ឆ្នាំ​២០១៧
បាតដៃ​ទទេ ប៉ុន្តែ​ពេញ​ដោយ​សេចក្តីជំនឿ
July 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បាត​ដៃ​ទទេ ប៉ុន្តែ​ពេញ​ដោយ​សេចក្តីជំនឿ

driving a jeepney

រូប​គំនូរ ដោយ ខារ៉ូលីន វីបប៊ើត

បន្ទាប់​ពី​បម្រើ​នៅក្នុង​បេសកកម្ម ខាហ្គាយ៉ាន ឌើ អូរ៉ូ ហ្វីលីពីន មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី និង​ពួកសាវក​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សាច់ញាតិ និង មិត្តភក្ដិរបស់​ខ្ញុំ​ដែល​ពុំមែន​ជាសមាជិក​ស្ទើរតែ​គ្រប់រូប និង​សូម្បី​តែ​សមាជិក​មួយ​ចំនួន បាន​និយាយ​ថា ខ្ញុំ​គួរតែ​រៀន​ឲ្យ​ចប់​កម្រិត​មហាវិទ្យាល័យ​សិន ឬ​មាន​ការងារ​ល្អសិន​ពីមុន​គិត​អំពី​រឿង​រៀបការ ។ ខ្ញុំ​ពុំ​បាន​គិត​អំពី​រឿងទាំង​ពីរ​នោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ភ្ជាប់​ពាក្យ ។

ខ្ញុំ​មាន​ចិត្ត​ច្របូកប្រចល់ ប៉ុន្តែ​ខ្ញុំ​ចាំ​អំពី​រឿង​មួយ​អំពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) នៅពេល​លោក​បាន​ទទួល​ការហៅបម្រើ​បេសកកម្ម​ទៅ​ប្រទេស​អង់គ្លេស ។ លោក​កំពុង​រៀបចំ​ខ្លួន​ចេញ​ទៅ​បេសកកម្ម​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​មាន​វិបត្តិ ដែល​រំខាន​ដល់​លោក ។ ពីមុន​លោក​បាន​ចាកចេញ​ទៅ ឪពុក​របស់​លោក​បាន​ប្រគល់​កាត​មួយ​ទៅ​លោក​ដោយ​មាន​សរសេរ​ពាក្យ​ទាំងនេះ ៖ « កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ »​ ( ម៉ាកុស ៥:៣៦ ) ។ ខ្ញុំ​ក៏​បាន​ចាំ​អំពី​ប្រសាសន៍​របស់​ប៊ីស្សព​ខ្ញុំ​ ៖ « ចូរ​មាន​ជំនឿ​ចុះ ។ ព្រះ​នឹង​ប្រទាន​ឲ្យ » ។ ពាក្យ​ទាំង​នោះ​បាន​ផ្ដល់​ភាពក្លាហាន និង​កម្លាំង​ឲ្យ​ខ្ញុំ​ដើម្បី​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត ។

ទោះបី​ជា​ខ្ញុំ​មាន​តែ​បាត​ដៃ​ទទេ​ក្តី ខ្ញុំ​បាន​រៀប​អាពិហ៍ពិពាហ៍​ជាមួយ​គូដណ្តឹង​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ម៉ានីល ហ្វីលីពីន ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​រៀប​ការ​មក ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​ចង់រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​ការ​នោះតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ។ មនុស្ស​ជាច្រើន​បាន​ឆ្ងល់​ថា ហេតុអ្វី​ខ្ញុំ​ឈប់​ធ្វើការ​នោះ ប៉ុន្តែ​ខ្ញុំ​បាន​បន្ត​ឈាន​ទៅមុខ ដោយ​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា « ចូរមាន​ជំនឿ​ចុះ ។ ព្រះ​នឹង​ប្រទាន​ឲ្យ » ។

ខ្ញុំ​បាន​ចាប់ផ្តើម​បើកបរ​ឡាន​ដឹក​អ្នក​ដំណើរ ហើយ​ធ្វើការ​ជា​ភ្នាក់ងារ​លក់ ដើម្បី​ផ្គត់ផ្គង់​ដល់​សេចក្តីត្រូវការ​ចាំបាច់​របស់​យើង និង​ត្រៀម​សម្រាប់​កំណើត​កូន​ដំបូង​របស់​ពួកយើង ។ ភរិយា​របស់​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​យើង ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវត្រឡប់​ទៅ​រៀន​វិញ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​នឹង​មាន​ការលំបាក​ដើម្បី​ធ្វើការ​ផង បម្រើ​ក្នុង​សាសនាចក្រ​ផង ព្រមទាំង​ត្រូវ​ទៅ​រៀន​ទៀត ។

ប្រាកដណាស់ វា ពិតជា ពិបាក​ណាស់ ។ ប៉ុន្តែ​យើងបាន​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដោយ​អស់​ពី​ចិត្ត​របស់​យើង ។ ជារឿយៗ យើង​មាន​ថវិកា​តិចតួច ប៉ុន្តែ​ដោយ​មាន​ជំនួយ​មក​ពី​មូលនិធិ​ដែល​មានជាបន្តបន្ទាប់​របស់​សាសនាចក្រ នោះ​ខ្ញុំ​អាច​បញ្ចប់​ការអប់រំ​របស់​ខ្ញុំ ពី​មុន​កូន​ទីពីរ​របស់​ខ្ញុំ​កើតមក ។ ខ្ញុំ​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ហើយ​ទីបំផុត​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។

ការធ្វើតាម​ដំបូន្មាន​របស់​ពួកព្យាការី និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​របស់​សាសនាចក្រ បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​​ការរីកចម្រើន​ខាង​វិញ្ញាណ និង​ភាព​ចាស់ទុំ ។ ខ្ញុំ​មាន​ពរ​ដោយសារ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ និង​ដំណឹង​ល្អ ។

យើង​ពុំ​ត្រូវ​ភ័យ​ខ្លាច​ឡើយ ទោះជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​ក្តី ។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ហើយ​ចងចាំ​ពាក្យ​ទាំង​នេះ ៖ « ចូរ​មាន​ជំនឿ​ចុះ ។ ព្រះ​នឹង​ប្រទាន​ឲ្យ » ។