« យើងនឹងប្រោសឲ្យពួកគេបានជា » លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២៥
សារលិខិតប្រចាំខែ លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២៥
« យើងនឹង ប្រោស ឲ្យពួកគេបានជា »
ការងារបម្រើនៃការប្រោសឲ្យជារបស់ព្រះអង្គសង្រ្គោះគឺជាសេចក្ដីផ្ដើម និងការសន្យាដ៏ទេវភាពនៃការព្យាបាលខាងរូបកាយ និងផ្លូវចិត្តដ៏យូរអង្វែង ដែលនឹងមកដល់ពួកយើងម្នាក់ៗក្នុងដំណើររស់ឡើងវិញ ។
ខ្ញុំនៅចាំយ៉ាងច្បាស់ពីការហោះហើរដ៏យូរមួយចំនួន ដែលខ្ញុំបានហោះហើរក្នុងអំឡុងអាជីពរបស់ខ្ញុំជាមេបញ្ជាការអាកាសចរណ៍មួយរូប ។
នៅក្នុងការហោះហើរមួយក្នុងចំណោមនោះ ខ្ញុំហោះចេញពីប្រទេសអាល្លឺម៉ង់នៅម៉ោង ១១:០០ ព្រឹក ហើយចុះចតនៅរដ្ឋកាលីហ្វ័រញ៉ានៅម៉ោង ១:០០ រសៀលនៅថ្ងៃដដែល ។ បើប្រៀបធៀបពេលវេលាចេញដំណើរ និងពេលវេលាមកដល់ក្នុងស្រុក វាអាចមើលទៅឃើញថា ការហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងទ្វីបអាមេរិកខាងជើងចំណាយពេលតែពីរម៉ោងប៉ុណ្ណោះ ។ យន្តហោះ ប៊ូអ៊ីង ៧៤៧ លឿន តែមិនលឿនដល់ថ្នាក់នោះទេ ! តាមការពិត អាស្រ័យទៅលើខ្យល់ យើងបានចំណាយពេលប្រហែល ១១ ម៉ោង ដើម្បីធ្វើដំណើរចម្ងាយ ៥៦០០ ម៉ាយល៍ ( ៩០០០ គម ) ។
ដោយសារយើងបានហោះហើរទៅទិសខាងលិច នោះព្រះអាទិត្យមិនដែលលិចទេក្នុងអំឡុងពេលហោះហើររបស់យើង ។ យើងរីករាយនឹងពន្លឺថ្ងៃពីប្រទេសអាល្លឺម៉ង់ទៅរដ្ឋកាលីហ្វ័រញ៉ា ។
ទោះជាយ៉ាងណា ការវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញគឺជារឿងខុសគ្នាទាំងស្រុង ។ ទោះជាយើងបានហោះចេញនៅពេលរសៀលក៏ដោយ នៅពេលយើងហោះទៅទិសខាងកើត ព្រះអាទិត្យលិចលឿនជាងធម្មតា ហើយមុនពេលយើងដឹងខ្លួន ពេលយប់ក៏បានមកដល់ទៅហើយ ។
អំឡុងការហោះហើរដ៏យូរទាំងនេះ ព្រលឹងខ្ញុំតែងតែពោរពេញទៅដោយការអស្ចារ្យ នៅពេលខ្ញុំបានពិចារណាអំពីភាពស្រស់ស្អាតនៃផែនដីនេះ និងលំដាប់លំដោយនៃការបង្កបង្កើតរបស់ព្រះ ។ ទោះបីជាពេលហោះហើរនៅពេលយប់ក្នុងភាពងងឹតទាំងស្រុង ក៏ខ្ញុំបានដឹងដោយប្រាកដថាព្រះអាទិត្យនឹងរះម្តងទៀត ពន្លឺភ្លឺនោះនឹងត្រឡប់មកវិញ ហើយនាំមកនូវភាពកក់ក្តៅ និងជីវិតទៅថ្ងៃថ្មីមួយ មុនពេលការធ្វើដំណើររបស់យើងបញ្ចប់ ។ កាលៈទេសៈនៃការហោះហើររបស់ខ្ញុំប្រហែលជាធ្វើឲ្យព្រះអាទិត្យមើលទៅហាក់ដូចជាបានលិចយឺតជាង ឬលឿនជាង ប៉ុន្តែខ្ញុំបានដឹងថាព្រះអាទិត្យនៅតែមិនប្រែប្រួល ខ្ជាប់ខ្ជួន និងគួរឲ្យទុកចិត្តនៅស្ថានសួគ៌ ។
ខ្ញុំមានអារម្មណ៍ដូចគ្នាដែរអំពីព្រះ ។ ដោយសារខ្ញុំមានការជឿជាក់យ៉ាងពិតប្រាកដលើប្រាជ្ញា និងគោលបំណងរបស់ព្រះសម្រាប់ការបង្កបង្កើតរបស់ទ្រង់ទាំងអស់ នោះខ្ញុំអាចមានអារម្មណ៍ថាមានសេចក្ដីសង្ឃឹមដ៏រីករាយ និងសេចក្ដីសុខសាន្តដ៏យូរអង្វែង ពេលខ្ញុំគិតអំពីជីវិតរមែងស្លាប់របស់យើង ។ យើងជាបុត្រាបុត្រីរបស់ព្រះ ។ ទ្រង់ស្រឡាញ់យើង ។ ទ្រង់ត្រាស់ដឹងពីស្ថានភាពរបស់យើង ។ ទ្រង់ត្រៀមព្រះកាយរួចជាស្រេចដើម្បីជួយ ។ សេចក្ដីពិតទាំងនេះមិនផ្លាស់ប្ដូរទេ សូម្បីតែនៅពេលដែលរឿងផ្សេងទៀតនៅជុំវិញយើងហាក់ដូចជាមិនស្ថិតស្ថេរ និងមិនអាចដឹងទុកមុនបានក៏ដោយ ។
យើងទាំងអស់គ្នាជួបប្រទះគ្រានៃភាពងងឹត ទុក្ខសោក និងភាពមិនប្រាកដប្រជាដែលគំរាមកំហែងដល់សេចក្ដីសុខសាន្តរបស់យើង ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះប្រភពពិត និងអាចទុកចិត្តបាននៃសេចក្ដីពិត និងពន្លឺ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦–១១ ) ។ ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ និងជាជីវិតនៃពិភពលោកនេះ ។ ដោយសារទ្រង់ និងការពលិកម្មដ៏ធួនរបស់ទ្រង់ យើងមានសេចក្ដីសង្ឃឹមចំពោះអនាគត និងការចូលទៅកាន់ពន្លឺដ៏ទេវភាព ដើម្បីធ្វើឲ្យថ្ងៃដ៏ងងឹតនៃដំណើររបស់យើងភ្លឺឡើង និងការសន្យាថានឹងទទួលបានជ័យជម្នះដ៏ធំធេងលើអំពើបាប និងសេចក្ដីស្លាប់ ។
« ទ្រង់ស្រឡាញ់មនុស្សលោក » ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏ល្អឥតខ្ចោះតែម្នាក់គត់ដែលធ្លាប់ដើរលើផែនដីនេះ ។ ដោយសារព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់ នោះទ្រង់មិនជំពាក់បំណុលចំពោះភាពយុត្តិធម៌ឡើយ ។ ដោយសារសេចក្ដីស្រឡាញ់ចំពោះយើង ទ្រង់បានប្រទានជីវិតរបស់ទ្រង់សម្រាប់យើងម្នាក់ៗដោយឡែកៗ និងសម្រាប់បុត្រាបុត្រីរបស់ព្រះទាំងអស់ជារួម ដើម្បីបើកទ្វារទៅកាន់អមតៈភាព និងជីវិតដ៏អស់កល្បជានិច្ច ។
ថ្វីបើនេះជាអ្វីដែលសាតាំងចង់ឲ្យយើងជឿក៏ដោយ ក៏ពុំមានយើងណាម្នាក់ដែលនៅហួសពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការសង្គ្រោះយើងឡើយ ។ ពុំមានយើងណាម្នាក់ត្រូវបានដកហូតចេញពីព្រះគុណនៃការអត់ទោសនោះទេ ។ ពុំមានយើងណាម្នាក់ដែលហួសពីការ « ត្រូវបានឱបក្រសោបជាអង្វែងតទៅ ដោយព្រះពាហុនៃសេចក្ដីស្រឡាញ់របស់ទ្រង់ » ឡើយ ( នីហ្វៃទី២ ១:១៥ ) ។
អំណោយដ៏អស្ចារ្យបំផុតក្នុងចំណោមអំណោយទាំងអស់នេះបានមកពីព្រះចេស្ដាដែលអាចធ្វើទៅបាន និងប្រោសលោះនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី និងនៅគាល់កូថា ដែលស្រាយថាភ្នំលលាដ៏ក្បាល នោះទ្រង់ដឹងពីរបៀបសង្គ្រោះយើង និងជួយយើងឲ្យឆ្លងកាត់ជំងឺណាមួយ និងទាំងអស់របស់យើង ( សូមមើល អាលម៉ា ៧:១២ ) ។
« ទ្រង់មិនធ្វើការណ៍ណាឡើយ លើកលែងតែការណ៍នោះមានប្រយោជន៍ដល់មនុស្សលោក ដ្បិតទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្ដូរជីវិតទ្រង់ផ្ទាល់ ដើម្បីទ្រង់អាចទាញមនុស្សទាំងអស់មករកទ្រង់ » ( នីហ្វៃទី២ ២៦:២៤ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់យើង !
ទ្រង់ឈោងទៅជួយ ។
ទ្រង់ស្តារឡើងវិញ ។
ទ្រង់សង្គ្រោះ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ពេលព្រះអង្គសង្គ្រោះ [ ប្រទានការលះបង់ដ៏ធួនរបស់ទ្រង់ ] សម្រាប់មនុស្សទាំងអស់ នោះទ្រង់បានបើកផ្លូវឲ្យអ្នកដែលធ្វើតាមទ្រង់អាចទទួលបាននូវព្រះចេស្ដានៃការព្យាបាល ការពង្រឹង និងការប្រោសលោះរបស់ទ្រង់ » ។
ព្រះចេស្ដានោះ ដូចជាព្រះអាទិត្យ គឺនៅទីនោះជានិច្ច ។ វាមិនដែលរេរាទេ ។ ការជ្រើសរើសដើរតាមដានព្រះបាទារបស់ព្រះអង្គសង្គ្រោះ គឺប្រៀបដូចជាការដើរចេញពីស្រមោល ហើយចូលទៅក្នុងពន្លឺព្រះអាទិត្យ ដែលយើងអាចទទួលពរជ័យនៃភាពកក់ក្ដៅរបស់ពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះ ។ ខ្ញុំដឹងថា ថ្ងៃមួយយើងនឹងក្រឡេកមើលក្រោយ ហើយពោរពេញទៅដោយការដឹងគុណដែលយើងបានធ្វើការសម្រេចចិត្តដ៏សំខាន់អស់កល្បជានិច្ច ដើម្បីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់ដ៏ទេវភាពរបស់ទ្រង់ដើម្បីលើកស្ទួយ និងពង្រឹងយើង ។
« ចូរវិលមកឯយើងវិញចុះ »
ព្រះគម្ពីរមរមនប្រាប់អំពីប្រជាជនដែលបានចំណាយពេលបីថ្ងៃក្នុងភាពងងឹតសូន្យសុងបំផុត បន្ទាប់ពីការឆ្កាងព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងរូបកាយនៅជុំវិញពួកគេអាចជានិមិត្តរូបនៃភាពងងឹតខាងវិញ្ញាណ ដែលយើងទាំងអស់គ្នាដកពិសោធន៍ដោយសារតែអំពើបាប ។ បន្ទាប់មកប្រជាជនបានឮព្រះសូរសៀងនៃព្រះគ្រីស្ទអញ្ជើញពួកគេចេញពីភាពងងឹត ហើយចូលទៅក្នុងពន្លឺរបស់ទ្រង់ ៖
« តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? » ( នីហ្វៃទី៣ ៩:១៣ ) ។
« ត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ( នីហ្វៃទី៣ ៩:២០ ) ។
« ប្រែចិត្ត ហើយត្រឡប់មករកយើងដោយអស់ពីដួងចិត្ត » ( នីហ្វៃទី៣ ១០:៦ ) ។
ព្រះអង្គសង្គ្រោះប្រទានការអញ្ជើញដូចគ្នានោះមកកាន់យើងសព្វថ្ងៃនេះ នៅពេលយើងឃើញថាខ្លួនយើងបានវង្វេងនៅក្នុងភាពងងឹត ។ ដូចជារាល់ពេលព្រះអាទិត្យរះគឺជាការចាប់ផ្ដើមនៃថ្ងៃថ្មី រាល់ពេលដែលយើងប្រែចិត្ត យើងទទួលបានការចាប់ផ្ដើមថ្មី ជាការផ្ដើមថ្មីដ៏ភ្លឺស្វាងមួយ ។
នោះពុំមែនមានន័យថាវាងាយស្រួលទេ ។ ការប្រែចិត្តមានន័យថា ការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរមិនកើតឡើងយ៉ាងឆាប់រហ័សនោះទេ ។ ខណៈដែលការប្រែចិត្តជារឿងដ៏រីករាយ វាក៏រួមមាន « សេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ » ផងដែរ ( កូរិនថូស ទី២ ៧:១០ ) ។ វាតម្រូវឲ្យយើងទទួលស្គាល់ ហើយសារភាពកំហុសរបស់យើង ដោយសុំការអត់ទោសពីព្រះ និងពីអ្នកដែលយើងប្រហែលជាបានធ្វើឲ្យរងគ្រោះ ។ សំខាន់បំផុតគឺវាតម្រូវឲ្យយើងស្វែងរក « ព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា » ដើម្បីយើងអាចដកពិសោធន៍នូវ « ការផ្លាស់ប្តូរយ៉ាងធំ … នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ ៥:២ ) ។
ការផ្លាស់ប្តូរបែបនេះគឺជាការធ្វើដំណើរដ៏វែងឆ្ងាយមួយ ប៉ុន្តែនៅពេលដែលបងប្អូនបោះជំហានដំបូង នោះ « ថ្ងៃនៃសេចក្ដីសង្គ្រោះរបស់អ្នក » ចាប់ផ្តើមហើយ « រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក » ( អាលម៉ា ៣៤:៣១ ) ។
តាមរយៈការប្រែចិត្តដ៏ស្មោះរបស់យើង ព្រះសន្យាថានឹងអត់ទោស ហើយមិនចងចាំអំពើបាបរបស់យើងទៀតឡើយ ។ ពេលយើងមានការលំបាកក្នុងការបំភ្លេចអំពើបាបរបស់យើង ចូរយើងខិតខំទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ដើម្បីអត់ទោស និងរៀនអត់ទោសដល់អ្នកដទៃ និងខ្លួនយើង ។
« វិញ្ញាណរបស់យើងត្រូវបានបំផ្លាញនៅពេលដែលយើងធ្វើខុស និងប្រព្រឹត្តអំពើបាប » ប្រធាន ប៊យដ៍ ខេ ផាកកឺ បានបង្រៀនបែបនេះ ( ឆ្នាំ ១៩២៤–២០១៥ ) ។ « វាមិនដូចជារូបកាយនៃជីវិតរមែងស្លាប់របស់យើងឡើយ នៅពេលបញ្ចប់ដំណើរការប្រែចិត្ត នោះគ្មានស្នាមនៅសល់ឡើយ នេះដោយព្រោះតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
Healing the Blind Man [ ព្យាបាលមនុស្សខ្វាក់ ] ដោយ ខាល ហេនរីក ប្លក់
« ចូរនាំពួកគេមកទីនេះចុះ »
ព្រះអង្គសង្រ្គោះគឺជាគ្រូព្យាបាលដ៏ចំណាន ។ ការបង្ហាញដ៏ស្រស់ស្អាតបំផុតមួយនៃព្រះចេស្ដានៃការព្យាបាលរបស់ទ្រង់មាននៅក្នុងព្រះគម្ពីរមរមន ក្នុងដំណើររឿងនៃការងារបម្រើផ្ទាល់របស់ទ្រង់នៅអាមេរិកពីបុរាណ ៖
« តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? » ទ្រង់បានសួរ ។ « ចូរនាំពួកគេមកទីនេះចុះ ។ តើមាននរណាខ្វិន ឬខ្វាក់ ឬគ ឬបាក់ដៃបាក់ជើង ឬឃ្លង់ ឬស្ពឹកស្រពន់ ឬថ្លង់ ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ចិត្តយើងពោរពេញទៅដោយសេចក្ដីមេត្តាករុណា ។ …
« ហើយហេតុការណ៍បានកើតឡើងថា កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះហ្វូងមនុស្សទាំងអស់ក៏ដើរឆ្ពោះទៅមុខព្រមគ្នាជាមួយនឹងអ្នកឈឺរបស់គេ និងអ្នករងទុក្ខរបស់គេ និងអ្នកខ្វិនរបស់គេ និងអ្នកខ្វាក់របស់គេ និងអ្នកថ្លង់របស់គេ និងអស់ទាំងអ្នកដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នានៅពេលពួកគេត្រូវនាំមករកទ្រង់ » ( នីហ្វៃទី៣ ១៧:៧, ៩ ) ។
រាល់ពេលដែលព្រះអង្គសង្គ្រោះបានប្រោសឲ្យនរណាម្នាក់ដែល « រងទុក្ខដោយជំងឺណាក៏ដោយ » បានជាទាំងមុន និងក្រោយដំណើររស់ឡើងវិញរបស់ទ្រង់ នោះគឺជាសក្ខីភាពមួយអំពីព្រះចេស្ដាដ៏ធំធេងបំផុតរបស់ទ្រង់ដើម្បីប្រោសឲ្យព្រលឹងយើងបានជា ។ ការព្យាបាលដោយអព្ភូតហេតុនីមួយៗគឺជាសេចក្ដីផ្ដើម និងការសន្យានៃការព្យាបាលខាងរូបកាយ និងផ្លូវចិត្តដ៏យូរអង្វែង ដែលនឹងមកដល់ពួកយើងម្នាក់ៗក្នុងដំណើររស់ឡើងវិញ ដែល « ជាទង្វើដ៏ឥតខ្ចោះនៃការប្រោសឲ្យជារបស់ព្រះអម្ចាស់ » ។
វាជាការពិតដែលថា ការអធិស្ឋានរបស់យើងដើម្បីបានការប្រោសឲ្យជាក្នុងជីវិតនេះ មិនតែងតែត្រូវបានឆ្លើយតបតាមរបៀបដែលយើងសង្ឃឹមនោះទេ ប៉ុន្តែទ្រង់ក៏មិនដែលព្រងើយកន្តើយនឹងការអធិស្ឋានទាំងនោះដែរ ។ ពេលវេលាសម្រាប់ការប្រោសឲ្យជានឹងមកដល់ ដូចជាភាពងងឹតក្នុងពេលរាត្រីតែងតែនាំផ្លូវ—នៅពេលវេលាត្រឹមត្រូវ—ទៅកាន់ព្រះអាទិត្យដ៏រុងរឿងដែរ ។
ដូចដែលប្រធាន ណិលសុន បានថ្លែងទីបន្ទាល់ ៖ « សេចក្ដីជំនឿរបស់យើងមិនដែលអត់តម្លៃនោះទេ ។ ខ្ញុំដឹងថាទស្សនៈរបស់ព្រះវរបិតាសួគ៌ដែលមានប្រាជ្ញាគ្រប់ទាំងអស់គឺទូលំទូលាយជាងទស្សនៈរបស់យើងឆ្ងាយណាស់ ។ ខណៈពេលដែលយើងដឹងអំពីបញ្ហា និងការឈឺចាប់ក្នុងជីវិតរមែងស្លាប់របស់យើង ទ្រង់ជ្រាបពីវឌ្ឍនភាព និងសក្ដានុពលអមតៈរបស់យើង ។ ប្រសិនបើយើងអធិស្ឋានដើម្បីដឹងពីព្រះហឫទ័យរបស់ទ្រង់ហើយចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់ដោយភាពអត់ធ្មត់ និងភាពក្លាហាននោះការព្យាបាលពីស្ថានសួគ៌អាចប្រព្រឹត្តទៅតាមវិធី និងពេលវេលារបស់ទ្រង់ផ្ទាល់ » ។
ថ្មីៗនេះភរិយារបស់ខ្ញុំ ហារីត និងខ្ញុំបានបញ្ចូលក្នុងការអធិស្ឋានរបស់យើងនូវសេចក្តីសង្ឃឹមដ៏ពិសេសមួយ ហើយអង្វរជំនួសឲ្យមនុស្សមួយចំនួនដែលយើងស្រឡាញ់ ។ យើងបានអធិស្ឋានថា ក្រុមថែទាំសុខភាពរបស់ពួកគេនឹងមានសមត្ថភាពពិសេសដើម្បីព្យាបាលជំងឺរបស់ពួកគេ ។ យើងមានចំណាប់អារម្មណ៍ដើម្បីបន្ថែមថា ទោះជាការព្យាបាល ឬការជាសះស្បើយមិនកើតឡើងភ្លាមៗក៏ដោយ ក៏សូមឲ្យព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះអាចនាំការលួងលោម និងភាពសុខសាន្តដល់ពួកគេ ។ ឥទ្ធិពលប្រោសឲ្យជានៃព្រះចេស្ដាប្រោសលោះរបស់ព្រះអង្គសង្គ្រោះអាចនឹងមានឥទ្ធិពលទៅលើសុខភាពផ្លូវអារម្មណ៍ ផ្លូវវិញ្ញាណ និងសូម្បីតែសុខភាពរាងកាយរបស់យើងខ្លាំងជាងការព្យាបាលលើផែនដីណាមួយដែលយើងអាចទទួលបានទៅទៀត ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គព្យាបាលក្នុងជីវិតនេះ និងនៅក្នុងភាពអស់កល្បជានិច្ច ។
បងប្អូនប្រុសស្រី មិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះរបស់យើងគឺគ្រប់គ្រាន់ដើម្បីព្យាបាលរបួសរបស់បងប្អូន សម្អាតបងប្អូនពីអំពើបាប ពង្រឹងបងប្អូនសម្រាប់ការសាកល្បងដែលនឹងមកដល់ ហើយប្រទានពរដល់បងប្អូនឲ្យមានសេចក្តីសង្ឃឹម ប្រាជ្ញា និងភាពសុខសាន្តរបស់ទ្រង់ ។ ព្រះចេស្ដារបស់ទ្រង់តែងតែមានជានិច្ច—ខ្ជាប់ខ្ជួន ហើយអាចទុកចិត្តបាន—សូម្បីតែពេលខ្លះយើងមានអារម្មណ៍ឃ្លាតឆ្ងាយពីសេចក្តីស្រឡាញ់ ពន្លឺ និងភាពកក់ក្តៅរបស់ទ្រង់ក៏ដោយ ។
ខ្ញុំសូមអធិស្ឋានថា យើងមិនដែលបាត់បង់អារម្មណ៍ស្ញប់ស្ញែង និងការដឹងគុណដ៏ជ្រាលជ្រៅរបស់យើងចំពោះអ្វីៗទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើងនោះទេ ។ សូមដឹងថា ទ្រង់ស្រលាញ់បងប្អូនយ៉ាងឥតខ្ចោះ ហើយសូមចាំនូវអ្វីដែលទ្រង់បានសន្យាជាមួយបងប្អូនអស់កល្បជានិច្ច ។
« សូមព្រះទ្រង់សម្រាលបន្ទុករបស់អ្នក តាមរយៈសេចក្ដីអំណរនៃព្រះរាជបុត្រារបស់ទ្រង់ » គឺព្រះយេស៊ូវគ្រីស្ទ ( អាលម៉ា ៣៣:២៣ ) ។
© ឆ្នាំ២០២៥ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, February 2025. Cambodian. 19609 258