« សាំយូអែល ទី១ ១៧ ៖ ដេវីឌ និងកូលីយ៉ាត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សាំយូអែល ទី១ ១៧ ៖ ដេវីឌ និងកូលីយ៉ាត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀនទី ៧៤
សាំយូអែល ទី១ ១៧
ដេវីឌ និងកូលីយ៉ាត
ពេលដេវីឌចេញទៅច្បាំងនឹងកូលីយ៉ាត កាលនោះដេវីឌ « នៅក្មេងណាស់ » ប្រឈមមុខនឹងកូលីយ៉ាត « ជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេង » ( សាំយូអែល ទី១ ១៧:៣៣ ) ។ ទោះជាយ៉ាងណា ដេវីឌបានដឹងថាព្រះអម្ចាស់គង់ជាមួយទ្រង់ ដែលផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។ សព្វថ្ងៃនេះ យើងអាចស្វែងរកកម្លាំងនៅក្នុងបញ្ហាប្រឈមរបស់យើង នៅពេលយើងប្រឈមមុខនឹងបញ្ហាប្រឈមទាំងនោះជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សពឹងផ្អែកលើព្រះអម្ចាស់ នៅពេលពួកគេប្រឈមមុខនឹងបញ្ហារបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពនានា នៅពេលយុវជនម្នាក់ត្រូវបង្ហាញសេចក្ដីក្លាហាន ។ សិស្សអាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិសម្រាប់បទពិសោធន៍ដែលពួកគេមានដែលតម្រូវឲ្យមានសេចក្ដីក្លាហាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
កូលីយ៉ាតរបស់ខ្ញុំ
មុនពេលចូលរៀន សូមពិចារណាអំពីការដាក់ស្កត់ ឬហ្វឺតមួយប្រភេទទៀតនៅលើជញ្ជាំង ដើម្បីបង្ហាញថាតើកូលីយ៉ាតមានកម្ពស់ប៉ុនណា ( ប្រហែល ៩ ហ្វីត ៩ អ៊ីញ ឬ ៣ ម៉ែត្រ ) ។
សូមបង្ហាញរូបភាពដែលមាននៅខាងដើមមេរៀននេះដោយយកចិត្តទុកដាក់ ។
-
តើអ្នកដឹងអ្វីខ្លះអំពីរឿងរបស់ដេវីឌ និងកូលីយ៉ាត ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឈរ ហើយប្រៀបធៀបកម្ពស់របស់ពួកគេជាមួយនឹងកម្ពស់របស់កូលីយ៉ាតនៅលើជញ្ជាំង ។ សូមលើកទឹកចិត្តពួកគេឲ្យស្រមៃថា តើនឹងទៅជាយ៉ាងណាក្នុងការប្រឈមមុខនឹងកូលីយ៉ាតក្នុងការប្រយុទ្ធមួយទល់នឹងមួយ ។
សូមគូររូបមនុស្សចង្កឹះដ៏ធំមួយនៅលើក្តារខៀនដែលតំណាងឲ្យកូលីយ៉ាត ។ ដាក់ស្លាករូបនោះថាជា បញ្ហាប្រឈមរបស់យើង ។ អញ្ជើញសិស្សឲ្យរាយបញ្ហាប្រឈមដែលយុវវ័យប្រឈមមុខនៅជាប់នឹងរូបមនុស្សចង្កឹះដ៏ធំនោះនៅលើក្តារខៀន ។
-
តើមានបញ្ហាប្រឈមអ្វីខ្លះ—ធំ ឬតូច—ដែលយុវវ័យប្រឈមមុខសព្វថ្ងៃ ?
បន្ទាប់ពីសិស្សបានរាយបញ្ជីបញ្ហាប្រឈមមួយចំនួននៅលើក្ដារខៀន សូមអញ្ជើញពួកគេឲ្យគូររូបមនុស្សចង្កឹះដ៏ធំមួយនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ហើយដាក់ស្លាកវាថា បញ្ហាប្រឈមរបស់ខ្ញុំ ។ សិស្សអាចសរសេរបញ្ហាប្រឈមផ្ទាល់ខ្លួននៅជាប់នឹងរូបមនុស្សចង្កឹះរបស់ពួកគេ ។ សូមឲ្យសិស្សគិតពិចារណាដោយស្ងៀមស្ងាត់អំពីចំណុចខាងក្រោមនេះ ៖
សូមជញ្ជឹងគិតអំពីបញ្ហាប្រឈមទាំងឡាយដែលអ្នកប្រហែលជាមាននៅក្នុងជីវិតរបស់អ្នក ។ ជ្រើសរើសបញ្ហាប្រឈមមួយដើម្បីផ្តោតលើនាសព្វថ្ងៃនេះ ។ សូមគិតថាតើអ្នកមានអារម្មណ៍ជឿជាក់យ៉ាងដូចម្តេច ថាព្រះអម្ចាស់អាចជួយអ្នកជាមួយនឹងបញ្ហាប្រឈមនេះ ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
នៅពេលអ្នកសិក្សា សាំយូអែល ទី១ ១៧ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកដឹងពីរបៀបដែលអ្នកអាចអញ្ជើញជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីប្រឈមមុខនឹងបញ្ហារបស់អ្នក ។
សេចក្ដីជំនឿយកឈ្នះលើភាពភ័យខ្លាច
ដើម្បីជួយសិស្សរបស់អ្នកឲ្យយល់អំពីបរិបទនៃដំណើររឿងនេះ អ្នកអាចចែកចាយព័ត៌មានលម្អិតពីកថាខណ្ឌខាងក្រោម ដែលសិស្សអាចមិនបានចែកចាយនៅពីដើមមេរៀនឡើយ ។
អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមជាមួយពួកភីលីស្ទីន ។ អ្នកចម្បាំងភីលីស្ទីនម្នាក់ ឈ្មោះកូលីយ៉ាត បានបបួលធ្វើការប្រកួតមួយ។ គាត់បាននិយាយថា ប្រសិនបើពួកសាសន៏អ៊ីស្រាអែលណាម្នាក់យកឈ្នះគាត់ក្នុងការប្រយុទ្ធតែមួយលើក នោះពួកភីលីស្ទីននឹងចុះចាញ់ ហើយធ្វើជាពួកអ្នកបម្រើរបស់សាសន៏អ៊ីស្រាអែល ។ ប៉ុន្តែ បើកូលីយ៉ាតឈ្នះ ពួកសាសន៏អ៊ីស្រាអែលនឹងធ្វើជាពួកអ្នកបម្រើរបស់ពួកភីលីស្ទីន ។ អស់រយៈពេល ៤០ ថ្ងៃ កូលីយ៉ាតបានមក ហើយបបួលពួកសាសន៏អ៊ីស្រាអែលឲ្យប្រយុទ្ធគ្នា ។ ស្ដេចសូល និងកងទ័ពរបស់អ៊ីស្រាអែលមានការភ័យខ្លាច ។ ដេវីឌបានមកចែកស្បៀងអាហារដល់បងប្អូនរបស់គាត់ដែលជាទាហានក្នុងជួរទ័ព ។ គាត់បានឮកូលីយ៉ាតផ្គើននឹងកងទ័ពអ៊ីស្រាអែល ( សូមមើល សាំយូអែល ទី១ ១៧:១–២៥ ) ។
សូមអាន សាំយូអែល ទី១ ១៧:២៦ ដោយរកមើលពីរបៀបដែលដេវីឌបានឆ្លើយតប នៅពេលគាត់បានឮកូលីយ៉ាតផ្គើននឹងកងទ័ពអ៊ីស្រាអែល ។
-
តើការឆ្លើយតបអ្វីរបស់ដេវីឌដែលអ្នកចាប់អារម្មណ៍ ?
ដើម្បីជួយសិស្សសិក្សាខគម្ពីរខាងក្រោម អ្នកអាចអញ្ជើញសិស្សបីនាក់ដែលស្ម័គ្រចិត្តឲ្យអានតួនាទីរបស់ស្តេចសូល ដេវីឌ និងអ្នកនិទានរឿង ។
សូមអាន សាំយូអែល ទី១ ១៧:៣១–៣៧ ដោយរកមើលថាហេតុអ្វីបានជាដេវីឌមានទំនុកចិត្តយ៉ាងខ្លាំងចំពោះ « ព្រះដ៏មានព្រះជន្មរស់ » ( ខទី ៣៦ ) ។
ដើម្បីជួយសិស្សឲ្យស្រមៃឃើញពីខគម្ពីរទាំងនេះអ្នកអាចបង្ហាញវីដេអូ « David and Goliath » ចាប់ពីនាទីទី ០:០០ ដល់ ១:២០ ឬ « The Lord Will Deliver Me » ចាប់ពីនាទីទី ០:៤៧ ដល់ ១:៥៩ ។ វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើដេវីឌបានរៀនសូត្រអ្វីខ្លះអំពីព្រះអម្ចាស់ ដែលបានទុកចិត្តឲ្យគាត់ទៅប្រយុទ្ធនឹងកូលីយ៉ាត ?
ការជួយសិស្សឲ្យថ្លែងពីគោលការណ៍នៃការប្រែចិត្តជឿជាពាក្យសម្តីរបស់ពួកគេផ្ទាល់ អាចធ្វើឲ្យការយល់ដឹងរបស់ពួកគេអំពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីកាន់តែស៊ីជម្រៅ ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺដោយការសួរសំណួរតាមដានបន្ទាប់ពីសិស្សបានចែកចាយការពន្យល់ ។ សំណួរខាងក្រោមគឺជាគំរូមួយ ។
( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីរបៀបជួយសិស្សឲ្យថ្លែងពីគោលការណ៍នៃការប្រែចិត្តជឿ សូមមើល « ផ្តោតលើសេចក្ដីពិតដែលនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
-
តើអ្វីដែលដេវីឌបានរៀនសូត្រអំពីព្រះអម្ចាស់អាចជួយយើង នៅពេលយើងប្រឈមមុខនឹងឧបសគ្គរបស់យើង ?
គោលការណ៍មួយដែលសិស្សអាចនិយាយតាមពាក្យពេចន៍ផ្ទាល់ខ្លួនរបស់ពួកគេគឺថា នៅពេលយើងពឹងផ្អែកលើព្រះអម្ចាស់ ទ្រង់នឹងជួយយើងឲ្យប្រឈមមុខនឹងឧបសគ្គរបស់យើង ។
ការពឹងផ្អែកលើព្រះអម្ចាស់
សូមអាន សាំយូអែល ទី១ ១៧:៣៨–៥១ ដោយរកមើលរបៀបដែលដេវីឌពឹងផ្អែកលើព្រះអម្ចាស់ នៅពេលគាត់ប្រឈមមុខនឹងកូលីយ៉ាត ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
ប្រសិនបើសិស្សអានតួនាទីផ្សេងៗនៃរឿងនេះ ពួកគេអាចបន្តធ្វើដូច្នេះសម្រាប់ខគម្ពីរទាំងនេះ ។ អ្នកអាចបន្ថែមសិស្សម្នាក់ទៀតសម្រាប់ផ្នែករបស់កូលីយ៉ាត ។
អ្នកក៏អាចបញ្ចប់វីដេអូមួយក្នុងចំណោមវីដេអូខាងក្រោមផងដែរ ៖ « David and Goliath » ចាប់ពីនាទីទី ១:២០ ដល់ ២:៣៦ ឬ « The Lord Will Deliver Me » ចាប់ពីនាទីទី ១:៥៩ ដល់ ៣:២៣ ។
-
តើដេវីឌបង្ហាញយ៉ាងណាថាគាត់ពឹងលើព្រះអម្ចាស់ ?
សិស្សអាចនឹងឆ្លើយតបដោយមានចម្លើយជាច្រើន ដូចជានៅពេលដែលដេវីឌដោះគ្រឿងប្រដាប់របស់ស្តេច ហើយជ្រើសរើសក្រួស និងខ្សែដង្ហក់ជាអាវុធ ( ខទី ៣៩–៤០ ) ឬពេលគាត់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( ខទី ៤៥–៤៧ ) ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលសកម្មភាពនីមួយៗបានបង្ហាញពីរបៀបដែលដេវីឌពឹងផ្អែកលើព្រះអម្ចាស់ ។
ប្រឈមមុខនឹងបញ្ហាប្រឈមរបស់យើង
សូមពិចារណាបង្ហាញក្រួសប្រាំដុំ ឬគូររូបក្រួសប្រាំដុំនៅលើក្ដារខៀន ( សូមមើល សាំយូអែល ទី១ ១៧:៤០ ) ។ ក្រួសទាំងនេះអាចតំណាងឲ្យរបៀបដែលយើងអាចពឹងផ្អែកលើព្រះអម្ចាស់ នៅពេលយើងប្រឈមមុខនឹងបញ្ហាប្រឈមរបស់យើង ។ សូមពិចារណាចែកសិស្សជាគូៗ ឬក្រុមតូចៗ ដើម្បីធ្វើតាមការណែនាំខាងក្រោម ។ ពួកគេអាចរាយចម្លើយរបស់ពួកគេនៅលើក្ដារខៀនក្បែរក្រួសនោះ ។
ជ្រើសរើសបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមដែលបានរាយនៅលើក្ដារខៀនក្រោម បញ្ហាប្រឈមរបស់យើង ។
កំណត់របៀបប្រាំ ដែលជាក់លាក់ចំពោះបញ្ហាប្រឈមដែលអ្នកបានជ្រើសរើស ដែលបុគ្គលម្នាក់អាចពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេប្រឈមមុខនឹងបញ្ហាប្រឈមនេះ ។ ពិភាក្សាពីមូលហេតុដែលអ្នកជ្រើសរើសសកម្មភាពនីមួយៗ ។
អញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានពិភាក្សា ។
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ប្រឈមមុខនឹងបញ្ហាប្រឈមដោយរបៀបណា ?
-
តើអ្នកឬបុគ្គលនោះបានធ្វើសកម្មភាពអ្វីខ្លះដើម្បីទទួលបានជំនួយពីទ្រង់ ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងនៅពេលយើងប្រឈមមុខនឹងឧបសគ្គទាំងឡាយ ៖
ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះនៅថ្ងៃនេះ នោះទ្រង់នឹងសម្តែងសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់របស់ទ្រង់ចំពោះអ្នក ទ្រង់ទុកព្រះទ័យទាំងស្រុងលើអ្នក ។ ទ្រង់នឹងប្រាប់អ្នកថា អ្នកអាចធ្វើកិច្ចការនេះបាន ។ អ្នកអាចកសាងជីវិតមួយប្រកបដោយអំណរ រីករាយបាន ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ ( « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ១២ )
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយប្រឈមមុខនឹងឧបសគ្គរបស់អ្នកដោយមានទំនុកចិត្តកាន់តែខ្លាំងលើទ្រង់ ?
ការប្រឈមមុខនឹងកូលីយ៉ាតផ្ទាល់ខ្លួនរបស់យើង
សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ។
គិតពិចារណាលើបញ្ហាប្រឈមផ្ទាល់ខ្លួនដែលអ្នកបានសរសេរពីមុននៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ ស្វែងរកការចាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកជ្រើសរើសយ៉ាងហោចណាស់របៀបមួយដែលអ្នកអាចពឹងផ្អែកលើព្រះអម្ចាស់ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនោះ ។
គូរដុំក្រួសមួយ ឬច្រើនដុំនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។ សរសេរអ្វីដែលអ្នកនឹងធ្វើ និងរបៀបដែលអ្នកនឹងធ្វើវានៅក្បែរ ឬនៅខាងក្នុងក្រួស ។
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយ ។
ថ្លែងទីបន្ទាល់អំពីសមត្ថភាព និងព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះក្នុងការជួយសិស្សជាមួយនឹងបញ្ហាប្រឈមរបស់ពួកគេ ។ បង្ហាញទំនុកចិត្តរបស់អ្នកលើសមត្ថភាពរបស់សិស្សរបស់អ្នកក្នុងការប្រឈមមុខនឹងបញ្ហារបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ ។