« មានអារម្មណ៍តានតឹង ថប់បារម្ភ ឬសោកសៅ ឬ ? » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។
ជំនួយ ជីវិត
មានអារម្មណ៍ តានតឹង ថប់បារម្ភ ឬ សោកសៅឬ ?
ទាំងនេះជារឿងមួយចំនួនដែលប្អូនៗអាចធ្វើអំពីរឿងនេះបាន ។
ការធ្វើតេស្តភាពតានតឹង
តើប្អូនមានអារម្មណ៍សោកសៅ ឬតានតឹងប៉ុណ្ណា ?
ប្រសិនបើប្អូនកំពុងមានអារម្មណ៍អស់សង្ឃឹម តក់ស្លុត ឬមានជំងឺបាក់ទឹកចិត្ត ឬបារម្ភរយៈពេលយូរ សូមស្វែងរកជំនួយដោយការនិយាយទៅកាន់មនុស្សពេញវ័យដែលគួរឲ្យទុកចិត្តម្នាក់ ។ ប្អូនក៏អាចសាកល្បងគន្លឹះមួយចំនួននៅក្នុងផ្នែកលឿង ( ជាពិសេសមូលដ្ឋានគ្រឹះ ! ) ប៉ុន្តែពេលខ្លះប្អូនប្រហែលជាត្រូវការជំនួយបន្ថែម ហើយនោះមិនជាថ្វីទេ ។
ប្រសិនបើប្អូនមានអារម្មណ៍ចង់ធ្វើអត្តឃាត សូមទៅរកជំនួយជាបន្ទាន់ ។ សូមទំនាក់ទំនងមកកាន់ខ្សែទូរសព្ឌជំនួយបន្ទាន់នៅក្នុងមូលដ្ឋានរបស់ប្អូន នាយកដ្ឋានប៉ូលីស ឬមន្ទីរពេទ្យ ។
វាជារឿងធម្មតាទេដែលមានអារម្មណ៍ថប់បារម្ភ សោកសៅ ឬតានតឹងពេលខ្លះ ។ អារម្មណ៍ទាំងនេះជាញឹកញាប់កើតឡើងទៅតាមកាលៈទេសៈនៃជីវិត ហើយវាកើតហើយបាត់ទៅវិញពេលជីវិតមានការផ្លាស់ប្ដូរ ។ សាកល្បងគន្លឹះមួយចំនួនដែលអាចជួយបាន !
មូលដ្ឋានគ្រឹះ
-
សូមងាកទៅរកព្រះវរបិតាសួគ៌ ។ ទ្រង់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់ប្អូន ។ ទ្រង់នឹងជួយប្អូនឲ្យប្រឈមមុខទៅនឹងឧបសគ្គនានាដែលកើតឡើងនៅក្នុងជីវិតរបស់ប្អូន ។
-
សូមផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ។ « អំណរដែលយើងមាននោះ មិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតយើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងលើអ្វីដែលយើងផ្តោតទៅលើនៅក្នុងជីវិតយើង » ។១
-
បម្រើមនុស្សដទៃ ។ « នៅពេលដែលយើងខិតខំបម្រើដល់អ្នកដទៃ នោះយើងនឹងរកឃើញនូវជីវិត និងសុភមង្គលផ្ទាល់ខ្លួនរបស់យើង »។២
-
ចូររក្សាចិត្តរបស់ប្អូនឲ្យមានសុខភាពល្អ ។ សូមអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ចូលរួមក្នុងព្រះវិហារបរិសុទ្ធពេលដែលអាចធ្វើទៅបាន ទទួលទានសាក្រាម៉ង់ រក្សាសេចក្ដីសញ្ញារបស់ប្អូន ហើយប្រែចិត្តជារៀងរាល់ថ្ងៃ ។ ស្នើសុំពរបព្វជិតភាពនៅពេលប្អូនត្រូវការវា ។
-
ចូររក្សារាងកាយរបស់ប្អូនឲ្យមានសុខភាពល្អ ។ សូមគេង និងហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ហើយគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
ប្រសិនបើប្អូនមានអារម្មណ៍ថប់បារម្ភ
-
សូមផ្ដោតទៅលើពេលឥឡូវនេះ ។ វាមិនជួយអ្វីទេក្នុងការព្រួយបារម្ភអំពីអនាគត ឬតានតឹងអំពីអតីតកាលនោះ ។ ពេលបច្ចុប្បន្នគឺជារឿងតែមួយគត់ដែលប្អូនអាចផ្លាស់ប្ដូរបាន ។
-
ចំណាយពេលសម្រាក ។ « ត្បិតមិនត្រូវឲ្យអ្នកណារត់លឿនជាងកម្លាំង ដែលគេមាននោះឡើយ » ( ម៉ូសាយ៤:២៧ ) ។
-
សូមគិតវិជ្ជមាន ។ អារម្មណ៍អវិជ្ជមានអាចបណ្ដាលមកពីគំនិតអវិជ្ជមាន ។ ការគិតវិជ្ជមានអាចជួយប្អូនឲ្យមានអារម្មណ៍មិនសូវភ័យខ្លាចឬថប់បារម្ភបាន ។
ប្រសិនបើប្អូនមានអារម្មណ៏សោកសៅ
-
សូមដឹងថាការសាកល្បងគឺជាផ្នែកមួយនៃផែនការនេះ ។ ការជួបកាលៈទេសៈលំបាកមិនមែនមានន័យថាប្អូនកំពុងធ្វើអ្វីខុសនោះទេ ។ សូមទុកចិត្តថាព្រះវរបិតាសួគ៌នឹងពង្រឹងប្អូន ហើយថាឧបសគ្គទាំងឡាយរបស់ប្អូននឹងធ្វើការរួមគ្នាសម្រាប់សេចក្តីល្អដល់ប្អូន( គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:២៤ សូមមើលផងដែរ រ៉ូម ៨:២៨; គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៥–៩ ) ។
-
សូមផ្ដោតអារម្មណ៍ទៅលើការដឹងគុណ ។ ចូរសរសេររឿងដែលប្អូនមានអំណរគុណជារៀងរាល់ថ្ងៃ ហើយត្រូវប្រាកដថាបានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១ ) ។
-
សូមធ្វើអ្វីដែលប្អូនចូលចិត្ត ។ ចំណាយពេលជាមួយមិត្តភក្តិ និងគ្រួសារ សាកល្បងចំណង់ចំណូលថ្មី ស្តាប់តន្ត្រីដែលលើកតម្កើង ឬរៀបផែនការសកម្មភាពសប្បាយរីករាយ ។
ប្រសិនបើប្អូនមិនមានអារម្មណ៍ថាប្អូនល្អគ្រប់គ្រាន់នោះទេ
-
សូមដឹងថាប្អូនមិនចាំបាច់ក្លាយជាល្អឥតខ្ចោះនោះទេ ។ « នៅក្នុងជីវិតរមែងស្លាប់នេះ ភាពល្អឥតខ្ចោះគឺ « មិនទាន់សម្រេចបានទេ » ។៣ សូមកុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ នៅក្នុងជីវិតពិត ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ។
-
សូមនិយាយអ្វីដែលល្អមកកាន់ខ្លួនឯង ។ សូមមានចិត្តសប្បុរសចំពោះខ្លួនឯងដូចពេលដែលប្អូននឹងធ្វើជាមិត្តភក្តិផងដែរ ។ ព្រះវិញ្ញាណបរិសុទ្ធក៏នឹងនិយាយទៅកាន់ប្អូនដោយសប្បុរស ហើយនឹងមិនដែលចំអក ឬម៉ាកងាយដល់ប្អូនឡើយ ។
-
សូមដឹងថាព្រះសង្រ្គោះនឹងពង្រឹងភាពទន់ខ្សោយរបស់យើង និងជួយយើងធ្វើគ្រប់យ៉ាងដែលយើងត្រូវធ្វើ ។ ព្រះយេស៊ូវគ្រីស្ទបានសុគតសម្រាប់អំពើបាបរបស់យើង ហើយទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់យើង( សូមមើល អាលម៉ា ៧:១១-១២ ) ។ ប្រសិនបើយើងបន្ទាបខ្លួន ទ្រង់បានសន្យាថា « ធ្វើឲ្យរឿងខ្សោយកាន់តែរឹងមាំ »( អេធើរ ១២:២៧ ) ។ យើងប្រហែលជាមិនល្អគ្រប់គ្រាន់ដោយខ្លួនឯងនោះទេ ប៉ុន្តែយើងអាចបានល្អគ្រប់គ្រាន់ជាមួយនឹងទ្រង់ ។
សេចក្ដីបញ្ចប់
ប្អូនប្រហែលនឹងមានថ្ងៃជាច្រើននៅពេលដែលប្អូនមានអារម្មណ៍ជឿជាក់ និងត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខទៅនឹងឧបសគ្គនានានៅក្នុងជីវិត ។ មិនថាប្អូនមានអារម្មណ៍ល្អប៉ុណ្ណានោះទេ សូមប្រាកដថាប្អូនបន្តធ្វើមូលដ្ឋានគ្រឹះទាំងនេះ ។
សូមអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌—ទោះជាជីវិតមានភាពលំបាកយ៉ាងណាក៏ដោយ ។ សូមផ្ដោតទៅលើអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ប្អូន និងអំពីជីវិត និងការបង្រៀនរបស់ទ្រង់—សូម្បីតែនៅពេលអ្វីៗកំពុងដំណើរការល្អក៏ដោយ ។ បន្ទាប់មកនៅពេលប្អូនជួបប្រទះនឹងអារម្មណ៍លំបាកទាំងឡាយ នោះប្អូននឹងត្រៀមខ្លួនកាន់តែប្រសើរដើម្បីដោះស្រាយបញ្ហាទាំងនោះ ។