ការគ្រប់គ្រងអាទិភាពដែលប្រកួតប្រជែង ៖ ហ្គាណា មេជា
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
ខ្ញុំគិតថា សម្រាប់ខ្ញុំ បើខ្ញុំត្រូវឆ្លើយសំណួរ « តើអ្វីជារឿងមួយ ដែលបានជួយខ្ញុំឲ្យឆ្លងកាត់គ្រាដ៏លំបាក ឬគ្រប់គ្រងអាទិភាពដែលប្រកួតប្រជែងដ៏ខ្លាំង ? » វាគឺជាគោលគំនិតនេះ « ចូរចងចាំចុះ ចូរចងចាំចុះ » ។ ហេតុអ្វីព្រះវរបិតាសួគ៌មានបន្ទូលដូច្នោះមកកាន់យើងច្រើនដងម្ល៉េះ ? តើវាដោយសារយើងអាចមានទំនោរភ្លេចភ្លាំងមែនទេ ? តើវាដោយសារបងប្អូនអាចដកពិសោធន៍អព្ភូតហេតុដ៏ស្រស់ស្អាតនេះ រួចហើយបងប្អូនត្រូវបន្តដំណើរលើផ្លូវជីវិតរបស់បងប្អូនទៀត ហើយក្រោយមកមានបញ្ហាប្រឈមមួយទៀត ហើយវាពិតជាពិបាកក្នុងការទុកចិត្តថា វានឹងមិនអីទេ ថាបញ្ហាទាំងអស់នឹងដោះស្រាយចេញកាលវេលាចេះតែកន្លងទៅ ? ខ្ញុំគិតថា ព្រះវរបិតាសួគ៌បង្គាប់ឲ្យយើងចងចាំ ព្រោះទ្រង់សង្ឃឹមថា យើងនឹងរៀនទុកចិត្តលើទ្រង់ ។ បើយើងអាចទុកចិត្តលើទ្រង់បាន នោះអ្វីក៏ដោយដែលកើតឡើងចំពោះយើង យើងនឹងអាចឆ្លងកាត់វាបាន—ហើយយើងនឹងអាចឆ្លងកាត់វាដោយក្ដីអំណរ ដោយភាពអត់ធន់ ។ បងប្អូនដឹងទេ ទ្រង់មិនបានដាក់យើងនៅផែនដីនេះ ដើម្បីឲ្យយើងវេទនានោះទេ ។ ទោះជារឿងវេទនាកើតឡើងចំពោះយើងក៏ដោយ ក៏យើងមិនមែនជាមនុស្សវេទនាបែបនោះដែរ ។
ពេលខ្ញុំគិតពីអាទិភាពទាំងឡាយ ខ្ញុំពិតជាគិតដល់ដំណើរការនៃការបង្កបង្កើត ។ បងប្អូនដឹងទេ ការកំណត់ពីរបៀបដែលបងប្អូនចង់ប្រើប្រាស់ពេលវេលារបស់បងប្អូន អ្វីដែលបងប្អូនចង់ចំណាយពេលលើ គឺពិតជាការសម្រេចចិត្តអំពីអ្វីដែលបងប្អូនចង់បង្កើត ។ តើបងប្អូនចង់បង្កើតជីវិតបែបណាសម្រាប់ខ្លួនឯង ? ខ្ញុំបានរកឃើញថា នៅពេលខ្ញុំដាក់ព្រះជាអាទិភាពរបស់ខ្ញុំ ហើយទុកចិត្តថា ទ្រង់នឹងជួយខ្ញុំឲ្យបង្កើតជីវិតដ៏ស្រស់ស្អាតមួយ នោះអ្វីៗទាំងប៉ុន្មានទៀតអាចដំណើរការទៅដោយរលូន ។ ព្រោះខ្ញុំដឹងថា រឿងទាំងអស់នោះកើតឡើងដោយសារបំណងប្រាថ្នារបស់ខ្ញុំចង់បម្រើព្រះ និងស្រឡាញ់ទ្រង់ ហើយបង្ហាញទ្រង់ថា ខ្ញុំស្រឡាញ់ទ្រង់ ។
ពេលខ្ញុំគិតពីរបៀបដែលខ្ញុំរស់នៅ ខ្ញុំមិនគិតពីរូបខ្ញុំក្នុងនាមជាអ្នកមានវិជ្ជាជីវៈនោះទេ ។ ខ្ញុំព្យាយាមគិតពីបុគ្គលដែលខ្ញុំត្រូវប្រែក្លាយ ហើយនោះជាអ្វីដែលក្លាយជាគោលការណ៍ណែនាំរបស់ខ្ញុំ ។ នោះហើយជាអ្វីដែលដឹកនាំការប្រើប្រាស់ពេលវេលា និងអាទិភាពរបស់ខ្ញុំ គឺជាក្ដីស្រឡាញ់ចំពោះព្រះគ្រីស្ទ ក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌របស់យើង ។ ហើយខ្ញុំគិតថា នោះជាផ្នែកមួយដ៏សំខាន់ផងដែរ ។ បើយើងនៅកៀកនឹងព្រះវិញ្ញាណ នោះទ្រង់នឹងដឹកនាំយើងនៅលើដំណើរជីវិតរបស់យើង ។ ទ្រង់នឹងជួយបងប្អូនឲ្យផ្លាស់ប្ដូរទិសដៅនៅពេលដ៏ត្រឹមត្រូវ ។ ទ្រង់នឹងជួយបងប្អូនឲ្យធ្វើការសម្រេចចិត្ត ដែលមានលទ្ធផលដ៏អស់កល្បជានិច្ច—ដូចជាអាពាហ៍ពិពាហ៍ គ្រួសារ ការគាំទ្រ និងការបម្រើមនុស្សដែលបងប្អូនស្រឡាញ់—ដើម្បីកុំឲ្យផ្ដោតចិត្តនៅលើតែខ្លួនឯង ឬអ្វីដែលបងប្អូនកំពុងធ្វើ ប៉ុន្តែលើបុគ្គលដែលបងប្អូនកំពុងប្រែក្លាយវិញ ។