ការស្អាងភាពធន់ខាងផ្លូវចិត្ត ៖ មីតហ្សី ស៊ីម៉ូ
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
កាលខ្ញុំនៅជាម្តាយក្មេងខ្ចី កូនប្រុសច្បងយើងមានអាយុមួយឆ្នាំ ខ្ញុំបានទទួលទូរសព្ទពីកន្លែងធ្វើការស្វាមីខ្ញុំ ពេលខ្ញុំកំពុងធ្វើការ ។ ហើយពួកគេបានប្រាប់ថា « ស្វាមីរបស់អ្នកមានរបួសធ្ងន់ធ្ងរណាស់ ។ យើងសូមឲ្យអ្នកមកកាន់មន្ទីរពេទ្យជាបន្ទាន់ » ។ ហើយខ្ញុំចាំថាបានចូលទៅក្នុងឡាន ហើយព្យាយាមបញ្ឆេះឡាន ប៉ុន្តែខ្ញុំដឹងថាខ្លួនឯងកំពុងញ័រខ្លាំងណាស់ ។ ខ្ញុំបារម្ភខ្លាំងជាងដែលខ្ញុំបានគិតទៅទៀត ។ ហើយខ្ញុំបានអង្គុយនៅទីនោះ ហើយខ្ញុំគ្រាន់តែពោលពាក្យអធិស្ឋាន ។ បន្ទាប់មក ខ្ញុំមានអារម្មណ៍នៃសេចក្តីសុខសាន្ត និងភាពកក់ក្តៅយ៉ាងខ្លាំង ហើយខ្ញុំបានដឹងថាអ្វីៗនឹងបានល្អប្រសើរ ។ ដូច្នេះ ពេលខ្ញុំទៅដល់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា « ពួកយើងមិនដឹងថាស្វាមីរបស់អ្នកនឹងអាចឆ្លងកាត់រឿងនេះបានឬអត់នោះទេ » ។ ខ្ញុំចាំពីអារម្មណ៍នៅពេលខ្ញុំចូលក្នុងឡាន ហើយអារម្មណ៍នោះមិនមែនព្រះអម្ចាស់កំពុងប្រាប់ខ្ញុំថា « កុំបារម្ភឡើយ ស្វាមីរបស់កូននឹងមានសុខភាពល្អដូចមុន » នោះទេ ប៉ុន្តែខ្ញុំនៅតែដឹងថាខ្ញុំនឹងមិនថ្វីទេ ហើយយើងនឹងមិនថ្វីទេ មិនថាលទ្ធផលយ៉ាងណានោះទេ ។
ហើយនៅពេលខ្ញុំគិតអំពីការមានភាពធន់ខាងផ្លូវចិត្ត ខ្ញុំគិតអំពីសេចក្តីសុខសាន្តដែលព្រះអង្គសង្គ្រោះប្រទានដល់យើង ហើយជួយយើងឲ្យទទួលអារម្មណ៍នោះ ។ មិនថាលទ្ធផល និងស្ថានភាពនៅចំពោះមុខយ៉ាងណានោះទេ យើងដឹងថាទ្រង់គង់នៅទីនោះ ហើយទ្រង់នឹងជួយយើងឆ្លងកាត់រឿងទាំងអស់នេះ ។ ហើយនោះជាអារម្មណ៍របស់ខ្ញុំឆ្លងកាត់ការលំបាកទាំងមូល ។ ហើយវាពុំងាយស្រួលទេ ។ ពេញមួយឆ្នាំយើងបានឆ្លងកាត់រឿងលំបាកជាច្រើន ទាំងខាងរូបកាយ និងខាងវិញ្ញាណ ប៉ុន្តែយើងបានឆ្លងផុត ហើយយើងបានរៀនជាច្រើន ។
ខ្ញុំចង់និយាយថា មិនមែនយើងទាំងអស់គ្នាសុទ្ធតែមានបទពិសោធន៍ដូចគ្នាក្នុងជីវិតនោះទេ ។ ប៉ុន្តែខ្ញុំពិតជាដឹងថា ចំពោះខ្ញុំនៅពេលនោះ ខ្ញុំត្រូវងាកទៅរកព្រះអម្ចាស់ ហើយមានទំនាក់ទំនងជាមួយទ្រង់ ។ ហើយដោយការធ្វើដូច្នេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាអាចឆ្លងកាត់រឿងនេះបាន ។ ហើយបន្ទាប់មក ភាពធន់ខាងផ្លូវចិត្តរបស់ខ្ញុំត្រូវបានស្អាងឡើងនៅលើគ្រឹះនៃដំណឹងល្អ និងគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះ នៅពេលអនាគត គ្រប់ពេលមានអ្វីផ្សេងទៀតកើតឡើង ខ្ញុំតែងតែចងចាំពីរឿងនោះជានិច្ច ។
ហើយខ្ញុំក៏ចង់និយាយដែរថា ជារៀងរាល់ថ្ងៃអាទិត្យ ពេលខ្ញុំទទួលទានសាក្រាម៉ង់ នៅពេលការអធិស្ឋានពោលពាក្យថា ដើម្បីរំឭកចាំដល់ព្រះអង្គសង្រ្គោះ នោះ ខ្ញុំចងចាំពីបទពិសោធន៍ដែលខ្ញុំមានជាមួយទ្រង់ ។ ហើយការណ៍នោះក៏បានស្អាងភាពធន់ខាងផ្លូវចិត្តរបស់ខ្ញុំផងដែរ ពីព្រោះការចងចាំនោះជួយខ្ញុំឲ្យយល់ថា ខ្ញុំជានរណាក្នុងនាមជាបុត្ររបស់ព្រះ ហើយថាខ្ញុំមកទីនេះដោយមានគោលបំណង ខ្ញុំមកទីនេះគឺដើម្បីជួយទ្រង់ស្អាងនគររបស់ទ្រង់ ។ ដូច្នេះ មិនថាអនាគតរបស់យើងល្អ ឬអាក្រក់យ៉ាងណានោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានព្រះអង្គសង្រ្គោះ ហើយតែងតែងាកទៅរកទ្រង់ជានិច្ច ។ ហើយខ្ញុំមានទំនុកចិត្តលើទំនាក់ទំនងនោះ ហើយនោះជាកន្លែងដែលខ្ញុំទទួលបានភាពធន់ខាងផ្លូវចិត្តរបស់ខ្ញុំ ។