« គំនិតយោបល់ដើម្បីរៀបចំខ្លួនចូលរួមក្នុងសន្និសីទទូទៅ » គំនិតយោបល់ដើម្បីរៀបចំខ្លួនចូលរួមក្នុងសន្និសីទទូទៅ ( ឆ្នាំ២០២០ )
« គំនិតយោបល់ដើម្បីរៀបចំខ្លួនចូលរួមក្នុងសន្និសីទទូទៅ » គំនិតយោបល់ដើម្បីរៀបចំខ្លួនចូលរួមក្នុងសន្និសីទទូទៅ
គំនិតយោបល់ដើម្បីរៀបចំខ្លួនចូលរួមក្នុងសន្និសីទទូទៅ
នៅរៀងរាល់ខែមេសា និងខែតុលា យើងមាននូវអភ័យឯកសិទ្ធិដើម្បីស្ដាប់សារលិខិតនៃការបំផុសគំនិត និងការណែនាំមកពីព្រះវរបិតាសួគ៌ តាមរយៈព្យាការី ពួកសាវក និងថ្នាក់ដឹកនាំសាសនាចក្រទាំងឡាយផ្សេងទៀតរបស់ទ្រង់ ។ សន្និសីទទូទៅគឺជាអំណោយដ៏អស្ចារ្យ—អំណោយដែលយើងគួរតែព្យាយាមទាញយកផលប្រយោជន៍ឲ្យបានច្រើនតាមដែលអាចធ្វើបាន !
តើបងប្អូនកំពុងឆ្ងល់ពីរបៀបដែលបងប្អូនអាចរៀបចំខ្លួនបានកាន់តែប្រសើរដើម្បី « ស្ដាប់ទ្រង់ » ក្នុងអំឡុងសន្និសីទទូទៅដែលនឹងមកដល់នាពេលឆាប់ៗនេះមែនទេ ? ទាំងនេះគឺជាយោបល់ចំនួនបួន ៖
សួរសំណួរទាំងឡាយ ហើយរកមើលចម្លើយ
យើងគួរតែចូលរួមក្នុងសន្និសីទទូទៅដោយមានសំណួរនៅក្នុងចិត្ដ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀន ៖ « ចម្លើយចំពោះការអធិស្ឋានដ៏ជាក់លាក់ណាមួយរបស់អ្នក ប្រហែលជាមកដោយផ្ទាល់ចេញពីសុន្ទរកថាជាក់លាក់ណាមួយ ឬពីប្រយោគណាមួយ ។ នៅពេលខ្លះចម្លើយអាចមកនៅក្នុងពាក្យសម្ដី ប្រយោគ ឬបទចម្រៀងដែលហាក់ដូចជាមិនជាប់ទាក់ទងគ្នាសោះ ។ ដួងចិត្តពោរពេញទៅដោយការដឹងគុណចំពោះពរជ័យទាំងឡាយនៅក្នុងជីវិត និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រដើម្បីស្តាប់ និងអនុវត្តតាមពាក្យសម្ដីនៃការទូន្មានដែលនឹងរៀបចំផ្លូវសម្រាប់ទទួលវិវរណៈផ្ទាល់ខ្លួន »( « General Conference—No Ordinary Blessing » Liahona, ខែកញ្ញា ឆ្នាំ២០១១ ទំព័រ ៥ ) ។
ដូច្នេះនៅពេលដែលបងប្អូនរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ សូមគិតអំពីសំណួរដែលមានឥទ្ធិពលទៅលើការគិតរបស់បងប្អូន សរសេរវាចុះ ហើយបន្ទាប់មកចាំស្ដាប់ចម្លើយដែលព្រះអម្ចាស់នឹងប្រទានដល់បងប្អូនតាមរយៈអ្នកបម្រើរបស់ទ្រង់ក្នុងអំឡុងសន្និសីទទូទៅ ។
បើកដួងចិត្ដ និងគំនិតរបស់បងប្អូន ហើយស្តាប់ទ្រង់
បន្ថែមពីលើការឆ្លើយសំណួររបស់បងប្អូន ព្រះអម្ចាស់អាចមាននូវកិច្ចការផ្សេងទៀតដែលទ្រង់ចង់មានព្រះបន្ទូលប្រាប់បងប្អូន ។ ត្រូវបើកដួងចិត្ដទទួលរាល់សារលិខិតដែលទ្រង់អាចមានសម្រាប់បងប្អូន ។ ប្រសិនបើបងប្អូនអធិស្ឋានដល់ទ្រង់ ហើយទូលសូមដល់ទ្រង់ដោយស្មោះសរសម្រាប់ជំនួយដើម្បីស្ដាប់ឮ និងស្គាល់ព្រះសូរសៀងរបស់ទ្រង់ នោះទ្រង់នឹងជួយបងប្អូនរកឃើញសារលិខិតទាំងនោះដែលបានរៀបចំសម្រាប់បងប្អូនក្នុងអំឡុងសន្និសីទទូទៅ ។ ដើម្បីអភិវឌ្ឍទំនាក់ទំនង និងជំនាញនេះ សូមមើលពីរបៀបដែលពួកសាវករបស់ព្រះអម្ចាស់ « ស្តាប់ទ្រង់ » ។
ស្វែងយល់បន្ថែមអំពីសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ
ហេតុផលមួយដែលយើងស្រឡាញ់សន្និសីទទូទៅយ៉ាងខ្លាំងនោះគឺ ដោយសារថាវាផ្ដល់ដល់យើងនូវឱកាសដើម្បីស្តាប់ឮពួកសាវកនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ធ្វើនូវកិច្ចការដែលពួកលោកត្រូវបានហៅឲ្យធ្វើ—ថ្លែងទីបន្ទាល់របស់ពួកលោកក្នុងនាមជា សាក្សីពិសេសរបស់ទ្រង់ ។ នៅពេលបងប្អូនស្តាប់សារលិខិតរបស់ពួកលោក សូមស្តាប់ជាពិសេសនូវអ្វីដែលពួកលោកបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមមើលឃើញថា នេះជាឱកាសមួយដើម្បីធ្វើឲ្យសេចក្ដីជំនឿរបស់បងប្អូនលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់មានកាន់តែខ្លាំងឡើង ។
ប្រសិនបើបងប្អូនចង់ស្វែងយល់បន្ថែមអំពីសាក្សីពិសេសទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទ មាន ធនធានដ៏អស្ចារ្យជាច្រើននៅលើគេហទំព័ររបស់សាសនាចក្រ ។ ធនធានទាំងនេះគឺជាវិធីដ៏ល្អមួយដើម្បីស្វែងយល់អំពីថ្នាក់ដឹកនាំសាសនាចក្រ និងធ្វើឲ្យទីបន្ទាល់របស់បងប្អូនអំពីការហៅពិសេសរបស់ពួកលោកមានកាន់តែខ្លាំងឡើង ។
អញ្ជើញអ្នកដទៃឲ្យចូលរួមក្នុងសន្និសីទទូទៅ
ដូចដែលទ្រង់មានសារលិខិតសម្រាប់បងប្អូន ព្រះសព្វព្រះទ័យមានព្រះបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ សូមគិតដល់នរណាម្នាក់ដែលបងប្អូនស្គាល់ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ក្នុងអំឡុងសន្និសីទទូទៅ ។ មានវិធីជាច្រើនដើម្បីអញ្ជើញអ្នកដទៃឲ្យមានបទពិសោធន៍ក្នុងការចូលរួមសន្និសីទទូទៅ ៖
-
អញ្ជើញមិត្ដភក្ដិ និងគ្រួសារ ឲ្យមើលសន្និសីទទូទៅ ជាមួយបងប្អូន ។
-
ចែកចាយមាតិកាបំផុសគំនិត គំនិតសំខាន់ៗ និងសម្រង់ចេញពីសន្និសីទទូទៅនៅលើបណ្ដាញសង្គម ។ សាសនាចក្រផ្ដល់នូវ ធនធានដែលអាចចែកចាយបានតាមអ៊ីនធឺណិត ។
-
ជួយរៀបចំកុមារតូចៗ និងយុវវ័យជាមួយនឹង សកម្មភាពដ៏គួរឲ្យជាប់ចិត្ដ និងធនធាននានាដែលមានលើអនឡាញ ។
បន្ទាប់ពីសន្និសីទទូទៅ ៖
សន្និសីទទូទៅអាចជាការទទួលទាននូវការយល់ដឹងខាងវិញ្ញាណ និងវិវរណៈ ។ ដើម្បីជួយបងប្អូនចងចាំនូវបទពិសោធន៍ខាងវិញ្ញាណដែលបងប្អូនបានមាន បងប្អូនអាចកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់បងប្អូន នូវសំណួរដែលបងប្អូនបានទទួលចម្លើយ សុន្ទរកថាដែលបានបំផុសគំនិតបងប្អូន និងរបៀបដែលបងប្អូនចង់ធ្វើឲ្យប្រសើរឡើង ។ បងប្អូនក៏អាចចែកចាយការគិតរបស់បងប្អូនជាមួយអ្នកជាទីស្រឡាញ់របស់បងប្អូនបានផងដែរ ។ សូមគិតពីរបៀបដែលសន្និសីទនេះបាននាំបងប្អូនខិតទៅជិតព្រះគ្រីស្ទ និងអ្វីដែលបងប្អូននឹងធ្វើដើម្បីបន្ដធ្វើតាមទ្រង់ និងប្រសាសន៍របស់ពួកព្យាការីរបស់ទ្រង់ ។ ដូចប្រធាន ហែនរី ប៊ី អាវរីង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖ « ប្រសិនបើអ្នកទុកចិត្តលើព្រះបានល្មមគ្រប់គ្រាន់ ដើម្បីស្តាប់សារលិខិតរបស់ទ្រង់នៅក្នុងគ្រប់ទេសនកថា បទចម្រៀង និងការអធិស្ឋាននៅក្នុងសន្និសីទនេះ នោះអ្នកនឹងរកឃើញសារលិខិតនោះ ។ ហើយប្រសិនបើអ្នកទៅ ហើយធ្វើនូវអ្វីដែលទ្រង់ឲ្យអ្នកធ្វើ នោះអំណាចរបស់អ្នកដើម្បីទុកចិត្តលើទ្រង់នឹងរីកលូតលាស់ឡើង ហើយពេលនោះអ្នកនឹងត្រូវបានគ្របដណ្ដប់ដោយការដឹងគុណ ដោយឃើញថាទ្រង់បានទុកចិត្តលើអ្នក » ( « Trust in God, Then Go and Do » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៧៣ ) ។
ខាងក្រោមនេះគឺជាធនធានបន្ថែមដើម្បីបង្កើនបទពិសោធន៍សន្និសីទទូទៅរបស់បងប្អូន ៖
-
« 5 Steps for Making Conference Stay with You »
សូមមើល « របៀបដើម្បីទស្សនា ឬស្តាប់ការផ្សាយបន្តផ្ទាល់សន្និសីទទូទៅ » ដើម្បីដឹងពីរបៀបស្ដាប់ ឬទស្សនា ។