ការប្រជុំធម្មនិដ្ឋាន ឆ្នាំ២០២៦
សុន្ទរកថា និង​ការពិភាក្សា ៖ អែលឌើរ និង​ស៊ីស្ទើរ ខៀរ៉ុន និង​យុវមជ្ឈិមវ័យ


38:21

សុន្ទរកថា និង​ការពិភាក្សា ៖ អែលឌើរ និង​ស៊ីស្ទើរ ខៀរ៉ុន និង​យុវមជ្ឈិមវ័យ

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦

អែលឌើរ ផាទ្រីក ខៀរ៉ុន ៖ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​នៅ​ទីនេះ​ជាមួយ​ក្មួយៗ​ទាំងអស់គ្នា​នា​រាត្រី​នេះ ក្នុង​ការប្រារព្ធ​ខួប​លើកទី​១០០​ឆ្នាំ​នៃ​ថ្នាក់​វិទ្យាស្ថាន និង​គិត​អំពី​ជីវិត​ទាំងអស់​ដែល​បាន​ផ្លាស់ប្តូរ​តាមរយៈ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នោះ ។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ឃើញ​ក្មួយៗ​មក​ដល់​ក្នុង​រាត្រី​នេះ ។ ហើយ​ខ្ញុំ​ចង់​និយាយ​ថា ទីនេះ​មាន​អារម្មណ៍​កក់ក្តៅ​យ៉ាង​អស្ចារ្យ និង​ធំធេង​បំផុត ។ ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​បាន​កត់សម្គាល់​ឃើញ​ថា យើង​មាន​ភ្លើង​ប៊ីស្ត្រូ ដើម្បី​បង្កើន​អារម្មណ៍​កក់ក្ដៅ​នៅ​ទីនេះ ។

វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​នៅ​ជាមួយ​ក្មួយៗ ហើយ​យើង​ទន្ទឹង​រង់ចាំ​ពេលវេលា​នេះ​ជាមួយ​ក្មួយៗ និង​សូម​អរគុណ​សម្រាប់​ការអញ្ជើញ​មក ។ យើង​ទទួលស្គាល់​ថា ក្មួយៗ​ខ្លះ​បានជួប​ការកកស្ទះ​ចរាចរណ៍ ប៉ុន្តែ​ក្មួយៗ​នៅតែ​នៅ​ទីនេះ ដែល​ជារឿង​គួរ​ឲ្យ​កោត​សរសើរ ។

ស៊ីស្ទើរ ជែននីហ្វើរ ស៊ី. ខៀរ៉ុន ៖ មែន​ហើយ យើង​ពិតជា​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ភាពរំភើប​ដែល​យើង​មាន​អារម្មណ៍​នៅទីនេះ​នា​រាត្រី​នេះ ហើយ​យើង​ចូលចិត្ត​មើល​មុខ​របស់​ក្មួយៗ​ដែល​ចូលរួម​ជាមួយ​យើង​ផ្ទាល់​នា​រាត្រី​នេះ ។ ប៉ុន្តែ យើង​ក៏​កំពុង​ព្យាយាម​ស្រមៃ​ដល់​អ្នក​ដែល​ប្រមូលផ្តុំ​គ្នា​នៅក្នុង​រោងជំនុំ ឬ​នៅក្នុង​ផ្ទះ ឬ​កន្លែង​ណាមួយ​ដោយ​ឡែក​ពី​គ្នា ដើម្បី​ទស្សនា​នា​រាត្រី​នេះ​ផងដែរ—ខណៈ​ពេល​ដែល​ក្មួយៗ​ស្វែងរក​ចំណង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​របស់​ក្មួយៗ ។ យើង​ស្រឡាញ់​ក្មួយៗ​ទាំងអស់​គ្នា ហើយ​យើង​មាន​អំណរគុណ​យ៉ាងខ្លាំង​ដែល​បាន​នៅ​ជាមួយ​ក្មួយៗ ។

កាលពី​ពីរបី​សប្តាហ៍​មុន យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​ការជួប​ជាមួយ​ក្រុម​មិត្តភក្ដិ​របស់​ក្មួយៗ​ពីរ​ក្រុម​ផ្សេងគ្នា—ហើយ​តាមពិត​ទៅ ពួកគេ​ខ្លះ​នៅទីនេះ​នា​រាត្រី​នេះ—ហើយ​យើង​បាន​អង្គុយ​សន្ទនា​ជាមួយ​ពួកគេ ។ យើង​បាន​ជជែកគ្នា​ប្រហែល​មួយ​ម៉ោង ឬ​ច្រើន​ជាងនេះ​ជាមួយ​ក្រុម​ទាំងពីរ​នេះ ។ ពួកគេ​បាន​សួរ​សំណួរ​មួយ​ចំនួន ហើយ​យើង​បាន​ផ្តល់​ចម្លើយ​ខ្លះៗ​ទៅវិញ ។ ពួកគេ​មកពី​ប្រទេស​ចំនួន​ប្រាំ​ផ្សេងគ្នា ៖ យុវមជ្ឈិមវ័យ​មកពី​សហរដ្ឋអាមេរិក មកពី​ប្រទេស​ម៉ិកស៊ិក មកពី​ប្រទេស​ន័រវេស មកពី​កោះ​ឃូរ៉ាខៅ នៃ​សមុទ្រ​ការ៉ាប៊ីន និង​មកពី​សាធារណរដ្ឋ​កុងហ្គោ ។

អែលឌើរ ខៀរ៉ុន ៖ ដូច្នេះ​អ្វី​ដែល​យើង​នឹង​ធ្វើ​ឥឡូវ​នេះ គឺ​ពិនិត្យ​មើល​សំណួរ​ចំនួន​ប្រាំ​ដែល​ត្រូវបាន​សួរ​នៅក្នុង​វីដេអូ ។ ហើយ​រួចមក​យើង​អាច​នឹង​ផ្តល់​មតិ​យោបល់​មួយ ឬ​ពីរ​នៅ​ចន្លោះ​វីដេអូ​នីមួយៗ ។ តស់ ! ឥឡូវ​យើង​មើល​វីដេអូ​ទី​មួយ ។

ទទួលស្គាល់ និង​យកឈ្នះ​ឧបសគ្គ

យុវមជ្ឈិមវ័យ ៖ តើ​មាន​ឧបសគ្គ​ធំៗ​អ្វីខ្លះ​ដែល​លោក​បាន​ឃើញ​ថា យុវមជ្ឈិមវ័យ​នៅលីវ​ប្រហែល​ជា​បាន​ដាក់​វា​នៅលើ​ផ្លូវ​របស់​ខ្លួនឯង ដែល​រារាំង​យើង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ឬ​រារាំង​យើង​ពី​ការក្លាយ​ជា​អ្វី​មួយ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ?

អែលឌើរ ខៀរ៉ុន ៖ ពេល​ខ្ញុំ​គិត​អំពី​ឧបសគ្គ​ដែល​យុវមជ្ឈិមវ័យ​មាន ខ្ញុំ​គិត​ដល់​គំនិត​មួយ​ដែល​ថា ជីវិត​នេះ​ត្រូវបាន​រៀបចំ​ឡើង​ជា​ការសាកល្បង​មួយ ដូច​នឹង​អ្វី​ដែល​ក្មួយ​កំពុង​ជួបប្រទះ​នៅក្នុង​ការសិក្សា​របស់​ក្មួយ—ជា​ការសាកល្បង​ដែល​ស្ថិត​នៅលើ​ខ្សែកោង​ដែល​មិនអាច​ទៅរួច​មួយ​ចំនួន ។ ខ្ញុំ​មិន​ប្រាកដ​ទេ ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ផ្នត់​គំនិត​បែបនេះ​ហើយ ដែល​អាច​ក្លាយ​ជា​ឧបសគ្គ​ដល់​របៀប​ដែល​យើង​មើល​ទៅ​ពេលវេលា​នៅក្នុង​ជីវិត​រមែង​ស្លាប់ និង​ដ៏​អស់កល្ប​របស់​យើង ។

ខ្ញុំ​សូម​ចែកចាយ​នូវ​សម្តី​ដកស្រង់​ដែល​ខ្ញុំ​ចូលចិត្ត​មួយ​មក​ពី​ប្រធាន ហែនរី ប៊ី. អាវរិង ៖ « ព្រះអម្ចាស់​មិនដាក់​យើង​ឲ្យ​ឆ្លងកាត់​ការសាកល្បង … ដើម្បី​ផ្តល់​ពិន្ទុ​ឲ្យ​យើង​នោះ​ទេ ។ ទ្រង់​ធ្វើ​ដូច្នោះ ព្រោះ​ដំណើរការ​នេះ​នឹង​ផ្លាស់ប្តូរ​យើង » ។

យើង​មិន​កំពុង​ត្រូវបាន​សាកល្បង​ដូចជា​ការធ្វើ​តេស្ត​នៅក្នុង​ការសិក្សា​របស់​ក្មួយ​នោះ​ទេ—យើង​កំពុង​ត្រូវបាន​ផ្ដល់​ឱកាស​ឲ្យ​ពង្រីក​សមត្ថភាព និង​រៀនសូត្រ ។ មិន​មែន​ដោយសារ​តែ​នរណា​ម្នាក់​កំពុង​កត់ត្រា​ពិន្ទុ​អស់កល្ប​ជានិច្ច​នោះទេ ប៉ុន្តែ​ដោយសារ​តែ​យើង​ត្រូវការ​រីកចម្រើន អភិវឌ្ឍ និង​យល់ដឹង ហើយ​ស្គាល់​ថា​យើង​ជា​នរណា ។ ដូច្នេះ វា​មិន​មែន​ជា​ឧបសគ្គ​នោះ​ទេ ។ តាម​ពិត​ទៅ វា​ជា​ផ្លូវ​ដែល​ត្រូវ​បាន​ត្រួសត្រាយ​សម្រាប់​យើង ។ ពេលខ្លះ​ពោរពេញ​ដោយ​បទពិសោធន៍​ដ៏​ស្រស់​ស្អាត​អស្ចារ្យ ហើយ​ពេលខ្លះ​ពោរពេញ​ដោយ​បទពិសោធន៍​ដែល​ពិបាក​ខ្លាំង ។

ស៊ីស្ទើរ ខៀរ៉ុន ៖ ចុះ​តើ​យ៉ាងណា​ដែរ ចំពោះ​ឧបសគ្គ​នៃ​ការសង្ស័យ​លើ​ខ្លួនឯង និង​ការភ័យ​ខ្លាច​នោះ ? ចុះ​សំឡេង​ខាង​ក្នុង​ចិត្ត​របស់​ក្មួយៗ​យ៉ាងណា​វិញ ? នោះ​ពិតណាស់​អាច​ជា​ឧបសគ្គ​មួយ ។ សំឡេង​នៃ​ការបំបាក់​ទឹកចិត្ត ។ សំឡេង​ដែល​ប្រាប់​ក្មួយៗ​ថា ក្មួយៗ​ជា​មនុស្ស​បរាជ័យ ។ សំឡេង​ដែល​ប្រាប់​ក្មួយៗ​ថា ក្មួយៗ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ ហើយ​មាន​ហេតុផល​ជាច្រើន​សម្រាប់​រឿង​នោះ ៖ ប្រហែល​មកពី​ក្មួយៗ​មិន​បាន​ទទួល​ការងារ​នោះ​ទេ ។ ប្រហែល​ជា​ក្មួយៗ​មិនបាន​ប្រឡង​ជាប់​ទេ ។ ប្រហែលជា​ក្មួយៗ​មាន​បំណង​ចង់​រៀបការ ប៉ុន្ដែ​ក្មួយៗ​នៅតែ​មិនទាន់​រៀបការ ។ ប្រហែល​ជា​ក្មួយៗ​បាន​លែងលះ ។ ប្រហែលជា​ក្មួយៗ​កំពុង​តស៊ូ​ជាមួយ​នឹង​បញ្ហា​ដដែល អំពើបាប​ដដែល បញ្ហា​ប្រឈម​ដដែល ដែល​ក្មួយៗ​ធ្លាប់មាន​ជា​យូរ​មក​ហើយ ។ ដូច្នេះ សំឡេង​ទាំងនេះ​ប្រាប់​ក្មួយៗ​ថា « ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​នោះ​ទេ ខ្ញុំ​គ្មាន​ថ្ងៃ​ល្អ​គ្រប់គ្រាន់​ឡើយ ខ្ញុំ​គ្មាន​ថ្ងៃ​មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ ហើយ​ខ្ញុំ​មិនអាច​ក្លាយ​ជា​អ្វី​ដែល​ព្រះ​ចង់ឲ្យ​ខ្ញុំ​ក្លាយជា​នោះ​ទេ » ។ ខ្ញុំ​គិតថា​នោះ​ជា​ឧបសគ្គ​មួយ ។ ហើយ​ពេលខ្លះ ខ្ញុំ​ឮ​សំឡេង​ទាំងនោះ​ដោយ​ខ្លួនឯង ។

តើ​សំឡេង​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​គំនិត​របស់​ក្មួយៗ​ស្តាប់​ទៅ​ដូចម្តេច​ដែរ ? វា​ស្តាប់​ទៅ​ខុសគ្នា​ខ្លាំងណាស់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ពិពណ៌នា ទៅនឹង​សំឡេង​នៃ​ការចំអក ការរិះគន់ និង​ការបិរហារ សំឡេង​នៃ​ភាព​អស់សង្ឃឹម ។ សូម​ស្ដាប់​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ប្រាប់​យើង​នៅក្នុង​យ៉ូហាន​ជំពូក ១០ ។ ខ្ញុំ​ស្រឡាញ់​ពាក្យ​នោះ ។

« ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ចូល​ទៅក្នុង​ក្រោល​ចៀម មិនមែន​តាម​ទ្វារ គឺ​ឡើង​ចូលតាម​កន្លែង​ណា​ឯទៀត​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ ។

« ឯ​អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត ។

« … ហ្វូង​ចៀម​ស្ដាប់​តាម​សំឡេង​គាត់ ៖ នោះ​គាត់​ហៅតាម​ឈ្មោះ​វា​នីមួយៗ​នាំ​ចេញ​ទៅ​ក្រៅ ។

« … ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ត្បិត​វា​ស្គាល់​សំឡេង​គាត់ ។

« នោះ​គាត់​ដើរ​ពីមុន​វា ហើយ​វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់ចេញ​ពី​គេ​វិញ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ » ។

ពេលខ្លះ ក្មួយៗ​មាន​សំឡេង​របស់​មនុស្ស​ចម្លែក​នៅក្នុង​គំនិត​របស់​ក្មួយៗ ជា​សំឡេង​របស់​ចោរ​លួច និង​សំឡេង​របស់​ចោរប្លន់ ហើយ​ខ្ញុំ​ក៏​ដូចគ្នា​ដែរ ។ ជា​សំឡេង​របស់​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​ក្មួយៗ ដែល​មិន​ខ្វល់ខ្វាយ​ពី​ក្មួយៗ ហើយ​តាម​ពិត​ទៅ ជា​អ្នក​ដែល​មាន​បំណង​បំផ្លាញ​ក្មួយៗ ។ យើង​មិនត្រូវ​ស្តាប់​សំឡេង​ទាំង​នោះ​ទេ សំឡេង​របស់​មនុស្ស​ចម្លែក ចោរលួច និង​ចោរប្លន់ ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ចូរ​ស្តាប់​សំឡេង​របស់​អ្នកគង្វាល​ល្អ​របស់​យើង ដែល​តែងតែ​លើក​ទឹកចិត្ត តែងតែ​ស្រឡាញ់ និង​តែងតែ​មាន​សង្ឃឹម ។ មែន​ហើយ ទ្រង់​ហៅ​យើង​ឲ្យក្លាយ​ជា​មនុស្សល្អ​ជាង ។ មែន​ហើយ ទ្រង់​ហៅ​យើង​ឲ្យ​ប្រែចិត្ត ប្រសិន​បើ​ចាំបាច់ ។ ប៉ុន្តែ​សំឡេង​របស់​ទ្រង់​តែងតែ​ជា​សំឡេង​របស់​អង្គ​មួយ—ជា​សំឡេង​របស់​ព្រះអង្គសង្គ្រោះ​ដែល​ស្រឡាញ់​យើង ដែល​បាន​បង់​ថ្លៃ​ចុងក្រោយ​សម្រាប់​យើង ហើយ​តាមពិត​ទៅ ដែល​ត្រូវ​បាន​ចងភ្ជាប់​ដោយ​សេចក្តី​សញ្ញា​ចំពោះ​យើង​ម្នាក់ៗ ។ ដូច្នេះ ចូរ​ទទួលទាន​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ មិនមែន​ព្រះបន្ទូល​របស់​មនុស្ស​ចម្លែក​នោះទេ ។

អូខេ តស់​យើង​មើល​វីដេអូ​បន្ទាប់ ។

ជំនួយ​សម្រាប់​អ្នក​ដែល​ដើរ​ចេញ

យុវមជ្ឈិមវ័យ ៖ មាន​ដំណាក់​កាល​ផ្សេងៗ​គ្នា​ក្នុង​ជីវិត​ដែល​ខ្ញុំ​រក្សាបញ្ញត្តិ​ទៅតាម​របៀប​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​រំពឹង​ឲ្យ​ខ្ញុំ​រក្សា​វា ។ ប៉ុន្តែ​សំណួរ​មួយ​គឺ តើ​យើង​ជួយ​មិត្ត​ម្នាក់​ដែល​យើង​ឃើញថា​កំពុង​ងាក​ចេញ​បន្តិចម្តងៗ​ពី​សកម្មភាព​ព្រះវិហារ ឬ​ពី​ការ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​របៀបណា ? តើ​យើង​អាច​ជួយ​ពួកគេ​ដោយ​មិនឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​កំហុស​ដោយ​របៀបណា ?

ស៊ីស្ទើរ ខៀរ៉ុន ៖ វា​ពិបាក ព្រោះ​ក្មួយ​មិនចង់​ធ្វើ​ការវិនិច្ឆ័យ ។ ក្មួយ​មិនចង់​និយាយ​ថា « មែនហើយ របៀប​ដែល​ខ្ញុំ​រស់នៅ​តាម​ដំណឹងល្អ គឺ​ល្អជាង ឬ​ត្រឹមត្រូវ​ជាង​នោះទេ ។ ខ្ញុំ​គិត​ថា វា​តែងតែ​អាស្រ័យ​លើ​សេចក្តី​ស្រឡាញ់ និង​ពេលវេលា ។ មិត្ត​របស់​ក្មួយ​ត្រូវការ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ក្មួយ ហើយ​ត្រូវដឹង​ថា​ក្មួយ​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​មាន​ពេលវេលា​ជាមួយ​ពួកគេ ។

ហើយ​ប្រហែលជា​មិត្ត​របស់​ក្មួយ​ស្ថិតក្នុង​ដំណាក់​កាល​ដែល​ពួកគេ​ត្រូវការ​ពិភាក្សា​អំពី​រឿង​មួយ​ចំនួន​ដែល​កំពុង​កើតឡើង​នៅក្នុង​ចិត្ត និង​គំនិត​របស់​ពួកគេ ។ ហើយ​ក្មួយ​អាច​ផ្តល់​សារ​ដល់​ពួកគេ—ជា​សារ​ដែល​ច្បាស់លាស់—ថា​ក្មួយជា​កន្លែង​សុវត្ថិភាព ។ ក្មួយ​គឺជា​មនុស្ស​ម្នាក់​ដែល​នឹង​ស្រឡាញ់​ពួកគេ គោរព​ពួកគេ យកចិត្ត​ទុកដាក់​ដល់​ពួកគេ និង​ជួយ​ពួកគេ មិនថា​ពួកគេ​កំពុង​ឆ្លងកាត់​អ្វី​ក៏ដោយ ។ ក្មួយ​ប្រហែលជា​មិន​យល់ស្រប​ជាមួយ​ពួកគេ ។ ក្មួយ​ប្រហែលជា​មិន​ជ្រើសរើស​អ្វី​ដែល​ពួកគេ​កំពុង​ជ្រើសរើស​នោះ​ទេ ប៉ុន្តែ​សម្រាប់​មិត្តភក្តិ​ដែល​កំពុង​តស៊ូ​ពុះពារ វា​មាន​អត្ថន័យ​ខ្លាំង​ណាស់​ក្នុង​ការមាន​កន្លែង​សុវត្ថិភាព​មួយ​នៅក្នុង​ជីវិត ហើយ​មាន​នរណា​ម្នាក់​ដែល​ពួកគេ​ជឿជាក់ មើល​ថែទាំ​ពួកគេ ។

ខ្ញុំ​គិត​ថា វា​ជួយ​បាន​ពេល​ដែល​និយាយ​អំពី​ពេលវេលា​ដែល​ពួកគេ​មាន​អារម្មណ៍​ព្រះវិញ្ញាណ​ខ្លាំង ឬ​ពេលវេលា​ដែល​ពួកគេ​បាន​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់​ជាង​ពេល​ឥឡូវ ។ ហើយ​និយាយ​អំពី​ជីវិត​របស់​ពួកគេ​នៅក្នុង​ពេលនោះ និង​ពី​ភាព​ខុសគ្នា​ដែល​ពួកគេ​បាន​សង្កេត​ឃើញ ។

ហើយ​ពិភាក្សា​ដោយ​ស្មោះត្រង់ ចិត្ត​នឹង​ចិត្ត វិញ្ញាណ​នឹង​វិញ្ញាណ ដែល​ក្មួយៗ​មិន​ធ្វើឲ្យ​ពួកគេ​គិតថា « អូ ! ឯង​មិន​និយាយ​អ្វី​ដែល​ខ្ញុំ​រំពឹងឲ្យ​ឯង​និយាយ ឬ​ឯង​មិន​ធ្វើអ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ឯង​ធ្វើ​នោះទេ ។ ដូច្នេះ ខ្ញុំ​នឹង​បញ្ចប់​ការសន្ទនា​នេះ​ហើយ » ។ ខ្ញុំ​គិតថា វា​ពិតជា​សំខាន់​ណាស់ ។

ហើយ​នោះ​គឺជា​គោលការណ៍​ដែល​អាច​អនុវត្តបាន​នៅក្នុង​គ្រប់​ទំនាក់ទំនង​របស់​យើង ។ វា​ជា​គោលការណ៍​ដែល​អាច​អនុវត្ត​បាន​នៅក្នុង​ការចិញ្ចឹម​កូន ។ វា​ជា​គោលការណ៍​ដែល​អាច​អនុវត្ត នៅពេល​យើង​និយាយ​ជាមួយ​មនុស្ស​ជា​ទីស្រលាញ់​របស់​យើង​ក្នុង​ស្ថានភាព​ណាមួយ ។

អែលឌើរ ខៀរ៉ុន ៖ បាទ ! ជា​ការពិត ។ ហើយ​ខ្ញុំគិត​ថា អាស្រ័យ​លើ​ទីកន្លែង​ដែល​ពួកគេ​កំពុង​រស់នៅ—ដូចជា​ខាល​កំពុង​និយាយ​ថា មាន​មិត្ត​ដែល​កំពុង​តែ​បែក​ចេញ—អាស្រ័យ​ទៅនឹង​កន្លែង​ដែល​ពួកគេ​រស់នៅ យើង​គួរតែ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​នៅតែ​ចូលរួម​ក្នុង​សកម្មភាព​នានា—យើង​និយាយ​អំពី​សកម្មភាព​ក្នុង​សាសនាចក្រ ។ យើង​និយាយ​អំពី​ការនៅ​សកម្ម​ក្នុង​សាសនាចក្រ ។ វា​ជា​ឃ្លា​ដែល​អ្នក​ទើប​រៀន​ថ្មី​ចាប់អារម្មណ៍​ពេល​ស្តាប់​ឮ ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​ចង់​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅតែ​ចូលរួម ដើម្បីឲ្យ​ពួកគេ​នៅតែ​សកម្ម និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​អាច​ជួយ​អ្នកដទៃ​បាន ។ ប្រសិនបើ​ពួកគេ​មាន​ការហៅ​បម្រើ ជួយ​ពួកគេ​ឲ្យ​ទទួល​យក និង​ចូលរួម​នឹង​ការហៅ​នោះ ។ ហើយ​ឲ្យ​បង្រៀន ឲ្យ​ផ្ដល់​ការបម្រើ ហើយ​ស្វែងរក​អ្នក​ដែល​កំពុង​មាន​បញ្ហា​លំបាក ។ ខ្ញុំ​គិត​ថា វា​សមស្រប​ណាស់​ដែល​ព្រះគម្ពីរ​មរមន​ចាប់ផ្តើម​ជាមួយ​លីហៃ និង​ក្រុមគ្រួសារ​របស់​គាត់—ជាមួយ​នីហ្វៃ​ទៅ ហើយ​ធ្វើ—ហើយ​យើង​ជា​មនុស្ស​ដែល​ទៅ​ហើយ​ធ្វើ ។ ហើយ​ខ្ញុំ​គិត​ថា មាន​អំណាច​ដ៏​អស្ចារ្យ​នៅក្នុង​នោះ ។ ដែល​រក្សា​សេចក្ដី​ជំនឿ​របស់​យើង​ឲ្យ​នៅ​រស់រវើក ។ ហើយ​ប្រសិនបើ​ជំនឿ​របស់​យើង​បាន​ធ្លាក់ចុះ​បន្តិច វា​អាច​ទាញ​យើង​ថយក្រោយ​បាន ។ ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​អំពី​ព្រះអង្គសង្គ្រោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះអង្គសង្គ្រោះ​តែងតែ​ចេញ​ទៅធ្វើ​កិច្ចការ​ជានិច្ច ។ ខ្ញុំ​គិត​ថា យើង​អាច​ធ្វើតាម​គំរូ​នោះ​បាន​យ៉ាងអស្ចារ្យ ។

តស់ មើល​វីដេអូ​បន្ទាប់ ។

មាន​អារម្មណ៍​សុខសាន្ត ទោះជា​មាន​ការថប់បារម្ភ​ក៏​ដោយ

យុវមជ្ឈិមវ័យ ៖ ខ្ញុំ​ជា—មនុស្ស​ថប់​បារម្ភ​ម្នាក់ ។ ពេលខ្លះ​វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការមាន​ភាព​រីករាយ ព្រោះ​ខ្ញុំ​ព្រួយចិត្ត​គ្រប់ពេល ។ ហើយ​ខ្ញុំ​ឆ្ងល់​ថា តើ​លោក​ទាំងពីរ​មាន​យោបល់​អ្វីខ្លះ អំពី​របៀប​ធ្វើឲ្យ​មាន​ភាពសុខសាន្ត​កាន់តែ​ច្រើន​នៅក្នុង​ព្រះអង្គសង្គ្រោះ ដើម្បី​ឲ្យ​អំណរ​ចូល​មក​ក្នុង​ចិត្ត​បាន​កាន់​តែ​ស្រួល ?

អែលឌើរ ខៀរ៉ុន ៖ នោះ​ជា​សំណួរ​ល្អណាស់ ពីព្រោះ​យើង​ទាំងអស់គ្នា​មាន​ការភ័យខ្លាច និង​ការថប់បារម្ភ​នៅពេល​ខ្លះ ។ មនុស្ស​មួយចំនួន​ក្នុង​ចំណោម​ពួកយើង​មាន​បន្ទុក​ច្រើនជាង​អ្នកដទៃ ។ មនុស្ស​មួយចំនួន​ត្រូវការ​ជំនួយ​ក្នុងការ​ដោះស្រាយ​ភាពភ័យខ្លាច និង​ការថប់បារម្ភ​របស់​ខ្លួន ។ សម្រាប់​ពួកយើង​ខ្លះ​ទៀត វា​អាច​ឈាន​ដល់​តម្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ទៀតផង ហើយ​ជា​សំណាងល្អ យើង​កំពុង​កាន់តែ​មាន​ភាពប្រសើរឡើង​ក្នុង​ការជួយគ្នា​ទៅវិញ​ទៅមក ឬ​ទទួលបាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​ការភ័យខ្លាច និង​ការថប់បារម្ភ ។

ប្រសិនបើ​ក្មួយ​មើល​ក្នុង​ព្រះគម្ពីរ តាម​ដែល​ខ្ញុំ​អាច​ប្រាប់​បាន បុគ្គល​នៅក្នុង​ព្រះគម្ពីរ​ដែល​រៀបរាប់​អំពី​ការថប់បារម្ភ និង « ការភ័យខ្លាច » ច្រើនជាង​គេ​សម្រាប់​ខ្ញុំ និង​ច្រើន​ជាង​អ្នក​ដទៃ​នោះ​គឺ យ៉ាកុប ។ ហើយ​វា​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ពីព្រោះ​ការថប់បារម្ភ​របស់​លោក គឺ​ខុសគ្នា​ខ្លាំង​ពី​ខ្ញុំ​ក្នុង​រូបភាព​ជាច្រើន ។ ការថប់បារម្ភ​របស់​លោក​ផ្ដោតចេញ​ទៅ​ខាងក្រៅ​ខ្លួន​លោក ។ ការថប់បារម្ភ​របស់​លោក​គឺ​អំពី​ប្រជាជន​របស់​លោក និង​សុខុមាលភាព​របស់​ពួកគេ ។ ការថប់បារម្ភ​របស់ខ្ញុំ​ភាគច្រើន​គឺ​អំពី​ខ្លួនខ្ញុំ និង​តើ​ខ្ញុំ​សុខសប្បាយ​ប៉ុនណា ហើយ​តើ​ខ្ញុំ​បាន​ធ្វើឲ្យ​ជីវិត​ខ្ញុំ​រញ៉េរញ៉ៃ​ឬ​ទេ គឺ​រឿង​បែប​អស់​ទាំងនេះ​ឯង ។ អ្វី​មួយ​ដែល​ខ្ញុំ​រៀន ម្តង​ហើយ​ម្តង​ទៀត—ហើយ​ត្រូវតែ​បន្ត​រៀន​សូត្រ និង​រៀន​សា​ឡើងវិញ—នោះ​គឺ ប្រសិនបើ​ខ្ញុំ​គិត​អំពី​អ្នកដទៃ​ណា​ម្នាក់ ការថប់​បារម្ភ​របស់​ខ្ញុំ​នឹង​ថយចុះ ។ ហើយ​គ្រាន់តែ​ខ្ញុំ​គិត​អំពី​សុខុមាលភាព​របស់​អ្នកដទៃ នោះ​ការថប់បារម្ភ​របស់​ខ្ញុំ​ចាប់ផ្តើម​ថយចុះ ។ តាមពិត​ទៅ ការថប់បារម្ភ​នោះ​បាន​បាត់​ទៅ ។ ជារឿយៗ វា​រលាយ​បាត់​ទៅ ។ ហើយ​ប្រសិនបើ​ខ្ញុំ​ធ្វើល្អ​ដាក់​នរណា​ម្នាក់ នោះ​វា​មានឥទ្ធិពល​យ៉ាង​ខ្លាំង ។ ដូចនេះ ខ្ញុំ​ចង់​ប្រែក្លាយ​កាន់តែ​ដូចជា​យ៉ាកុប ហើយ​ធ្វើឲ្យ​ការថប់បារម្ភ​របស់ខ្ញុំ​ផ្ដោត​ចេញ​ទៅ​រឿង​ខាងក្រៅ​ខ្លួន​វិញ ។ ហើយ​ខ្ញុំដឹង​ថា—នោះ​គឺជា​ការព្យាបាល​ដ៏​សំខាន់​ណាស់ ។

ស៊ីស្ទើរ ខៀរ៉ុន ៖ ខ្ញុំ​គិត​ថា នៅក្នុង​សម័យ​ទំនើប​នេះ យើង​តែងតែ​មានអារម្មណ៍​ថា​មិន​ស្រណុក​ចិត្ត និង​ឈឺចាប់ ហើយ​យើង​ចង់ឲ្យ​រឿង​នោះ​កន្លងផុត​ទៅ​ឆាប់ៗ ។ យើង​សុំា​នឹង​ការបំពេញ​ចិត្ត​ភ្លាមៗ ។ ប៉ុន្តែ ចូរ​យើង​គិត​កាល​ដែល​យើង​នៅក្នុង​បន្ទប់ទឹក ឈរ​ងូតទឹក ហើយ​ពេល​ទឹក​រាង​ត្រជាក់​បន្តិច ខ្ញុំ​ក៏​មូល​ក្បាលរ៉ូប៊ីណេ​ទៅខាង​ឆ្វេង​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​ទឹក​ក៏​ក្តៅ​ល្មម ។ ឬ​អ្វី​ក៏ដោយ ។ យើង​ស៊ាំ​នឹង​ការ​មាន​ភាព​ស្រណុក​សុខស្រួល ។ យើង​មិនចង់​លំបាក​ឡើយ ។ មនុស្ស​ចង់មាន​ភាព​ស្រណុក​សុខស្រួល—យើង​មិនចង់​មាន​អារម្មណ៍​មិន​ស្រណុក​ទេ ។

ជា​រឿង​ធម្មតា​ទេ យើង​បារម្ភ​អំពី​អនាគត ព្រោះ​វា​មិន​ប្រាកដប្រជា និង​មិនដឹង​មុន ។ ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ទទួលស្គាល់​ថា រស់​ជា​មនុស្ស​នៅលើ​ផែនដី​នេះ​ត្រូវតែ​ទទួលយក​នូវ​គ្រា​ដែល​មិន​ស្រណុក​សុខស្រួល និង​ទទួលយក​ភាព​មិនប្រាកដ​ប្រជា​នោះ ។ ក្មួយៗ​អាច​មាន​ពេល​ពីរបីថ្ងៃ ពីរបី​សប្ដាហ៍ ឬ​សូម្បីតែ​ពីរបី​ខែ ដែល​ក្មួយៗ​មាន​អារម្មណ៍​មិន​នឹងធឹង ឬ​សោកសៅ​បន្តិច​បន្តួច ។ យើង​ត្រូវការ​ភាពរីករាយ និង​ទុក្ខព្រួយ ។ យើង​ត្រូវការ​អំណរ និង​ភាពសោកសៅ ។ ហើយ​បទពិសោធន៍​ទាំងនោះ និង​អារម្មណ៍​ទាំងនោះ​ហើយ ដែល​ធ្វើឲ្យ​ជីវិត​មានន័យ និង​រំភើបរីករាយ ។

អែលឌើរ ខៀរ៉ុន ៖ ខ្ញុំ​ចង់​បន្ថែម​ពី​គំរូ​ជាក់លាក់​មួយ​ចេញពី​យ៉ាកុប ។ ខ្ញុំ​ចង់​និយាយ​អំពី​យ៉ាកុប គឺ យ៉ាកុប ៤ ក្នុង ខទី​២ ដល់​ទី៤ យើង​អាច​អាន​បាន​ថា ៖

« តែ​យើង​កត់​បាន​ពាក្យខ្លះ​នៅលើ​ផ្ទាំង ដែល​នឹង​ផ្ដល់​ដល់​កូនចៅ​យើង ហើយ​ព្រមទាំង​ដល់​បងប្អូន​ជា​ទីស្រឡាញ់​របស់​យើង​ផង​នូវ​ការចេះដឹង​មួយ​កម្រិត​តូច​អំពី​យើង ឬ​អំពី​ពួកអយ្យកោ​របស់​គេ —

« ឥឡូវនេះ យើង​អររីករាយ​នឹង​ការណ៍​នេះ ហើយ​យើង​ខំ​ព្យាយាម ដើម្បី​ឆ្លាក់​ពាក្យ​ទាំងនេះ នៅ​លើ​ផ្ទាំង​ដោយ​សង្ឃឹម​ថា បងប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង និង​កូនចៅ​យើង​នឹង​ទទួល​ពាក្យ​ទាំងនេះ ដោយ​ចិត្ត​អរគុណ ហើយ​គេ​មើល​ពាក្យ​ទាំង​នេះ ដើម្បី​ពួកគេ​អាច​ចេះដឹង ដោយ​សេចក្ដី​អំណរ ហើយ​មិនមែន​ដោយ​សេចក្ដី​សោកសៅ ។…

« ត្បិត​ព្រោះ​ដោយ​គោលបំណង​នេះ​ហើយ ដែល​យើង​បាន​សរសេរ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​បាន​ដឹង​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​បាន​សង្ឃឹម​ដល់​សិរី​ល្អ​របស់​ទ្រង់​ជា​ច្រើន​រយ​ឆ្នាំ​មុន​ទ្រង់​យាង​មក​ម្ល៉េះ » ។

ម្ដទៀត អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​យ៉ាកុប គឺ​គាត់​តែងតែ​គិត​អំពី​ប្រជាជន ។ គាត់​តែងតែ​គិត​អំពី​មនុស្ស​នៅជុំវិញ​គាត់ ហើយ​នៅ​ត្រង់នេះ គាត់​គិត​អំពី​មនុស្ស​ជាច្រើន​ជំនាន់​បន្ទាប់​មក​ទៀត ។ គាត់​គិត​ដល់​ចំណុច​នោះ​ទៀត ។ តើ​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​គាត់ ? មែន​ហើយ គាត់​អត់​គិត​ពី​ខ្លួនឯង វា​នាំឲ្យ​គាត់​មាន​អំណរ​ដ៏​មហិមា ហើយ​គាត់​នាំឲ្យ​ជំនាន់​ជា​ច្រើន—សព្វថ្ងៃ​នេះ—មាន​អំណរ​នៅពេល​ពួកគេ​អាន​អំពី​គាត់ ។

ស៊ីស្ទើរ ខៀរ៉ុន ៖ ខ្ញុំ​គិត​ថា ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការថប់បារម្ភ​សម្រាប់​យើង​ភាគ​ច្រើន គឺ​នៅពេល​ដែល​យើង​មើល​ទៅក្នុង​ពិភពលោក ហើយ​យើង​ឃើញ​ភាព​ចលាចល យើង​ឃើញ​អ្វី​ដែល​កំពុង​កើតឡើង​នៅលើ​ព័ត៌មាន​ទូទាំង​ពិភពលោក ហើយ​វា​ជា​មូលហេតុ​នៃ​ការថប់បារម្ភ ។ ហើយ​ជា​រឿង​ដ៏​សោកសៅ​បំផុត​ដែល​យើង​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង និង​ឆ្លងកាត់​សម័យកាល​នៃ​ភាពចលាចល អយុត្តិធម៌ និង​ភាពលម្អៀង​ទាំងនោះ ។ ហើយ​ហេតុអ្វី​បានជា​វា​ធ្វើឲ្យ​យើង​មាន​ការថប់បារម្ភ ? ពីព្រោះ​វិញ្ញាណ​របស់យើង​មិនមែន​សម្រាប់​ការតស៊ូ​នោះទេ ។ ព្រះយេស៊ូវ​បង្រៀន​យ៉ាង​ច្បាស់​ថា « វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា​គឺ​ពុំមែន​ជា​របស់​ផង [ ទ្រង់ ] ទេ » ។ វិញ្ញាណ​របស់​យើង​គឺ​សម្រាប់​ភាពទន់ភ្លន់ ភាពស្លូតបូត សេចក្ដីស្រឡាញ់ ការអភ័យទោស និង​សេចក្តីសុខសាន្ត ។ ដូច្នេះ​ហើយ នៅពេល​យើង​មើល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​នៅជុំវិញ​យើង កំពុង​ជួប​ប្រទះ​នឹង​ភាព​ចលាចល និង​អយុត្តិធម៌​ក្នុង​ជីវិត វា​ពិតជា​លំបាក​ណាស់​សម្រាប់​វិញ្ញាណ​របស់​យើង ។ យើង​មិនចង់​ឃើញ​រឿង​នោះ​ទេ ។

ឥឡូវ​នេះ តើ​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​បន្ទូល​ឆ្លើយតប​យ៉ាងដូចម្តេច ? យើង​ដឹង​ថា ទ្រង់​មាន​បន្ទូល​ថា « នៅ​លោកិយ​នេះ [ មែនហើយ ] នោះ​អ្នករាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន » ។ នឹង​មាន​ភាព​ចលាចល និង​អយុត្តិធម៌ ។ នឹង​មាន​សង្គ្រាម ហើយ​នឹង​មាន​គ្រោះ​មហន្តរាយ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា « ត្រូវ​សង្ឃឹម​ឡើង » ។ ហេតុអ្វី ? ពីព្រោះ « ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។ យើង​ត្រូវ​ប្រាកដ​ថា យើង​ត្រូវតែ​ផ្តាច់ចេញ​ពី​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​ខិត​ទៅជិត​សេចក្តី​សុខសាន្ត​របស់​ទ្រង់​ដែល​កើតពី​ការដឹង​ថា ទ្រង់​បាន​យកឈ្នះ​លើ​លោកិយ ហើយ​បាន​បង់ថ្លៃ​សម្រាប់​ភាព​អយុត្តិធម៌ និង​ភាពលម្អៀង​ទាំងអស់​ដែល​យើង​ឃើញ​នៅ​ជុំវិញ​យើង​រួច​ហើយ ។ សូម​ទុក​ការរង់ចាំ​ចោល និង​បន្ធូរ​អារម្មណ៍​ចេញ​ពីទ្រូង​របស់​ក្មួយៗ ហើយ​ថ្វាយ​វា​ដល់​ទ្រង់ ។ ទ្រង់​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទ្រាំទ្រ​វា ។

តស់ មើល​វីដេអូ​បន្ទាប់ ។

ស្វែងរក​អំណរ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា

យុវមជ្ឈិមវ័យ ៖ តើ​ពួកលោក​រកឃើញ​អំណរ​យ៉ាង​ដូចម្តេច​ពេលនៅ​ជា​យុវមជ្ឈិម​វ័យ នៅពេល​ដែល​លោក​ពិតជា​មិនដឹង​ថា អនាគត​របស់​លោក​នឹងទៅ​ជា​បែបណា​នោះ ?

ស៊ីស្ទើរ ខៀរ៉ុន ៖ ចម្លើយ​សម្រាប់​សំណួរ​នេះ​ត្រូវបាន​ផ្អែកលើ—រឿង​ជាច្រើន—ជំនឿ និង​ការទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះហឫទ័យ​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​បរិបូរណ៍​របស់​ទ្រង់ ។ ទ្រង់​មាន​អនាគត​ដ៏​ស្រស់ស្អាត​បំផុត​សម្រាប់​ក្មួយៗ—សម្រាប់​យើង​ម្នាក់ៗ ។ កាលណា​យើង​កាន់តែ​ទុកចិត្ត​លើ​រឿង​នោះ នោះ​យើង​កាន់តែ​អាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ចុះចាញ់ និង​ចុះចូល​ទៅក្នុង​ព្រះហស្ត​របស់​ទ្រង់ ហើយ​រស់នៅតាម​ព្រះហឫទ័យ​របស់​ទ្រង់ ហើយ​កាលណា​យើង​អាច​ទុកចិត្ត​លើ​រឿង​ល្អៗ​ដែល​នឹង​មកដល់ ។ ខ្ញុំ​គិត​ថា វា​ពិតជា​ជួយ​យើង​ឲ្យ​រកឃើញ​អំណរ ។ វា​ផ្តល់ឲ្យ​យើង​នូវ​មូលដ្ឋាន​គ្រឹះ ភាពសុខសាន្ត​នៅក្នុង​ដួងចិត្ត​របស់​យើង និង​ទំនុកចិត្ត​នៅ​ចំពោះ​ព្រះអម្ចាស់ ។ គ្រាន់តែ​យើង​មិនអាច​ជួយ​អ្វី​បាន​ក្រៅពី​រីករាយ នៅពេល​ដែល​យើង​បង្កើន​ជំនឿ និង​ការទុកចិត្ត​លើ​ព្រះគ្រីស្ទ និង​ផែនការ​របស់​ទ្រង់​សម្រាប់​យើង ។ នោះជា​បទពិសោធន៍​របស់​ខ្ញុំ ។ ហើយ​នៅពេល​ដែល​រឿង​លំបាក​កើតឡើង ដែល​វា​តែងតែ​កើតឡើង ហើយ​វា​នឹង​តែងតែ​កើតឡើង​នោះ នោះ​យើង​មិនចាំ​បាច់​ភ្ញាក់ផ្អើល​ចំពោះ​រឿង​នោះទេ ។ យើង​គ្រាន់តែ​បង្វែរ​ដួងចិត្ត​របស់យើង​ទៅរក​ទ្រង់​ឲ្យ​កាន់តែ​ពេញលេញ ហើយ​សួរ​ទ្រង់​ថា « តើ​ក្នុង​ស្ថានភាព​នេះ ទ្រង់​សព្វព្រះទ័យ​ឲ្យ​ទូលបង្គំ​រៀន​អ្វី​ពី​វា ? » តើ​ទូលបង្គំ​ត្រូវ​ធ្វើអ្វី​ឥឡូវ​នេះ ដោយ​មាន​ទំនុកចិត្ត​យ៉ាង​ល្អ​ឥតខ្ចោះ ដែល​ជួយ​ក្មួយៗ​បន្ត​ទៅមុខ​ទៀត ។

អែលឌើរ ខៀរ៉ុន ៖ ខ្ញុំ​ក៏​ចូលចិត្ដ​គំនិត​នេះ​ដែរ ។ ពេលខ្លះ នៅពេល​ដែល​យើង​ព្រួយបារម្ភ​អំពី​អនាគត វា​អាច​ល្អ​ក្នុង​ការមើល​ត្រឡប់​ក្រោយ ។ ហើយ​ជីវិត​របស់​ក្មួយៗ គឺជា​ការលាយ​បញ្ចូលគ្នា​រវាង​ពេល​វេលា​ល្អៗ និង​ពេលវេលា​លំបាកៗ ក្នុង​សមាមាត្រ​ផ្សេងៗ​គ្នា ។ ខ្ញុំ​បានឮ​មនុស្ស​និយាយ​ថា « យើង​មិនដឹង​ថា យើង​បាន​ឡើង​ខ្ពស់​ប៉ុនណា​ទេ លុះត្រា​តែ​យើង​មើលចុះ​ក្រោម​ពី​លើភ្នំ​សិន » ។ នោះ​គឺជា​ការពិពណ៌នា​មួយ​ដ៏​មានន័យ​ណាស់​សម្រាប់​ខ្ញុំ ។ ហើយ​ជាក់ស្ដែង ភ្នំ​ដែល​យើង​ត្រូវឡើង​តែងតែ​មើលទៅ​គួរឲ្យ​ខ្លាច ។ ប៉ុន្តែ​នៅពេល​ដែល​យើង​មើលបក​ទៅក្រោយ​វិញ ហើយ​ក៏​លាន់មាត់​ថា « វ៉ាវ ! ខ្ញុំ​បាន​មកដល់​ឆ្ងាយ​ហើយ » នោះ​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​សម្រាប់​អនាគត​បាន ។

ស៊ីស្ទើរ ខៀរ៉ុន ៖ វា​ពិតជា​ជួយ​ណាស់​ក្នុង​ការចងចាំ​ថា « ព្រះ​[ ទ្រង់ ]​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង​ធឹង​វិញ » ។ ក្មួយៗ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ជីវិត ដែល​ក្មួយៗ​មាន​ការសម្រេចចិត្ត​ជាច្រើន​នៅ​ចំពោះមុខ​ក្មួយៗ—មាន​ផ្លូវ​បំបែក​ជាច្រើន​ដែល​អាច​កើត​មាន—ហើយ​វា​មិន​ប្រាកដប្រជា​នោះទេ ។ វា​មិន​ប្រាកដប្រជា​ទេ ប៉ុន្តែ​វា​ជួយ​ក្នុង​ការចងចាំ​ថា ក្មួយ​រាល់គ្នា​ត្រូវបាន​តែងតាំង​ទុក​ជាមុន​មក ។ មុន​ពេល​ក្មួយៗ​មក​ផែនដី​នេះ កាល​ក្មួយៗ​រស់នៅ​ជាមួយ​គ្រួសារ​សួគ៌ា​របស់​ក្មួយៗ ក្មួយៗ​ត្រូវបាន​តែងតាំង​ទុកជា​មុន​មក​សម្រាប់​គោលបំណង និង​បេសកកម្ម​ដ៏​ជាក់លាក់ ហើយ​ក្មួយៗ​ត្រូវបាន​តែងតាំង​ទុកជា​មុនមក​ដើម្បី​ទទួល​បាន​ជោគជ័យ ត្រូវបាន​តែងតាំង​ទុកជា​មុនមក​សម្រាប់​ភាពអស្ចារ្យ ដើម្បី​ជួយ​ព្រះអម្ចាស់​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ពេល​ព្រះយេហូវ៉ា​កំពុង​មាន​បន្ទូល​ទៅកាន់​ម៉ូសេ ទ្រង់​មានបន្ទូល​ទៅកាន់​លោក​ថា « បុត្រ​យើង​អើយ … យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ។ ហើយ​រឿង​ដដែល​នេះ​ក៏​ពិត​ចំពោះ​យើង​ម្នាក់ៗ​ដែរ ។ ទ្រង់​មាន​កិច្ចការ​មួយ​សម្រាប់​ក្មួយៗ និង​សម្រាប់​ខ្ញុំ ហើយ​យើង​ត្រូវបាន​តែងតាំង​ទុកជាមុន​សម្រាប់​ភាពអស្ចារ្យ​នេះ ។

អែលឌើរ ខៀរ៉ុន ៖ គំនិត​នោះ​ល្អណាស់ ។ ហើយ​ខ្ញុំ​គិតថា ការអញ្ជើញ​មួយ​ដែល​ខ្ញុំ​អញ្ជើញ​នា​រាត្រី​នេះ គឺ​យើង​គិត​ឲ្យបាន​ជ្រៅ​អំពី​រឿង​នោះ ។ ប្រហែល​ជា​អ្នក​ខ្លះ​បាន​ធំឡើង​ជាមួយ​នឹង​ចំណេះដឹង​អំពី​ការណ៍​ដែល​ត្រូវបាន​តែងតាំង​ទុកជាមុន​សម្រាប់​ភាពអស្ចារ្យ​នេះ ថា​វា​ជា​អ្វី​ដែល​មាន​ស្រាប់​ហើយ ។ ប៉ុន្តែ​តើ​តម្លៃ​របស់វា​បាន​ថយចុះ​ដែរ​ឬ​ទេ ដោយសារ​វា​តែងតែ​ជា​ផ្នែកមួយ​នៃ​អារម្មណ៍​ក្នុង​ជីវិត​របស់​យើង​នោះ ? ប៉ុន្តែ​វា​ជា​រឿងពិត ។

និយាយ​ឲ្យ​សាមញ្ញ នៅពេល​យើង​ភ្ជាប់​ពាក្យ មាន​ស្ត្រី​ដ៏​ឈ្លាសវៃ​ម្នាក់​នៅក្នុង​ជីវិត​របស់​យើង—ដើម្បី​ស្វែងរក​អំណរ​នៅក្នុង​អនាគត​ដ៏​មិន​ប្រាកដប្រជា—គាត់​និយាយ​ថា « អំណរ​គឺ​មាន​មក​កាន់​យើង​មួយ​ស្លាបព្រា​ម្ដងៗ » ។ ពិត​ណាស់ គាត់​បាននិ​យាយ​ថា « មួយ​ស្លាបព្រា​កាហ្វេ​ម្ដងៗ » ។ ហើយ​នោះ​ជា​ការប្រៀបធៀប​ដ៏ល្អ​ដែល​នៅជាប់​នឹង​យើង ។ គាត់​ចង់​មានន័យ​ថា អំណរ​គឺជា​ពេល​ព្រឹក​ដ៏​ស្រស់ស្អាត ។ អំណរ​គឺជា​ការភ្លក់​រសជាតិ​តូច​មួយ​នៃ​អ្វីមួយ ។ អំណរ​គឺជា​គ្រាមួយ​នៅជា​មួយ​មិត្ត ឬ​អ្វីៗ​ផ្សេង​ទៀត ។ ប៉ុន្តែ អំណរ​កើត​មាន​មក​មួយ​ស្លាបព្រា​ម្ដងៗ ។ នោះ​ជា​ការពិត ។

អ្វី​មួយទៀត​ដែល​ខ្ញុំ​ចង់បង្ហាញ​គឺ​ថា ការស្វែងរក​អំណរ​គឺ​ត្រូវ​ហាត់រៀន ។ អ្វីៗ​ទាំងអស់​ត្រូវ​ហាត់រៀន ត្រូវ​ខ្នះខ្នែង​ខិតខំ​ធ្វើការ ។ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ—យើង​ចង់​អញ្ជើញ​ក្មួយៗ​ឲ្យ​ដាក់​ពេល​មួយ​ម៉ោង​រាល់​សប្ដាហ៍ ដើម្បី​ផ្ដោត​ឲ្យ​ប្រាកដ​លើ​ការស្វែងរក​អំណរ ៖ នៅ​ម៉ោង​ទទួល​សាក្រាម៉ង់​នៅ​ថ្ងៃអាទិត្យ ។ ចូរ​យើង​ធ្វើឲ្យ​វា​ក្លាយជា​ម៉ោង​ដ៏​មាន​អំណរ​បំផុត​ក្នុង​សប្ដាហ៍​នោះ​ដែល​យើង​ទទួល​បទពិសោធន៍ ។ បន្ទាប់មក យើង​អាច​សង្ឃឹមថា អំណរ​នឹង​ត្រូវបាន​សាយភាយ​ពី​ត្រង់​ចំណុច​នោះ​ទៅ ។ ប៉ុន្តែ​ស្រមៃមើល​បើ​យើង​មិនបាន​ធ្វើ​ឲ្យ​ម៉ោង​នោះ​ជា​ម៉ោង​ដ៏​មានអំណរ​នៅក្នុង​សប្ដាហ៍​ទេ​នោះ ។ នោះ​យើង​ច្បាស់ជា​ខាតបង់​ខ្លាំង​ណាស់ ! ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ធ្វើឲ្យ​ម៉ោង​សាក្រាម៉ង់ ជា​ម៉ោង​ប្រកប​ដោយ​អំណរ​បំផុត ដ៏​ពិសេស​បំផុត ។ មែនហើយ នឹង​មាន​ទឹកភ្នែក​នៅពេល​ក្មួយៗ​គិត​អំពី​អំណោយ​ជា​ដង្វាយធួន​ដ៏​មហិមា​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​ច្បាស់​ជា​មាន​អំណរ នៅពេល​យើង​គិត​អំពី​ទ្រង់​ចេញ​មកពី​ផ្នូរ ហើយ​អ្វីៗ​គ្រប់យ៉ាង​ដែល​ទ្រង់​បាន​ដក​បន្ទុក​ចេញពី​ក្មួយៗ ។

អូខេ យើង​មាន​វីដេអូ​មួយ​ទៀត ។

យល់ដឹង និង​អនុវត្ដ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

យុវមជ្ឈិមវ័យ ៖ តើ​យើង​អាច​យល់​អំពី​ដង្វាយធួន​បាន​កាន់តែ​ច្បាស់​ដោយ​របៀបណា ? តើ​យើង​អាច​អនុវត្ត​ដង្វាយធួន​នៅក្នុង​ជីវិត​របស់យើង​ដោយ​របៀបណា ?

អែលឌើរ ខៀរ៉ុន ៖ ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​នៅពេល​មាន​អាយុ​២៦​ឆ្នាំ ។ ខ្ញុំ​បកទៅ​រឿង​នោះ​វិញ ហើយ​ថា​តើ​វា​ពិបាក​ប៉ុនណា​សម្រាប់​ខ្ញុំ​ក្នុង​ការយល់ដឹង​អំពី​ដង្វាយធួន​នៅពេល​នោះ ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល ហើយ​ស្ទើរតែ​មិន​អាច​ជឿ​បាន ។ ដូច្នេះ​ហើយ នៅពេល​ដែល​ខ្ញុំ​គិត​អំពី​រឿង​នោះ​ឥឡូវ​នេះ ខ្ញុំ​គិត​អំពី​ផែនការ​របស់​ព្រះ ៖ ព្រះ​ជា​ព្រះវរបិតាសួគ៌​ដ៏​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ស្រឡាញ់​យើង ដែល​ជា​បុត្រាបុត្រី​របស់​ទ្រង់ ។ ហើយ​គោលបំណង​នៃ​ការមក​ទីនេះ—ដើម្បី​រៀន រីកចម្រើន មាន​ទំនាក់ទំនង ស្រឡាញ់ និង​ប្រព្រឹត្ត​ដោយ​ជំនឿ ។ ហើយ​ទទួល​ដង្វាយធួន ។

ទ្រង់​ជ្រាបថា​យើង​នឹង​ធ្វើ​ខុស ដូច្នេះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ទ្រង់​មក—ក្មួយ​ដឹង ក្មួយ​និយាយ​ថា « ក្មួយ​មើល ហើយ​ក្មួយ​យំ ក្មួយ​គិត ហើយ​ក្មួយ​យំ » ដើម្បី​ទទួល​យក​អំពើបាប​របស់​យើង​ដាក់​លើ​អង្គ​ទ្រង់ ។ ដោយ​របៀប​ណា ? ទ្រង់​នឹង​ពន្យល់​វា​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​យើង​ដឹង​ថា ទ្រង់​បានធ្វើ​វា ។ ដូច្នេះ នៅពេល​ដែល​ខ្ញុំ​គិត​អំពី​ដង្វាយធួន​បែប​នោះ ខ្ញុំ​គិត​អំពី​គោលបំណង​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ក្មួយៗ និង​សម្រាប់​ខ្ញុំ ។ ហើយ​ក្រោយមក​ជាមួយ​នឹង​បរិបទ​នោះ ខ្ញុំ​អាច​ចាប់ផ្តើម​យល់ ។ ប៉ុន្តែ​ខ្ញុំ​មិនគិត​ថា យើង​ណាម្នាក់​មាន​ការយល់ដឹង​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ដង្វាយធួន​នៅ​ទីនេះ​ទេ ។

ប៉ុន្តែ​កាល​យើង​យល់​ថា ផែនការ និង​ដង្វាយធួន​អាច​ជួយ​យើង​ឆ្លងកាត់​ការសាកល្បង បញ្ហា​ប្រឈម​ណាមួយ យល់ពី​ភាព​សុខសាន្ត យល់​ពី​សេចក្ដី​ស្រឡាញ់ និង​អំណរ ក៏​ដូចជា​អំពើ​អាក្រក់ និង​អំពើបាប​របស់​អ្នកដទៃ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ហើយ ។ ហើយ​សម្រាប់​ខ្ញុំ សេចក្ដី​អំណរ​ក៏​មកដល់ បន្ទាប់ពី​ការទួញ​សោក ។ វា​ពិតជា​អំណរគុណ​ដ៏​លើសលប់​ដែល​ទ្រង់​បាន​ដកយក​គ្រប់​ទាំងអស់ ។ ហើយ​នោះ​គឺជា​ការដឹង​ដ៏​ល្អ​បំផុត​ដែល​ថា បន្ទាប់ពី​ការទួញសោក ទុក្ខព្រួយ និង​ការឈឺចាប់ គឺ​មាន​នូវ​សេចក្តី​រីករាយ ។ វា​លើសពី​ការយល់ដឹង​របស់​ខ្ញុំ ។ ប៉ុន្តែ​វា​មាន​ពិត វា​ជារឿង​ពិត ហើយ​វា​ស្រស់ស្អាត​ណាស់ ។ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​វា​ឥឡូវ​នេះ ។

ស្ទើរ ខៀរ៉ុន ៖ រាល់​ពេល​ដែល​ខ្ញុំ​ត្រូវបាន​ប្រទាន​កម្លាំង​ឲ្យ​អត់ធ្មត់​ជាងមុន​បន្តិច ឬ​មាន​ចិត្ត​ស្ងប់ស្ងាត់​ជាងមុន​បន្តិច ឬ​ធ្វើ​ការជ្រើសរើស​ប្រសើរ​ជាងមុន—គឺ​គ្រប់ពេល​ដែល​ខ្ញុំ​បាន​ទទួលកម្លាំង ឬ​ការណែនាំ ឬ​គ្រាន់តែ​ជា​ការជំរុញ​បន្តិចបន្តួច​នៅ​ទីនេះ ឬ​ទីនោះ ដើម្បី​ក្លាយជា​មនុស្ស​ប្រសើរ​ជាងមុន​បន្តិច—សម្រាប់​ខ្ញុំ នោះ​គឺជា​ព្រះចេស្ដា និង​កម្លាំង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ហូរចេញ​ពី​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ។ ក្មួយ​ដឹង​ទេ ទ្រង់​មាន​សិទ្ធអំណាច​នៃ​សេចក្តី​មេត្តា​ករុណា ។ ទ្រង់​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​សិទ្ធអំណាច​នៃ​សេចក្តី​មេត្តា​ករុណា និង​ព្រះចេស្តា​ពី​ព្រះវរបិតា ដើម្បី​ទ្រង់​អាច​ប្រទាន​កម្លាំង និង​ព្រះចេស្តា​របស់​ទ្រង់​ដល់​យើង តាមរយៈ​ការពិត​ដែល​ទ្រង់​បានរងទុក្ខ​សម្រាប់​ក្មួយ និង​សម្រាប់​ខ្ញុំ នៅក្នុង​សួនច្បារ​នោះ និង​នៅលើ​ឈើឆ្កាង​នោះ ។ ពីព្រោះ​ទ្រង់​បាន​ស្មគ្រ័​ព្រះទ័យ​ធ្វើ​ដូច្នោះ ហើយ​ពីព្រោះ​ទ្រង់​បាន​ធ្វើតាម​យ៉ាង​ត្រឹមត្រូវ​រហូត​ដល់​ទី​បញ្ចប់ នោះ​ទ្រង់​មាន​សិទ្ធ​អំណាច និង​ព្រះចេស្តា​ក្នុង​ការប្រទាន​កម្លាំង សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្ឃឹម​របស់​ទ្រង់​ដល់​ក្មួយៗ ។

ស៊ីស្ទើរ ខៀរ៉ុន ៖ នៅក្នុង​គម្ពីរ​ម៉ូសេ យើង​អាន​ថា ការបង្ក​បង្កើត​របស់​ព្រះ​មាន​ច្រើន​ឥត​គណនា ។ គ្មាន​វិធី​ណា​ដែល​យើង​អាច​រាប់​ពួកវា​បានទេ ។ ប៉ុន្ដែ ទ្រង់​មាន​បន្ទូល​នៅក្នុង ម៉ូសេ ១ « ពួកវា​ពុំ​អាច​រាប់បាន​អស់​ចំពោះ មនុស្ស ឡើយ ប៉ុន្តែ​ត្រូវ​បាន​រាប់​ចំពោះ យើង ត្បិត​របស់​ទាំងនោះ​ជា ​របស់ផង​យើង » ។ នា​រាត្រី​នេះ ក្មួយៗ​ជា​១​នាក់​ក្នុង​ចំណោម ១,០០០,០០០ នាក់ ប៉ុន្តែ​ជាក់ស្តែង​នៅក្នុង​ពិភពលោក​នេះ ក្មួយ​ជា​១នាក់​ក្នុង​ចំណោម ៨,០០០,០០០,០០០ នាក់ ប៉ុន្តែ​ក្មួយ​ត្រូវបាន​រាប់បញ្ចូល​ចំពោះ​ព្រះ ។ ទ្រង់ ស្គាល់ ក្មួយៗ ។ ទ្រង់​ស្គាល់ និង​ស្រឡាញ់​ក្មួយៗ ហើយ​ទ្រង់​ជ្រាប​រាល់​ភាពលម្អិត​នៃ​ជីវិត​របស់​ក្មួយៗ ។ ទ្រង់​ស្គាល់​ក្មួយ​តាម​ឈ្មោះ ហើយ​ទ្រង់​នឹង « ទុក​កៅសិប​ប្រាំបួន » ទៅតាម​រក​មួយ ។ ប្រសិនបើ​ម្នាក់​នោះ​ជា​ក្មួយ ប្រសិនបើ​ម្នាក់​នោះ​ជា​មនុស្ស​ដែល​ក្មួយ​ស្រឡាញ់ នោះ​៩៩​ភាគរយ​គឺ​មិន​ទាន់ល្អ​គ្រប់គ្រាន់​សម្រាប់​ព្រះអង្គសង្គ្រោះ​ទេ ។ ទ្រង់​ចង់បាន​គ្រប់ៗ​គ្នា ហើយ​កិច្ចការ​របស់​ទ្រង់​នឹង​មិនត្រូវ​បាន​បញ្ចប់​ទេ រហូត​ដល់​ទាំងអស់​ត្រូវ​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​សុវត្ថិភាព ។

អែលឌើរ ខៀរ៉ុន ៖ ហើយ​ប្រសិនបើ​យើង​យល់​អំពី​រឿង​សំខាន់​មួយទៀត​ទាក់ទង​នឹង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ វា​អាច​មកពី​ទីនេះ​ចេញ​ពី​នីហ្វៃទី ២ ជំពូក ៩ ៖ « ហេតុ​ដូច្នោះ​ហើយ ត្រូវតែ​មាន​ដង្វាយធួន​ដ៏​និរន្តរ៍​មួយ—លើកលែង​តែ​មាន​ដង្វាយធួន ដ៏​និរន្តរ៍ នោះ​ការពុក​រលួយ​នេះ ក៏​មិនអាច​ក្លាយទៅ​ជា​មិន​ពុករលួយ​វិញ​បាន​ឡើយ » ។ ខ្ញុំ​ពិតជា​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​យើង​ទាំងអស់គ្នា​អាច​ជួបជុំ​គ្នា​នារាត្រី​នេះ​ជាមួយ​នឹង​ជំនឿ អំណាច និង​ការយល់ដឹង​ដែល​ហូរចេញ​ពី​ដង្វាយ​ធួន​នោះ ។

ឥឡូវ​នេះ យើង​មាន​សារ​មួយ—ជា​សារលិខិត​មួយ​មកពី​ប្រធាន ដាល្លិន អេក អូក ។ ហើយ​វា​ខ្លី​ណាស់ ។ វា​មាន​រយៈពេល​ប្រហែល​មួយ​នាទី​កន្លះ។ ប៉ុន្តែ​នៅពេល​ក្មួយៗ​ស្តាប់​សារ​នេះ សូម​ស្តាប់​ការសន្យា​ដែល​លោក​ផ្តល់ឲ្យ​ក្មួយៗ ។

ប្រធាន ដាល្លិន អេក អូក ៖ មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ឱកាស​ដ៏​អស្ចារ្យ​បំផុត​មួយ​ដើម្បី​រៀនសូត្រ ប្រមូលផ្តុំ និង​លើកស្ទួយ​អ្នក​ដទៃ គឺ​អាច​រកឃើញ​នៅឯ​ថ្នាក់វិទ្យាស្ថាន ។

យើង​រស់នៅ​ក្នុង​សម័យ​កាល ក្នុង​គ្រា​ដែល​សំឡេង​រំខាន និង​ការភាន់ច្រឡំ​កើតឡើង​ជា​ទូទៅ ។ ផ្ទុយ​ទៅវិញ នៅឯ​ថ្នាក់វិទ្យាស្ថាន នោះ​ក្មួយៗ​នឹង​រៀន​ដើម្បី​ញែកដឹង​ការពិត​ពី​កំហុស ស្ថាបនា​ទំនាក់ទំនង​របស់​ក្មួយៗ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ស្វែងរក​ការណែនាំ និង​រុករក​ចម្លើយ​នានា​ចំពោះ​សំណួរ​ទាំងឡាយ​សម្រាប់​ជីវិត ជួប​អ្នក​ដទៃ​ដើម្បី​ជួយ​ក្មួយៗ​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ជួប​មនុស្ស​ដែល​ក្មួយៗ​អាច​ណាត់ជួប​ជាគូ និង​រៀបការ ហើយ​និង​រៀបចំ​ខ្លួន​ដើម្បី​ផ្តល់​ក្តី​ស្រឡាញ់ និង​ដឹកនាំ​ដូចជា​ព្រះអង្គ​សង្រ្គោះ ។

យុវមជ្ឈិមវ័យ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ចូលរួម​ថ្នាក់​វិទ្យាស្ថាន​ឲ្យ​ជាប់លាប់ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ក្មួយៗ​ឲ្យ​អញ្ជើញ​មិត្តភក្តិ​ផ្សេងទៀត​ឲ្យ​ទទួលបាន​នូវ​ពរជ័យ​ដូចគ្នា​នេះ ។ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយៗ​ថា ពេល​វេលា​របស់​ក្មួយៗ​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​នឹង​នាំ​មកនូវ​សេចក្តី​សុខសាន្ត អំណរ និង​សេចក្តី​ស្រឡាញ់​ដ៏​ទេវភាព​របស់​ព្រះអង្គសង្រ្គោះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ហែនរី ប៊ី អាវរិង « Waiting upon the Lord » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ១៩៩០ ) នៅលើ​គេហទំព័រ speeches.byu.edu ។

  2. យ៉ូហាន ១០:១–៥ ។

  3. « ព្រះអង្គសង្គ្រោះ​តែងតែ​គង់នៅ​ទីនោះ​ជានិច្ច—បង្រៀន ថ្លែងទីបន្ទាល់ និង​សង្គ្រោះ​អ្នកដទៃ» ( ថូម៉ាស អេស ម៉នសុន « Anxiously Engaged » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០០៤ ទំព័រ ៥៦ ) ។

  4. យ៉ាកុប ១:៥ សូម​មើល យ៉ាកុប ២:៣ ; ៤:១៨ ។

  5. យ៉ាកុប ៤:២–៤ ។

  6. នីហ្វៃ​ទី​៣ ១១:២៩ ។

  7. យ៉ូហាន ១៦:៣៣ ។

  8. ធីម៉ូថេទី២ ១:៧ ។

  9. ម៉ូសេ ១:៦ ។

  10. ម៉ូសេ ១:៣៧ បាន​គូស​បញ្ជាក់​បន្ថែម ។

  11. លូកា ១៥:៤ ។

  12. នីហ្វៃ​ទី​២ ៩:៧ បាន​គូសបញ្ជាក់​បន្ថែម ។