« ព្រះចេស្តានៃការប្រោស » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
អព្ភូតហេតុរបស់ព្រះយេស៊ូវ
ម៉ាកុស ៥ : ២២–២៤, ៣៥–៤២
ព្រះចេស្តានៃការប្រោស
យើងអាចជួយលើកទឹកចិត្តដល់អស់អ្នកដែលកំពុងរង់ចាំការរំដោះរបស់ព្រះអង្គសង្រ្គោះ ។
មានអារម្មណ៍ចុះចាញ់ ។ ទៀតហើយ ។ ខ្ញុំរអិលដួលលើកៅអី ហើយក្បាលរបស់ខ្ញុំដាំចុះក្រោម ។ ខ្ញុំគ្រាន់តែជាអ្នកអង្កេតការណ៍ ប៉ុន្តែខ្ញុំនៅតែគ្មានកម្លាំងដើម្បីឈរទេ ។ ក្រុមរបស់យើងបានព្យាយាមយ៉ាងខ្លាំង ។ ខ្លះមានស្នាមជាំ ។ ខ្លះទៀតដើរខ្ចើចៗពីទីលាន ។ បន្ទាប់ពីក្រុមបាល់ទាត់ថ្នាក់វិទ្យាល័យរបស់យើងចាញ់ជាប់ៗគ្នា យើងមិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ—តែយើងក៏ខូចចិត្តខ្លាំងដែរ ។
ក្នុងពេលដែលការខកចិត្តនោះបានគ្របដណ្តប់លើខ្ញុំ ស្រាប់តែក្មេងស្រីម្នាក់ ដែលក្មេងជាងគេបំផុតនៅក្នុងក្រុមបានឈានជើងទៅមុន ។ ខ្ញុំចាប់អារម្មណ៍ភ្លាមៗ ចំពោះស្មារតីដ៏មោះមុត ដែលខ្ញុំបានឃើញនៅលើផ្ទៃមុខនាង ។
ខ្ញុំបានមើលគ្រប់ជំហានដែលនាងឈោងដៃទៅរកក្មេងស្រីម្នាក់ៗ ប៉ុន្តែមិនមែនមិនទទួលស្គាល់ការបរាជ័យនោះទេ ។ ផ្ទុយទៅវិញ នាងកំពុងតែផ្តល់ការសរសើរ ការលួងលោម និងសេចក្តីអាណិតអាសូរដល់បុគ្គលម្នាក់ៗ ។ « ខ្ញុំមិនដែលឃើញឯងរត់យ៉ាងខ្លាំងបែបនេះទៅដល់ទីនោះដើម្បីបោះបាល់នោះទេ ។ ឯងលេងបានល្អខ្លាំងណាស់ » ។ ហើយបន្ថែមទៀត « អូ ហូ ជាការលេងដ៏អស្ចារ្យណាស់ ។ ប្រាកដណាស់ ឯងធ្វើបានល្អណាស់ថ្ងៃនេះ ! »
ជាការការទះដៃម្រាមប្រាំដាក់គ្នា នាងបានលូកដៃនាងម្ខាងទៅទះជាមួយពួកគេ ខណៈដែលដៃនាងម្ខាងទៀតដាក់លើស្មារបស់ពួកគេ ឬអង្វែលថ្មមៗលើជើងដែលជាំ និងប្រឡាក់ស្មៅ ។ ខ្ញុំអាចទទួលអារម្មណ៍ថា នាងមានអ្វីមួយនៅក្នុងខ្លួននាង អានុភាពដែលផ្ទេរពីនាងទៅបេះដូងរបស់សមាជិកក្រុមម្នាក់ៗ ។ ស្នាមញញឹមបានចាប់ផ្តើមលុបបំបាត់ភាពឈឺចាប់ និងការខកចិត្ត ។ បន្តិចម្ដងៗ កីឡាករម្នាក់ៗឈរដោយមានអារម្មណ៍ថ្មីដ៏ស្វាហាប់ ។
តើនរណាខ្លះខ្វល់ពីស្នាមជាំ និងការឈឺចាប់ ? តើនរណាខ្វល់ពីការខឹងសម្បារ និងការអន់ចិត្ត ? គ្មានទេ ។ ប៉ុន្ដែ តើអាចមានដៃដែលរាបសារមួយអាចលើកនរណាម្នាក់ចេញពីទីរងទុក្ខ ទៅកាន់ទីដែលមានគោលបំណង និងភាពរឹងមាំដោយរបៀបណា ?
សូមអនុញ្ញាតឲ្យខ្ញុំចែកចាយរឿងមួយចំនួនដែលខ្ញុំបានរៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះក្នុងការលើក និងរបៀបដែលយើងអាចជួយ ដូចជាមិត្តរបស់ខ្ញុំនៅក្នុងក្រុមបាល់ទាត់បានធ្វើ ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងអានដំណើររឿងខាងក្រោមអំពីកូនស្រីរបស់យ៉ៃរ៉ុស ។
« នោះមានមេសាលាប្រជុំម្នាក់ឈ្មោះ យ៉ៃរ៉ុស មកដល់ឃើញ [ ព្រះ យេស៊ូវ ] ក៏ក្រាបនៅទៀបព្រះបាទទ្រង់
« គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ ហើយសូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជានោះវានឹងរស់ វិញ ។
« ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ » ( ម៉ាកុស ៥:២២–២៤ ) ។
« ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ »
ខ្ញុំចូលចិត្តឃ្លាដែរថា « ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ » ( ម៉ាកុស ៥:២៤ ) ។ អព្ភូតហេតុមិនទាន់កើតឡើងនៅឡើយទេ ។ តាមពិត វានឹងមានការពន្យារពេលដ៏គួរឲ្យសោកស្តាយមួយចំនួន មុនពេលដែលគ្រួសារនេះបានទទួលការរំដោះដែលពួកគេកំពុងទទូចអង្វរ ។ ប៉ុន្តែ ព្រះគ្រីស្ទបានធ្វើដំណើរជាមួយពួកគេរួចហើយ ។
ពេលយើងត្រូវការអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនយើងបាន យើងអាចទុកចិត្តថាព្រះយេស៊ូវនឹងយាងមក ។ ហើយយើងអាចទុកចិត្តថា នៅពេលយើងរង់ចាំដោយសេចក្ដីជំនឿចំពោះអព្ភូតហេតុរបស់ទ្រង់ក្នុងជីវិតរបស់យើង ឬជីវិតនៃមនុស្សជាទីស្រឡាញ់របស់យើង នោះទ្រង់នឹងយាងជាមួយយើង ។ ទ្រង់នឹងយាងជាមួយយើងគ្រប់កាលៈទេសៈនៃការថប់បារម្ភ និងការភ័យខ្លាច និងភាពសោកសៅដែលអាចរង់ចាំយើងនៅលើផ្លូវដែលនាំទៅរកការរំដោះ ។
« យាងទៅដាក់ព្រះហស្តលើវា »
ការប្រោសឲ្យជាមិនមែនយើងដែលត្រូវធ្វើទេ ប៉ុន្តែដូចជា យ៉ៃរ៉ុស យើងអាចនាំព្រះយេស៊ូវគ្រីស្ទ ជាគ្រូព្យាបាល ទៅកាន់អ្នកដែលយើងស្រឡាញ់ ។ យ៉ៃរ៉ុសបានដឹងថា ព្រះហស្តរបស់ព្រះអង្គសង្គ្រោះអាចលើកនរណាម្នាក់ពីទីរងទុក្ខទៅកាន់ទីនៃគោលបំណង និងភាពរឹងមាំបាន ។
ខ្ញុំបានឃើញការណ៍នោះនៅក្នុងខ្លួនកីឡាករបាល់ទាត់ដែលជាអ្នកផ្ដល់ពន្លឺរបស់យើង ។ នាងបានចែកចាយពន្លឺនៃព្រះគ្រីស្ទនៅលើទីលានបាល់ទាត់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើការព្យាបាលរបស់ទ្រង់ ។ តាមរយៈការលើកពន្លឺរបស់ទ្រង់ នាងកំពុងជួយប្រមូលផ្តុំសាសន៍អ៊ីស្រាអែល ។
យើងម្នាក់ៗនឹងត្រូវការការសង្រ្គោះដោយនរណាម្នាក់ក្រៅពីខ្លួនយើង ។ ទោះបីជាការងាយឈឺចាប់ហាក់ដូចជាចាកចេញពីយើងក្តី ក៏យើងអាចទុកចិត្តថា ព្រះវរបិតាសួគ៌បានប្រទានព្រះអង្គសង្គ្រោះ ដែលអាចជួយលើកយើងឡើងពីភាពអស់សង្ឃឹមនេះបាន ។ ហើយយើងអាចចូលរួមជាមួយទ្រង់ ដូចជាវីរនារីបាល់ទាត់របស់ខ្ញុំដែរ ។
ប៉ុន្តែចុះបើអ្វីៗកាន់តែធ្ងន់ទៅៗ ខណៈដែលអ្នកកំពុងរង់ចាំពរជ័យរបស់ទ្រង់ឲ្យមកដល់វិញ ?
« នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត »
ខណៈពេលដែលព្រះគ្រីស្ទកំពុងធ្វើដំណើរទៅកាន់ផ្ទះរបស់ យ៉ៃរ៉ុស ទ្រង់បានពន្យារពេល ។ មានមនុស្សជាច្រើននៅលើផ្លូវ ហើយពេលទ្រង់ព្យាយាមយាងទៅ ស្ត្រីម្នាក់ដែលមានជំនឿយ៉ាងខ្លាំង ដែលបានរង់ចាំព្រះហស្តប្រោសទ្រង់បានពាល់ព្រះពស្ត្ររបស់ទ្រង់ ។
« ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះនោះនឹងបានជាហើយ ។
« ឯជំងឺធ្លាក់ឈាមក៏បាត់ក្នុងខណៈ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្តីវេទនានោះហើយ » ( ម៉ាកុស ៥:២៨–២៩ ) ។
តើយ៉ៃរ៉ុស វីវក់យ៉ាងណា ? តើបានធុញថប់យ៉ាងណាចំពោះការពន្យារពេលនេះ ? ពេលគាត់ចេញពីផ្ទះ កូនស្រីគាត់បានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក ពេលព្រះអង្គសង្គ្រោះបានស្វែងរកស្ត្រីដែលបានជាសះស្បើយ ហើយមានព្រះបន្ទូលជាមួយនាង នោះមានមនុស្សម្នាក់មកពីផ្ទះរបស់យ៉ៃរ៉ុស បានមកដល់ដោយដំណឹងអាក្រក់ថា ៖ « កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត » ( ម៉ាកុស ៥:៣៥ ) ។
ឱវាជាពរជ័យណាស់សម្រាប់ស្រ្តីដែលបានរង់ចាំជាយូរមកហើយ ! ប៉ុន្តែវាជាសោកនាដកម្មណាស់សម្រាប់ យ៉ៃរ៉ុស និងក្រុមគ្រួសាររបស់គាត់ ដែលពេលវេលាមិនរង់ចាំទាល់តែសោះ ! ពេលខ្លះនៅពេលដែលយើងកំពុងរង់ចាំ វាអាចពិបាកក្នុងការរក្សាក្តីសង្ឃឹមថាទ្រង់នឹងយាងមក ។ ប៉ុន្តែសម្រាប់ យ៉ៃរ៉ុស និងក្រុមគ្រួសាររបស់គាត់ ឥឡូវហាក់ដូចជាយឺតពេលដើម្បីសង្ឃឹមចំពោះអព្ភូតហេតុដែលពួកគេត្រូវការ ។ កូនស្រីរបស់គាត់បានស្លាប់ហើយ ។ ហេតុអ្វីនៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត ?
ហេតុអ្វីទៅ ? ដោយសារតែយើងជាអ្នកដាក់កំណត់ទៅលើអព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះដែលគ្មានន័យអ្វីឡើយ ។ ទ្រង់មិនបានកំណត់តាមកាលវេលារបស់យើង ហើយក៏មិនបានដាក់កំហិតដោយការយល់ដឹងរបស់យើងអំពីអ្វីដែលអាចធ្វើទៅបានដែរ ។
ប្រសិនបើយើងមើលដោយកែវភ្នែកនៃសេចក្តីជំនឿ នៅពេលយើងរង់ចាំ នោះយើងនឹងឃើញការធានាថាការរំដោះទ្រង់នឹងមកដល់ ( សូមមើល សូមមើល ៥៨:១១ ) ។ ការធានាទាំងនេះអាចផ្លាស់ប្តូរចិត្តយើង ហើយបញ្ជាក់ពីសេចក្តីជំនឿរបស់យើងលើទ្រង់ ។ ទោះបីជាវាហាក់ដូចជាឱកាសបានកន្លងផុតទៅហើយក៏ដោយ ទ្រង់នៅតែយាងមក ពេលរបស់អ្នកនឹងមកដល់ ។
កូនស្រី យ៉ៃរ៉ុស ដែលបានរស់ឡើងវិញ ដោយ ហ្គេប្រ៊ីយែល ម៉ាក / ភីធឺ ហ័ររី / Alamy Stock Photo
« ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ »
ភ្លាមៗដែលព្រះអង្គសង្រ្គោះបានឮដំណឹងអាក្រក់នេះ ទ្រង់បានប្រាប់ យ៉ៃរ៉ុសថា « ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។ ព្រះបន្ទូលរបស់ព្រះសង្រ្គោះទៅកាន់យ៉ៃរ៉ុស បង្ហាញថាទ្រង់មាន ការព្រួយបារម្ភយ៉ាងណាក្នុងការធានាដល់យើង ដែលរង់ចាំនោះ ។ ការងារបម្រើរបស់ទ្រង់មិនឈប់ទេ ទោះបីយើងធ្វើដូច្នោះក៏ដោយ ។ ភ្លាមៗទ្រង់បានជំរុញយ៉ៃរ៉ុស ឲ្យមានជំនឿ ។
« ទ្រង់ក៏យាងចូលទៅមានព្រះបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវា ដេកលក់ទេតើ ។ …
« រួចទ្រង់ចាប់ដៃវាមានព្រះបន្ទូលថា តាលីថាគូមី ស្រាយថាកូន ស្រីអើយយើងប្រាប់ឲ្យឯងក្រោកឡើង » ( ម៉ាកុស ៥:៣៩, ៤១ ) ។
តើអ្នកយល់ទេ ? « រួចទ្រង់ចាប់ ដៃវា » ។ អានុភាពគឺនៅក្នុងព្រះហស្ដរបស់ទ្រង់ ។ ប្រធានហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ធ្លាប់មានប្រសាសន៍ថា « Whatever Jesus lays his hands upon lives » ។១ តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបានព្រះហស្ដព្យាបាលរបស់ទ្រង់បានកាន់តែប្រសើរ ? ហើយតើយើងអាចជាព្រះហស្ដរបស់ទ្រង់ដើម្បីជួយលើកអ្នកដទៃក្នុងពេលដែលពួកគេឈឺចិត្ត និងអស់សង្ឃឹមដោយរបៀបណា ?
« ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ »
ភ្លាមៗវិញ្ញាណបានវិលត្រឡប់ទៅកាន់កូនស្រីរបស់ យ៉ៃរ៉ុស វិញថា ៖ « ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ » ( ម៉ាក ៥:៤២ ) ។ ជីវិតរមែងស្លាប់ជួបការសាកល្បងជាច្រើន ប៉ុន្តែយើងអាចយកឈ្នះបាន ។ សម្រាប់យើងម្នាក់ៗ ការសាកល្បងទាំងនោះនឹងមើលទៅខុសគ្នាបន្តិច—ពីការបាក់ទឹកចិត្តបន្ទាប់ពីចាញ់នៅទីប្រកួត រហូតដល់ការបាត់បង់មនុស្សជាទីស្រឡាញ់ ។ ការរងទុក្ខនឹងកើតមានជៀសមិនរួចទេ ។ ប៉ុន្តែទ្រង់នឹងមិនដែលបោះបង់យើងចោលឡើយ ទោះជាស្ថានភាពធ្ងន់ធ្ងរ ឬចុងក្រោយទៅជាយ៉ាងណាក៏ដោយ ។ ពេលខ្លះទ្រង់អនុញ្ញាតឲ្យយើងឆ្លងកាត់សេចក្តីស្លាប់ ឬទីស្ងាត់ជ្រងំ ដើម្បីទ្រង់អាចឈោងព្រះហស្ដរបស់ទ្រង់មកជួយ និងបំពេញជីវិតដល់យើង ។
ដោយមានទីម្គាល់នៃដង្វាយធួនរបស់ទ្រង់—ស្នាមដែកគោលនៅលើព្រះហស្តរបស់ទ្រង់ម្ខាងៗ—ទ្រង់បង្ហាញ យើង ជាការងារបម្រើរបស់ទ្រង់ ៖ « យើងបានចារិកអ្នកទុក នៅផ្ទៃបាតដៃរបស់យើងហើយ » ( នីហ្វៃទី១ ២១:១៦ ) ។ ការងារបម្រើរបស់ព្រះគ្រីស្ទ គឺតែងតែជាការប្រោសយើងពីស្លាប់ជានិច្ច ដែលយើងមិនអាចគេចផុតពីខាងរូបកាយ ឬខាងវិញ្ញាណឡើយ ហើយអ្វីៗទាំងអស់គឺអាចធ្វើទៅបានតាមរយៈការលះបង់ដ៏ធួនរបស់ទ្រង់ ។
នៅពេលដែលការឈឺចិត្ត និងការប្រឈមមុខបែបនេះកើតឡើង យើងអាចស្រមៃឃើញពីព្រះហស្ដដែលមានស្នាមនៅលើព្រះហស្ដម្ខាងៗ ដែលនាំមកមិនត្រឹមតែសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងដើម្បីយកឈ្នះ ។ តាមរយៈការអនុវត្តសេចក្តីជំនឿលើទ្រង់ ការស្ដារឡើងវិញពេញលេញដោយព្រះប្រោសលោះនៃពិភពលោកនឹងឈ្នះលើអ្វីក៏ដោយដែលយើងប្រឈមមុខ ។
ហើយយើងអាចពង្រីកព្រះហស្ដរបស់ទ្រង់ដល់អ្នកដទៃដែលត្រូវការការប៉ះរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងម្នាក់ៗនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញពីភាពពិការរបស់យើង ហើយនៅទីបំផុតពីផ្នូររបស់យើង ។ សូមចាំថា ទោះបីជាមនុស្សទាំងអស់មានអារម្មណ៍បាត់បង់ក៏ដោយ ទ្រង់គង់នៅទីនោះ ហើយទ្រង់ឈោងព្រះហស្តនៃព្រះចេស្តា នៃការសង្រ្គោះរបស់ទ្រង់មក ។ សូមស្រមៃពីអំណរដែលនឹងទទួលបាន ពេលទ្រង់បានលើកព្រះហស្ដរបស់ទ្រង់ទៅកាន់អ្នក ហើយប្រកាសថា « យើងប្រាប់ឲ្យឯងក្រោកឡើង » ។ ហើយយើងទាំងអស់គ្នានឹងក្រោកឡើង ។