« ការប្រជុំបង្កើតសាសនាចក្ររបស់ព្រះគ្រីស្ទ » ប្រធានបទប្រវត្តិសាសនាចក្រ
« ការប្រជុំបង្កើតសាសនាចក្ររបស់ព្រះគ្រីស្ទ »
ការប្រជុំបង្កើតសាសនាចក្ររបស់ព្រះគ្រីស្ទ
នៅថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ១៨៣០ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី និងអ្នកដទៃទៀតបានជួបប្រជុំគ្នាដើម្បីរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកបានចូលរួមនៅក្នុងការប្រជុំនេះចាប់តាំងពីនៅរដូវក្ដៅឆ្នាំ១៨២៩ នៅពេលដែលវិវរណៈបានណែនាំយ៉ូសែប និង អូលីវើរ ខៅឌើរី ឲ្យបង្កើតសាសនាចក្រមួយនៅពេលដែលព្រះគម្ពីរមរមនអាចបោះពុម្ពបានភ្លាមៗ ហើយពួកអ្នកជឿអាចប្រមូលផ្ដុំគ្នាបាន ។ ពុំមានកំណត់ហេតុការប្រជុំនៅសេសសល់នោះទេ ប៉ុន្តែប្រភពមួយចំនួន រួមទាំងវិវរណៈដែលទទួលបានក្នុងឱកាសនោះ បង្ហាញពីអ្វីដែលបានកើតឡើង ។ ការប្រជុំនោះបានបើកដោយការអធិស្ឋាន ហើយពួកអ្នកជឿបានគាំទ្រយ៉ូសែប និងអូលីវើរឲ្យធ្វើជាអែលឌើរ និងជាគ្រូបង្រៀននៅក្នុងសាសនាចក្រ ។ បន្ទាប់មក យ៉ូសែប និងអូលីវើរបានតែងតាំងគ្នាទៅវិញទៅមកក្នុងនាមជាអែលឌើរនៃសាសនាចក្រ ពួកអ្នកចូលរួមនៅក្នុងការប្រជុំនោះបានទទួលទានសាក្រាម៉ង់នៃអាហាររបស់ព្រះអម្ចាស់ ។ យ៉ូសែប និងអូលីវើរបានដាក់ដៃលើក្បាលអ្នកទាំងឡាយណាដែលបានទទួលបុណ្យជ្រមុជទឹកពីមុន ដើម្បីផ្តល់ឲ្យពួកគេនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយបញ្ជាក់ពួកគេថាជាសមាជិកនៃសាសនាចក្រ ហើយយ៉ូសែបបានទទួលវិវរណៈ ឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២១ ។
ផ្ទះឈើមួយនៅកន្លែងកសិដ្ឋានរបស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ នៅក្នុងទីក្រុងហ្វាយែត រដ្ឋញូវយ៉ក ។
នៅចន្លោះថ្ងៃទី៦ ខែមេសា ដល់ថ្ងៃទី៩ ខែមិថុនា នៅពេលដែលសន្និសីទដំបូងរបស់សាសនាចក្រត្រូវបានប្រារព្ធឡើង ។ យ៉ូសែប និងអូលីវើរបានរៀបចំសាខាជាច្រើននៅទីក្រុង ហ្វាយែត, ម៉ែនឆែស្ទើរ និង ខូលស្វិល រដ្ឋញូវយ៉ក ។ ដំណើររឿងដំបូងៗមួយចំនួនបានច្រឡំទីតាំងនៃការប្រជុំទាំងនេះ ដោយស្នើឲ្យមានការប្រជុំការរៀបចំនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងម៉ែនឆែស្ទើរ ជាជាងនៅទីក្រុងហ្វាយែត ។ ឯកសារចម្លងដំបូងៗនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ២១ រួមមានកំណត់សម្គាល់ដែលដែលផ្ដល់យោបល់ថា វិវរណៈត្រូវបានផ្តល់ឲ្យនៅក្នុងទីក្រុងម៉ែនឆែស្ទើរ ។ វិលលាម ដ័បបុលយូ ហ្វែប្ស បានប្រើកំណត់សម្គាល់នេះ នៅពេលគាត់រៀបចំវិវរណៈសម្រាប់បោះពុម្ពនៅក្នុងព្រះគម្ពីរនៃព្រះបញ្ញត្តិនៅឆ្នាំ១៨៣៣ ។ កំណត់ត្រាផ្សេងទៀតភ្ជាប់ទៅនឹងហ្វែប្ស និង អួរសុន ប្រាត្ត—ដែលអ្នកទាំងពីរពុំបានមានវត្តមាននៅក្នុងការប្រជុំរបស់អង្គការទេ—ព្រមទាំងឈ្មោះម៉ែនឆែស្ទើរ ជាទីតាំងនៃការប្រជុំនៅថ្ងៃទី៦ ខែមេសាផងដែរ ។ ទោះជាយ៉ាងណា ឯកសារដំបូងៗជាច្រើនដែលរៀបរៀងដោយយ៉ូសែប និងអូលីវើរ រួមជាមួយនឹងការបោះពុម្ពនៅពេលក្រោយនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា បានបញ្ជាក់ថា ការប្រជុំបានកើតឡើងនៅទីក្រុងហ្វាយែត ឬក៏លុបសេចក្តីយោងទៅកាន់ទីក្រុងម៉ែនឆែស្ទើរចោល ។ ដោយហេតុនេះ ពួកអ្នកប្រវត្តិសាស្រ្តភាគច្រើនយល់ស្របជាមួយអ្នកសង្កេតការណ៍សំខាន់ៗ ហើយកំណត់ថា ការប្រជុំការបង្កើតដំបូងនៅទីក្រុងហ្វាយែត ។
ប្រធានបទដែលទាក់ទង ៖ ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ