« ព្រះនឹងទ្រទ្រង់ ហើយថែរក្សាយើងឲ្យគង់វង្ស » លីអាហូណា ខែសីហា ឆ្នាំ២០២៤ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី លីអាហូណា ខែសីហា ឆ្នាំ២០២៤
ព្រះនឹង ទ្រទ្រង់ ហើយថែរក្សាយើងឲ្យគង់វង្ស
ដូចជាមេទ័ពមរ៉ូណៃដែរ យើងអាចទទួលបាននូវជំនួយ និងអំណាចដ៏ទេវភាពសម្រាប់ចម្បាំងដែលយើងប្រឈមមុខនៅក្នុងជីវិត ។
រចនារូបភាពដោយ អេរីក ឆាវ
នៅពេលខ្ញុំអានព្រះគម្ពីរមរមនជាលើកដំបូង ខ្ញុំបានរីករាយនឹងប្រវត្តិនៃសង្គ្រាមរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ ខ្ញុំបានចាប់ចិត្ដយ៉ាងខ្លាំងនឹងសេចក្ដីជំនឿ ភាពប៉ិនប្រសប់ និងយុទ្ធសាស្ត្រដែលមេទ័ពមរ៉ូណៃ ជាមេបញ្ជាការពលទ័ពបានប្រើ លោកត្រូវបានតែងតាំងជាមេដឹកនាំរបស់ពលទ័ពសាសន៍នីហ្វៃទាំងអស់ កាលលោកមានអាយុត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ ។ លោកមានប្រាជ្ញា មានកម្លាំងខ្លាំងក្លា និងមានភាពឈ្លាសវៃ ។ លោកបានប្តេជ្ញាចិត្តទាំងស្រុងចំពោះសេរីភាព និងសុខុមាលភាពរបស់ប្រជាជនរបស់លោក ។ ( សូមមើល អាលម៉ា ៤៨:១១–១២ ) ។
ជំនួសឲ្យការផ្តល់កិត្តិយសនៃភាពជោគជ័យផ្នែកធ្វើសង្គ្រាមមកលើខ្លួនលោក មរ៉ូណៃបានថ្វាយភាពជោគជ័យដល់ព្រះ និងដល់ការគាំទ្រដ៏ពិសិដ្ឋដែលពលទ័ពរបស់លោកបានទទួលមកពីស្ត្រី និងកុមារដែលមិនមែនជាអ្នកប្រយុទ្ធ ។ លោកបានប្រាប់មេដឹកនាំសត្រូវដែលបានចុះចាញ់សង្គ្រាមថា ៖ « ព្រះអម្ចាស់ … បានប្រគល់អ្នកមកក្នុងកណ្ដាប់ដៃយើងហើយ ។ ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នកយល់ថាការណ៍នេះក៏ … ដោយសារសាសនារបស់យើង និងសេចក្ដីជំនឿរបស់យើងនៅក្នុងព្រះគ្រីស្ទ » ។ បន្ទាប់មកមរ៉ូណៃបានចែកចាយនូវការយល់ដឹងនៃការព្យាកររបស់លោកថា ៖ « ព្រះទ្រង់នឹងទ្រទ្រង់ ហើយនឹងថែរក្សាយើងឲ្យគង់វង្ស ដរាបណាយើងមានចិត្ដស្មោះត្រង់ចំពោះទ្រង់ ចំពោះសេចក្ដីជំនឿរបស់យើង និងសាសនារបស់យើង »( អាលម៉ា ៤៤:៣,៤ ) ។
យូរៗទៅ ខ្ញុំក៏បានដឹងថាមរ៉ូណៃបានបង្ហាញគោលការណ៍ជាគំរូដែលយើងអាចអនុវត្ដដើម្បីជួយយើងយកឈ្នះឧបសគ្គក្នុងជីវិតបច្ចុប្បន្នរបស់យើង ។ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្រ្គោះនៃពិភពលោក ទ្រង់នឹងប្រទានពរដល់យើងនូវព្រះចេស្ដារបស់ទ្រង់ ។ ប៉ុន្តែដើម្បីឲ្យទ្រង់ធ្វើដូច្នេះ ហើយដើម្បីឲ្យយើងស្គាល់នូវពរជ័យរបស់ទ្រង់ យើងត្រូវតែយល់ពីគោលបំណង យុទ្ធសាស្ត្រដើម្បីទទួលជោគជ័យ និងរៀបចំខ្លួនប្រៀបដូចជាយើងកំពុងប្រឈមមុខនឹងចម្បាំងដូច្នោះដែរ ដូចដែលមរ៉ូណៃបានរៀបចំខ្លួនលោកសម្រាប់ប្រឈមមុខនឹងការប្រយុទ្ធដ៏ពិតប្រាកដក្នុងជីវិតរបស់លោកនោះដែរ ។ កាលយើងធ្វើដូច្នេះ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងទ្រទ្រង់ ហើយថែរក្សាយើងឲ្យគង់វង្ស ។
ការយល់ដឹងពីគោលបំណងរបស់យើង
មរ៉ូណៃបានរំឭកដល់ប្រជាជនម្តងហើយម្តងទៀតថាពួកគេគឺជានរណា ( អ្នកស្នងមរតកនៃសេចក្តីសញ្ញាអ័ប្រាហាំ ) ពួកគេគឺជា ( បុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះ ) និងជាបុព្វហេតុដែលពួកគេបានប្រយុទ្ធតតាំងសម្រាប់ ( គ្រួសារ ជំនឿ និងសេរីភាព ) ។ មរ៉ូណៃបានបង្រៀនប្រជាជនរបស់លោកថា ពួកគេកំពុងប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ពួកគេផ្ទាល់ និងដើម្បីមានសេរីភាពពីការសង្កត់សង្កិន និងសេវកភាព ។ ផ្ទុយទៅវិញ សត្រូវរបស់ពួកគេបានប្រយុទ្ធដើម្បីការអួតអាង និងអំណាចផ្ទាល់ខ្លួនរបស់ពួកគេដោយការដាក់អ្នកដទៃឲ្យនៅក្រោមអំណាចរបស់ខ្លួន ។
នៅពេលពួកសាសន៍នីហ្វៃមួយចំនួនបានស្វែងរកដណ្តើមសិទ្ធិអំណាចដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន មរ៉ូណៃបានហែកអាវរបស់លោក ហើយសរសេរនូវចំណុចសំខាន់នៃសារលិខិតរបស់លោកនៅលើក្រណាត់ជាយអាវនោះថា ៖ « នៅក្នុងការចងចាំដល់ព្រះរបស់យើង សាសនា និងសេរីភាពរបស់យើង និងសេចក្ដីសុខសាន្ដរបស់យើង ភរិយារបស់យើង និងកូនចៅរបស់យើង » ។ លោកបានលើកទង់នេះឡើង ដែលលោកបានហៅថា « ទង់ឥស្សរភាព » និងបានប្រើទង់នេះដើម្បីរំឭកប្រជាជនថាពួកគេប្រយុទ្ធដើម្បីអ្វី ហើយដើម្បីប្រមូលផ្ដុំពួកគេមកចូលរួមក្នុងបុព្វហេតុនេះ ។ ( សូមមើល អាលម៉ា ៤៦:១២–១៣,១៩–២០ ) ។
នៅក្នុងចម្បាំងខាងវិញ្ញាណនៃជីវិត « យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹង … ពួកម្ចាស់នៃសេចក្ដីងងឹត … [ ហើយ ] ទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ » ( អេភេសូរ ៦:១២ ) ។ យើងក៏ចាំបាច់ត្រូវការការរំឭកថាយើងកំពុងប្រយុទ្ធដើម្បីអ្វីដែរ ។ អែលឌើរ នៀល អេ ម៉ាក់ស្វែល ( ១៩២៦–២០០៤ ) អតីតសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្ហាញគំនិតនេះនៅក្នុងការសន្ទនាមួយដោយច្បាស់លាស់ ហើយខ្លី ។
នៅក្នុងឆ្នាំ២០០៤ ខ្ញុំបានទៅសួរសុខទុក្ខអែលឌើរ ម៉ាក់ស្វែល នៅក្នុងបន្ទប់មន្ទីរពេទ្យរបស់លោកមុនពេលលោកទទួលមរណភាព ។ លោកមានចិត្តសប្បុរសចំពោះមនុស្សគ្រប់គ្នាដែលបានទៅសួរសុខទុក្ខ ឬបានជួយលោក ។ បុគ្គលិកថែទាំសុខភាពបានចូលទៅក្នុងបន្ទប់របស់លោក ហើយចេញមកក្រៅវិញទាំងទឹកភ្នែក ។ ខ្ញុំបាននិយាយទៅលោកថា « អែលឌើរ ម៉ាក់ស្វែល នេះពិតជាពិបាកណាស់ » ។ លោកបានសើច ហើយមានប្រសាសន៍ថា « អូ៎ ឌែល អើយ ពួកយើងគឺជាមនុស្សដ៏អស់កល្បជានិច្ចដែលកំពុងរស់នៅក្នុងពិភពរមែងស្លាប់នេះ ។ យើងនៅក្នងកន្លែងមួយដែលមិនស័ក្ដិសមនឹងយើងទេ ដូចជាត្រីដែលចាកចេញពីទឹកដូច្នោះដែរ ។ លុះត្រាតែយើងមានទស្សនៈដ៏អស់កល្បជានិច្ចមួយប៉ុណ្ណោះ ទើបយើងអាចយល់នូវរឿងទាំងនេះបាន » ។
យើងមិនគួរភ្លេចពីសមាសភាពដ៏ធំនៃធម្មជាតិដ៏ទេវភាព និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ហើយនិងកម្លាំងនៃអារក្សដែលប្រឆាំងនឹងយើងនោះឡើយ ។ ការយល់ដឹងដ៏ត្រឹមត្រូវអំពីផែនការរបស់ព្រះវរបិតាសួគ៌នឹងជំរុញទឹកចិត្ដយើងឲ្យបន្ដប្រយុទ្ធដើម្បីសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់យើង និងដើម្បីសេរីភាពរបស់យើងចេញពីសេវកភាពខាងវិញ្ញាណ ។
ការរៀបយុទ្ធសាស្ដ្រដើម្បីទទួលជោគជ័យ
នៅគ្រប់ទាំងចម្បាំងដែលពលទ័ពរបស់លោកបានច្បាំង មរ៉ូណៃបានរៀបយុទ្ធសាស្ដ្រដើម្បីធានាបាននូវភាពជោគជ័យ ។ លោកបានប្រើអ្នកស៊ើបការដើម្បីដឹងពីសកម្មភាព និងគោលបំណងសត្រូវរបស់លោក ។ លោកបានស្វែងរកការណែនាំមកពីព្យាការីអាលម៉ា ។ បន្ទាប់មកមរ៉ូណៃបានប្រើការណែនាំដ៏បំផុសគំនិតនោះ នៅក្នុងវិធីសាស្ត្ររបស់លោកដើម្បីប្រយុទ្ធ ។ លោកបានដាក់ពង្រាយធនធានស្របទៅតាមតម្រូវការ ដោយដាក់ពលទ័ពបន្ថែមនៅក្នុងទីក្រុងដែលមិនសូវមានការពង្រឹង ។ លោកបានកំណត់ផែនការប្រតិបត្តិការដោយយុទ្ធសាស្ត្រដោយផ្អែកលើព័ត៌មានថ្មីៗទាន់ពេលវេលា ។
ដោយហេតុនោះ លោកបានមានប្រៀបជាងសត្រូវរបស់លោក ។ លោកមិនដែលពេញចិត្តនឹងជ័យជំនះពីអតីតកាលឡើយ ផ្ទុយទៅវិញលោកបានបន្តដុសខាត់សមត្ថភាពរបស់លោក និងសមត្ថភាពកងទ័ពរបស់លោកដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត ។
យើងអាចប្រើវិធីសាស្ត្រស្រដៀងគ្នានេះដើម្បីដោះស្រាយជាមួយអ្នកប្រឆាំងខាងវិញ្ញាណ ។ យើងអាចចាប់ផ្ដើមដោយការស្គាល់នូវអ្វីដែលសាតាំងកំពុងព្យាយាមធ្វើក្នុងជីវិតរបស់យើង ។ វាបានព្យាយាមបង្អាក់យើងពីគោលបំណងរបស់យើង ។ នៅពេលប្រឈមមុខនឹងការល្បួង យើងគួរតែសួរខ្លួនឯងថា ៖
-
តើទង្វើរបស់ខ្ញុំផ្ទុយទៅនឹងព្រះបន្ទូលរបស់ព្រះដែលបានសម្ដែងមកដោយរបៀបណា ?
-
តើមានផលវិបាកអ្វីខ្លះដែលកើតចេញមកពីទង្វើទាំងនេះ ?
-
តើសកម្មភាពនេះនឹងជួយខ្ញុំឲ្យបំពេញគោលបំណងរបស់ខ្ញុំនៅលើផែនដីដែរឬទេ ?
យើងក៏គួរតែស្គាល់លទ្ធផលចុងក្រោយនៃការទោរទន់ទៅតាមការល្បួងតូចតាចផងដែរ ។ ពេលដែលយើងទោរទន់តាមការល្បួង យើងផឹកនូវ « ថ្នាំបំពុលជាសន្សឹមៗ » ( អាលម៉ា ៤៧:១៨ ) ជាយុទ្ធសាស្ត្រមួយដែលមានប្រសិទ្ធិភាពបំផុតដែលត្រូវបានប្រើដោយអំណាចនៃសេចក្ដីអាក្រក់ ដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ខាងវិញ្ញាណ ។
យើងអាចការពារខ្លួនយើងប្រឆាំងនឹងការល្បួងរបស់សាតាំងដោយការធ្វើតាមការណែនាំ ដែលយើងទទួលបានពីព្យាការីថ្ងៃចុងក្រោយរបស់យើង ។ ការធ្វើបែបនេះជួយយើងឲ្យរក្សាទស្សនៈដ៏អស់កល្បជានិច្ច ដែលអាចធ្វើទៅបានតាមរយៈការវាយតម្លៃសកម្មភាពរបស់យើង ។ ការរៀបចំយុទ្ធសាស្ត្រអំពីរបៀបដែលយើងនឹងប្រឈមមុខនឹងការល្បួងដែលកើតឡើងនៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់យើង នឹងជួយយើងឲ្យធ្វើការជ្រើសរើសកាន់តែត្រឹមត្រូវនៅពេលឥឡូវនេះ ។ យុទ្ធសាស្ត្រ និងវិធីសាស្ត្រដែលបានគ្រោងជាទុកមុននឹងជួយយើងទប់ទល់ប្រឆាំងនឹងការបង្អាក់យើងចេញពីគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ។
ឧទាហរណ៍មួយគឺចេញពីបច្ចេកវិទ្យា បច្ចេកវិទ្យាអាចជាដាវដែលមានមុខពីរ មានទាំងប្រយោជន៍ និងមានទាំងផលប៉ះពាល់ ផ្អែកទៅតាមរបៀបដែលយើងប្រើវា ។ ដើម្បីជួយយើងឲ្យធ្វើការជ្រើសរើសដោយឈ្លាសវៃអំពីឧបករណ៍របស់យើង ទាំងក្មេង និងចាស់អាចយោងទៅលើ « Taking Charge of Technology » និង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្ដីណែនាំដើម្បីធ្វើការជ្រើសរើស ។ កូនសៀវភៅទាំងនេះរំឭកយើងអំពីគោលបំណងរបស់យើង ចង្អុលបង្ហាញយើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ហើយជួយយើងឲ្យយាងព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់យើង ។ ការដាក់ផែនការអំពីរបៀបណា ពេលណា និងកន្លែងណាដែលយើងនឹងប្រើបច្ចេកវិទ្យា នឹងការពារយើងប្រឆាំងនឹងភាពខ្វះសីលធ៌ម និងកលល្បិចរបស់ពិភពលោក ។
ការរៀបចំខ្លួនប្រៀបដូចជាយើងកំពុងនៅក្នុងចម្បាំង
ដោយការរំពឹងទុកថាពេលខាងមុខនេះនឹងមានចម្បាំង មរ៉ូណៃបានប្រដាប់ប្រជាជនរបស់លោកនូវអាវក្រោះ ខែល មួកការពារ និងសម្លៀកបំពាក់ក្រាស់ៗ ។ លោកបានរៀបចំប្រជាជនរបស់លោករួមគ្នាជាក្រុម ដោយទីក្រុងទាំងឡាយត្រូវបានហ៊ុមព័ទ្ធដោយបន្ទាយការពារ និងភ្លឺដែលបានពូនឡើងពីដីនៅជុំវិញបន្ទាយការពារទាំងនោះ ។
ខាងវិញ្ញាណ យើងរៀបចំខ្លួនដោយបុគ្គលម្នាក់ៗដោយការរក្សាបទបញ្ញត្ដិទាំងឡាយរបស់ព្រះ ។ យើងចុះ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ដែលទាញយកព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតរបស់យើង ។ យើងចូលរួមក្នុងសកម្មភាពផ្ទាល់ខ្លួននៃការលះបង់ ដូចជាការអធិស្ឋាន ការតមអាហារ និងការសិក្សាព្រះគម្ពីរ ។ យើងក៏ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដែលឆ្លើយតបទៅនឹងការណែនាំខាងវិញ្ញាណដែលយើងទទួលផងដែរ ។ យើងរៀបចំខ្លួនដោយមានគោលបំណង និងមានភាពស័ក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ ។ ពេលយើងធ្វើដូច្នេះ ព្រះអង្គសង្គ្រោះនឹងកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅក្នុងជីវិតរបស់យើង ដូចជាទ្រង់មានឥទ្ធិពលចំពោះមរ៉ូណៃ ដែលមានជំនឿរឹងមាំលើព្រះយេស៊ូវគ្រីស្ទយ៉ាងនោះដែរ ។ មរ៉ូណៃបានដឹងថាលោកអាចពឹងផ្អែកលើព្រះអង្គសង្គ្រោះសម្រាប់ការណែនាំ និងការដោះលែងឲ្យរួច ( សូមមើល អាលម៉ា ៤៨:១៦ ) ។ យើងក៏អាចពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទសម្រាប់ការណែនាំ និងការដោះលែងឲ្យរួចផងដែរ ។
យើងអាចរៀបចំខ្លួនបន្ថែមទៀតដោយការពង្រឹងក្រុមគ្រួសាររបស់យើង ។ ព្រះវរបិតាសួគ៌របស់យើងបានរៀបចំយើងជាក្រុមគ្រួសារ ដើម្បីជួយយើងឲ្យមានសុភមង្គល ហើយរៀនពីរបៀបត្រឡប់ទៅកាន់ទ្រង់វិញ ។ ក្រុមគ្រួសាររបស់យើងអាចជាប្រភពនៃជំនួយសម្រាប់យើង ។ យើងទាំងអស់គ្នាអាចមាននូវអំណរ និងសេចក្ដីស្រឡាញ់ដោយការចងចាំថាយើងគឺជាផ្នែកមួយនៃគ្រួសារដ៏អស្ចារ្យរបស់ព្រះ មិនថាក្រុមគ្រួសារយើងម្នាក់ៗស្ថិតនៅក្នុងកាលៈទេសៈបែបណានោះឡើយ ។
យើងអាចទទួលបានកម្លាំងរួមគ្នា ហើយរៀបចំខ្លួនសម្រាប់ចម្បាំងខាងវិញ្ញាណរបស់យើង នៅពេលយើងចូលរួមក្នុងសហគមន៍របស់ពួកបរិសុទ្ធ ។ សេ្ដក និងមណ្ឌលទាំងឡាយរបស់យើងផ្តល់នូវកន្លែងជាទីជម្រក និងការការពារបែបនេះ ។ យើងអាចចិញ្ចឹមបីបាច់ខាងវិញ្ញាណដល់គ្នាទៅវិញទៅមក ជួយយកអាសាគ្នាដើម្បីរក្សាបទបញ្ញត្តិរបស់ព្រះ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យពឹងផ្អែកលើព្រះគ្រីស្ទជានិច្ច និងជាពិសេសនៅពេលមានឧបសគ្គ ។ នៅពេលយើងប្រមូលផ្តុំគ្នា យើងដឹងថាយើងមិនច្បាំងនឹងចម្បាំងរបស់យើងតែម្នាក់ឯងនោះទេ ។ យើងមានមិត្តភក្តិ គ្រូបង្រៀន និងថ្នាក់ដឹកនាំដែលអាចជួយ និងការពារយើងបាន ។ យើងកាន់តែរឹងមាំ នៅពេលយើងត្រៀមខ្លួនជាមួយគ្នា ។
គួរកត់សម្គាល់ថា មរ៉ូណៃបានផ្ដល់គុណសម្បតិ្ដថារាល់សុភមង្គល ទាំងអស់ របស់ប្រជាជនលោកគឺបានមកពីភាពស្មោះត្រង់ចំពោះសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះ និងសាសនារបស់ពួកគេ ។ ដូចម៉រូណៃដែរ យើងគួរតែដឹងថាអំណរនោះកើតឡើងដោយសារតែព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ហើយដោយសារព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ពេលយើងយល់ពីគោលបំណងរបស់យើង យុទ្ធសាស្ត្រដើម្បីទទួលជោគជ័យ និងរៀបចំខ្លួនប្រៀបដូចជាយើងកំពុងប្រឈមមុខនឹងចម្បាំងដូច្នោះដែរ នោះយើងទទួលបានជំនួយ និងអំណាចដ៏ទេវភាព ។
ដូចមរ៉ូណៃដែរ ខ្ញុំដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនាំមកនូវសេរីភាពដ៏មិនចេះចប់មិនចេះហើយពីសេវកភាព—គឺសេរីភាពពីសេចក្ដីស្លាប់ និងអំពើបាប ។ ទ្រង់ទាំងទ្វេប្រទានពរដល់យើងនូវព្រះចេស្តារបស់ទ្រង់ពេលយើងមើលទៅទ្រង់ទាំងទ្វេក្នុងគ្រប់កិច្ចការទាំងអស់ ។
© ឆ្នាំ ២០២៤ by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, August 2024. Cambodian. 19294 258