ឆ្នាំ ២០១០-២០១៩
ព្រះវរបិតា
ខែ តុលា ឆ្នាំ ២០១៨


10:18

ព្រះវរបិតា

យើង​ម្នាក់ៗ​មាន​នូវ​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។

ភរិយា​របស់​ខ្ញុំ​មេលីនដា បាន​ព្យាយាម​អស់​ពី​ដួង​ចិត្ត​ពេញ​មួយ​ជីវិត​របស់​គាត់​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​នៅ​គ្រា​ចាប់ផ្ដើម​នៃ​យុវវ័យ​របស់​គាត់ គាត់​មាន​អារម្មណ៍​ពុំ​ស័ក្ដិសម​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌​ឡើយ ដោយសារ​គាត់​បាន​យល់​ច្រឡំ​ពី​និស្ស័យ​របស់​ទ្រង់ ។ សំណាង​ល្អ មេលីនដា​បាន​បន្ត​គោរព​បទបញ្ញត្តិ​ទោះ​ជា​គាត់​មាន​ភាព​សោកសៅ​យ៉ាង​ណា​ក្ដី ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​បាន​មាន​បទពិសោធន៍​ជា​បន្ត​បន្ទាប់​គ្នា​មួយ​ដែល​បាន​ជួយ​គាត់​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​និស្ស័យ​របស់​ព្រះ រួម​ទាំង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទ្រង់ និង​អំណរគុណ​របស់​ទ្រង់​ចំពោះ​ការ​ខិតខំ​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ទោះ​ជា​វា​ពុំ​ល្អ​ឥតខ្ចោះ​ក្ដី ។

គាត់​ពន្យល់​ពី​របៀប​ដែល​រឿង​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​រូប​គាត់​ថា « ឥឡូវ​នេះ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ផែនការ​របស់​ព្រះ​វរបិតា​ពិត​ជា​ដំណើរ​ការ​មែន ថា​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បាន​ទទួល​ជោគជ័យ ហើយ​ថា​ទ្រង់​ប្រទាន​ដល់​យើង​នូវ​មេរៀន និង​បទពិសោធន៍​ដែល​យើង​ត្រូវ​ការ​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។ ខ្ញុំ​កាន់​តែ​មើល​ឃើញ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត ដូចជា​ព្រះ​បាន​ទត​ឃើញ​ដែរ ។ ខ្ញុំ​អាច​មាន​លទ្ធភាព​ធ្វើ​ជា​ម្ដាយ បង្រៀន ហើយ​បម្រើ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ច្រើន និង​មាន​ការ​ភ័យ​ខ្លាច​តិច ។ ខ្ញុំ​មាន​ភាព​សុខសាន្ត និង​ទំនុក​ចិត្ត​ជាជាង​ការ​ភ័យ​បារម្ភ និង​ភាព​អសន្តិសុខ ។ ជំនួស​ឲ្យ​អារម្មណ៍​ដែល​ត្រូវ​គេ​វិនិច្ឆ័យ ខ្ញុំ​មាន​អារម្មណ៍​នូវ​ការ​គាំទ្រ ។ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​គឺ​កាន់​តែ​រឹង​មាំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​ខ្ញុំ​កាន់​តែ​ញឹក​ញាប់ ហើយ​កាន់​តែ​ជ្រាល​ជ្រៅ » ។

ការ​មាន​« គំនិត​ដ៏ ត្រឹមត្រូវ មួយ​អំពី​បុគ្គលិក​លក្ខណៈ​ភាព​ល្អ​ឥតខ្ចោះ និង​ឥរិយាបថ​របស់ [ ព្រះវរបិតា​សួគ៌ ] » គឺ​ជា​រឿង​ដ៏​ចាំបាច់​ចំពោះ​ការ​អនុវត្ត​សេចក្ដីជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង ។ ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌​អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត ហើយ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ និង​ព្រះរាជ​បំណង​ដ៏​ធំ​របស់​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ ទស្សនៈ​ខុស​ឆ្គង​មួយ​អំពី​និស្ស័យ​របស់​ទ្រង់​អាច​បន្សល់​ទុក​ឲ្យ​យើង​នូវ​អារម្មណ៍​ថា យើង​ខ្វះ​សមត្ថភាព​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។

គោលបំណង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បី​បង្រៀន​នូវ​ចំណុច​គោលលទ្ធិ​ដ៏​សំខាន់ៗ​អំពី​ព្រះវរបិតា​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ ជា​ពិសេស​អស់​អ្នក​ដែល​ងឿង​ឆ្ងល់​ថា ព្រះ​ស្រឡាញ់​ពួកគេ​ដែរ​ឬ​អត់​នោះ ឲ្យ​មាន​ការ​យល់ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​បុគ្គលិក​លក្ខណៈ​ពិត​របស់​ទ្រង់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ធំ​លើ​ទ្រង់ លើ​ព្រះរាជបុត្រា​របស់​ទ្រង់ និង​លើ​ផែនការ​របស់​ទ្រង់​សម្រាប់​យើង ។

ជីវិត​មុន​ឆាក​ជីវិត​នេះ

នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ យើង​បាន​កើត​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ហើយ​បាន​រស់​នៅ​ជាមួយ​នឹង​ពួកទ្រង់​ជា​គ្រួសារ​មួយ ។ ពួក​ទ្រង់​ស្គាល់​យើង បាន​បង្រៀន​យើង ហើយ​បាន​ស្រឡាញ់​យើង ។ យើង​ចង់​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌​នៃ​យើង​ខ្លាំង​ណាស់ ។ ប៉ុន្តែ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​បាន​ដឹង​ថា យើង​ត្រូវ​តែ ៖

  1. មាន​រូបកាយ​អតមៈ​ដ៏​រុង​រឿង 

  2. រៀបការ ហើយ​បង្កើត​ក្រុម​គ្រួសារ​តាមរយៈ​អំណាច​ផ្សារ​ភ្ជាប់​នៃ​បព្វជិតភាព  និង

  3. ទទួល​នៅរាល់​ចំណេះដឹង អំណាច និង​ឥរិយាបថ​ជា​ព្រះ ។

ដោយ​សារ​ហេតុផល​នោះ ព្រះវរបិតា​បាន​បង្កើត​ផែនការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង  ទទូល​បាន​រូបកាយ​ដែល​នឹង​មាន​ភាព​អមតៈ ហើយ​រុង​រឿង​នៅ​ក្នុង​ការ​រស់​ឡើង​វិញ ប្រសិនបើ​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ រៀបការ ហើយ​បង្កើត​ក្រុម​គ្រួសារ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ឬ​ចំពោះ​អ្នក​ស្មោះត្រង់​ដែល​គ្មាន​ឱកាស បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់  រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ និង​នៅ​ទីបំផុត​ត្រឡប់​ទៅ​រក​ព្រះ​មាតា​បិតា​សួគ៌​របស់​យើង​វិញ ហើយ​រស់​នៅ​ជាមួយ​ពួក​ទ្រង់ និង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ក្នុង​ស្ថានភាព​នៃ​ភាព​តម្កើង​ឡើង និង​សុភមង្គល​ដ៏​អស់​កល្ប ។

បទគម្ពីរ​ហៅ​ផែនការ​នេះ​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ យើង​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ផែនការ​នេះ​ដែល​នៅពេល​វា​ត្រូវ​បាន​បង្ហាញ​ដល់​យើង យើង​បាន​ស្រែក​ហោ​ដោយ​អំណរ ។ យើង​ម្នាក់ៗ​ទទួល​យក​លក្ខខណ្ឌ​នៃ​ផែនការ​នោះ រួម​ទាំង​បទពិសោធន៍ និង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​ដែល​នឹង​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ឥរិយាបថ​ជា​ព្រះ ។

ជីវិត​រមែង​ស្លាប់

អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់ ព្រះវរបិតា​សួគ៌​ប្រទាន​ដល់​យើង​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រីកចម្រើន​នៅ​ក្នុង​ផែនការ​របស់​ទ្រង់ ។ ព្រះវរបិតា​បាន​បង្កើត​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សាច់​ឈាម  ហើយ​បាន​ប្រទាន​ដល់​ទ្រង់​ជាមួយ​នឹង​ជំនួយដ៏​ទេវភាព​ដើម្បី​បំពេញ​បេសកកម្ម​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះវរបិតា​សួគ៌​ក៏​នឹង​ជួយ​យើង​ម្នាក់ៗ​ផង​ដែរ ប្រសិន​បើ​យើង​ខិតខំ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ ព្រះវរបិតា​ប្រទាន​សិទ្ធិ​ជ្រើស​រើស​ដល់​យើង ។ ជីវិត​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ ហើយ« ថ្ងៃ​របស់​យើង​ត្រូវបាន​រាប់​ទុក » និង​« មិន​ត្រូវ​បាន​រាប់​ទុក​ជា​តិច​ឡើយ » ។​ ហើយ​ទ្រង់​ត្រូវ​ប្រាកដ​ថា នៅ​ទី​បំផុត​រឿង​ទាំងអស់​ដំណើរ​ការ​សម្រាប់​សេចក្ដី​ល្អ​របស់​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់ ។

ព្រះវរបិតា​សួគ៌​គឺ​ជា​អង្គ​ដែល​ប្រទាន​នំប៉័ង​ប្រចាំ​ថ្ងៃ​ដល់​យើង  ដែល​វា​រួមមាន​ទាំង​អាហារ​ដែល​យើង​ទទួល​ទាន និង​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ ព្រះវរបិតា​ប្រទាន​អំណោយទាន​ល្អៗ ។ ទ្រង់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ ព្រះវរបិតា​សួគ៌​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​អាក្រក់ នៅ​ពេល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ ។ ទ្រង់​ព្រះ​កន្សែង​ជំនួស​យើង នៅពេល​យើង​រង​ទុក្ខ ។ នៅ​ទីបំផុត ពរជ័យ​របស់​យើង​ទាំងអស់​កើត​ចេញ​មក​ពី​ព្រះ​វរបិតា ។

ព្រះវរបិតា​សួគ៌​ដឹកនាំ​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​បទពិសោធន៍​ដែល​យើង​ត្រូវការ​អាស្រ័យ​ទៅ​លើ​កម្លាំង ភាពទន់ខ្សោយ និង​ការ​ជ្រើស​រើស​របស់​យើង ដើម្បី​យើង​អាច​បង្កើត​ផល​ល្អ ។ ព្រះវរបិតា​ផ្ចាញ់​ផ្ចាល​យើង នៅពេល​ចាំបាច់ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​គឺ​ជា​« មនុស្ស​នៃ​ដំបូន្មាន »  ដែល​នឹង​ទូន្មាន​យើង ប្រសិន​បើ​យើង​ទូល​សូម ។

ព្រះវរបិតាសួគ៌​គឺជា​អង្គ​ដែល​បញ្ជូន​ទាំង​ព្រះចេស្ដា និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សិរី​ល្អ—ឬ​បញ្ញា ពន្លឺ និង​ព្រះចេស្ដា—​របស់​ព្រះវរបិតា​អាច​គង់​នៅ​ក្នុង​ខ្លួន​យើង​បាន ។ ប្រសិន​បើ​យើង​នឹង​ខិតខំ​បង្កើន​នៅ​ក្នុង​ពន្លឺ និង​សេចក្ដី​ពិត​រហូត​ដល់​ភ្នែក​របស់​យើង​មាន​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ នោះ​ព្រះវរបិតា​សួគ៌​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​ដើម្បី​ផ្សារ​ភ្ជាប់​យើង​ទៅ​នឹង​ជីវិត​ដ៏​អស់​កល្ប ហើយ​បើក​សម្ដែង​ព្រះភក្ត្រ​របស់​ទ្រង់​មក​កាន់​យើង—មិន​ថា​នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​ក្រោយ​នោះ​ទេ ។

ជីវិត​បន្ទាប់​ពី​ជីវិត​នេះ

នៅ​ក្នុង​ពិភព​វិញ្ញាណ​បន្ទាប់​ពី​ជីវិត​នេះ ព្រះវរបិតា​សួគ៌​បន្ត​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចាត់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​អស់​អ្នក​ដែល​ត្រូវការ​ដំណឹងល្អ ។ ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន ហើយ​ជួយ​អស់​អ្នក​ដែល​ពុំ​ស្គាល់​ដំណឹងល្អ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះជំនួស ។

ព្រះវរបិតា​លើក​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើង ហើយ​ប្រទាន​ពរ​ទ្រង់​នូវ​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រស់​ឡើង​វិញ  ជា​មធ្យោបាយ​ដែល​យើង​ទទួល​បាន​រូបកាយ​អមតៈ ។ ការ​ប្រោស​លោះ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នាំ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតា ជា​កន្លែង​ដែល​យើង​នឹង​ត្រូវ​បាន​ជំនំជម្រះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។

អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ « បុណ្យ​គុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏​បរិសុទ្ធ »  នឹង​ទទួល​បាន​រូបកាយ​ដែល​មាន​សិរីល្អ​ដូចជា​ព្រះវរបិតា  និង​រស់​នៅ​ជាមួយ​នឹង​ទ្រង់នៅ​ក្នុង « ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ » ។ នៅ​ទីនោះ ព្រះវរបិតា​នឹង​ជូត​រាល់​ទឹក​ភ្នែក​របស់​យើង  ហើយ​ជួយ​យើង​បន្ត​ដំណើរ​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

វា​ច្បាស់​ណាស់​ថា​ព្រះវរបិតា​សួគ៌​តែង​គង់​នៅ​ទី​នោះ​ក្បែរ​យើង​ជានិច្ច ។

បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតា

ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា យើង​ត្រូវតែ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ ភាពល្អ​ឥត​ខ្ចោះ និង​ឥរិយាបថ​របស់​ព្រះវរបិតា​សួគ៌​រួម​មាន​ដូច​ត​ទៅ​នេះ ៖

  • ព្រះវរបិតា​គឺ​« គ្មាន​ទីបញ្ចប់ និង​អស់​កល្បជានិច្ច » ។

  • ទ្រង់​មាន​ភាព​យុត្តិធម៌ មាន​សេចក្ដីមេត្តា​ករុណា មាន​ព្រះទ័យ​ល្អ អត់ធ្មត់​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​សព្វ​ព្រះទ័យ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​តែ​ប៉ុណ្ណោះ ។

  • ព្រះ​វរ​បិតា​សួគ៌​គឺ​ជា​សេចក្ដី​ស្រឡាញ់ ។

  • ទ្រង់​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

  • ទ្រង់​ពុំ​ផ្លាស់​ប្ដូរ​ឡើយ ។

  • ទ្រង់​ពុំ​ចេះ​កុហក​ទេ ។

  • ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ។

  • ទ្រង់​ជ្រាប​គ្រប់​អ្វី​ទាំងអស់—អតីតកាល បច្ចុប្បន្នកាល និង​អនាគត​កាល—តាំង​ពី​ដំបូង​មក ។

  • ព្រះ​វរ​បិតា​សួគ៌​មាន​បញ្ញា​ញាណ  លើស​យើង​គ្រប់​គ្នា ។

  • ព្រះវរបិតា​មាន​គ្រប់​ព្រះចេស្ដា  ហើយ​ធ្វើ​អ្វីៗ​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ធ្វើ ។

បងប្អូន​ប្រុស​ស្រី យើង​អាច​ទុក​ចិត្ត ហើយ​ពឹង​ផ្អែក​លើ​ព្រះវរបិតា​បាន ។ ដោយសារ​ទ្រង់​មាន​នូវ​ទស្សន​វិស័យ​ដ៏​អស់​កល្ប​មួយ នោះ​ព្រះវរបិតា​សួគ៌​អាច​ទត​ឃើញ​រឿង​ដែល​យើង​ពុំ​អាច​មើល​ឃើញ ។ អំណរ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ភាព​តម្កើង​ឡើង​ដល់​យើង ។ អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ធ្វើ​គឺ​សម្រាប់​ផល​ប្រយោជន៍​ដល់​យើង ។ ទ្រង់​« សព្វ​ព្រះទ័យ​ចង់​បាន​សុភមង្គល​ដ៏​អស់​កល្ប [ ដល់​យើង ] ច្រើន​ជាង [ យើង ] ចង់​បាន​សម្រាប់​ខ្លួន​យើង​ទៅ​ទៀត » ។ ហើយ​ទ្រង់​« នឹង​ពុំ​តម្រូវ​ឲ្យ [ យើង ] ដក​ពិសោធន៍​នូវ​គ្រា​ដ៏​លំបាក​មួយ​លើស​ពី​ភាព​ចាំបាច់​សម្រាប់​ប្រយោជន៍ [ របស់​យើង ] ឬ​សម្រាប់​មនុស្ស​ដែល [ យើង ] ស្រឡាញ់​នោះ​ឡើយ » ។ ជា​លទ្ធផល ទ្រង់​ផ្ដោត​លើ​ការ​ជួយ​យើង​ឲ្យ​រីកចម្រើន ពុំ​មែន​លើ​ការ​កាត់​សេចក្ដី និង​ការ​ដាក់​ទោស​យើង​នោះ​ទេ ។

ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​របស់​យើង

ក្នុង​នាម​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ យើង​ម្នាក់ៗ​មាន​នូវ​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។ យើង​ធ្វើ​ការណ៍​នេះ​ដោយ​ខិតខំ​គោរព​ប្រតិបត្តិ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ  និង​ដោយ​ប្រែចិត្ត​ជា​បន្ត​បន្ទាប់ ។ នៅ​ពេល​យើង​ធ្វើ​កិច្ចការ​ទាំង​នេះ នោះ​យើង « បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ »​រហូត​ដល់​យើង​ទទួលភាព​ពេញ​លេញ​របស់​ព្រះវរបិតា  ហើយ​ត្រូវ​បាន​ប្រទាន​ឲ្យ​ជាមួយ​នឹង​« បុគ្គលិក​លក្ខណៈ ភាព​ល្អ​ឥត​ខ្ចោះ និង​ឥរិយាបថ​របស់​ទ្រង់ » ។

ដោយ​ពិចារណា​ពី​ភាព​ខុសគ្នា​រវាង​អ្វី​ដែល​យើង​មាន​ជា​មនុស្ស​រមែង​ស្លាប់ និង​អ្វី​ដែល​ព្រះវរបិតា​បាន​ប្រែក្លាយ នោះ​ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា ការប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​ពុំ​អាច​សម្រេច​បាន​នោះ​ទេ ។ ប៉ុន្តែ​បទគម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ។ ប្រសិន​បើ​យើង​នឹង​តោង​ខ្ជាប់​ក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ ហើយ​ស្វែង​រក​ព្រះគុណ​របស់​ព្រះ​តាមរយៈការ​គោរព​ប្រតិបត្តិ នៅ​ទីបំផុត​យើង​នឹង​ក្លាយ​ដូចជា​ព្រះវរបិតា ។ ខ្ញុំ​មាន​ការ​លួង​លោម​ចិត្ត​ដ៏​អស្ចារ្យ​ដោយសារ​អស់​អ្នក​ដែល​ខិតខំ​គោរព​ប្រតិបត្តិ​នឹង​« បាន​ទទួល ព្រះគុណ​ថែម​លើ​ព្រះគុណ » ហើយ​នៅ​ទីបំផុត « បាន​ទទួល នូវ​ភាព​ពេញ​លេញ » ។ និយាយ​ម្យ៉ាង​ទៀត យើង​នឹងពុំ​ក្លាយ​ដូចជា​ព្រះវរបិតា​ដោយ​សារ​យើង​តែ​ម្នាក់​ឯង​នោះ​ទេ ។​ ផ្ទុយ​ទៅ​វិញ វា​នឹង​កើត​ឡើង​តាមរយៈ​អំណោយទា​ន​នៃ​ព្រះគុណ ខ្លះ​ធំ ប៉ុន្តែ​ភាគច្រើន​តូច ដែល​ស្ថាបនា​លើ​គ្នា​រហូត​យើង​មាន​ភាព​ពេញលេញ ។ ប៉ុន្តែ​បងប្អូន​ប្រុសស្រី​អើយ វា​នឹង​កើត​ឡើង !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ពី​របៀប​លើក​តម្កើង​បងប្អូន សូម​ស្វែង​រក​ជំនួយ​គាំទ្រ​ប្រចាំ​ថ្ងៃ​របស់​ទ្រង់ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ សូម្បីតែ​ពេល​បងប្អូន​ពុំ​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ក្ដី ។

មាន​រឿង​ជាច្រើន​ដែល​យើង​ពុំ​យល់​អំពី​ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។ ប៉ុន្តែ​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​យ៉ាង​ច្បាស់​ថា ការ​ខិតខំ​ក្លាយ​ដូចជា​ព្រះវរបិតា​គឺ​មាន​តម្លៃ​គ្រប់​គ្រាន់​ចំពោះ​រាល់​ពលិកម្ម​ទាំងឡាយ ។ ពលិកម្ម​ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ មិន​ថា​វា​ធំ​ប៉ុណ្ណា​ទេ​គឺ​វា​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​នឹង​អំណរ សុភមង្គល និង​សេចក្ដីស្រឡាញ់​ដ៏​ពុំ​អាច​វាស់​វែង ដែល​យើង​នឹង​ទទួល​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ឡើយ ។ ប្រសិន​បើ​បងប្អូន​កំពុង​តែ​ពិបាក​ជឿ​ថា វា​មាន​តម្លៃ​គ្រប់​គ្រាន់​ចំពោះ​ពលិកម្ម​ដែល​បងប្អូន​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ នោះ​ព្រះអង្គ​សង្គ្រោះ​អំពាវ​នាវ​ទៅ​កាន់​បងប្អូន ដោយ​មាន​បន្ទូល​ថា « អ្នក​រាល់​គ្នា​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ អំពី​ព្រះ​ពរ​ដ៏​ធំ​ណាស់​ហ្ន៎ ដែល​ព្រះ​វរបិតា…បាន​រៀបចំ​ទុក​សម្រាប់​អ្នក…អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំង​អស់​បាន​ឡើយ​នៅ​ពេល​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរ​បិតា​សួគ៌​របស់​បងប្អូន​ស្រឡាញ់ បងប្អូន ហើយ​សព្វ​ព្រះទ័យ​ឲ្យ បងប្អូន រស់នៅ​ជាមួយ​នឹង​ទ្រង់​ម្ដង​ទៀត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. កំណត់​ចំណាំ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​និពន្ធ សូម​មើល​ផង​ដែរ D. Melinda Ashton, « The Holy Ghost: Direction, Correction, and Warning » ( Brigham Young University Women’s Conference ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ​២០១៦ ), byutv.org ។

  2. Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣៨ ។

  3. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ « Mother in Heaven » ប្រធាន​បទ​ដំណឹង​ល្អ គេហទំព័រ topics.lds.org ។

  4. សាវក​ប៉ុល​បាន​ចង្អុល​បង្ហាញ​ថា យើង​បាន​ស្គាល់​ព្រះវរបិតា​យ៉ាង​ច្បាស់ រហូត​ដល់​ព្រលឹង​របស់​យើង​នៅ​តែ​ទទូច​ចង់​ហៅ​ទ្រង់​ថា អ័ប្បា ដែល​មាន​ន័យ​ថា « លោក​ប៉ា » ជា​ពាក្យ​មួយ​សម្រាប់​ឪពុក​ដែល​យើង​បាន​ស្គាល់​យ៉ាង​ច្បាស់ ( សូម​មើល រ៉ូម ៨:១៥ ) ។

  5. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២ ។

  6. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២០ ។

  7. សូមមើល ម៉ាថាយ ៥:៤៨ សូម​មើល​ផង​ដែរ ពេត្រុស​ទី ២ ១:៣–៨ ។

  8. លក្ខខណ្ឌ​ទាំង​នេះ រួម​មាន​ទាំង​ការ​រក្សា​ស្ថានភាព​ដំបូង​របស់​យើង ( សូម​មើល អ័ប្រាហាំ ៣:២៦ ) រួចហើយ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការ​ប្រែ​ចិត្ត និង​ការ​ជ្រមុជទឹក​ដោយ​ការ​ពន្លិច​ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច​បព្វជិតភាព​នៃ​ព្រះ ការ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូម​មើល នីហ្វៃ​ទី ៣ ២៧:១៦–២០ ) ។

  9. ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « បងប្អូន​មួយ​ចំនួន​ដែល​កំពុង​ស្ដាប់​សារលិខិត​នេះ​ប្រហែល​ជា​សួរ​ថា ‹ ចុះ​ខ្ញុំ​វិញ ? › យើង​ដឹង​ថា មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស័ក្ដិសម ហើយ​អស្ចារ្យ​ជា​ច្រើន​រូប ដែល​បច្ចុប្បន្ន​នេះ​ខ្វះ​នូវ​ឱកាស​ដ៏​សំខាន់ និង​តម្រូវការ​ចាំបាច់​សម្រាប់​ការ​រីកចម្រើន​របស់​ពួកគេ ។ ភាព​នៅ​លីវ ភាព​គ្មាន​កូន សេចក្ដី​ស្លាប់ និង​ការ​លែង​លះ​គ្នា​រារាំង​ដល់​គំនិត​នានា ហើយ​ពន្យារ​ពេល​នៃ​ការ​បំពេញ​ពរជ័យ​ដែល​បាន​សន្យា ។ … ប៉ុន្តែ​ការ​រាំង​ស្ទះ​ទាំង​នេះ​គ្រាន់តែ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​សន្យា​ថា នៅ​ឯ​ភាព​អស់​កល្ប​ជានិច្ច​នឹង​គ្មាន​ពរជ័យ​ណា​មួយ​ត្រូវ​បាន​បដិសេធ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ដែលបាន​គោរព​បទបញ្ញត្តិ ដែល​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ និង​ចង់​បាន​អ្វី​ដែល​ត្រឹមត្រូវ​ឡើយ »( « The Great Plan of Happiness » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ទំព័រ ៧៥ ) ។

  10. សូម​មើល ម៉ូសាយ ២:៤១ ។

  11. សូមមើល អាលម៉ា ៤២:៥ វា​ក៏​ត្រូវ​បាន​ហៅ​ផង​ដែរ​ថា​ជា​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ( សូម​មើល ឧទាហរណ៍ យ៉ាកុប ៦:៨ ) និងផែនការ​នៃ​សុភមង្គល ( សូមមើល អាលម៉ា ៤២:៨, ១៦ ) ។

  12. សូមមើល យ៉ូប ៣៨:៤–៧ ។

  13. ឧទាហរណ៍ សូម​មើល ហេព្រើរ ៥:៨, ១២:១១, អេធើរ ១២:២៧ ។ យ៉ាងហោច​ណាស់​នៅលើក​ដំបូង ឧបសគ្គ​មួយ​ចំនួន​ដែល​យើង​ជួប​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​ប្រហែល​ជា​មាន​ការ​យល់​ដឹង​ដ៏​មាន​កំណត់​ថា វា​នឹង​រារាំង​យើង​ពី​ការ​ទទួល​បាន​សេចក្ដីសង្ឃឹម​មួយ​ចំនួន​ដែល​យើង​ចង់​បាន​សម្រាប់​ពរជ័យ​ដែល​បាន​សន្យា ។ ថ្វីបើ​មាន​ការ​ជំទាស់​ទាំង​នេះ​ក្ដី ក៏​ព្រះ​នឹង​ប្រទាន​ដល់​យើង​នូវ​រាល់​ពរជ័យ​ដែល​បាន​សន្យា​ដែរ ប្រសិន​បើ​យើង​បន្ត​ស្មោះត្រង់ ។

  14. សូម​មើល លូកា ១:៣១–៣៥, យ៉ូហាន ១:១៤, នីហ្វៃទី ១ ១១:១៨–២១ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » scriptures.lds.org ។

  15. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤–៥, ១៦–១៧, ១៩–២០ ។

  16. សូមមើល ម៉ូសេ ៧:៣២ ។

  17. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៩ ។

  18. សូម​មើល រ៉ូម ៨:២៨ ។

  19. សូមមើល ម៉ាថាយ ៦:១១ ។

  20. សូម​មើល N. Eldon Tanner « The Importance of Prayer » Ensign ខែ ឧសភា ឆ្នាំ​១៩៧៤ ទំព័រ ៥០។

  21. សូម​មើល លូកា ១១:១០–១៣, យ៉ាកុប ១:១៧ ។

  22. សូមមើល លូកា ១១:៥–១០, ការ​បក​ប្រែ​របស់​យ៉ូសែប ស្ម៊ីធ លូកា ១១:៥–៦ ( នៅ​ក្នុង លូកា ១១:៥ ); នីហ្វៃ​ទី ៣ ១៣:៦ ។

  23. សូមមើល ម៉ាថាយ ៦:១៣ ។

  24. សូមមើល ម៉ូសេ ៧:៣១–៤០ ។

  25. សូម​មើល យ៉ាកុប ១:១៧ ។

  26. សូម​មើល យ៉ូហាន ១៥:១–២, គោលលទ្ធិ និង សេចក្តី​សញ្ញា ១២២:៦–៧ ។

  27. សូម​មើល ហេព្រើរ ១២:៥–១១, គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១ ។

  28. ម៉ូសេ ៧:៣៥ ។

  29. សូមមើល អាលម៉ា ៣៧:១២, ៣៧ ។

  30. សូមមើល យ៉ូហាន ១៤:២៦, នីហ្វៃ​ទី ២ ៣១:១២ ។

  31. សូម​មើល យ៉ូហាន ១៧:២១–២៣, ២៦, គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:៣៦ ។

  32. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥៣, ៨៨:៦៧–៦៨ ។

  33. សូមមើល ពេត្រុស​ទី ១ ៤:៦ ។ អែលឌើរ មេលវិន ជេ បាឡឺដ លើក​ឡើង​ពី​បុរស​ម្នាក់​ដែល​លោក​បាន​ជ្រមុជ​ទឹក​ឲ្យ បាន​ចូល​រួម​ក្នុង​សាសនាចក្រ លោក​បាន​ពោល​ថា « ខ្ញុំ​ត្រូវបាន​ធ្វើ​ឲ្យ​ដឹង​ថា បុព្វការីជន​របស់​គាត់​នៅ​ពិភព​វិញ្ញាណ​បាន​ទទួល​យក​ដំណឹងល្អ​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​អធិស្ឋាន​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​របស់​ពួកគាត់​នៅ​លើ​ផែនដី​នឹង​បើក​ទ្វារ​ដល់​ពួកគាត់ ហើយ​ឲ្យ​ការ​អធិស្ឋាន​របស់​ពួកគាត់​មាន​ប្រយោជន៍ ហើយ​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​កាន់​ផ្ទះ​របស់​បុរស​ម្នាក់​នេះ »​( នៅក្នុង Melvin R. Ballard Crusader for Righteousness [ ឆ្នាំ​១៩៦៦ ] ទំព័រ ២៥០ ) ។

  34. សូម​មើល មរ៉ូណៃ ៧:៥–៦សូម​មើល​ផងដែរ យ៉ូហាន ៥:២១, ២៦, កូរិនថូស​ទី ១ ៦:១៤, នីហ្វៃ​ទី ២ ៩:១១–១២, អាលម៉ា ៤០:២–៣, នីហ្វៃ​ទី ៣ ២៧:១៤ ។

  35. សូម​មើល យ៉ូហាន ៥:២២, យ៉ាកុប ៦:៩, អាលម៉ា ១១:៤៤, ហេលេមិន ១៤:១៥–១៨ ។ ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​យក​ឈ្នះ​នៅ​រាល់​ឥទ្ធិពល​នៃ​ការ​ធ្លាក់​របស់​អ័ដាម រួម​មាន សេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ដែល​ត្រូវ​តែ​មាន​ការ​ឈ្នះ​លើ​រឿង​ទាំង​ពីរ​នេះ ទើប​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង​វិញ​បាន ។ អស់​អ្នក​ដែល​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ​នឹង​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ អស់​អ្នក​ដែល​ពុំ​បាន​ប្រែ​ចិត្ត​នឹង​រង​ទុក្ខ​នូវ​សេចក្ដី​ស្លាប់​ទី​ពីរ ដែល​កើត​មាន​ដោយសារ​តែ​អំពើ​បាប​របស់​ពួកគេ​ផ្ទាល់​( សូមមើល ហេលេមិន ១៤:១៥:១៨ ) ។

  36. នីហ្វៃទី ២ ២:៨ ។

  37. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៦, ៨៨:២៨–២៩ ។

  38. ម៉ូសាយ ២:៤១ ។

  39. សូម​មើល វិវរណៈ ៧:១៧ ។

  40. សូមមើល ម៉ូសេ ៧:៣០ ។ ព្រះវរបិតា​សួគ៌​ថែម​ទាំង​បន្ត​ឃុំ​គ្រង ហើយ​ប្រទាន​ដល់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​នគរ​ទេរេសទ្រាល តាមរយៈ​ការ​ជួយ​ផ្គត់​ផ្គត់​របស់​ព្រះយេស៊ូវគ្រីស្ទ​និង​តួអង្គ​សេឡេស្ទាល​ផ្សេង​ទៀត ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧៧, ៨៧ ) និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​នគរ​ទេឡេស្ទាល​តាមរយៈ​ការ​ជួយ​ផ្គត់​ផ្គង់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពួក​ទេវតា ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨៦, ៨៨ ) ។

  41. ម៉ូសេ ៧:៣៥ សូម​មើល​ផងដែរ ទំនុកតម្កើង ៩០:២ ។

  42. សូម​មើល ទំនុក​តម្កើង ១០៣:៦–៨, លូកា ៦:៣៦, ម៉ូសេ ៧:៣០ ។

  43. សូមមើល យ៉ូហាន​ទី ១ ៤:១៦ ។

  44. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤០ ។

  45. សូម​មើល យ៉ាកុប ១:១៧ ។

  46. សូម​មើល ជន​គណនា ២៣:១៩ ។

  47. សូម​មើល កិច្ចការ ១០:៣៤–៣៥ ។

  48. សូម​មើល នីហ្វៃ​ទី ១ ៩:៦, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:៧ ។

  49. Dictionary.com ឲ្យ​និយមន័យ​ពាក្យ​ថា បញ្ញា ថា​ជា​« សមត្ថភាព​ដើម្បី​រៀនសូត្រ គិត​គូរ យល់​ដឹង ព្រមទាំង​សមត្ថភាព​ស្រដៀង​គ្នា​ចំពោះ​សកម្មភាព​ខាង​ផ្លូវ​ចិត្ត សម្បទា​ក្នុង​ការ​ចាប់​យក​សេចក្ដីពិត ទំនាក់​ទំនង ការ​ពិត អត្ថន័យ » និង « ចំណេះ​ដឹង » ជាដើម ។

  50. សូមមើល អ័ប្រាហាំ ៣:១៩ ។ ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នាម​ជា​អង្គ​រុង​រឿង​ល្អ​ឥតខ្ចោះ ទ្រង់​ក៏​មាន​ព្រះបញ្ញា​ញាណ​លើស​យើង​គ្រប់​គ្នា​ដែរ ។

  51. សូមមើល វិវរណៈ ២១:២២ ។

  52. សូមមើល អ័ប្រាហាំ ៣:១៧ ។

  53. សូមមើល ម៉ូសេ ១:៣៩ ។

  54. រីឆាដ ជី. ស្កត «Trust in the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ។

  55. រីឆាដ ជី. ស្កត « Trust in the Lord » ទំព័រ ១៧ ។

  56. សូម​មើល យ៉ូហាន ៥:២២, ម៉ូសេ ១:៣៩ ។ អ្នក​ដែល​ដាក់​ទោស​យើង​គឺ​សាតាំង​និង​ខ្លួន​យើង ( សូម​មើល វិវរណៈ ១២:១០, អាលម៉ា ១២:១៤ ) ។

  57. សូម​មើល យ៉ូហាន ៤:២៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៤០, ២០:២៩ ។

  58. សូមមើល នីហ្វៃ​ទី ៣ ១១:១១, គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១១–១៩ ។

  59. ការ​ប្រែចិត្ត​គឺជា​ដំណើរ​ការ​ដែល​យើង​ផ្លាស់ប្ដូរ​និស្ស័យ​ពី​ធម្មជាតិ​របស់​យើង ដើម្បី​យើង​ក្លាយ​ដូចជា​ព្រះ ។ ដូច្នេះ​ហើយ យើង​គួរ​មាន​ការ​ប្រែ​ចិត្ត​ជា​បន្ត​បន្ទាប់ ពុំ​មែន​គ្រាន់​តែ​ការ​ប្រែ​ចិត្ត​នៅពេល​យើង​« ធ្វើ​អ្វី​មួយ​ខុស »​ប៉ុណ្ណោះ​ទេ ។

  60. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩–២០ ។

  61. Lectures on Faith ទំព័រ ៣៨ សូម​មើល​ផង​ដែរ មរ៉ូណៃ ៧:៤៨, ១០:៣២–៣៣, គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៥៦, ៩៤–៩៥, ៨៤:៣៣–៣៨ ។

  62. គោលលទ្ធិ និង សេចក្តី សញ្ញា ៩៣:២០ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  63. សូមមើល មរ៉ូណៃ ១០:៣២–៣៣, គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩, ៩៤–៩៥ ។

  64. ហេតុអ្វី​ព្រះ​ពុំ​អាច ឬ​នឹង​មិន​បើក​សម្ដែង​ច្រើន​ថែម​ទៀត​អំពី​ដំណើរ​ការ​នៃ​ការ​ក្លាយ​ដូចជា​ទ្រង់ ? ខ្ញុំ​ពិត​ជា​ពុំ​ដឹង​រាល់​ហេតុផល​នោះ​ទេ ។ ប៉ុន្តែ​មាន​ហេតុផល​ពីរ​ដែល​ខ្ញុំ​យល់ ។ ហេតុផល​ទី​មួយ​គឺ​ជា​អ្វី​មួយ​ដែល​ពិបាក​យល់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧ ) ។ វា​ប្រហែល​ជា​ប្រៀប​បាន​នឹង​ការ​ខិតខំ​ពន្យល់​ពី​អ៊ិនធើរណែត​ដល់​មនុស្ស​ម្នាក់​ដែល​រស់​នៅ​យុគសម័យ​កណ្ដាល​ដូច្នោះ​ដែរ ។ បរិបទ និង​ទស្សនៈវិស័យ​នេះ​គឺ​ពុំ​មាន​នៅ​សម័យ​នោះ​ទេ ។ ហើយ​ហេតុផល​ទីពីរ​គឺ​ថា អំណោយ​ទាន​នៃ​ព្រះគុណ​ជា​រឿយៗ​កើត​មាន​ចំពោះ​យើង​យ៉ាង​ជាក់​លាក់ ដោយសារ​យើង​ត្រូវ​ឈឺចាប់ ហើយ​ពុះពារ​ដោយ​ការ​ពុំ​ដឹង ។

  65. ពលិកម្ម​ដែល​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ប្រហែល​ជា​ចាំបាច់​ចំពោះ​ការ​សម្រេច​បាន​ភាព​ល្អ​ឥត​ខ្ចោះ ( សូម​មើល ការ​បកប្រែ​របស់​យ៉ូសែប ស៊ីធ ហេព្រើរ ១១:៤០ [ នៅ​ក្នុង ហេព្រើរ ១១:៤០ ] ) ។

  66. សូម​មើល រ៉ូម ៨:១៨ ។

  67. គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–១៨ ។