សារលិខិតទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ប្រចាំខែមេសា ឆ្នាំ២០២៦
បន្ទាប់ពីកំហុសរបស់ក្មួយ - សូម្បីតែកំហុសធំក្ដី
យើងអាចរៀនបានច្រើនមកពីសាវកពេត្រុសអំពីព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និងការព្យាយាមម្ដងទៀត ។
ការបដិសេធរបស់ពេត្រុស ដោយ ខាល ប្លក់
យើងភាគច្រើនបានមាននូវការចងចាំមួយ ដែលយើងរំពឹងថា យើងអាច បំភ្លេច វាឲ្យបាត់ឈឹង ។ មិនថាវាជាពេលមួយដែលយើងខ្មាសគេ គ្រោះថ្នាក់ឈឺចាប់ខាងរាងកាយ ឬក្នុងជម្លោះដែលយើងប្រើពាក្យមិនល្អ ហើយ យើងចង់ដកមកវិញហើយមានពេលជាច្រើនក្នុងជីវិតដែលប៊ូតុង«ធ្វើម្តងទៀត» ឬសូម្បីតែប៊ូតុង «លុបចោល» ស្តាប់ទៅគួរឲ្យទាក់ទាញខ្លាំង ។
ការព្យាករត្រូវបានបំពេញ
សាវកពេត្រុសគឺជាបុគ្គលដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ លោកមានសេចក្ដីជំនឿ និងភាពក្លាហានដើម្បីដើរលើទឹកទៅកាន់ព្រះយេស៊ូវ ប៉ុន្ដែបន្ដិចក្រោយមកលោកបានអនុញ្ញាតឲ្យភាពភ័យខ្លាចរបស់លោកយកឈ្នះ ហើយលោកចាប់ផ្ដើមលិច ហើយស្រែករកព្រះអម្ចាស់ទូលសុំជំនួយ ( សូមមើល ម៉ាថាយ ១៤:២៨–៣១ ) ។ ខណៈដែលយើងមិនដឹងនូវសេចក្ដីលម្អិតទាំងស្រុងអំពីជីវិតរបស់ពេត្រុស តែយើងដឹងនូវពេលមួយដែលលោកបានយំសោកយ៉ាងខ្លាំង ។
ប៉ុន្មានម៉ោងពីមុនពេលព្រះយេស៊ូវគ្រីស្ទត្រូវបានចាប់ខ្លួន ទ្រង់បានព្យាករថា ពេត្រុសនឹងបដិសេធទ្រង់បីដង ពីមុនពេលមាន់រងាវពីរដង ។ ពេត្រុសបដិសេធមិនជឿការព្យាករដូចនេះទេ ហើយ « ប្រកែកយ៉ាងខ្លាំងទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ » ( ម៉ាកុស ១៤:៣១ ) ។
ជាការពិតណាស់ ការព្យាកររបស់ព្រះអង្គសង្គ្រោះបានក្លាយជាការពិត ។ ដោយភិតភ័យ ហើយខ្លាចខ្លាំងជុំវិញការចាប់ខ្លួនរបស់ព្រះអង្គសង្គ្រោះ នោះភាពក្លាហានរបស់លោកបានបាត់បង់ ។ បន្ទាប់ពីបានបដិសេធថាមិនស្គាល់ព្រះអង្គសង្គ្រោះបានពីរដង និងត្រូវបានគេជជីកសួរដដែលៗ នោះពេត្រុស « តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ » ( ម៉ាកុស ១៤:៧១ ) ។
នៅពេលមាន់រងាវបានពីរដង ហើយពេត្រុសបានចាំនូវការព្យាកររបស់ព្រះអង្គសង្គ្រោះ នោះ « គាត់ … យំក្តួល ( ម៉ាថាយ ២៦:៧៥ ) ។
ប៉ុន្ដែ នោះមិនមែនជាចុងបញ្ចប់នៃដំណើររឿងរបស់លោកទេ !
មាននូវការផ្លាស់ប្ដូរមួយជារៀងរហូត
តាមរយៈអ្វីៗទាំងអស់ដែលយើងអាចរៀនបាននៅក្នុងព្រះគម្ពីរ សេចក្ដីភ័យខ្លាចរបស់ពេត្រុសមិនធ្លាប់យកឈ្នះទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទម្ដងណាទៀតឡើយ ។ លោកបានថ្លែងទីបន្ទាល់យ៉ាងក្លាហានអំពីព្រះអង្គសង្គ្រោះ នៅគ្រប់ពេលដែលលោកមានឱកាស ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួននៅក្នុងការធ្វើដូច្នោះឡើយ ។ សូមចាំថា ពេត្រុសបានបង្រៀនដល់អ្នកដែលឆ្កាងព្រះយេស៊ូគ្រីស្ទ ! គ្រោះថ្នាក់គឺមានពិតមែន ។
នៅពេលដែលពេត្រុសព្យាបាលបុរសដែលពិការពីកំណើត ដោយការបញ្ជាគាត់ថា « ដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ » ( កិច្ចការ ៣:៦ ) លោកត្រូវបានគេចាប់ខ្លួនទៅជាមួយនឹងយ៉ូហាន ហើយត្រូវបានគេសួរចម្លើយ ថាលោកបានធ្វើអព្ភូតហេតុដូចនេះដោយរបៀបណា ។
ពេត្រុសបានឆ្លើយដោយអង់អាច « នោះសូមឲ្យអ្នករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលអ្នករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ។
« ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ។ ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ » ( កិច្ចការ ៤:១០–១២ ) ។
នេះជាចម្លើយដ៏អង់អាចអ្វីម្ល៉េះ ! ហើយនោះជាភស្ដុតាងដ៏ច្បាស់នៃការជឿស៊ប់របស់លោក ។
អ្នកបម្រើដែលមិនឥតខ្ចោះ តែមានសមត្ថភាពបម្រើយ៉ាងឥតខ្ចោះ
យើងគ្រប់គ្នានឹងធ្វើអំពើបាបនៅក្នុងជីវិតនេះ ។ ទោះបីជាយើងបានខិតខំយ៉ាងខ្លាំងក្ដី យើងនឹងបរាជ័យក្នុងការសម្រេចបាននូវក្ដីសង្ឃឹម និងបំណងរបស់យើងពីមួយពេលទៅមួយពេល ។ ដូចដែលប្រធាន ជែហ្វី្រ អ័រ ហូឡិន ( ឆ្នាំ១៩៤០–២០២៥ ) ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានបង្រៀនថា « លើកលែងតែក្នុងករណីនៃព្រះរាជបុត្រាទ្រង់តែមួយប៉ុណ្ណោះ នោះមនុស្សដែលមិនឥតខ្ចោះ គឺជាអ្វីទាំងអស់ដែលព្រះតែងតែត្រូវធ្វើកិច្ចការជាមួយ » ។
តម្លៃខាងវិញ្ញាណរបស់ក្មួយគឺមិនត្រូវបានឲ្យនិយមន័យ ឬកំណត់ដោយកំហុសរបស់ក្មួយឡើយ—សូម្បីតែកំហុសដ៏ធំៗក្ដី ។ ពីព្រោះលោកបានប្រែចិត្ដ ហើយព្រះគ្រីស្ទបានអភ័យទោសឲ្យលោក នោះការបដិសេធរបស់ពេត្រុសអំពីព្រះគ្រីស្ទមិនបានរារាំងលោកពីការថ្លែងទីបន្ទាល់ ការបង្រៀន និងការផ្លាស់ប្រែចិត្ដជឿដោយអំណាចដ៏អស្ចារ្យនៅពេលក្រោយឡើយ ។ ព្រះគម្ពីរមានពោរពេញដោយគំរូរបស់ពួកសិស្សដទៃទៀត ដែលបានធ្វើអំពើបាប បានប្រែចិត្ដ ហើយបានបន្ដទៅមុខដោយសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
សាតាំងនឹងតែងតែព្យាយាមបញ្ចុះបញ្ចូលក្មួយជានិច្ចថា កំហុសរបស់ក្មួយគឺកាន់តែគរឡើង ហើយថាក្មួយនឹងមិនអាចយកឈ្នះកំហុសទាំងនោះបានឡើយ ។ កុំអើពើនឹងការកុហករបស់វាឡើយ !
ស៊ីស្ទើរ តាម៉ារា ដបុលយូ រ៉ូនៀ ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅ បានបង្រៀនថា ៖ « បងប្អូនត្រូវតែស្ដាប់ការណ៍នេះ ដូច្នេះខ្ញុំនឹងនិយាយពាក្យទាំងនេះឲ្យឮៗថា ៖ បងប្អូនមិនដូចជាអ្វីដែលបងប្អូនគិតអំពីខ្លួនឯង ឬកំហុសដែលបងប្អូនធ្វើនោះទេ ។ បងប្អូនក៏ប្រហែលជាត្រូវនិយាយបែបនេះឲ្យឮៗដែរ ។ ប្រាប់សាតាំងថា ‹ យើងមិនទទួលយកគំនិតនេះទេ › ។ ដាក់វានៅពីក្រោយបងប្អូន ។
« សូមខិតទៅកាន់តែជិតព្រះអង្គសង្រ្គោះ ដោយទុក្ខព្រួយដែលគាប់ព្រះទ័យដល់ព្រះ ដែលនាំឲ្យបងប្អូនងាក ទៅរក ព្រះអង្គសង្រ្គោះរបស់បងប្អូន ហើយសូមមើលព្រះគុណរបស់ទ្រង់ចូលមកក្នុងជីវិតរបស់បងប្អូន និងជីវិតនៃអ្នកដែលបងប្អូនស្រឡាញ់ ។ ខ្ញុំសូមសន្យាថា នៅនាទីដែលយើងនាំមកនូវចិត្តសង្រេងមកកាន់ទ្រង់ដោយក្លាហាន ទ្រង់គឺគង់នៅទីនោះភ្លាមៗ » ។
Christus Consolator [ ព្រះគ្រីស្ទអង្គដ៏លួងលោម ] ដោយ ខាល ប្លក់
អនាគតរបស់ក្មួយនឹងភ្លឺថ្លា
នៅរដូវបុណ្យអ៊ីស្ទើរនេះ កាលក្មួយជញ្ជឹងគិតកាន់តែពេញលេញអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមចងចាំថាសមត្ថភាពនៅក្នុងការប្រែចិត្ដ និងការព្យាយាមម្ដងទៀតគឺជាអំណោយទានដ៏អស្ចារ្យមួយដែលក្មួយអាចទទួលបាន ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ កំហុសដ៏អាក្រក់បំផុតរបស់ក្មួយអាចត្រូវបានអត់ទោសឲ្យ ហើយនឹងត្រូវបានគ្រវែងចោលដូចជាច្រវ៉ាក់ដ៏ធ្ងន់មួយយ៉ាងដូច្នោះដែរ ។
ស៊ីស្ទើរ រ៉ូនៀ បានបង្រៀនថា « ព្រះអង្គសង្រ្គោះនឹងភ្លឺជាងភាពខ្មៅងងឹតនៃភាពអាម៉ាស់ »។ ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះសេចក្ដីសង្ឃឹមតែងតែភ្លឺចែងចាំងនៅពេលខាងមុខជានិច្ច នៅពេលក្មួយផ្ដោតលើទ្រង ។
© ឆ្នាំ២០២៦ Intellectual Reserve, Inc. All rights reserved ។ បោះពុមព្ព នៅស.រ.អា. ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, April 2026 ។ Cambodian.. 20064 258