា​ដែនដី​សប្បាយ​ណាស់ ។ បុណ្យអ៊ីស្ទើរ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​រួមមាន​ទាំង​ការលួងលោម និង​ការថែទាំ​ស្ត្រីមេម៉ាយ និង​កុមារ​កំព្រា អ្នក​ដែល​ឃ្លាន និង​គ្មាន​ជំនួយ អ្នក​ដែល​ភ័យខ្លាច ដែល​គេ​រំលោភបំពាន ឬ​ត្រូវបាន​ជួប​ទុក្ខ​ដោយ​មិន​ដឹង​អ្វី​សោះ ។ ដោយ​នឹក​ឃើញ​ដល់​បុគ្គល​ម្នាក់ៗ ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ឃើញ ហើយ​បម្រើ​ដោយ​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​ដូច​ទ្រង់​បាន​ធ្វើ ។

នៅក្នុង​រឿង​ល្អៗ​ទាំងអស់ ព្រះយេស៊ូវគ្រីស្ទ​ស្តារឡើងវិញ​នូវ​ភាពពេញ​បរិបូរ ( សូមមើល យ៉ូហាន ១០:១០; អាលម៉ា ៤០:២០–២៤ ) ។ ទ្រង់​សន្យាថា « ផែនដី​បាន​ពោរ​ពេញ ហើយ​មាន​បរិបូរ​គ្រប់​គ្រាន់ និង​នៅ​សល់​ទៀត​ផង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:១៧ ) ។ ការស្តារឡើងវិញ​នៃ​អ្វីៗ​ទាំងអស់​របស់ទ្រង់​រួមមាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់ទ្រង់ អំណាច និង​សិទ្ធិអំណាច​បព្វជិតភាព​របស់ទ្រង់ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ដែល​មាន​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ដែល​បាន​ហៅ​តាម​ព្រះ​នាម​របស់ទ្រង់ សូម្បីតែ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

បុណ្យអ៊ីស្ទើរ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​រួមបញ្ចូល​ទាំង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​ជាច្រើនទៀត​របស់​ព្រះអម្ចាស់ ដែលមាន​នៅ​ជិតៗ​បុត្រាបុត្រី​របស់ព្រះ​នៅកន្លែង​ជាច្រើន ដែល​នាំចូលមក​ក្នុង​បេះដូង​របស់យើង​នូវ​គោលលទ្ធិ​នៃ « ព្រះអង្គសង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន » ( សូមមើល អូបាឌា ១:២១ ) ។ ព្រះអម្ចាស់​បាន​ផ្តល់​នូវ​វិធី​ដ៏​បរិសុទ្ធ និង​មិន​អាត្មានិយម​សម្រាប់​យើង​ដើម្បី​ផ្តល់ជូន​នៅលើ​ផែនដី​នូវ​អ្វី​ដែល​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ចាកចេញ​ទៅ​ត្រូវការ និង​ប្រាថ្នា​ក្នុង​ភាពអស់កល្ប​ជានិច្ច ដែល​ពួកគេ​មិន​អាច​ទទួល​បាន​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ។

នេះ​គឺជា​សេចក្តីសង្ឃឹម ការសន្យា និង​ជា​ទីបន្ទាល់​របស់ខ្ញុំ ។ ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា​ព្រះ​ជា​ព្រះវរបិតា​របស់យើង ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ពិត ។ នៅក្នុង​បុណ្យអ៊ីស្ទើរ និង​ជារៀងរាល់ថ្ងៃ សូម​ឲ្យ​យើង​រកឃើញ​សេចក្តីសង្ឃឹម និង​ការសន្យា​ដ៏អស់កល្ប​ជានិច្ច​នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏ទេវភាព​របស់ព្រះ ជាមួយនឹង​ផ្លូវ​នៃ​សេចក្តីសញ្ញា​នៃ​ការផ្លាស់ប្តូរ​ដ៏ទេវភាព​ចេញមកពី​ជីវិត​រមែងស្លាប់​ទៅជា​អមតភាព និង​ជីវិត​អស់កល្ប​ជានិច្ច ។ ជារៀងរាល់ថ្ងៃ​សូម​ឲ្យ​ភាពប្រាកដប្រជា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជួយសម្រាល​បន្ទុក​របស់យើង ជួយ​យើង​លួងលោម​អ្នកដទៃ​ដែល​មាន​ទុក្ខ និង​ដោះលែង​ព្រលឹង​របស់យើង​ដើម្បី​ទទួលបាន​សេចក្តីអំណរ​ពេញលេញ​របស់ទ្រង់ ។

តាមរយៈ​សេចក្តីសង្ឃឹម និង​ការសន្យា​នៃ​បុណ្យអ៊ីស្ទើរ ព្រះយេស៊ូវគ្រីស្ទ​បំពេញ​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់យើង និង​ឆ្លើយ​សំណួរ​នៃ​ព្រលឹង​របស់យើង ។