ការរក្សាការតាំងចិត្តនៅពេលប្រឈមមុខនឹងការអាក់អន់ចិត្ត ការឈឺចាប់ ឬការសាកល្បងទាំងឡាយ ៖ អ៊ីម ម៉ាទីន
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
ខ្ញុំបានរៀនក្នុងជីវិតដ៏ខ្លីរបស់ខ្ញុំ ដើម្បីអនុញ្ញាតឲ្យព្រះអម្ចាស់ដឹកនាំខ្ញុំ ដើរក្បែរខ្ញុំ និងអនុញ្ញាតឲ្យទ្រង់ណែនាំខ្ញុំ ។ ជាពិសេសនៅពេលមានគ្រាលំបាក ដើម្បីឲ្យទ្រង់ក្លាយជាយុថ្ការបស់ខ្ញុំ ជាកម្លាំងរបស់ខ្ញុំ ។ វាមិនតែងតែងាយស្រួលនោះទេ ។ ពេលខ្លះចិត្តយើងចង់នៅរឹងរូស ។ យើងមានអារម្មណ៍ថាត្រឹមត្រូវ នៅពេលដែលយើងឈឺចាប់ ។ ប៉ុន្តែវិធីល្អបំផុតដើម្បីឈានទៅមុខគឺ ត្រូវអនុញ្ញាតដោយស្មោះត្រង់ឲ្យទ្រង់ស្រឡាញ់យើង ។
ខ្ញុំគិតអំពីពេលវេលាមួយ ក្នុងការបម្រើដល់ព្រះ និងសាសនាចក្ររបស់ទ្រង់ ខ្ញុំបានខិតខំធ្វើជាខ្លួនឯងឲ្យល្អបំផុត ប៉ុន្តែគេមិនទទួលយកខ្ញុំបានល្អនោះទេ ។ ហើយមិនត្រឹមតែមិនទទួលបានល្អនោះទេ ប៉ុន្តែ—ខ្ញុំក៏បានជួបនឹងការវិនិច្ឆ័យខុស និងការប្រព្រឹត្តមិនល្អជាច្រើន រហូតដល់ថ្នាក់វាពិតជាធ្វើឲ្យខ្ញុំគិតថា « តើខ្ញុំត្រូវបន្តបម្រើដែរឬទេ ? តើនេះជាកន្លែងសម្រាប់ខ្ញុំដែរឬទេ ? » ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំកំពុងស្ថិតនៅចំណុចបែកបាក់ខាងវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំមានការសម្រេចចិត្តមួយដែលត្រូវធ្វើ ។ តើខ្ញុំអនុញ្ញាតឲ្យព្រះអម្ចាស់ស្រឡាញ់ខ្ញុំ ឬតើខ្ញុំស្វែងរកការលួងលោមពីប្រភពផ្សេងទៀត ?
ហើយដោយការជញ្ជឹងគិត ខ្ញុំបានដឹងថា ខ្ញុំត្រូវការ និងចង់បានព្រះអម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំ និងពរជ័យរបស់ទ្រង់ដែលទ្រង់នឹងប្រទានដល់ខ្ញុំ ច្រើនជាង ។ ថាខ្ញុំចង់បានពរជ័យនៃពិធីសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការពង្រឹងខាងវិញ្ញាណដែលពិធីសាក្រាម៉ង់មានសម្រាប់ព្រលឹងខ្ញុំ ។ ការអាចចូលទៅព្រះវិហារបរិសុទ្ធ និងសេចក្ដីសញ្ញានៅក្នុងនោះ ។ ដូច្នេះហើយ នៅពេលដែលខ្ញុំបន្ដរក្សារឿងនោះធ្វើជាការផ្តោតរបស់ខ្ញុំ នោះវាបានជួយខ្ញុំឲ្យអភ័យទោស ។ វាបានជួយខ្ញុំឲ្យមើលរំលងភាពមិនឥតខ្ចោះនៃការប្រព្រឹត្តមិនល្អទាំងនោះ ហើយទទួលស្គាល់ថាខ្ញុំនៅទីនេះសម្រាប់គោលបំណងធំជាង ។ ថាខ្ញុំនៅទីនេះដើម្បីទទួលបានពរជ័យ ហើយសង្ឃឹមថាខ្ញុំនឹងក្លាយជាពរជ័យដល់អ្នកដទៃទៀត ។ ដើម្បីកុំឲ្យរឿងនេះក្លាយជាឧបសគ្គ ប៉ុន្តែជាថ្មសម្រាប់ជាន់បោះជំហាននៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ ។ ដូច្នេះហើយ នៅពេលដែលខ្ញុំបានអធិស្ឋាន ហើយដាក់ការទុកចិត្តលើព្រះអម្ចាស់ នោះខ្ញុំបានរកឃើញកម្លាំងដើម្បីលះបង់ចោល—ដើម្បីលះបង់ការឈឺចាប់ ដើម្បីកុំឲ្យទុក ឬលាក់បាំងការស្អប់ដែលកំពុងព្យាយាមបំប៉ោងខ្លួននៅក្នុងវិញ្ញាណរបស់ខ្ញុំ—ប៉ុន្តែត្រូវឲ្យព្រះអម្ចាស់ជួយ និងប្រទានកម្លាំងដល់ខ្ញុំវិញ ដើម្បីឆ្ពោះទៅមុខដោយស្មោះត្រង់ ។
បងប្អូនស្ត្រីអើយ ព្រះអម្ចាស់ស្គាល់បងប្អូន ។ ព្រះអម្ចាស់ជ្រាបដឹងអំពីបងប្អូន ហើយទ្រង់យកព្រះទ័យទុកដាក់នឹងបងប្អូន ។ ទ្រង់ស្គាល់ឈ្មោះរបស់បងប្អូន ទ្រង់ជ្រាបដឹងពីទុក្ខព្រួយរបស់បងប្អូន ទ្រង់ស្គាល់អំណររបស់បងប្អូន ហើយទ្រង់មានព្រះទ័យចង់ស្រឡាញ់បងប្អូន ។ ទ្រង់ចង់ឲ្យបងប្អូនអនុញ្ញាតឲ្យទ្រង់យាងចូលមក ។ ទ្រង់ជ្រាបអំពីបន្ទុកដែលបងប្អូនកំពុងរែកពុន ។ ទ្រង់ស្រឡាញ់បងប្អូន ហើយចង់ឲ្យបងប្អូនទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់នោះពីទ្រង់ ។ វាគឺជាអ្នកជិតខាង វាគឺជាបងប្អូនស្ត្រី វាគឺជាមិត្តភក្តិម្នាក់ ដែលផ្តល់ពរជ័យនៃការជួយ និងការគាំទ្រនោះ ។ សូមអនុញ្ញាតឲ្យពួកគេចូលមកចុះ ។ ចូរឲ្យពួកគេឱបក្រសោបបងប្អូនក្នុងដៃនៃសេចក្តីស្រឡាញ់របស់ពួកគេតាមរយៈការបម្រើរបស់ពួកគេ ។