2024
ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ប្រភព​នៃ « សេចក្ដីសង្ឃឹម​ដ៏រស់ » « ដ៏​ប្រសើរ » និង « ដ៏​ប្រសើរ​លើសលែង »
ខែធ្នូ ឆ្នាំ២០២៤


ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ប្រភព​នៃ ‹ សេចក្ដីសង្ឃឹម​ដ៏រស់ › ‹ ដ៏​ប្រសើរ › និង ‹ ដ៏​ប្រសើរ​លើសលែង › » លីអាហូណា ខែធ្នូ ឆ្នាំ២០២៤ ។

សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី លីអាហូណា ខែធ្នូ ឆ្នាំ២០២៤

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​នៃ « សេចក្ដីសង្ឃឹម​ដ៏រស់ » « ដ៏​ប្រសើរ » និង « ដ៏​ប្រសើរ​លើសលែង »

នៅ​ក្នុង​រដូវកាល​ក៏​ពិសេសនេះ​នៃ​ការ​ប្រារព្ធពិធី​ការប្រសូត្រ​របស់​ព្រះឱរស​នៅ​បេថ្លេហិម សូម​ឲ្យ​យើង​ចងចាំ​ជានិច្ច​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ក្នុង​ពិភពលោកនេះ ដើម្បី​ក្លាយជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់យើង ។

ម៉ារា និង​យ៉ូសែប​ជាមួយ​នឹង​ព្រះ​ឱរស​យេស៊ូវ

The Nativity [ ប្រសូតិកម្ម ] ដោយ សាឡុត អេនឌ្រឺស៏

សាវក​ពេត្រុស និង​ព្យាការី​យ៉ាកុប និង​មរ៉ូណៃ​ក្នុង​ព្រះគម្ពីរ​មរមន បាន​សង្កត់ធ្ងន់​ទៅលើ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ តាម​វិធី​ស្រដៀងគ្នានេះ ។

ឧទាហរណ៍ ពេត្រុស​បាន​ប្រកាសថា « សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន សេចក្តីសង្ឃឹម​ដ៏រស់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​រស់​ពី​ស្លាប់​ឡើងវិញ » ( ពេត្រុសទី១ ១:៣ បាន​បន្ថែម​ការគូសបញ្ជាក់ ) ។ សូម​កត់​សម្គាល់​ការ​ប្រើប្រាស់​ពាក្យ « ដ៏រស់ » ដើម្បី​ពិពណ៌នា​អំពី « សេចក្តីសង្ឃឹម » ។

យ៉ាកុប​បាន​ប្រកាសថា « ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​អើយ ចូរ​ស្រុះស្រួល​នឹង​ទ្រង់​ទៅ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់ទ្រង់ នោះ​អ្នក​អាច​បាន​ទទួល​ដំណើរ​រស់ឡើងវិញ តាមរយៈ​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រូវថ្វាយ​ដល់​ព្រះ ជា​ផលដំបូង​នៃព្រះគ្រីស្ទ ដោយ​មាន​សេចក្ដីជំនឿ ហើយ​បាន​ទទួល សេចក្ដីសង្ឃឹម​ដ៏​ប្រសើរ នៃ​សិរីល្អ​ដែល​នៅ​ក្នុង​ទ្រង់ មុន​ពេល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​នៅ​ក្នុង​សាច់ឈាម » ( យ៉ាកុប ៤:១១ បាន​បន្ថែម​ការ​គូសបញ្ជាក់ ) ។ សូម​កត់​សម្គាល់​ការប្រើប្រាស់​ពាក្យ « ដ៏​ប្រសើរ » ដើម្បី​ពិពណ៌នា​អំពី « សេចក្តីសង្ឃឹម » ។

ហើយ​មរ៉ូណៃ​បាន​ថ្លែងថា « ហើយ​ទូលបង្គំ​ក៏​ចាំ​ដែរថា ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​បានរៀបចំ​វិមាន​មួយ​សម្រាប់​មនុស្ស មែនហើយ គឺ​ក្នុង​ចំណោម​វិមាន​ទាំងឡាយ​នៃ​ព្រះវរបិតា​របស់ទ្រង់ នៅ​ក្នុងនោះ មនុស្ស​អាច​មាន សេចក្ដីសង្ឃឹម​ដ៏​ប្រសើរ​លើសលែង​ទៅទៀត​ហេតុដូច្នោះ​ហើយ មនុស្ស​ត្រូវមាន​សេចក្ដីសង្ឃឹម បើ​ពុំនោះ​សោតទេ គេ​មិនអាច​ទទួល​មរតក​នៅ​ក្នុងកន្លែង ដែល​ទ្រង់​បាន​រៀបចំ​នោះ​បានទេ » ( អេធើរ ១២:៣២ បាន​បន្ថែម​ការ​គូសបញ្ជាក់ ) ។ សូម​កត់​សម្គាល់​ការប្រើប្រាស់​ពាក្យ « ដ៏​ប្រសើរ​លើសលែង » ដើម្បី​ពិពណ៌នា​អំពី « សេចក្តីសង្ឃឹម » ។

តើ​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ​គឺ​ជាអ្វី ?

អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ​គឺ​ជា​ការ​រំពឹងទុក​ដោយ​អរ​រីករាយ​អំពី​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ « បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃទី​២ ២:៨ ) និង​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​ចំពោះ​ពរជ័យ​នៃ​សេចក្ដី​សុចរិត​ដែល​បាន​សន្យា ។ គុណនាម​នៃ​ពាក្យ « ដ៏រស់ » « ដ៏​ប្រសើរ » និង « ដ៏​ប្រសើរ​លើសលែង » នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​បង្ហាញ​អំពី​ការ​រីកចម្រើន​ឥត​ឈប់ឈរ និង​​ការធានា​ដ៏​រស់រវើក​នៃ​ការ​រស់ឡើងវិញ និង​នៃ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្យាការី​មរមន​បាន​ពន្យល់​ថា ៖

ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​សង្ឃឹម។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​សេចក្ដី​ជំនឿ លើកលែង​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម ?

ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? មើលចុះ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់គ្នា​នឹង​មាន​សេចក្តីសង្ឃឹម តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា ។

« ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​មនុស្ស​ណា​មួយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​អត់​ពី​សេចក្ដី​ជំនឿ​ទៅ នោះ​ពុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើយ » ( មរ៉ូណៃ ៧:៤០–៤២ ) ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​វរបិតា​សួគ៌

សេចក្ដីសង្ឃឹម​លើ​ព្រះគ្រីស្ទ​ដ៏រស់ ដ៏​ប្រសើរ និង​ដ៏​ប្រសើរ​លើសលែង ចាប់ផ្ដើម​ដោយ​ការ​ដឹងថា​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​មាន​ព្រះជន្មរស់ ។ ទ្រង់​គឺជា​ព្រះវរបិតា​របស់​យើង ហើយ​យើង​គឺជា​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ទ្រង់ ។ ពួក​យើង​គឺ​ពិតជា​បុត្រា និង​បុត្រី​ខាងវិញ្ញាណ​នៃ​ព្រះ ហើយ​បាន​គ្រង​នូវ​គុណសម្បត្តិ​ដ៏​ទេវភាព​មកពី​ទ្រង់ ។

ព្រះវរបិតា​គឺ​ជា​អ្នកនិពន្ធ​នៃ​ផែនការ​នៃ​សុភមង្គល ( សូមមើល អ័ប្រាហាំ ៣:២២–២៨ ) ។ ក្នុង​នាម​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ហើយ​យើង « ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំ​ឱ្យ​កូនចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅរក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុកជា​មរតក » ។ នៅ​ក្នុង​បទគម្ពីរ យើង​រៀនថា « ព្រះវរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ព្រះ​រាជបុត្រា​ក៏​ដូច្នោះ​ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២ ) ។ ដូច្នេះ ការ​ទទួល​បាន​រូបកាយ​គឺ​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​រីកចម្រើន​ឆ្ពោះ​ទៅកាន់​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង ។

ពួកយើង​គឺ​ជា​តួអង្គ​ដែល​មាន​ទាំងរូបកាយ និង​វិញ្ញាណ ។ វិញ្ញាណ​របស់​យើង គឺ​ជា​ផ្នែក​ដ៏​អស់កល្ប​របស់​យើង ត្រូវ​បាន​បំពាក់​ដោយ​រូបកាយ​សាច់ឈាម​ដែល​ស្ថិតក្រោម​សេចក្ដី​ប្រាថ្នា និង​ចំណង់​នៃ​ជីវិត​រមែងស្លាប់ ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ការដឹកនាំ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​ដោយ​សុវត្ថិភាព​ជា​មួយ​រូបកាយ​ដែល​រស់​ឡើងវិញ ហើយ​តម្កើងឡើង ហើយ​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​អំណរ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។

ម៉ារា​ជាមួយ​ព្រះរាជ​កុមារ​យេស៊ូវ

The Christ Child [ ព្រះ​ឱរស​ព្រះ​គ្រីស្ទ ] ដោយ សាឡុត អេនឌ្រឺស៏

តួនាទី​ប្រោសលោះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា

ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ។ ទ្រង់​បាន​មក​ឯ​លោកិយ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រវរបិតា​របស់​ទ្រង់ ( សូមមើល នីហ្វៃទី​៣ ២៧:១៣ ) ។ ព្រះយេស៊ូវ​គឺជា​អង្គ​ដែល​បាន​តែងតាំង​ដោយ​ព្រះវរបិតា ដើម្បី​ធ្វើ​ជា​អង្គ​តំណាង​ផ្ទាល់​របស់​ទ្រង់​នៅ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ទាក់ទង​ទៅនឹង​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​លោក ។ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ព្រោះ​ទ្រង់​បាន​យក​ឈ្នះ​ទាំង​សេចក្ដីស្លាប់ និង​អំពើបាប ។

ព្យាការី​អាលម៉ា​បាន​ព្យាករ​ដល់​ប្រជាជន​គេឌាន​អំពី​ការសង្គ្រោះ​របស់​ព្រះមែស៊ី ៖

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខវេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ។

« ហើយទ្រង់​នឹង​យក​ដាក់លើ​រូបអង្គទ្រង់​នូវ​សេចក្តីស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំងឡាយ​នៃ​សេចក្តី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹង​ដាក់​រូបអង្គ​ទ្រង់​នូវ​ជំងឺ ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តីមេត្តា​ករុណា​ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ ។

« ឥឡូវ​នេះ ព្រះ​វិញ្ញាណ​ទ្រង់​ជ្រាប​ការណ៍​សព្វ​យ៉ាង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺចាប់ ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំងឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការដោះលែង​របស់​ទ្រង់ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺ​ជា​ទីបន្ទាល់​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ » ( អាលម៉ា ៧:១១–១៣ ) ។

គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ គឺ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តី​ជំនឿ​ពិត​ផ្តោត​ក្នុង និង​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​អនុញ្ញាត​ឲ្យ​យើង​ជឿជាក់​លើទ្រង់ និង​មាន​ទំនុកចិត្ត​ពេញលេញ​លើ​អំណាច​របស់​ទ្រង់ ដើម្បី​ជួយ​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់ សម្អាត​យើង​ពី​អំពើបាប និង​ប្រទានពរ​ដល់​យើង​ជា​មួយ​នឹង​កម្លាំង​លើស​ពី​ខ្លួន​យើង​ផ្ទាល់ ។

ព្យាការី​មរ៉ូណៃ​បាន​ថ្លែង​ទីបន្ទាល់​ថា « ហើយ​ដោយ​សារ​សេចក្ដី​ប្រោសលោះ​ដល់​មនុស្ស ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំមក​ទើប​ពួកគេ​ត្រូវ​បាន​នាំ​ទៅ​ឯ​វត្តមាន​នៃ​ព្រះអម្ចាស់​វិញ មែនហើយ គឺ​តាម​របៀបនេះ​ហើយ ដែល​មនុស្ស​ទាំងអស់​ត្រូវ​បាន​ប្រោសលោះ ពី​ព្រោះ​ការសុគត​នៃ​ព្រះគ្រីស្ទ​នាំ​ឲ្យមាន​ដំណើរ​រស់​ឡើងវិញ ដែលនាំ​មកនូវ​សេចក្ដី​ប្រោសលោះ​ពី​ដំណេក​លង់លក់​ដ៏​មិន​ចេះចប់​មិនចេះហើយ ឯ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បានដាស់​ឲ្យ​ភ្ញាក់​ពីដំណេក​ដ៏​លង់លក់​នេះ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ នៅ​ពេល​ដែល​សំឡេង​ត្រែ​បន្លឺឡើង ហើយ​ពួកគេ​នឹង​ចេញ​មក​ទាំងតូច​ទាំងធំ ហើយ​ទាំងអស់​គ្នា​នឹង​ឈរ​នៅខាងមុខ​វេទិកា​របស់ទ្រង់​ដោយ​បាន​ប្រោសលោះ ហើយ​បាន​សា្រយពី​ចំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ឯ​សេចក្ដី​ស្លាប់់​នោះ គឺជា​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម ( មរមន ៩:១៣ ) ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដាច់​ចំណង​ទាំងឡាយ​នៃ​នៃ​សេចក្ដី​ស្លាប់ ។ ទ្រង់​បាន​រស់​ឡើងវិញ ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​គឺ​ជា​ប្រភព​នៃ សេចក្ដីសង្ឃឹម​ដ៏រស់ ដ៏​ប្រសើរ និង​ដ៏​ប្រសើរ​លើសលែង ។

យុថ្កា​មួយ​ដល់​ព្រលឹង​

ព្យាការី​អេធើរ​បាន​ថ្លែង​ទីបន្ទាល់​ថា « ហេតុដូច្នោះ​ហើយ អស់​អ្នក​ណា​ជឿ​ដល់​ព្រះ អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀតមែន​ហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ ឯ​សេចក្ដីសង្ឃឹម​នោះ​កើត​មក​ពី​សេចក្ដី​ជំនឿ ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ( អេធើរ ១២:៤ បាន​បន្ថែម​ការ​គូសបញ្ជាក់ ) ។

នៅ​ក្នុង​រដូវកាល​ក៏​ពិសេសនេះ​នៃ​ការ​ប្រារព្ធពិធី​ការប្រសូត្រ​របស់​ព្រះឱរស​នៅ​បេថ្លេហិម សូម​ឲ្យ​យើង​ចងចាំ​ជានិច្ច​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ក្នុង​ពិភពលោកនេះ ដើម្បី​ក្លាយជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់យើង ។ ទ្រង់​ប្រទាន​ដល់​យើង​នូវ​អំណោយទាន​ខាងវិញ្ញាណ​ដែល​មិនអាច​កាត់​ថ្លៃបាន​នៃ​ជីវិត ពន្លឺ ការ​ចាប់ផ្តើម​ជា​ថ្មី សេចក្ដី​ស្រឡាញ់ សេចក្តីសុខសាន្ត ទស្សនៈវិស័យ សេចក្ដីអំណរ និង​សេចក្ដី​សង្ឃឹម ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ស្វែងរក​អំណោយ​ខាងវិញ្ញាណ​នៃ​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះអង្គ​សង្គ្រោះ ឲ្យ​បាន​សមស្រប​តាមរយៈ​ការសិក្សា​ការបង្រៀន និង​ទីបន្ទាល់​របស់​ព្យាការី​បុរាណ និង​សម័យទំនើប ទាក់ទងទៅ​នឹង​ការ​ពលិកម្មធួន និង​ការរស់​ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​ថា ទីបន្ទាល់​របស់​អ្នកអំពី​ទេវភាព​របស់​ព្រះប្រោសលោះ​នឹង​ត្រូវ​បានពង្រឹង ការប្រែចិត្ត​ជឿ​របស់អ្នកចំពោះ​ទ្រង់​នឹង​កាន់​តែ​ស៊ីជម្រៅ បំណងប្រាថ្នា និង​ការប្តេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​ឈរ​ជាសាក្សី​ដ៏​ក្លាហាន​របស់​ទ្រង់​នឹង​ត្រូវ​បាន​កើនឡើង ហើយ​អ្នកនឹង​ត្រូវ​បាន​ប្រទានពរ​ជាមួយ​នឹង​យុថ្កា​មួយ​ដល់​ព្រលឹង​របស់អ្នក—មែនហើយ គឺសេចក្ដីសង្ឃឹម​ដ៏រស់ ដ៏​ប្រសើរ និង​ដ៏​ប្រសើរ​លើសលែង ។

ជា​មួយ​នឹង​ពួកសាវក​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​នៅ​គ្រប់​សម័យកាល ខ្ញុំ​ប្រកាស​ដោយ​រីករាយ​នូវ​សាក្សី​របស់ខ្ញុំ​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​បុត្រា​ដ៏​មាន​ព្រះជន្មរស់​របស់​ព្រះ​ដ៏​មាន​ព្រះជន្មរស់ ។ ទ្រង់​គឺ​ជា​ព្រះប្រោសលោះ​ដែលបាន​រស់ឡើងវិញ​របស់​យើង​ជា​មួយ​នឹង​សិរីរុងរឿង ដែល​មាន​ព្រះកាយ​ជាក់លាក់​ជាសាច់ និង​ឆ្អឹង ។ ហើយ​ដោយសារ​ការប្រោសលោះ និង​ការផ្សះផ្សា​ជាមួយ​នឹង​ព្រះ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​មនុស្សជាតិ​ទាំងអស់ ពួកយើង​អាច​ទទួល​បាន​ការធានា​ខាងវិញ្ញាណ និង​សេចក្ដីសង្ឃឹម​ដ៏រស់ ដ៏​ប្រសើរ និង​ដ៏​ប្រសើរ​លើសលែង ដែល « គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះដែរ » ( កូរិនថូសទី ១ ១៥:២២ ) ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។