អ្នកចម្រៀងអន្តរជាតិចូលរួមជាមួយក្រុមចម្រៀងរោងឧបោសថសម្រាប់សន្និសីទ
ជាលើកដំបូងហើយដែលអ្នកចូលរួមរស់នៅក្រៅសហរដ្ឋអាមេរិកបានចូលរួមច្រៀង ជាមួយក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធអំឡុងសន្និសីទ ទូទៅ ។
ប្រធានក្រុមចម្រៀង ម៉ាយខល អូ ឡេវីត ដែលរៀបរាប់អំពីកម្មវិធីសាកល្បងនេះថា ជាការរីកចម្រើនបែបធម្មជាតិមួយនៃការកើនឡើងរបស់ក្រុមចម្រៀង បានមានប្រសាសន៍ថា ៖ ថ្មីៗនេះក្រុមចម្រៀងបានពង្រីកបេសកកម្មរបស់ខ្លួនទៅដល់ទស្សនិកជនទូទាំងពិភពលោក ។ លោកបានថ្លែងថា ៖ « យើងកំពុងតែធ្វើវាតាមរបៀបតែមួយគត់ដែលយើងដឹងថា នេះជាជំហានបន្តិចម្តងៗ—គឺការរៀនសូត្រ ការកែលម្អ និងការសូមព្រះអម្ចាស់សម្រាប់ការណែនាំបន្ថែមទៀត » ។ « ជាមួយនឹងជំហាននីមួយៗ ឥឡូវវាកាន់តែច្បាស់ឡើងថា រឿងនេះអាចកើតមានឡើង » ។
ដោយសារតែកាលវិភាគហាត់សមយ៉ាងតឹងរឹងរបស់ក្រុមចម្រៀង សមាជិកក្រុមចម្រៀងត្រូវបានតម្រូវឲ្យរស់នៅក្នុងចម្ងាយ ១០០ ម៉ាយ ( ១៦០ គីឡូម៉ែត្រ ) ពីរោងឧបោសថប្រវត្តិសាស្ត្រនៅទីក្រុង សលត៍ លេក ។ ទោះជាយ៉ាងណាក៏ដោយ បងប្រុសឡេវីត បានមានប្រសាសន៍ថា កម្មវិធីសាកល្បងនេះបើកទ្វារសម្រាប់អ្នកផ្សេងទៀត ដែលមានសមត្ថភាពតន្ត្រីពិសេសក្នុងការចូលរួមជាបណ្តោះអាសន្នផងដែរ ។
រួមជាមួយនឹងសមត្ថភាពសំឡេងរបស់ពួកគេ អ្នកចូលរួមអន្តរជាតិត្រូវបានតម្រូវឲ្យបង្ហាញពីជំនាញក្នុងទ្រឹស្តីតន្ត្រី និងភាសាអង់គ្លេសក្នុងអំឡុងពេលដំណើរការជ្រើសរើស ។
អ្នកដែលបានជ្រើសរើសច្រៀងជាមួយក្រុមចម្រៀងបានមកពីប្រទេសចំនួនប្រាំមួយ ៖
-
អាលវ៉ារ៉ូ ហ្សក ម៉ាធីន មកពីទីក្រុង ណេតាល់ ប្រទេសប្រេស៊ីល សម្លេងប្រុសទាប
-
រ៉ូឌ្រីហ្គោ ដូម៉ារ៉េដឃី មកពីទីក្រុង ខូរីទីបា ប្រទេសប្រេស៊ីល សម្លេងប្រុសទាប
-
ថាលីតា ដេ ខាវ៉លហូ មកពីទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីល សម្លេងស្រីខ្ពស់ទីពីរ
-
តូបូ អូរ៉េរីបា យ៉ូសែប អេលីស្សា មកពីទីក្រុង អាហ្គ្រា ប្រទេសហ្គាណា សម្លេងប្រុសខ្ពស់
-
ចូណាថាន់ ហៅ មកពីទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្លេងប្រុសខ្ពស់ទីពីរ
-
ដេននីស អ៊ីឡាស្សា អាវ៉ាឡូស មកពីទីក្រុង ទីចូអានណាប្រទេស ម៉ិកស៊ិក សម្លេងស្រីខ្ពស់ទីពីរ
-
ចចជីណា ម៉នតេម៉េយើរ វ៉ុង មកពីទីក្រុង ម៉ុនធើរ៉ៃ ប្រទេសម៉ិកស៊ិក សម្លេងស្រីខ្ពស់ទីពីរ
-
រ៉ូណាល់ បា មកពីទីក្រុង ខាហ្គាយាន ឌឺ អូរូ ប្រទេសហ្វីលីពីន សម្លេងប្រុសខ្ពស់
-
សាន់ដេ មេ អ៊ីនឌីណូ មកពីទីក្រុង ខាហ្គាយាន ឌឺ អូរូ ប្រទេសហ្វីលីពីន សម្លេងស្រីខ្ពស់ទីមួយ
-
ប៉ី ស្សាន ចឹង ( ខាយលី ចុង ) មកពីទីក្រុង តៃប៉ិ ប្រទេសតៃវ៉ាន់ សម្លេងស្រីទាបទីមួយ
អ្នកចម្រៀងអន្តរជាតិទាំងនោះបានចូលរួមក្នុងការហាត់សម ចូលរួមសាលាក្រុមចម្រៀង បានទៅទស្សនាកន្លែងប្រវត្តិសាស្ត្ររបស់សាសនាចក្រជាច្រើនកន្លែង ហើយបានធ្វើដំណើរទៅកាន់វិសាលដ្ឋានសុខុមាលភាពរបស់សាសនាចក្រ វិសាលដ្ឋានព្រះវិហារបរិសុទ្ធ និងមជ្ឈមណ្ឌលឃ្លាំងរបស់ប៊ីស្សព ។
នៅពេលបញ្ចប់សន្និសីទទូទៅ សមាជិកក្រុមចម្រៀងដែលមានមូលដ្ឋាននៅរដ្ឋយូថាហ៍បានច្រៀងបទ « សូមព្រះអង្គគង់ជាមួយនឹងអ្នកផង » ទៅកាន់អ្នកចម្រៀងអន្តរជាតិទាំងនោះជាការលាគ្នាចុងក្រោយ ។
ប៊ីស្សពជាអធិបតី ហ្គែរ៉ល កូសសេ បានសម្តែងនូវក្តីស្រឡាញ់ និងអំណរគុណចំពោះអ្នកចម្រៀងអន្តរជាតិទូទាំងពិភពលោកទាំងនោះ ។ លោកបានថ្លែងថា ៖ « ខ្ញុំសង្ឃឹមថានៅពេលបងប្អូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បងប្អូននឹងធ្វើជាសាក្សីពីបទពិសោធន៍នេះ ហើយបងប្អូននឹងបង្កើនអ្នកចម្រៀងជំនាន់ថ្មីនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក » ។
បទពិសោធន៍រយៈពេលពីរសប្តាហ៍នេះបានជួយក្រុមចម្រៀងអន្តរជាតិទាំងនោះឲ្យមានអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនង និងការរួបរួមកាន់តែខ្លាំងជាមួយសហគមន៍សាសនាចក្រ ។ « ខ្ញុំបានចំណាយពេលជាច្រើនជាមួយនាយកដ្ឋានតន្រ្តីសាសនាចក្រ ។ ប៉ី ស្សាន ចឹង បាននិយាយថា នៅពេលជួបពួកគេ ខ្ញុំពិតជាមានអារម្មណ៍ថា ថ្នាក់ដឹកនាំសាសនាចក្រសង្ឃឹមថា ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោកអាចមានបទពិសោធន៍ខាងវិញ្ញាណកាន់តែជ្រាលជ្រៅតាមរយៈតន្ត្រី » ។