ដើម្បី​កម្លាំង​នៃ​យុវជន
ចង់​មាន​សុភមង្គល​ជាងមុន​ឬទេ ? សូម​សាកល្បង​ការដឹងគុណ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកុម្ភៈ ឆ្នាំ២០២៦


សារលិខិត​ប្រចាំខែ ដើម្បី​កម្លាំង​នៃ​យុវជន ខែកុម្ភៈ ឆ្នាំ២០២៦

ចង់​មាន​សុភមង្គល​ជាងមុន​ឬទេ ? សូម​សាកល្បង​ការដឹងគុណ

នៅពេល​ដែល​ជីវិត​របស់​អ្នក​ពោរពេញ​ទៅដោយ​ការផ្លាស់ប្តូរ នោះ​ការដឹងគុណ​អាច​ជួយ​អ្នក​ផ្តោតលើ​ភាពវិជ្ជមាន និង​បន្ត​មាន​សេចក្តីសង្ឃឹម ។

បុគ្គល​ម្នាក់​នៅក្រោម​ពពក​ភ្លៀង និង​បុគ្គល​ម្នាក់​ដែល​ហ៊ុមព័ទ្ធ​ដោយ​សត្វស្លាប និង​មេអំបៅ ហើយនិង​ផ្កា

រចនា​រូបភាព​ដោយ ម៉ាហ្គី ស្តេហ្វិនសិន

« យើង​នឹង​គ្មាន​អំណរ​ទេ បើ​យើង​មិន​ចេះ​ដឹងគុណ​នោះ » ។

ដូច​នឹង​សម្រង់សម្តី​នេះ​ដែល​មកពី​អែលឌើរ ហ្គារី ប៊ី សាប៊ីន នៃ​ពួក​ចិត​សិប​នាក់ បាន​ផ្តល់យោបល់ ទំហំ​នៃ​ភាពរីករាយ​របស់​អ្នក​គឺ​ទទួលបាន​ឥទ្ធិពល​ពី​ទំហំ​នៃ​ការមាន​អំណរគុណ​របស់​អ្នក ។ វា​សមហេតុ​ផល​ណាស់—នៅពេល​ដែល​អ្នក​ចេះ​ដឹងគុណ នោះ​អ្នក​កំពុង​ផ្តោតលើ​រឿង​វិជ្ជមាន​ជំនួស​ឲ្យ​រឿង​អវិជ្ជមាន ។

ទោះបីជា​យ៉ាងណា​ក៏ដោយ ជីវិត​មិន​តែងតែ​ដំណើរការ​ដូច​ដែល​បាន​គ្រោងទុក​នោះទេ ។ ការផ្លាស់ប្តូរ​ដែល​មិន​នឹក​ស្មាន​ដល់​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាពតានតឹង សោកសៅ ឬ​ខកចិត្ត​ជាង​សប្បាយ​រីករាយ ។ ប៉ុន្តែ​នៅពេល​ដែល​មាន​ការលំបាក នោះ​ការដឹងគុណ​អាច​ជួយ​អ្នក​ឲ្យ​បន្ត​មាន​សេចក្តីសង្ឃឹម ។ សូម​សាកល្បង​វិធី​ទាំងបី​នេះ ដើម្បី​នាំ​មក​នូវ​ការដឹងគុណ​កាន់តែ​ច្រើន​នៅក្នុង​ជីវិត​របស់​អ្នក ។

១. រកមើល​អ្វី​ដែល​ល្អ

ជាញឹកញាប់ វា​ជា​ការលំបាក​បំផុត​ដើម្បី​មាន​ការដឹងគុណ នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​ខ្វះ​អ្វីមួយ ។ ប៉ុន្តែ​តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​អាច​មើល​រំលង ដោយ​ការផ្តោតលើ​អ្វី​ដែល​អ្នក មិន មាន​ជាជាង​អ្វី​ដែល​អ្នក មាន ?

នៅពេល​ដែល​អ្នក​ស្វែងរក​អ្វី​ដែល​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក យូរៗ​ទៅ​វា​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការស្វែងរក ។

២. សម្តែង​ការដឹងគុណ​ចំពោះ​អ្នក​ផ្តល់​ឲ្យ

នៅពេល​ដែល​អ្នក​រាប់​ពរជ័យ​របស់អ្នក សូម​កុំ​ភ្លេចថា​ពរជ័យ​ទាំងនោះ​មកពីណា ។

ការ​អរព្រះគុណ​ព្រះវរបិតាសួគ៌​សម្រាប់​អំណោយ​របស់​ទ្រង់—រួមទាំង​អំណោយ​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់—អាច​ធ្វើ​ឲ្យ​សេចក្តីស្រឡាញ់ និង​សេចក្តីជំនឿ​របស់​អ្នក​លើ​ទ្រង់​មាន​កាន់តែ​ខ្លាំងឡើង ។ ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ ក៏បាន​ពន្យល់​ផងដែរ « ការមាន​អារម្មណ៍ និង​ការបង្ហាញ​ការដឹងគុណ​ដល់​ព្រះ … បំពេញ​ការថ្វាយ​បង្គំ​ដោយ​អារម្មណ៍​អរសប្បាយ​ក្នុង​ការរំឭក​ជាថ្មី » នាំមក​នូវ​សេចក្តីអំណរ និងកម្លាំង​ដល់អ្នក និង​ជួយ​ឲ្យ​ទីបន្ទាល់​របស់អ្នក​មាន​ភាព​នឹងនរ ។

៣. ផ្តោតលើ​ផែនការ​របស់​ព្រះវរបិតាសួគ៌

ជាការពិតណាស់ ការដឹងគុណ​មិនមាន​ន័យថា​មិន​អើពើ​នឹង​រឿង​លំបាក​នៅក្នុង​ជីវិត ឬ​មាន​អារម្មណ៍​សប្បាយ​រីករាយ​គ្រប់ពេល​នោះទេ ។ សូម្បីតែ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​មាន​អារម្មណ៍ និង​ស្គាល់​ការឈឺចាប់​ផងដែរ ( សូមមើល អាលម៉ា ៧:១១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨–១៩ ) ។ ភាពសោកសៅ​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ជីវិត​រមែងស្លាប់ ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​មួយ​មិន​ដែល​ផ្លាស់ប្តូរ ៖ ផែនការ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ព្រះវរបិតាសួគ៌ ។ ភាពសោកសៅ និង​ការឈឺចាប់​ទាំងអស់​ដែល​អ្នក​ជួបប្រទះ​នៅក្នុង​ជីវិត​នឹង​ត្រូវបាន​ធ្វើ​ល្អ​វិញ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល វិវរណៈ ២១:៤ ) ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ពន្យល់​ថា ៖ « ការដឹងគុណ​ក្នុង​គ្រាឈឺចាប់ ពុំ មាន​ន័យថា យើង​រីករាយ​នឹង​ស្ថានភាព​របស់​យើង​នោះទេ ។ វា​មាន​ន័យ ច្បាស់ ថា ដោយ​ភ្នែក​នៃ​ក្តីជំនឿ យើង​មើល​ឲ្យ​ហួស​ពី​ឧបសគ្គ​បច្ចុប្បន្ន​របស់​យើង ។ »