« ជីវិតប្រចាំថ្ងៃរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ទីមួយ » ប្រធានបទប្រវត្តិសាសនាចក្រ
« ជីវិតប្រចាំថ្ងៃរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ទីមួយ »
ជីវិតប្រចាំថ្ងៃរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ទីមួយ
មិនយូរប៉ុន្មានបន្ទាប់ពីការស្លាប់របស់ឪពុកនាង ណាន់ស៊ី អាឡិចសាន់ឌើរ ដែលមានអាយុបួនឆ្នាំ និងជាអនាគតពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមើលឃើញម្តាយរបស់នាង បេតស៊ី ក្ស័យធន ហើយបញ្ជូនកូនៗឲ្យទៅរស់នៅជាមួយសាច់ញាតិ ។ ណាន់ស៊ីបានទទួលការអប់រំពីជីដូនជីតារបស់នាង អានព្រះគម្ពីរនៅក្នុងការជួបជុំគ្រួសារ និងរៀនរវៃអំបោះ និងដេរ ។ នៅពេលណានស៊ីមានអាយុ១៥ឆ្នាំ ម្តាយរបស់នាងបានត្រលប់មកវិញមួយរដូវកាល ហើយដោយមិនចង់រស់នៅបែកពីម្តាយរបស់នាងម្តងទៀត ណាន់ស៊ីបានទៅតាមបេតស៊ី ដើម្បីទៅរស់នៅជាមួយសាច់ញាតិផ្សេងទៀត ។ មិនយូរប៉ុន្មាន ណាន់ស៊ីបានរៀបការនឹងបងប្អូនជីដូនមួយឈ្មោះ ម៉ូសេ ត្រេស៊ី ហើយស្វាមីភរិយាមួយគូនេះ « បានតាំងទីលំនៅដោយខ្លួនឯង » ។
កុមារភាពរបស់ណាន់ស៊ី ហាក់ដូចជាមានលក្ខណៈខុសពីធម្មតាចំពោះមិត្តភក្ដិរបស់នាង ។ គ្រួសារជាច្រើននៅជំនាន់នោះបានជួបប្រទះការស្លាប់របស់សមាជិកគ្រួសារដោយមិនបានរំពឹងទុក ឬការបំបែកគ្រួសាររយៈពេលយូរ ។ គ្រួសារអាមេរិកភាគច្រើនបានបង្រៀនកូនស្រីឲ្យចេះរវៃអំបោះ និងដេរ ។ ហើយយុវវ័យបានស្រឡាញ់គ្នា ហើយបានរៀបការនៅចុងវ័យជំទង់ និងចូលវ័យ២០ឆ្នាំរបស់ពួកគេ ។
លក្ខណៈទាំងនេះ និងលក្ខណៈផ្សេងទៀតនៃជីវិតប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកនៅជំនាន់នោះ ជាញឹកញាប់មិនទទួលបានការយកចិត្តទុកដាក់ដោយផ្ទាល់នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រទេ ហើយវានៅតែមិនស្គាល់ និងពិបាកយល់ចំពោះពួកអ្នកអានសព្វថ្ងៃនេះ ។ ប៉ុន្តែចង្វាក់ប្រចាំថ្ងៃ និងទំនៀមទម្លាប់នៃសម័យនោះបានបង្កើតពិភពលោកដែលពួកបរិសុទ្ធបានរស់នៅ និងបានធ្វើការជ្រើសរើសរបស់ពួកគេ ។ ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃដែលបានផ្លាស់ប្តូរច្រើនបំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៨០០ រួមមានសេដ្ឋកិច្ចគ្រួសារ សុខភាពផ្ទាល់ខ្លួន ការកម្សាន្ត ការធ្វើដំណើរ និងការទំនាក់ទំនង ។
សេដ្ឋកិច្ចគ្រួសារ
សេដ្ឋកិច្ចគ្រួសារបានរៀបចំរចនាសម្ព័ន្ធថ្ងៃធម្មតាសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ទីមួយ ។ ដោយសារតែមធ្យោបាយផលិតតម្រូវការចាំបាច់ភាគច្រើនត្រូវបានភ្ជាប់ទៅនឹងផ្ទះ មនុស្សពឹងផ្អែកលើសមាជិកគ្រួសាររបស់ពួកគេសម្រាប់ការរស់រានមានជីវិត ។ ជាង៩០ភាគរយនៃប្រជាជនអាមេរិកក្នុងសម័យរបស់ យ៉ូសែប ស្មីធ រស់នៅក្នុងកសិដ្ឋាន និងនៅក្នុងតំបន់ជនបទ ហើយសូម្បីតែទីក្រុងធំៗក៏តូចជាងស្តង់ដារសព្វថ្ងៃនេះដែរ មានតែទីក្រុងញូវយ៉ក ហ្វីឡាដេលហ្វី បាល់ទីម័រ និង បូស្តុន តែប៉ុណ្ណោះដែលមានប្រជាជនជាង៥០,០០០នាក់ក្នុងឆ្នាំ១៨៣០ ។ គ្រួសារតាមជនបទជាធម្មតាបែងចែកការងារក្នុងចំណោមសមាជិកគ្រួសាររបស់ពួកគេ ដោយឪពុកម្តាយទទួលបន្ទុកម្ហូបអាហារ និងថែទាំរហូតដល់កុមារអាចចូលរួមកិច្ចការបន្តិចម្តងៗ ។
កសិកម្មទាមទារកាលវិភាគប្រចាំថ្ងៃ និងតាមរដូវកាល ។ នៅពេលព្រឹកព្រលឹម សមាជិកគ្រួសារភេទស្រីជាធម្មតាចាប់ផ្តើមការងារក្នុងផ្ទះ ដូចជាថែសួន ធ្វើវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដូចជាប៊ឺ និងឈីស តម្បាញក្រណាត់ ជួសជុល និងបោកគក់សម្លៀកបំពាក់ និងចម្អិនអាហារ ។ សមាជិកគ្រួសារជាបុរសបានចេញទៅធ្វើការនៅខាងក្រៅនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬជំនាញពាណិជ្ជកម្មដូចជាជាងធ្វើធុងទឹក លាងស្បែកសត្វ និងការងារតូចៗដទៃទៀត ។ នៅពេលព្រលប់ គ្រួសារភាគច្រើនបានជួបជុំគ្នានៅក្នុងផ្ទះដើម្បីសន្ទនាគ្នា ឬអានព្រះគម្ពីរប៊ីប ។ ជាធម្មតា ឪពុកម្តាយ ក្មេងស្រី និងក្មេងប្រុសដេកនៅលើគ្រែធ្វើពីចំបើង ឬរោមសត្វផ្សេងពីគ្នា ។
តម្រូវការនៃសេដ្ឋកិច្ចគ្រួសារបាននាំឲ្យក្មេងៗវ័យជំទង់ធំៗ និងយុវមជ្ឈិមវ័យស្វែងរកដៃគូដែលមានសមត្ថភាពដើម្បីធ្វើជាស្វាមី ឬភរិយា ។ នៅពេលដែលវណ្ណៈកណ្តាលមានកាន់តែច្រើនឡើងនៅដើមទសវត្សរ៍ឆ្នាំ១៨០០ គូស្នេហ៍អាចមានសេរីភាពបុគ្គលកាន់តែច្រើនក្នុងការជ្រើសរើសអ្នកណា និងពេលណាត្រូវរៀបការ ។ មនោសញ្ចេតនា និងសុភមង្គលរបស់ស្វាមី និងភរិយាកាន់តែកើនឡើងជំនួសឲ្យស្ថេរភាពនៃគ្រួសារសាច់ញាតិជិតឆ្ងាយ ដែលជាហេតុផលចម្បងសម្រាប់ការរៀបការ ។ ខណៈពេលដែលគូស្វាមីភរិយាអាចរស់នៅបានល្អដោយមានកូនពីរបីនាក់ ឬគ្មានកូនក៏ដោយ តែវាជាការលំបាកខ្លាំងណាស់សម្រាប់អ្នកនៅលីវដើម្បីថែរក្សាជីវិតរស់នៅបែបកសិកម្ម ។
ឪពុកម្តាយរំពឹងថា កូនៗរបស់ពួកគាត់អាចជួយកិច្ចការក្នុងផ្ទះ នៅពេលពួកគេមានវ័យធំបន្តិច ។ សម្រាប់មនុស្សជំនាន់មុន ការចិញ្ចឹមបីបាច់គឺជាការគ្រប់គ្រងឥរិយាបថកូនពីអំពើទុច្ចរិត តាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងក៏អាចមានជាការដាក់ទណ្ឌកម្មលើរាងកាយផងដែរ ។ នៅដើមទសវត្សរ៍ឆ្នាំ១៨០០ ទស្សនៈបានចាប់ផ្តើមផ្លាស់ប្តូរ ហើយកុមារភាពបានក្លាយជាពេលវេលាសម្រាប់អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ ។ ការលេងមិនត្រឹមតែជួយកុមារតូចៗឲ្យឆ្លងផុតក្នុងការងារកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់តួនាទីរបស់មជ្ឈិមវ័យនៅក្នុងវប្បធម៌របស់ពួកគេផងដែរ ។ ក្មេងស្រីៗតែងតែយកចិត្តទុកដាក់លើតុក្កតា ហើយក្មេងប្រុសៗចូលចិត្តលេងល្បែងនៅខាងក្រៅផ្ទះ ដែលទាមទារកម្លាំងខាងរាងកាយ ។ នៅពេលដែលពួកគេឈានដល់មជ្ឈិមវ័យ ទំនាក់ទំនងរបស់ពួកគេជាមួយគ្រួសារបានផ្លាស់ប្តូរ នៅពេលពួកគេរៀបការ ហើយចង់ចាប់ផ្តើមកសិដ្ឋាន ឬសហគ្រាសផ្ទាល់ខ្លួនរបស់ពួកគេ ។
ជាមធ្យម ភរិយាដែលទើបរៀបការថ្មីថ្មោង មានផ្ទៃពោះក្នុងរយៈពេល១៨ខែក្រោយរៀបការ ។ ការពរពោះ និងការសម្រាលកូនបាននាំស្ត្រីៗជុំគ្នា ជាពិសេស ឆ្មប សាច់ញាតិ និងអ្នកជិតខាងជួបជុំគ្នា ដើម្បីជួយដល់អ្នកម្តាយ ។ ពេលខ្លះ ឆ្មបបានចាក់ថ្នាំបំបាត់ការឈឺចាប់តាមធម្មជាតិ ឬរុក្ខជាតិជាផ្សិតពិសេស ដើម្បីបង្កើនការកន្ត្រាក់អំឡុងពេលសម្រាល ហើយមើលខុសត្រូវក្នុងការសម្រាលកូន ។ ម្តាយ និងទារកប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ—តាមការប៉ាន់ស្មានមួយចំនួន ស្ត្រី៤ភាគរយបានស្លាប់អំឡុងពេលសម្រាលកូន ហើយប្រហែលមួយនាក់ក្នុងចំណោមប្រាំនាក់បាត់បង់ជីវិតនៅក្នុងឆ្នាំដំបូង ។ ឪពុកម្តាយតែងតែរង់ចាំដាក់ឈ្មោះកូនរបស់ពួកគេ ជួនកាលរហូតដល់កូនមានអាយុពីរបីខែ ។
សុខភាពផ្ទាល់ខ្លួន
ដូចជាជនជាតិអាមេរិកដែលរស់នៅព្រំដែនដទៃទៀតដែរ ពួកបរិសុទ្ធថ្ងៃចុងក្រោយបានចូលចិត្តនឹងប្រធានបទសុខភាព ។ ឱសថព្យាបាលភាគច្រើនបង្ហាញថាមិនអាចទុកចិត្តបាន ហើយជំងឺតែងតែប៉ះពាល់ដល់សហគមន៍ ។ អាហារខូចគុណភាព ទឹកមិនស្អាត និងកង្វះអនាម័យទូទៅបាននាំឲ្យមានការផ្ទុះឡើងនៃជំងឺទាក់ទងនឹងពោះវៀន ដែលជាជំងឺកើតមានញឹកញាប់បំផុតក្នុងចំណោមប្រជាជននៅតាមជនបទ ។ អនាម័យផ្ទាល់ខ្លួន រួមមានការលាងដៃ និងមុខជាមួយនឹងទឹក ហើយជូតសម្អាតធូលីចេញពីរាងកាយដោយក្រណាត់ ឬកន្សែង ។ សាប៊ូប្រើសម្រាប់ការសម្អាតផ្ទះ និងបោកគក់សម្លៀកបំពាក់ ប៉ុន្តែមិនមែនសម្រាប់ព្យាបាលស្បែកទេ ដោយសារភាពរឹងរបស់សាប៊ូ ។
ក្លិនលាមក បង្គន់ ញើស និងជីកំប៉ុសបានសាយភាយពេញក្រុងតូចៗ និងក្រុងធំៗដូចគ្នា ដោយសារមានមនុស្សតិចតួចណាស់ដែលបានងូតទឹកពេញរាងកាយជាទៀងទាត់ ហើយការចោលកាកសំណល់នៅតែជាបញ្ហាឥតឈប់ឈរ ។ កសិករតែងតែកប់សម្រាមរបស់ពួកគេ ខណៈអ្នកទីក្រុងទុកសម្រាមតាមផ្លូវទុកឲ្យជ្រូកស៊ី ។ ការរួមបញ្ចូលគ្នានៃអនាម័យសាធារណៈទាប និងការលំបាកក្នុងការចោលកាកសំណល់បាននាំឲ្យមានការរីករាលដាលនៃជំងឺ ។ វានឹងត្រូវចំណាយពេលមួយសតវត្សរ៍ទៀត មុនពេលការរកឃើញអំពីតួនាទីរបស់បាក់តេរីក្នុងជំងឺ ដែលនឹងនាំទៅរកការកែលម្អយ៉ាងទូលំទូលាយលើផ្នែកអនាម័យ ។
ជំងឺផ្លូវដង្ហើមបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។ ប្រជាជនអាមេរិកជាច្រើននៅសតវត្សរ៍ទី១៩ បានជាវទ្រឹស្ដីដែលថា រាងកាយបានរៀបចំឡើងដោយសារធាតុទឹកចំនួនបួនដែលបណ្តាលឲ្យមានជំងឺនៅពេលដែលសារធាតុទឹកទាំងនោះមិនមានតុល្យភាព ។ គំនិតនេះគឺជារឿងធម្មតាណាស់ដែលការព្យាបាលគ្រុនក្ដៅភាគច្រើននៅដើមសតវត្សរ៍ទី១៩ បានសុំឲ្យមានការវះកាត់យកដុំឈាមចេញ ដែលជាការអនុវត្តនៃការបង្ហូរឈាមរបស់មនុស្សដែលមានជំងឺចេញ ដើម្បីនាំឲ្យសារធាតុទឹករបស់សារពាង្គកាយត្រឡប់មកមានតុល្យភាពឡើងវិញ ។ គ្រូពេទ្យ និងអ្នកអនុវត្តដទៃទៀតនៅសម័យនោះ ជួនកាលធ្វើឲ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងដោយមិនដឹងខ្លួន ។
ក្នុងអំឡុងពេលរដូវក្តៅ មូសបានចម្លងជំងឺដូចជាជំងឺគ្រុនចាញ់ និងគ្រុនលឿង។ មនុស្សឆ្លងជំងឺផ្ដាសាយ និងជំងឺរបេងមកពីការប៉ះឈាម និងភ្នាក់ងារមីក្រូទស្សន៍ដែលជាប់នឹងធូលី ។ ទីក្រុងជាជម្រកសម្រាប់ជំងឺរាតត្បាត ជិតមួយភាគបួននៃការស្លាប់នៅទីក្រុងញូវយ៉កក្នុងឆ្នាំ១៨៤០ បណ្តាលមកពីជំងឺរបេងតែមួយមុខគត់ ។ ការចាក់វ៉ាក់សាំងបានផ្តល់ការការពារប្រឆាំងនឹងជំងឺអុតស្វាយ ប៉ុន្តែមនុស្សជាច្រើនភ័យខ្លាចថា ការអនុវត្តនេះចម្លងរោគឲ្យពួកគេ និងប្រហែលជាអាចបណ្ដាលឲ្យស្លាប់ផងក៏មិនដឹង ហើយគ្រូពេទ្យបានពុះពារអស់ជាច្រើនទសវត្សរ៍ដើម្បីព្យាបាលអ្នកជំងឺដែលមានការសង្ស័យលើថ្នាំដែលបានពិសោធន៍នេះ ។ មនុស្សភាគច្រើនចង់សាកល្បងឱសថនៅផ្ទះ ឬរូបមន្តរបស់អ្នកជិតខាង ជាជាងធ្វើអនាម័យប្រដាប់ប្រដា ងូតទឹកឲ្យបានញឹកញាប់ ឬបញ្ជូនទៅធ្វើតេស្តខាងវេជ្ជសាស្រ្ត ។
ការកម្សាន្ត
ជីវិតប្រចាំថ្ងៃបានមានការលំបាក ហើយការងារក៏ជាអាទិភាពបំផុតដែរ ប៉ុន្តែក្រុមគ្រួសារក៏មានពេលសម្រាប់ការកម្សាន្តផងដែរ ។ មានតែអ្នកមានទ្រព្យធន និងក្មេងៗប៉ុណ្ណោះដែលមានពេលទំនេរយូរ ។ សម្រាប់មនុស្សគ្រប់គ្នាផ្សេងទៀត ព្រួយបារម្ភថាការកម្សាន្តគឺជាអំពើដ៏មានបាប ដែលនាំឲ្យពួកគេកាន់តែតាំងចិត្តដើម្បីសន្សំសំចៃ និងឧស្សាហ៍ព្យាយាមថែមទៀត ។ ការកម្សាន្តជាញឹកញាប់មានទម្រង់នៃការបង្វែរនៅក្នុងបរិយាកាសការងារ ដូចជាការបរបាញ់ ការធ្វើដំណើរកំសាន្តទៅញុំាអាហារនៅខាងក្រៅអំឡុងពេលទទួលទានអាហារ និងការបង្កើតល្បែងកម្សាន្ត ឬកីឡាចេញពីកម្លាំងពលកម្មដោយដៃ ។
គ្រួសារកសិករភាគច្រើនបានធ្វើការប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាកនៅថ្ងៃអាទិត្យសម្រាប់ការថ្វាយបង្គំ និងការសម្រាក ឬបើមិនដូច្នេះទេជួបជុំផ្លូវការក្នុងសង្គម ឬទៅហាងនៅក្នុងមូលដ្ឋាន ។ សហគមន៍ជនបទបានរៀបចំ « ការប្រជុំ » ឬការជួបជាក្រុមៗ ដើម្បីសង់ផ្ទះ សម្អាតដី ឬប្រមូលផលដំណាំ ។ ទាំងនេះច្រើនតែជាឱកាសដើម្បីរីករាយមានជាតន្ត្រី របាំ និងការនិទានរឿង ។ អ្នកទៅព្រះវិហារត្រូវបានទម្លាប់ទៅនឹងការប្រជុំដែលមានរយៈពេលយូរ ដែលពោរពេញទៅដោយទេសនកថាដ៏រំភើបៗ ។ អ្នកឡើងនិយាយផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ ហើយធ្វើកាយវិការយ៉ាងច្រើនដូចជាអ្នកសម្តែងជាជាងគ្រូគង្វាល ឬសាស្ត្រាចារ្យដែលគួរឲ្យគោរព ។ ការជួបជុំជាសាធារណៈ រួមទាំងការបម្រើក្នុងព្រះវិហារអាចដំណើរការច្រើនម៉ោង វាគឺជាទម្រង់នៃការកម្សាន្តរបស់ពួកគេផ្ទាល់ ។
ការធ្វើដំណើរ
ពួកបរិសុទ្ធថ្ងៃចុងក្រោយភាគច្រើន ក៏ដូចប្រជាជនអាមេរិកដទៃទៀតនៅពេលនោះដែរ បានធ្វើដំណើរដោយថ្មើរជើង ជិះសេះ ជិះរទេះសេះដឹកអ្នកដំណើរ ឬទូក ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើដំណើរវែងឆ្ងាយ ដោយទៅដល់ទ្វីបផ្សេងៗទៀតតាមរយៈកប៉ាល់ ប៉ុន្តែការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ រួមមានការដើរ និងជួនកាលជិះសេះ ។ ផ្លូវនៅអាមេរិកខាងជើងមានផ្លូវរទេះដឹកអ្នកដំណើរ និងរទេះសេះដឹកអ្នកដំណើរ និងរទេះដឹកឥវ៉ាន់ ខណៈដែលផ្លូវដើរថ្មើរជើងដែលឆ្លងកាត់ព្រៃឈើ និងដីមិនស្មើគ្នា ហើយអាចបាត់ទៅវិញមួយយប់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។ ប្រជាជនអាមេរិកដែលរស់នៅតាមព្រំដែនបានស្ទាក់ស្ទើរពីការធ្វើដំណើរនៅរដូវផ្ការីក ខណៈដែលព្រិលរលាយនាំឲ្យផ្លូវមានភក់ ។ ជាពិសេសទន្លេនៅរដ្ឋមិសសួរី និងប៉ូតូម៉ាក់ ដោយសារទន្លេទាំងនេះមានទឹកជ្រោះធ្លាក់មកដោយមិនដឹងមុន និងខ្យល់ផ្លាស់ទិសដៅភ្លាមៗ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចមានគ្រោះថ្នាក់ លើកលែងតែមានអ្នកចែវទូកដែលមានបទពិសោធន៍ប៉ុណ្ណោះ ។ អ្នកធ្វើដំណើរក្នុងរដូវក្តៅ ពេលខ្លះបានឆ្លៀតទាញប្រយោជន៍ពីទូកតាមប្រឡាយ ដោយបង្កើតផ្លូវទឹកដែលត្រូវបានកែច្នៃដូចជា ប្រឡាយអេរី ជាដើម ។
របៀបធ្វើដំណើរទូទៅបំផុតសម្រាប់ចម្ងាយឆ្ងាយ នៅតែជាការធ្វើដំណើរតាមរយៈរទេះសេះដឹកអ្នកដំណើរដដែល ។ ពួកអ្នកបររទេះ បានបររទេះសេះដឹកអ្នកដំណើរទូទាំងប្រទេសដែលបានតាំងទីលំនៅនៅអាមេរិកខាងជើងនៅក្នុងតម្លៃមួយ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយភាគច្រើនអាចមានលទ្ធភាពជិះបានតែពីរបីដងក្នុងជីវិតរបស់ពួកគេ ។ រទេះសេះធំមានដំបូលធ្វើដំណើរតាមដំណាក់កាល ពីកន្លែងឈប់សម្រាកមួយទៅកន្លែងមួយទៀត ជាធម្មតា ផ្ទះសំណាក់ ឬហាង ។ ពួកអ្នកធ្វើដំណើររីករាយនឹងការផ្លាស់ប្ដូរទេសភាព និងការកម្សាន្តពេលរាត្រី ប៉ុន្តែការធ្វើដំណើរមានភាពហត់នឿយ បើប្រៀបធៀបទៅនឹងការធ្វើដំណើរនៅក្នុងសម័យទំនើប ។ ជាញឹកញាប់ ពួកអ្នកដំណើរត្រូវចុះជួយអ្នកបររទេះលើកកង់ចេញពីភក់ ហើយជួនកាលសេះខ្លាចបោលចូលក្នុងព្រៃបាត់ ដែលតម្រូវឲ្យអ្នកបររទេះឈប់ដើម្បីគ្រប់គ្រងស្ថានភាពឡើងវិញ ឬជួយអ្នកជិះចេញពីរទេះ ។ ការធ្វើដំណើរពីបូស្តុនទៅកាន់ប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក ដែលមានចម្ងាយប្រហែលជា ៦៤៤ គីឡូម៉ែត្រ បានចំណាយពេលប្រហែលជាពីរសប្តាហ៍ ។
ការទំនាក់ទំនង
របៀបនៃការធ្វើដំណើរធ្វើឲ្យទំនាក់ទំនងមានកម្រិតចំពោះអ្វីដែលអ្នកនាំសំបុត្រអាចដឹកជញ្ជូនតាមរយៈទូក ឬរទេះសេះដឹកអ្នកដំណើរ ។ ប្រព័ន្ធប្រៃសណីយ៍នៅសហរដ្ឋអាមេរិកពឹងផ្អែកលើរទេះសេះធំមានដំបូល និង « ផ្លូវសម្រាប់រត់សំបុត្រ » ដើម្បីដឹកជញ្ជូនសំបុត្រ ។ នៅឆ្នាំ១៨០០ ការិយាល័យប៉ុស្តិ៍សំបុត្រភាគច្រើនស្ថិតនៅតែភាគឦសាន ប៉ុន្តែនៅពីរបីទសវត្សរ៍ក្រោយមក ផ្លូវសម្រាប់រត់សំបុត្រថ្មីៗបានបង្កើតឡើង អាចឲ្យសហគមន៍នៅទល់ដែនទទួលសំបុត្របានដោយទៀងទាត់ចាប់ពីចុងឆ្នាំ១៨២០មក ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅសម័យដើមតែងតែឆ្លើយឆ្លងជាញឹកញាប់តាមសំបុត្រ សូម្បីតែបន្ទាប់ពីមានម៉ាស៊ីនទូរលេខបានប្រើយ៉ាងទូលំទូលាយនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ ក៏ដោយ ។
ការទំនាក់ទំនងមហាជនក៏ពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយដែលសរសេរជាអក្សរផងដែរ ។ អ្នកអានមើលកាសែត ទស្សនាវដ្តី ខិតប័ណ្ណ និងសៀវភៅសម្រាប់ព័ត៌មាន និងការឆ្លើយឆ្លង ។ អត្រាអក្ខរកម្មនៅក្នុងសហរដ្ឋអាមេរិកបានឈានដល់កម្រិតមធ្យមនៅក្នុងអំឡុងពេលនេះ ហើយប្រជាជនអាមេរិកភាគច្រើនបានចូលរួមក្នុងនយោបាយ និងការជជែកពិភាក្សាជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ។
ការយល់ដឹងអំពីស្ថានភាពនៃបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងទំនាក់ទំនង និងតម្រូវការនៃជីវិតនៅជនបទ ជួយយើងឲ្យយល់កាន់តែច្បាស់អំពីវិធីសាស្រ្តអ្នកផ្សព្វផ្សាយសាសនារបស់ពួកបរិសុទ្ធនៅសម័យមុន ការអនុវត្តការកសាងសហគមន៍របស់ពួកគេ និងបរិបទនៃវិវរណៈរបស់ យ៉ូសែប ស្ម៊ីធ ។ ជារឿយៗ ថ្វីបើពួកគេមិនត្រូវបានគេទទួលស្គាល់ក៏ដោយ ប៉ុន្តែការពិតនៃជីវិតប្រចាំថ្ងៃទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរីកចម្រើនដំបូងៗនៃសាសនាចក្រ និងការខិតខំរបស់ពួកបរិសុទ្ធក្នុងការប្រមូលផ្តុំ និងការសាងសង់ទីក្រុងស៊ីយ៉ូន ។