ការគ្រប់គ្រងអាទិភាពដែលមានការប្រកួតប្រជែង ៖ សាលីន ម៉ាញណើរ
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
អាទិភាពដ៏ធំបំផុតរបស់ខ្ញុំគឺការស្រឡាញ់ព្រះ និងអ្នកដទៃ ។ ប្រធាន ប៊ែនសឹន បានមានប្រសាសន៍ថា នៅពេលយើងដាក់ព្រះជាអាទិភាព នោះអ្វីៗផ្សេងទៀតទាំងអស់នឹងធ្លាក់ចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ។ សេចក្តីពិតនៃបញ្ហានោះគឺថា យើងទាំងអស់គ្នាស្ថិតក្នុងកាលៈទេសៈខុសៗគ្នា ។ ពួកយើងខ្លះផ្គត់ផ្គង់គ្រួសាររបស់យើង ពួកយើងខ្លះនៅលីវ ពួកយើងខ្លះមានកូន ពួកយើងខ្លះរស់នៅតែម្នាក់ឯង និងខ្លះទៀតក្រៅពីកូនៗរបស់ពួកគេ ត្រូវទទួលខុសត្រូវលើគ្រួសាររបស់គេទៀត ។ អ្វីដែលខ្ញុំបានរៀនគឺថា ប្រសិនបើយើងដាក់ព្រះជាអាទិភាព នោះអ្វីៗទាំងអស់នឹងធ្លាក់ចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ។ ប្រធាន អូក បានមានប្រសាសន៍ថា « យើងអាចមើលឃើញអាទិភាពរបស់យើងច្បាស់បំផុត តាមរបៀបដែលយើងប្រើប្រាស់ពេលវេលារបស់យើង » ។ ដូច្នេះខ្ញុំបានរកឃើញថា ក្នុងការវិភាគពីរបៀបដែលខ្ញុំប្រើប្រាស់ពេលវេលារបស់ខ្ញុំ នោះខ្ញុំអាចមើលឃើញកាន់តែច្បាស់ ប្រសិនបើជីវិតរបស់ខ្ញុំស្របតាមអាទិភាពរបស់ខ្ញុំដែរឬអត់ ។
ខ្ញុំជាគ្រូពេទ្យសង្គ្រោះបន្ទាន់ ហើយខ្ញុំមើលថែអ្នកទាំងឡាយណាដែលមកមន្ទីរពេទ្យដោយមានជំងឺ ឬការឈឺចាប់ ឬពិការ ឬបានបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រោះថ្នាក់ដ៏សោកសៅមួយ ។ គោលដៅរបស់ខ្ញុំគឺស្រឡាញ់ព្រះជាមុនសិន និងស្រឡាញ់អ្នកដទៃ ។ ដូច្នេះហើយ ក្នុងរយៈពេលដ៏ខ្លីមួយ ខ្ញុំត្រូវតែបង្កើតទំនាក់ទំនងនៃការជឿទុកចិត្តមួយ ហើយខ្ញុំត្រូវតែជួយមនុស្សដទៃទៀតឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះ ។ ពេលទៅធ្វើការ ខ្ញុំមិនគិតថា « តើខ្ញុំអាចបន្តអាជីពរបស់ខ្ញុំដោយរបៀបណា ខណៈពេលដែលខ្ញុំកំពុងធ្វើការនៅថ្ងៃនេះនោះទេ ? » ការអធិស្ឋានរបស់ខ្ញុំជារៀងរាល់ថ្ងៃមុនពេលខ្ញុំទៅធ្វើការគឺ « តើខ្ញុំអាចជួយអ្នកជំងឺរបស់ខ្ញុំ មានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? » វាក៏មានសារៈសំខាន់បំផុតផងដែរ ពេលមនុស្សចាកចេញពីផ្នែកសង្គ្រោះបន្ទាន់ដោយមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយខ្ញុំ ។ ខ្ញុំមិនល្អឥតខ្ចោះទេ ប៉ុន្តែខ្ញុំនឹងប្រាប់បងប្អូនថា រាល់ពេលដែលខ្ញុំទៅធ្វើការ រាល់ពេលដែលខ្ញុំក្រោកពីព្រលឹម រាល់ពេលដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយកូនៗរបស់ខ្ញុំ នោះការអធិស្ឋានរបស់ខ្ញុំគឺថា ពួកគេអាចមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌តាមរយៈខ្ញុំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន ។ ទ្រង់ស្រឡាញ់បុត្រាបុត្រីម្នាក់ៗរបស់ទ្រង់ ។ ខ្ញុំក៏សូមថ្លែងទីបន្ទាល់ថា នៅពេលយើងព្យាយាមចែកចាយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ នោះដួងចិត្តរបស់យើងផ្ទាល់នឹងត្រូវបានបំពេញផងដែរ ។ យើងនឹងបានពោរពេញដោយពន្លឺនៃព្រះយេស៊ូវគ្រីស្ទ ហើយពួកគេនឹងអាចមានអារម្មណ៍នៃសេចក្តីស្រឡាញ់ពីទ្រង់តាមរយៈយើង ។